ភាគ១០០

612 26 0
                                    


កំណាន់ចិត្តម៉ាហ្វៀ
ភាគ១០០

ពេលល្ងាចក៏ឈានចូលមកដល់
គ្រប់យ៉ាងក្នុងវិមានហាក់មមាញឹកត្បិតថាគ្រប់គ្នានឹងត្រូវផ្លាស់ទៅអុីតាលីជាបន្ទាន់តាមបញ្ជារបស់ហូស៊ុក គេនិយាយថាគេចង់ប្រើប្រាស់វិមានមួយនេះដើម្បីរស់នៅជាមួយនឹងមនុស្សស្រីម្នាក់ដែលគ្រប់គ្នាមិនស្មានថានាងអាចនឹងទទួលបានការលើកតម្កើងពីហូស៊ុកខ្លាំងថ្នាក់នេះ។
«អ្នកនាងឡេឡានី..» អ្នកបម្រើប៉ុន្មាននាក់ដែលកំពុងតែជញ្ជូនអីវ៉ាន់ឯណោះក៏លាន់មាត់រួចអោនគំនាបទៅកាន់អ្នកដែលទើបតែចេញមកឯណោះ នាងចេញមកព្រមជាមួយភាពសោះកក្រោះ ផ្ទៃមុខមានការផាត់តុបតែងបែបធម្មតាមិនមែននាងមានការត្រូវទៅណាឡើយ តែនាងក៏ផាត់ព្រោះចង់បិទបាំងភ្នែកហើមក្រហមពីការយំប៉ុណ្ណោះ។
«មានការអីមែនទេ?» បើទោះបីជានាងពិបាកចិត្តពេញមួយថ្ងៃទៅហើយក៏ដោយ ឡេឡានីក៏នៅតែមានភាពផ្អែមល្ហែមនឹងរួសរាយទៅកាន់អ្នកបម្រើទាំងនោះ ស្រីតូចក៏អោនមើលទៅស៊ុមរូបភាពមួយដែលមានការថតចួបជុំគ្នា៣នាក់រវាងនាង ហូស៊ុកនឹងខេវីនកូនចិញ្ចឹមរបស់ពួកគេ។
«ពួកយើងចង់សួរអ្នកនាងថា អ្នកនាងនឹងយករូបនេះទៅជាមួយដែរទេ?» អ្នកបម្រើទាំងនោះក៏សួរទាំងកោតក្រែងចិត្តឡេឡានី ត្បិតមើលតាមទឹកមុខបង្ហាញចេញមករបស់នាង ឡេឡានីក៏ងាកមើលទៅពួកគេរួចញញឹមបន្តិច។
«ចាំខ្ញុំសួរម្ចាស់ប្រុស បើសិនជាគាត់មិនចង់ទុកខ្ញុំនឹងយកទៅជាមួយណា៎ បងៗធ្វើការងារផ្សេងសិនក៏បានណា៎»
«បាទអ្នកនាង» អ្នកបម្រើទាំងនោះក៏លើករូបចេញបាត់ពីមុខនាង ឡេឡានីក៏បានតែព្រលែងខ្យល់ដង្ហើមស្រាលរួចចោលភ្នែកសំឡេងមើលទៅផ្ទះតូចឯណោះ ថ្មើរនេះមានភ្លើងបើកអ៊ីចឹងបានន័យថាហូស៊ុកកំពុងតែនៅទីនោះហើយ។

មិនខុសពីការគិតរបស់ឡេឡានីឡើយព្រោះថាហូស៊ុកពិតជាមកផ្ទះតូចនោះមែន គេមកមើលទីកន្លែងដែលឡេឡានីធ្លាប់ស្នាក់នៅ កន្លែងសាងអនុស្សាវរីយ៍ជាមួយគ្នា មុននឹងស្អែកឡើងគ្រប់យ៉ាងត្រូវរុះរើចេញ។
ហូស៊ុកលូកដៃទាញយករូបថតរបស់ឡេឡានីក្នុងឈុតសិស្សសាលាឯណោះរួចសំឡឹងមើលទៅស្នាមញញឹមគួរឲ្យស្រឡាញ់របស់នាង។
«បងមិនដឹងថាបងមានឱកាសបានឃើញស្នាមញញឹមអូនបែបនេះទៀតរឺក៏អត់ទេឡេឡានី..សង្ឃឹមថាការដែលបងលែងអូនឲ្យទៅនេះនឹងធ្វើឲ្យជីវិតអូនឈប់ចួបនឹងបញ្ហាទៀត..» ហូស៊ុកនិយាយរាល់ពាក្យសម្ដីពិតប្រាកដក្នុងចិត្តរបស់គេ ពាក្យដែលគេមិនអាចនិយាយចំពោះមុខឡេឡានីបាន បានត្រឹមតែនិយាយតែឯងបែបនេះប៉ុណ្ណោះ នាយលូកអង្អែលរូបថតនាងស្រាលៗមុននឹងដាក់វាចុះលើតុស្របនឹងទ្វារបន្ទប់បើកឡើងល្មម។
វត្តមានរបស់មនុស្សម្នាក់ដែលនាំឲ្យទឹកមុខញញឹមរបស់ហូស៊ុកអម្បាញ់មិញត្រូវរលុបអស់គ្មានសេសសល់តែម្ដង នាយលូកដៃជ្រែងហោប៉ៅរួចបោះជំហានឈានចេញឆ្ងាយហាក់ស្អប់ខ្ពើមនឹងវត្តមានរបស់មនុស្សម្នាក់នោះខ្លាំងណាស់អ៊ីចឹង។
«ម្ចាស់ប្រុសនៅទីនេះពិតមែន..» សំឡេងតូចស្រាលបែបស្អកៗហាក់បង្ហាញប្រាប់ហូស៊ុកកាន់តែច្បាស់ថានាងទើបតែយំរួច តែនាយក៏មិនបានបង្ហាញប្រតិកម្មអ្វីសោះ។
«មានការអី?» ហូស៊ុកនិយាយទាំងសោះកក្រោះទៅកាន់នាង ទាំងដែលនាងចង់អោបនាងស្ទើរតែស្លាប់ទៅហើយ សម្រឹបជើងស្រាលៗរបស់ឡេឡានីក៏បន្លឺឡើងពីក្រោយខ្នងហូស៊ុក៤-៥ជំហានមុននឹងបញ្ឈប់។
«អូនមកចង់សួរម្ចាស់ប្រុសថាម្ចាស់ប្រុសចង់ទុករូបថតគ្រួសាររវាងពួកយើងនឹងកូនខេវីនទេ? អូនមិនបង្ខំម្ចាស់ប្រុសឡើយបើសិនជាម្ចាស់ប្រុសខ្លាចថារ៉េនដានឹងទើសទាល់..»
«យើងមិនត្រូវការទេ..បើនាងយកក៏យកចុះ បើមិនយកយើងក៏គង់តែឲ្យគេយកទៅបោះចោលដដែល» ពាក្យពីមួយឃ្លាទៅមួយឃ្លារបស់ហូស៊ុកប្រៀបបីដូចជាកាំបិតដាប់បំបែកបេះដូងឡេឡានីអ៊ីចឹង សូម្បីតែរបស់អនុស្សាវរីយ៍តិចតួចនេះក៏គេមិនចង់ទុកដែរ។
«នាងចេញ-»
បឹប!
ហូស៊ុកនិយាយមិនទាន់ចប់ប្រយោគស្រួលបួលផង កាយគេក៏ត្រូវបានអ្នកឈរពីក្រោយមុននោះចូលមកអោបក្រសោបណែនជាប់ទ្រូងតែម្ដង ហូស៊ុកលូកក្ដាប់ម្រានដៃខ្លួនឯងក្នុងហោប៉ៅសឹងតែបាក់ម្រាមទៅហើយព្រោះតែគេបានលឺសំឡេងយំរបស់នាង តែគេក៏មិនអាចធ្វើអ្វីបាន មិនអាចសូម្បីតែលួងលោមនាង។
«នាងធ្វើស្អី?!»
«អូនដឹងថាម្ចាស់ប្រុសកុហក ម្ចាស់ប្រុសមិនអាចប្រែប្រួលភ្លាមៗបែបនឹងទេ ហ៊ឹក! ម្ចាស់ប្រុសមានអីលាក់បាំងជាមួយនឹងអូនមែនទេ? ម្ចាស់ប្រុស..ហ៊ឺ» ហូស៊ុកក៏បានតែទម្លាក់មុខចុះបន្តិចព្យាយាមទប់មិនចង់បង្ហាញអារម្មណ៍ចុកពើតផ្សារបស់គេ ដៃដែលត្រូវទាញនាងមកអោបហូស៊ុកក៏បែរជាលូកទាញបេះនាងចេញរួចរុញឲ្យនាងចេញឆ្ងាយពីគេទាំងកំហឹង។
«កុហក? រឿងកុហកដែលយើងធ្លាប់បានធ្វើនោះគឺមានតែការកុហកធ្វើជាស្រឡាញ់នាងនឹងឯងឡេឡានី ស្ទេឡាវីស យើងឆ្អែតឆ្អន់ជាមួយនឹងនាងហើយ ឆាប់ចាកចេញទៅ បើនាងមិនចេញទុកឲ្យយើងជាអ្នកចេញ» ហូស៊ុកក៏ជ្រើសយកការបញ្ចប់សន្ទនាយ៉ាងរហ័សដោយគេនាំខ្លួនចេញពីនាង តែឡេឡានីក៏អោបគេជាប់ម្ដងទៀតតែថាលើកនេះនាងមិនបានយំខ្សឹបខ្សួលដូចមុនទៀតឡើយ។
«ក៏បាន! ម្ចាស់ប្រុសកុំបារម្ភអី..ស្អែកអូនក៏គង់តែចាកចេញតែថា..យប់នេះអូនសុំនៅក្បែរម្ចាស់ប្រុសបានទេ? ម្ចាស់ប្រុសជួយកុហកថាស្រឡាញ់អូននាយប់នេះជាលើកចុងក្រោយបានទេ? អូនសុំតែប៉ុណ្ណឹងទេ..» ហូស៊ុកក៏នៅស្ងៀមមិនឆ្លើយតប ឃើញគេនៅស្ងៀមឡេឡានីក៏ចាត់ទុកថាជាចម្លើយឆ្លើយថាព្រមរបស់គេហើយ នាងក៏ទម្លាក់ដៃពីអោបរួចទាញគេឲ្យឡើងមកគេងនៅលើគ្រែជាមួយនាង។
គ្រាន់តែកាយពួកគេទម្លាក់ដល់លើពូកភ្លាមឡេឡានីក៏ព្យាយាមត្រសុលអោបខ្លួនហូស៊ុកយ៉ាងជាប់ណែនតែម្ដង ឡេឡានីក៏សសៀរៗលូកដៃប៉ះអង្អែលសក់របស់ហូស៊ុកតាមទម្លាប់ដែលនាងតែងតែធ្វើ ក្បាលក៏អោនអឹបនឹងទ្រូងហាប់ណែនរបស់ហូស៊ុក ស្រីតូចញញឹមទាំងទឹកភ្នែកហូរកាត់ផែនថ្ពាល់ ត្បិតការប៉ះពាល់មួយនេះវាជាលើកចុងក្រោយសម្រាប់នាងហើយ ទ្រូងដ៏សែនកក់ក្ដៅនេះវាក៏នឹងក្លាយជារបស់អ្នកផ្សេងក្នុងរយៈពេលយ៉ាងខ្លីខាងមុខនេះ អ៊ីចឹងទាន់មានឱកាសនាងក៏នឹងអោបគេឲ្យជាប់ណែន ឲ្យសមនឹងចិត្តស្រឡាញ់ត្រូវការដែលនាងមាន។
«ពួកយើងគួរតែទៅមើលឈ្មោះឆ្លាក់លើដើមឈើជាមួយគ្នា អង្គុយក្រោមផ្កាសាគួរ៉ាជ្រុះដូចជាកាលពីមុនម្ដងទៀត អូននឹកពេលនោះណាស់ម្ចាស់ប្រុស..» ឡេឡានីនិយាយតែឯង គ្មានការឆ្លើយតបសូម្បីតែមួយម៉ាត់ពីម្ចាស់កាយមាំទាំឯណោះសោះ ឡេឡានីក៏បានតែញញឹមស្ងួតរួចព្យាយាមបិទភ្នែកដេកក្រោមទ្រូងរបស់បុរសម្នាក់ដែលនាងគិតថាគេបានគេងលក់ទៅហើយ។
តែគ្រប់យ៉ាងក៏ខុសប្លែកពីការគិតរបស់នាងតែម្ដង មួយសន្ទុះក្រោយពីស្ងាត់សំឡេងនិយាយរបស់ឡេឡានីមក ហូស៊ុកក៏បើកភ្នែកឡើងស្របនឹងទឹកថ្លាមួយតំណក់ហូរកាត់ផែនថ្ពាល់របស់នាយ គេស្ដាប់បានគ្រប់យ៉ាង លឺពីបំណងនាងគ្រប់យ៉ាងតែគេក៏មិនអាចឆ្លើយតបរឺក៏បំពេញបំណងនាងទៀតនោះឡើយ វាអស់ពេលហើយ។
«បងសុំទោស..» ហូស៊ុកទាញនាងចេញពីការអោបបន្តិចព្រមទាំងពោលពាក្យសុំទោសទៅកាន់អ្នកដែលបិទភ្នែកគេងលង់លក់ឯណោះ នាយលើកដៃវែកសក់ឡេឡានីស្រាលៗរួចអោនផ្ដិតស្នាមថើបលើថ្ងាសរបស់នាងស្រាលៗ ផ្ដិតជូនក្ដីស្រឡាញ់ឲ្យទៅនាងអស់គ្មានសេសសល់។
«បើបងមានឱកាសនឹងមានជីវិត បងច្បាស់ជាទៅរកអូននឹងកូននៅអុីតាលីណា៎ តែបើគ្មានទេ..បងសង្ឃឹមថាអូននឹងស្អប់ប្រុសម្នាក់នេះហើយព្យាយាមរស់នៅឲ្យបានល្អបំផុតណា៎ បង..បងស្រឡាញ់អូនណាស់នាងល្អិត» ហូស៊ុកទាញឡេឡានីមកអោបជាប់ទ្រូងរួចព្យាយាមបិទភ្នែកទាំងទឹកភ្នែកហូរស្រក់..
បើសិនជាអាចជ្រើសបាន គេសុំមិនចួបគ្នាហើយឈឺចាប់បែបនេះ គេសុំមិនលង់ស្រឡាញ់នាង នឹងនៅជាបុរសបេះដូងថ្មដែលកាចសាហាវគ្មានមនោសញ្ចេតនាដូចកាលពីមុនព្រោះគេមិនចាំបាច់ឈឺចាប់បែបនេះ។
..
ថ្ងៃថ្មីឈានចូលមកដល់
ទីបំផុតព្រឹកថ្មីក៏ចូលមកដល់ ពេលវេលាដែលត្រូវឃ្លាត ពេលវេលាដែលនិយាយពាក្យលាទៅកាន់មនុស្សដែលធ្លាប់តែល្អូកល្អើនជាមួយគ្នាតែក៏បែរជាជ្រើសរើសយកការបែកគ្នាព្រោះតែអ្នកម្ខាងទៀតមានអ្នកថ្មីដែលគេត្រូវការច្រើនជាងនាង។
«ខាងនេះអ្នកនាងឡេឡានី..» អេដវីនក៏និយាយឡើងខណៈដៃគេអូសរទេះរបស់ខេវីនជាប់ដៃទៅជាមួយ ឡេឡានីដែលកំពុងតែបីពរកូនឯណោះក៏បានតែញញឹមស្ងួតរួចចាកចេញទៅជាមួយគេ។
«វ៉ា..វ៉ាៗ» ខេវីនទោះបីជានៅក្នុងដៃម្ដាយក៏ដោយតែគេក៏លើកដៃទៅក្រោយក្ដាប់លាៗហាក់ចង់ទៅរកឪពុកដែលនៅឈរជ្រែងហោប៉ៅព្រមជាមួយនឹងមនុស្សស្រីម្នាក់ទៀតនៅអោបដៃជាប់ទៀតឯណោះ ឡេឡានីក៏ងាកមើលកូនរួចទាញកូនចុះមកអោបផ្ទប់នឹងទ្រូង។
«ប៉ាមិនទៅជាមួយយើងទេកូន..ហ៊ឹក» ឡេឡានីអោបអង្អែលលួងលោមកូនរួចបោះជំហានចាកចេញទាំងមិនងាកក្រោយ នាងក៏ចូលអង្គុយក្នុងឡានបាំងកណ្ដាល ថេយ៉ុងអ្នកដែលជាអ្នកត្រូវឡើងអង្គុយជាមួយឡេឡានីឯណោះក៏មិនទាន់ឡើង នាយបែរងាកសំឡឹងមើលលោកពូរបស់គេបន្តិច ហូស៊ុកក៏សំឡឹងមើលទៅគេរួចងក់ក្បាលតិចៗ ថេយ៉ុងក៏បានតែព្រលែងខ្យល់ដង្ហើមធ្ងន់រួចឡើងឡានចាកចេញទៅជាមួយនឹងឡេឡានីបាត់។
ឡានក៏ចាប់ចេញដំណើរចាកចេញក្នុងក្រសែភ្នែករបស់ហូស៊ុក គេតាមសំឡឹងមើលឡានដែលបើកចាកចេញនោះរួចក៏ព្រលែងដង្ហើមស្រាលបន្តិច រ៉េនដាដែលនៅឈរក្បែរឯណោះក៏ញញឹមរួចអោបហូស៊ុកជាប់តែមិនបានមួយប៉ព្រិចភ្នែកនាងក៏ត្រូវបានអង្គរក្សរបស់ហូស៊ុកចាប់ចេញភ្លាម។
«បងស៊ុក..នេះវាយ៉ាងមិចទៅ? រ៉េនដា អឹក..» រាងកាយតូចស្រឡូនក៏ត្រូវដួលខ្ពោកទៅលើឥដ្ឋដោយការវាយពីក្រោយរបស់អង្គរក្សហូស៊ុក នាយកម្លោះក៏លូកហោព៉ៅទាញទូរសព្ទ័ចេញមកមើលបន្តិច។
«ចៅហ្វាយចាំពួកយើងទៅជាមួយចៅហ្វាយ..»
«មិនចាំបាច់ទេ..ពួកឯងអស់កិច្ចការត្រឹមនេះហើយ ទៅចុះ» ហូស៊ុកលូកដៃគោះស្មាអង្គរក្សគេម្ដងម្នាក់រួចញញឹមមុននឹងចាកចេញទុកឲ្យគ្រប់គ្នាតាមសំឡឹងមើលទៅនាយទាំងមិនអស់ចិត្ត។
..
ល្ងាចថ្ងៃដដែល
ផ្ទះចាស់នៅលើភ្នំ
ទីតាំងមួយនេះឯងដែលរឿងគ្រប់យ៉ាងបានកើតឡើង ទីកន្លែងដែលទុកនូវការចងចាំអាក្រក់ក្នុងមួយជីវិត ក្នុងពេលត្រឹមមួយយប់គេក៏បាត់បង់សមាជិកគ្រួសារដល់ទៅ៣នាក់ ពេលនេះគេក៏មកម្ដងទៀតតែមកដើម្បីដោះស្រាយនឹងបញ្ចប់រឿងគ្រប់បែបយ៉ាងដែលនៅសេសសល់។
ហូស៊ុកឈប់ឡាននៅពីមុខផ្ទះរួចចេញមកខាងក្រៅតែម្នាក់ឯងតាមការចង់បានរបស់អ្នកម្ខាងទៀត នាយសំឡឹងមើលជុំវិញខ្លួនក៏មានតែភាពស្ងប់ស្ងាត់ នាយក៏ទាញទូរសព្ទ័ពីហោប៉ៅមករួចទើបឃើញសារផ្ញើចូលមកថាឲ្យគេឡើងទៅចំការខាងលើ។
(យើងចាំឯងនៅសួនផ្កាខាងលើ)
ហូស៊ុកបិទទូរសព្ទ័រួចក៏ឡើងទៅសួនផ្កាខាងលើភ្នំឯណោះ គេឡើងមកដោយភ្នែកមើលឆ្វេងស្ដាំរហូតមកដល់ក្រោមដើមសាគូរ៉ាមួយដើមនោះ នាយបោះជំហានស្របនឹងដៃម្ខាងលូកកាន់ប៉ះកាំភ្លើងដែលខ្លួនសៀតនឹងចង្កេះជាប់ទុកគ្រាន់បានការពារខ្លួន តែថានរណាទៅដឹងថាគេបានត្រឹមតែយកមក..
ផាំង!
គ្រាប់កាំភ្លើងមួយគ្រាប់ក៏បាញ់ទម្លះស្មាផ្នែកខាងឆ្វេងរបស់ហូស៊ុកដល់នាយធ្លាក់កាំភ្លើងពីដៃ ហូស៊ុកលើកដៃម្ខាងទប់ស្មាខ្លួនឯងដែលមានឈាមហូរស្រោចឯណោះរួចងាកមើលទៅអ្នកដែលចូលមក វត្តមានបុរសចំណាស់ដែលគេតែងតែចងចាំក្នុងខួរក្បាលជាប់តាំងតែពីក្មេងរហូតមកដល់ពេលនេះ បុរសកំណាចឃោឃៅនឹងមានល្បិច ដូចជាពេលនេះ គេក៏វាយប្រហារនាយមុនទាល់តែបាន..
«ឯងមិនគិតថាកំសាកពេកទេហ្អេស៎ វាយប្រហារគូប្រកួតទាំងមិនទាន់បានចាប់ផ្ដើមបែបនេះ?» ហូស៊ុកពោលឡើងនាំឲ្យលោកផាទ្រីសៀរ៍ដែលកំពុងឈរកាន់កាំភ្លើងឯណោះអស់សំណើចយ៉ាងខ្លាំង។
«ឯងមិនខុសពីឪឯងឡើយ..គ្រប់យ៉ាងមិនមែនស្របតាមលក្ខខណ្ឌរហូតឯណា..គ្រាន់តែថាឯងមិនគួរឲ្យធុញទ្រាន់ដូចជាឪមេធាវីឆ្កួតយ៍របស់ឯងនោះ វាតែងតែជាឆ្អឹងទទឹងករនឹងមុខជំនួញរបស់យើង វាថែមទាំងចេញមុខកាន់រឿងក្ដីរបស់យើងទៀត ទើបយើងទុកវាមិនបាន..» លោកផាត្រីសៀរ៍ក៏និយាយឡើងស្របនឹងដៃម្ខាងលើកកាំភ្លើងចុចបាតដៃគេម្ខាងទៀតតិចៗ។
«ត្រកូលហ្វ្រេដឌើរីកស៍គួរណាស់តែផុតពូជអស់តាំងពីជិត២០ឆ្នាំនោះមកម៉្លេះ បើសិនជាអាហ្គេសស្ពើវាមិនមកជួយឯងទាន់ពេលទេ..»
«អ៊ីចឹងបញ្ចប់វាទៅ សម្លាប់យើងហើយក៏ឈប់ទៅទាញអ្នកដទៃមកពាក់ពន្ធ័ទៀត..» ហូស៊ុកក៏មិនខ្លាចនឹងឲ្យគេសម្លាប់ ព្រោះគេគ្មានជម្រើស បើសិនជាគេតតាំងលទ្ធផលក៏មានតែបាត់បង់អ្នកជុំវិញខ្លួនជាថ្មីទៀត។
«ល្អតើស៎! ក្លាហានបែបនឹងយើងចូលចិត្ត» លោកផាទ្រីសៀរ៍ក៏ញញឹមរួចលើកដៃតម្រង់កាំភ្លើងទៅកាន់ហូស៊ុក នាយក៏បានត្រឹមតែបិទភ្នែកខ្លួនឯងស្រាលៗព្រមទទួលយកជោគវាសនារបស់គេនាគ្រានោះ..
ផាំង!ផាំង..ផាំង ឡេឡានី!!!!!
គ្រាប់កាំភ្លើង៣គ្រាប់ផ្ទួនៗគ្នាបន្លឺឡើងទៅរកហូស៊ុកស្របនឹងសំឡេងមនុស្សម្នាក់ទៀតស្រែកឡើងហៅឈ្មោះអ្នកដែលមិនគួរមានវត្តមាននៅទីនោះ ហូស៊ុកក៏បើកភ្នែកថ្នមៗកាលបើរាងកាយគេមានអ្នកអោបក្រសោបពីមុខជាប់ណែន។
«អត់ទេ..ឡេឡានីអត់ទេ» ដៃមាំក្រសោបចង្កេះមនុស្សស្រីជាទីស្រឡាញ់ដែលត្រូវបានគ្រាប់កាំភ្លើងដល់ទៅ៣គ្រាប់ហោះទម្លុះខ្នងនាង ឡេឡានីទន់ជង្គង់ទ្រេតខ្លួនមកតែបានហូស៊ុកក្រសោបកាយនាងជាប់នឹងផ្ដេកនាងទៅលើភ្លៅ ស្រីតូចញ័របបូរមាត់ស្របនឹងឈាមនៅផ្នែកខាងក្រោយហូរមកមិនឈប់ ហូស៊ុកកាន់ក្រសោបនាងស្របនឹងទឹកភ្នែកហូរស្រក់ នាយក៏ហាក់ធ្វើអ្វីមិនត្រូវតែក៏ត្រូវបានឡេឡានីទាញដៃគេម្ខាងទៅកាន់រួចទម្លាក់វាស្រាលៗទៅផ្ទៃពោះរបស់នាងរួចញញឹមមើលមកគេទាំងទឹកភ្នែក ហូស៊ុកក៏កាន់តែភាំងកាលបើពោះរបស់នាងមានសភាពធំនឹងអាចឲ្យគេដឹងដល់របស់មានជីវិតនៅក្នុងនោះ។
«កូន..»

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Tempat cerita menjadi hidup. Temukan sekarang