ភាគទី១ : ទៅជាមួយយើងឬចេញឆ្ងាយពីយើង?

1.8K 115 3
                                    

     ពេលរាត្រីនៃកណ្តាលទីក្រុងដ៏សន្តិភាពក្នុងពេលបច្ចុប្បន្ន បង្ហាញឱ្យឃើញពីភ្លើងពណ៌ដ៏ស្រស់ស្អាតនាពេលរាត្រី យានយន្តគ្រប់ប្រភេទ និងមនុស្សម្នាធ្វើដំណើរខ្វាត់ខ្វែង អ្នកខ្លះដើរលំហែស្របយកខ្យល់អាកាស ខ្លះទៀតទើបចេញពីធ្វើការ ខ្លះក៏ទើបតែដល់ម៉ោងធ្វើការ។
     កម្លោះរូបស្រស់របស់យើងក៏ដូចគ្នា យប់រំលងអាធ្រាត្រទៅហើយ ទើបតែត្រឡប់មកពីទិញកាហ្វេរៀបចំសម្រាប់ការងារទល់ព្រឹកព្រលឹមរបស់ខ្លួន រាងកាយតូចដែលត្រូវរុំជិតដោយសម្លៀកបំពាក់ធំជាងខ្លួន ពាក់ម៉ាស់ជិតឈឹងដើម្បីបិទបាំងមុខមាត់និងអត្តសញ្ញាណ ថេយ៉ុង ជាតារាសម្តែងដ៏ល្បីល្បាញម្នាក់ក្នុងវិស័យសិល្បៈបច្ចុប្បន្ន គេសាងកេរ្តិ៍ឈ្មោះតាំងពីក្មេង និងបានចូលរួមសម្តែងជាច្រើនរឿងដែលទទួលបានការគាំទ្រច្រើនសន្ធឹកសន្ធាប់។
     “ជុងហ្គុក? ផ្ទាំងរូបភាពរបស់ ជុងហ្គុក ដែលត្រៀមសម្រាប់អបអរថ្ងៃកំណើតរបស់គាត់រៀបតាំងច្រើនកន្លែងណាស់ក្នុងទីក្រុង ទៅណាក៏ឃើញដែរ”
     “សង្ហាខ្លាំងណាស់”
     “ចែងចាំងតែម្តងហើយ”
     សម្លឹងមើលមនុស្សម្នានៅខាងក្រៅជជែកគ្នាលេងមួយសន្ទុះ ថេយ៉ុង ក៏ប្រញាប់បោះជំហានចូលកន្លែងថត គេឆ្ងល់ខ្លាំងណាស់ថាពួកនាងនិយាយពីនរណា ប៉ុន្តែមិនដឹងថាហេតុអ្វី ឬមានអ្វីមកបញ្ជាគេ ជំនួសឱ្យការសម្លឹងមើលទៅអេក្រង់បញ្ជាំងរូបភាពតារាល្បីដែលពួកនាងនិយាយដល់ គេបែរជាបែរខ្នងមិនចាប់អារម្មណ៍ទៅវិញ។
     ឃើញរាងតូចដើរចូលទៅក្នុងបាត់ អ្នកដែលដើរតាមក៏ឈប់ង៉ក់សម្លឹងមើលទៅផ្ទាំងរូបភាពធំជ្រងោនោះជាមួយកែវភ្នែកនឹងដូចទឹក។
     ដូច្នេះនេះជាអ្វីដែលពួកគេទទួលបានបន្ទាប់ពីពាក្យបណ្តាសារមួយនោះឬ?
     “សុំឱ្យរៀងរាល់យប់បងត្រូវភ្លើងកម្មរបស់មនុស្សដែលបងសម្លាប់ដុតរោលឥតស្រាកស្រាន្ត សុំឱ្យពួកយើងដូចជាបន្ទាត់ស្រប គ្មានថ្ងៃជួបគ្នាគ្រប់ភពគ្រប់ជាតិ”
     ពួកគេទាំងពីរទោះឈរលើវិថីតែមួយប៉ុន្តែមិនអាចសូម្បីតែឃើញមុខគ្នា ប្រៀបដូចជាបន្ទាត់ស្របមិនអាចជួប។

     “សុំទោសណា៎ដែលឱ្យរង់ចាំ”
     ថេយ៉ុង ឱនក្បាលដាក់ក្រុមការងារហើយរហ័សចូលទៅផាត់មុខនិងផ្លាស់ប្តូរសម្លៀកបំពាក់។ យប់នេះជាយប់នៃការចាប់ផ្ដើមថតភាគទី 1 នៃរឿងថ្មី ដោយសារទិដ្ឋភាពរឿងចាប់ផ្ដើមពីពេលព្រលឹមស្រាងៗនិងដល់ព្រឹកព្រលឹមទៀត ដូច្នេះទើបពួកគេចាប់ផ្ដើមថតពីយប់ទៅដើម្បីឲ្យមើលមកដូចធម្មជាតិពិតៗ។
     “មិនអីទេ ថេយ៉ុង ពួកយើងក៏ទើបនឹងរៀបចំកន្លែងថតរួចរាល់ដូចគ្នា”
     ”អរគុណ” រាងតូចសើចញឹមៗ។
     “អូ! អ្នកនិពន្ធមកហើយ ថេយ៉ុង ចង់ជួបទេ?”
     “ចង់ៗ”
     ថេយ៍ ក្រោកចេញពីកៅអីរត់ទៅតាមអ្នកដឹកនាំរឿងដែលនាំផ្លូវគេសម្តៅទៅបុរសក្នុងឈុតពណ៌សម្នាក់ គេមានសក់វែង ប៉ុន្តែវាពិតជាស័ក្តិសមនឹងគេណាស់។
     “សួស្តី! ខ្ញុំឈ្មោះ គីមថេយ៉ុង”
     “រីករាយដែលបានជួប ខ្ញុំឈ្មោះ***”
     ថេយ៉ុង គាំងបន្តិចពេលចាប់ដៃអ្នកនិពន្ធប៉ុន្តែស្តាប់មិនឮថាគេមានឈ្មោះអ្វី ទោះបីនៅជិតគ្នាដល់ថ្នាក់នេះក៏ដោយ។ ប៉ុន្តែគេត្រូវតែសម្តែងការគួរសម រឿងឈ្មោះអាចលួចសួរអ្នកដឹកនាំរឿងពេលក្រោយបាន។
     “រីករាយដែលបានជួប អរគុណខ្លាំងណាស់ដែលលោករើសយកខ្ញុំជាតួឯក”
     “វាព្រោះតែលោកជាមនុស្សតែម្នាក់គត់នៅលើលោកដែលស័ក្តិសមនឹងតួអង្គមួយនេះ”
     “ហាសហា អរគុណ”
     “លោកបានអានសាច់រឿងនៅ?”
     “ខ្ញុំបានអានតែវគ្គដែលត្រូវសម្ដែងថ្ងៃនេះប៉ុណ្ណោះ”
     “លោកគួរតែអានវាដល់ចប់មុនពេលចាប់ផ្តើមសម្ដែង ប៉ុន្តែវាមិនថ្វីទេ រឿងគ្រប់យ៉ាងអាចផ្លាស់ប្ដូរ”
     រាងតូចលេបទឹកមាត់ផ្សើមបំពង់ក គេស្រាប់តែយល់ថាសម្តីរបស់អ្នកនិពន្ធចម្លែកខ្លាំងណាស់។
     “គឺព្រោះតែខ្ញុំរវល់ពេក សុំទោសផង”
     “មិនអីទេ ការរៀបចំដូចទៅនឹងទិដ្ឋភាពកាលនោះណាស់ ភាពងងឹតនៃពេលរាត្រីគួរតែអន្លង់អន្លោចជាងនេះ”
     រាងខ្ពស់ស្រឡះដើរហួសទៅមើលទីតាំង គ្រប់យ៉ាងបានរៀបចំយ៉ាងល្អប្រណិតដូចទៅនឹងទិដ្ឋភាពកាលពីជាងពីរពាន់ឆ្នាំមុន។ សាកសពកងទ័ព ឈាម អាវុធបែកបាក់ ការដួលរលំនៃនគរដ៏រុងរឿងមួយ ស្ពានដែលបម្រុងនឹងដាច់ គេពេញចិត្តខ្លាំងណាស់។
     ថេយ៉ុងឈរមើលបន្តិចមុននឹងចាកចេញពីត្រង់នោះ ដូចដែលគេបានគិតទុក អ្នកនិពន្ធនិយាយស្តីចម្លែកណាស់ វាប្រៀបដូចជាគេស្ថិតក្នុងហេតុការណ៍ក្នុងរឿង ការរៀបចំក៏ដូចពិតៗគួរឱ្យញញើតនឹងសាកសពក្លែងក្លាយទាំងនោះជាពន់ពេក ប៉ុន្តែគេជាតារាសម្តែងម្នាក់ គ្រប់យ៉ាងត្រូវតែល្អឥតខ្ចោះនៅពេលដែលកាមេរ៉ាចាប់ផ្ដើមថត។ អ្វីៗគ្រប់យ៉ាងបានរៀបចំរួចរាល់ទៅហើយ ថេយ៉ុងដេកដួលនៅលើកម្រាលខាងក្រោម ប៉ុន្តែភ្លាមៗគេស្រាប់តែនឹកឃើញរឿងម្យ៉ាង គេនៅមិនទាន់ដឹងថាតួឯកប្រុសម្នាក់ទៀតជានរណានៅឡើយនោះទេ តើគេអាចភ្លេចរឿងសំខាន់បែបនេះបានដោយរបៀបណាទៅ? តែមិនថ្វីនោះទេព្រោះគេបានអានសាច់រឿងមកមួយចំនួននិងបានឃើញសម្លៀកបំពាក់របស់តួឯកម្នាក់ទៀតដូចគ្នា ដូច្នេះទោះបីមិនស្គាល់មុខក៏វាប្រហែលជាមិនអីដែរ ពឹងលើសម្លៀកបំពាក់គេអាចចំណាំបានថាម្នាក់ណាជាតួឯកប្រុស។
     “ចាប់ផ្ដើម!”
     សំឡេងអ្នកដឹកនាំរឿងប្រកាស ជាមួយនឹងសំឡេងកាប់ចាក់ច្បាំងប្រយុទ្ធគ្នានៅខាងក្រៅបន្លឺឡើង ថេយ៉ុងក៏ចាប់ផ្ដើមបញ្ចេញសមត្ថភាពសម្ដែងដូចគ្នា។ ម្ចាស់រាងកាយតូចក្រោកឈរឡើងក្នុងសម្លៀកបំពាក់ព្រះនាងម្ចាស់របស់រាជវង្សយ៉ូវលាំងដែលស្ថិតនៅភាគខាងជើង ធ្លាប់ជាទឹកដីបរបាញ់ថ្មភ្នំកាលពីបុរាណ។ ទោះបីជារាជវង្សតូចនិងមានទឹកដីមិនសូវធំទូលាយ ប៉ុន្តែនគរមួយនេះនៅតែអាចឈរជើងបាននឹងនរយ៉ាងចម្លែក វាបង្កជាពាក្យចចាមអារាមមួយនិយាយតៗគ្នាថា រាជវង្សយ៉ូវលាំងបានប្រើប្រាស់កម្លាំងបិសាចដើម្បីការពារទឹកដី ចម្ងល់មួយនេះមិនត្រូវបានរំលឹកឡើយនៅក្នុងដំណើររឿងដែលកំពុងសម្ដែងមួយនេះ ដូច្នេះទើបសូម្បីតែថេយ៉ុងក៏មិនប្រាកដចិត្តដូចគ្នាថាព្រោះហេតុអ្វី តើពួកគេពិតជាបានប្រើប្រាស់កម្លាំងបិសាចដើម្បីគ្រប់គ្រងទឹកដីពិតមែនទេ។
     ក្រឹក!
     ម្ចាស់រាងកាយតូចស័ក្តិសមឥតខ្ចោះនៅក្នុងសម្លៀកបំពាក់មនុស្សស្រី បែរជាភ្ញាក់កន្ត្រាក់នៅពេលដែលកជើងមិនអាចឈានដើរទៅមុខបាន ព្រោះមានច្រវ៉ាក់ធំមួយកំពុងរឹតត្បិតកជើងទាំងសងខាងនិងទាក់វាជាប់នឹងសសរកណ្ដាល នៅក្នុងបន្ទប់ដ៏សែនរញ៉េរញ៉ៃ។
     “មាន..? មានរឿងអ្វីទៅ?”
     ភ្លាមៗថេយ៉ុងក៏ស្ដាប់តែស្រឡាំងកាំង ទិដ្ឋភាពនៅក្នុងបន្ទប់ផ្លាស់ប្ដូរទាំងស្រុង នៅជុំវិញខ្លួនរបស់គេគ្មានកាមេរ៉ាឬក្រុមការងារឡើយ មនុស្សដែលនៅពីក្រោយខ្នងគេមុននេះស្ដាប់តែរលាយបាត់ទៅណាអស់ក៏មិនដឹង ទីនេះមានតែថេយ៍ម្នាក់ឯងស្ថិតក្នុងសម្លៀកបំពាក់ពណ៌ក្រហមដូចជាកូនក្រមុំ នៅជុំវិញខ្លួនចោមរោមទៅដោយពន្លឺទៀនដែលត្រូវបានរលត់ខ្លះ និងខ្លះនៅមានពន្លឺនៅឡើយ។ ថេយ៉ុងតក់ស្លុតកាន់តែខ្លាំង សំឡេងកាប់ចាក់និងមនុស្សស្រែកទ្រហោរយំ ក្លិនឈ្ងៀមនៃវត្ថុដែលកំពុងដុតដោយភ្លើងសាយភាយជុំវិញខ្លួន វាប្រៀបដូចជាគេកំពុងស្ថិតនៅក្នុងសង្គ្រាមពិតៗ។
     “នេះជាអ្វីទៅ? អ្នកគ្រប់គ្នាបាត់ទៅណា? អ្នកចាត់ការ! គ្រប់គ្នាកំពុងលេងសើចមែនទេ?”
     ថេយ៍ស្រវេស្រវាដោយភាពភ័យខ្លាចនិងតក់ស្លុត ការដែលមិនដឹងថាមានរឿងអ្វីកើតឡើងពិតជាគួរឲ្យខ្លាចណាស់ តើនេះអាចជាការលេងសើចរបស់ក្រុមការងារដែរទេ? ពួកគេប្រហែលជារួមដៃគ្នាបង្កើតរឿងទាំងនេះឡើងដើម្បីធ្វើជាវីដេអូបោកប្រាស់ជាកាដូដល់អ្នកគាំទ្រមិនខាន។ ដៃតូចៗស្រវាទៅឃើញកូនសោមួយចង្កោម វាប្រហែលជាសោច្រវ៉ាក់ជើងមិនខាន មិនបង្អង់យូរថេយ៍ក៏រំដោះខ្លួនចេញពីច្រវាក់ទាំងនោះបានដោយប្រើកូនសោធំៗទាំងនោះ វាមានទម្រង់ជាសោបុរាណពិតៗ។
     ចាកចេញពីក្នុងបន្ទប់ខួរក្បាលរបស់ថេយ៉ុងក៏ចាប់ផ្ដើមសួរសំណួរខ្លួនឯងសារជាថ្មី វាមិនអាចជាការលេងសើចឡើយ អ្វីដែលគេរំពឹងថាគឺជាទិដ្ឋភាពក្លែងក្លាយដែលមានផ្ទាំងពណ៌បៃតងបិទបាំងដើម្បីកាត់តក៏ប្រែជាលែងមាន ភ្លើងឆេះសន្ធោរសន្ធៅពេញនគរទាំងមូល សាកសពមនុស្សស្លាប់លើដីនិងគ្រប់កន្លែងសូម្បីតែតាមផ្លូវ ឈាមហូរដូចជាទឹក វាជាពេលទាបភ្លឺ ព្រះចន្ទពណ៌ក្រហមនៅមិនទាន់រលត់ពន្លឺនៅឡើយ។
     “ព្រះច័ន្ទក្រហម.. ព្រះច័ន្ទឈាម”
     នៅពេលនេះថេយ៉ុងមិនបាននឹកដល់ឡើយថាវាអាចជាការលេងសើចរបស់ក្រុមការងារ ព្រោះអ្វីៗគ្រប់យ៉ាងច្បាស់លាស់ខ្លាំងពេក វាមានតែផ្លូវមួយប៉ុណ្ណោះ គេប្រហែលជាកំពុងយល់សប្តិ ប្រហែលជាគេបានអានរឿងដែលនឹងត្រូវសម្ដែងនេះច្រើនខ្លាំងពេក ទើបធ្វើឲ្យវាដកជាប់ក្នុងខួរក្បាល ព្រះច័ន្ទក្រហមមួយនោះមានពណ៌ដូចជាឈាម និងធំក្រឡោត។
     “ម្ចាស់បង.. ម្ចាស់បង..”
     សំឡេងរបស់ក្មេងប្រុសវ័យជំទង់បន្តបន្លឺឡើងម្ដងហើយម្ដងទៀត ខណៈដែលអ្នកម្ខាងទៀតកំពុងតែសម្លឹងរក និងរត់កាត់សាកសពជាច្រើនដើម្បីបានចូលទៅជិតសំឡេងមួយនោះ។ ថេយ៉ុងអាចឃើញម្ចាស់សំឡេងពីចម្ងាយ បុរសវ័យក្មេងនៅក្នុងសម្លៀកបំពាក់ជាស្ដេច ប៉ុន្តែមានលំពែងចាក់ធ្លុះត្រង់ពោះនិងព្រួញជាច្រើនដើមបាញ់ទម្លុះខ្នង សភាពរបស់គេគួរឲ្យខ្លាចខ្លាំងណាស់ នោះគឺជាសម្លៀកបំពាក់ស្ដេចរបស់រាជវង្សយ៉ូវលាំង រាជវង្សដែលចាត់ទុកថេយ៉ុងជាព្រះនាងនេះឯង។
     “ម្ចាស់បងកាត់ផ្ដាច់ស្ពានទៅ..”
     “ខ្ញុំ..ខ្ញុំនឹងជួយព្រះអង្គ-”
     មិនទាន់នឹងបានឈានជើងជាន់លើស្ពានដ៏ស្រស់ស្អាតដែលផ្សារភ្ជាប់ដំណាក់ដ៏ធំមួយនេះទៅនឹងដំណាក់ម្ខាងទៀតដែលមានកម្ពស់ខ្ពស់ដូចជាកំផែងនោះផង ម្ចាស់រាងកាយតូចក៏ត្រូវបង្អាក់ដំណើរដោយត្រូវអ្នកម្ខាងទៀតស្រែកគំហករហូតដល់ញ័របំពង់ក។
     “នៅទាក់ទើរធ្វើអ្វីទៀតទៅ? យើងប្រាប់ឲ្យព្រះនាងកាត់ផ្ដាច់ស្ពាននោះអី? មិនឮទេឬ?”
     សំឡេងគំហកពោរពេញទៅដោយកំហឹងនិងមានទម្រង់ជាការបង្គាប់បញ្ជា ធ្វើឱ្យបេះដូងរបស់កំលោះតូចប្រែជាញ័រ ព្រោះមិនធ្លាប់ត្រូវអ្នកណាគំហកឲ្យដល់ថ្នាក់នេះ។
     “ខ្ញុំគ្រាន់តែចង់ជួយទ្រង់.. ទ្រង់នៅអាចជួយសង្គ្រោះបាន-”
     “បិទមាត់ទៅមុនពេលគេសម្លាប់ទាំងព្រះនាងទៀត! វាជាកំហុសរបស់ព្រះនាងម្ចាស់ទាំងស្រុងដែលធ្វើឲ្យនគរត្រូវរលាយនៅថ្ងៃនេះ.. វាគឺព្រោះតែព្រះនាងឥតបានការ ពេលនេះមើលទៅថានរណាត្រូវស្លាប់ព្រោះតែភាពល្ងីល្ងើរបស់ព្រះនាងម្ចាស់ខ្លះ? គឺប្រជារាស្ត្រនិងរាជវង្សទាំងមូល..”
     “ខ្ញុំ-ខ្ញុំបានធ្វើអ្វីទៅ?”
     “យើងប្រាប់ឲ្យកាត់ផ្ដាច់ស្ពានទៅ!”
     អធិរាជរាជវង្សយ៉ូវលាំងដែលស្ទើរតែផុតដង្ហើមទៅហើយនោះនៅតែមិនព្រមបញ្ឈប់កំហឹង ជេរស្ដីម្ចាស់បងដែលមានរូបរាងខាងក្រៅត្រឹមតែជាមនុស្សស្រីទន់ខ្សោយម្នាក់។ ភាពឥតបានការរបស់ម្ចាស់បងទ្រង់ធ្វើឲ្យនគរទាំងមូលត្រូវប្រហារ ប៉ុន្តែការកាត់ផ្ដាច់ស្ពានគឺជាវិធីតែមួយគត់ដែលអាចរក្សាជីវិតម្ចាស់បងទ្រង់បាន ដូច្នេះទ្រង់ត្រូវតែបញ្ជា វាជាបញ្ជាចុងក្រោយ ទ្រង់ត្រូវតែបញ្ជាឲ្យមនុស្សស្រីម្នាក់នេះនៅរស់ នៅរស់ដើម្បីសងសឹកឲ្យរាជវង្សទាំងមូលនៅថ្ងៃក្រោយ។
     “បើកាត់ផ្ដាច់ស្ពាន ទ្រង់នឹងធ្លាក់ស្លាប់”
     “នេះជាបញ្ជារបស់ស្ដេច! គីមថេយ៉ុង! ស្ដាប់យើងឱ្យច្បាស់ ក្នុងនាមជាស្ដេចដែលជាម្ចាស់ជីវិតរបស់ព្រះនាង យើងបញ្ជាព្រះនាងឱ្យត្រូវតែឆ្លងផុតសង្គ្រាមនៅយប់នេះ ព្រះនាងត្រូវតែរស់រានមានជីវិតដើម្បីសងសឹកឲ្យរាជវង្សទាំងមូល ប្រសិនបើព្រះនាងហ៊ានស្លាប់ យើងនៅឋានក្រោមរួមទាំងបុព្វបុរសទាំងមូលគ្មានថ្ងៃលើកលែងទោសឲ្យព្រះនាងជាដាច់ខាត!”
     មិនដឹងថាហេតុអ្វីថេយ៉ុងស្រាប់តែលើកដៃទប់ទ្រូងថប់ដង្ហើម រហូតដល់ទន់ជើងដួលចុះនៅមាត់ស្ពាន ការចងចាំទាំងនេះមិនដឹងថាជារបស់នរណាឡើយ វាស្រពេចស្រពិលប៉ុន្តែអារម្មណ៍មួយនេះគឺច្បាស់លាស់ អារម្មណ៍ដែលប្រាប់ឲ្យគេស្ដាប់តាមបញ្ជាមួយនេះទោះបីត្រូវផ្ដាស់ប្ដូរនឹងជីវិតក៏ដោយ។ ប៉ុន្តែពាក្យដែលនិយាយថានគរទាំងមូលត្រូវរលាយដោយសារគេធ្វើឲ្យបេះដូងមួយនេះកាន់តែធ្ងន់និងឈឺដេញឡើងដល់បំពង់ក វាគឺជាភាពឈឺចាប់និងក្តីអស់សង្ឃឹមដែលមានចំពោះខ្លួនឯង វាប្រៀបដូចជាគេកំពុងតែទម្លាក់កំហុសទាំងអស់មកលើខ្លួនឯង។ បើតាមសាច់រឿងដែលត្រូវបានអាននិងចងចាំ ព្រះនាងអង្គនេះបានកាត់ផ្ដាច់ស្ពានមួយនេះតាមបញ្ជា ដូច្នេះគេគួរតែធ្វើបែបនោះដែរ។
     “តើព្រះនាងម្ចាស់ស្ដាប់បញ្ជាយើងបានច្បាស់ទេ?”
     “ច្បាស់.. ច្បាស់ខ្លាំងណាស់”
     “អ៊ីចឹងហេតុអ្វីនៅមិនកាត់ផ្ដាច់ស្ពានទៀត?”
     “ត្រូវហើយ.. កាត់ផ្ដាច់ស្ពាន..”
     ថេយ៍ក្រោកឈរឡើងស្រវ៉ាយកដាវពីសាកសពនៅក្បែរខ្លួនទៅអារផ្ដាច់ខ្សែពួរដ៏សែនធំ ដែលចងភ្ជាប់ស្ពានទៅនឹងរាជដំណាក់នោះខ្លាំងៗ ក្នុងបំណងឲ្យវាដាច់ឱ្យបានឆាប់បំផុត។
     “មនុស្សស្រីពិតជាចិត្តដាច់ណាស់ សូម្បីតែបងប្អូនឈាមតែមួយក៏ដាច់ចិត្តសម្លាប់ដែរ”
     បន្ទូលដែលព្រះអង្គកំពុងរអ៊ូរទាំតែអង្គឯងញ៉ាំងឲ្យដៃទាំងគូរបស់ថេយ៍ប្រែជាលែងមានកម្លាំងអាចបន្តទៅមុខទៀត មានន័យថាម៉េចទៅ? វាជាការពិតដែលកាត់ផ្ដាច់ខ្សែនេះនឹងធ្វើឲ្យព្រះអង្គធ្លាក់ចុះនិងស្លាប់ វាជាវិធីតែមួយគត់ដែលអាចពន្យារពេលឱ្យថេយ៉ុងដែលពេលនេះមាននាមជាព្រះនាងអាចរត់គេចបាន គេក៏គ្មានចេតនាដែរ នេះជាបញ្ជាដែលព្រះអង្គមានបន្ទូលដល់ផ្ទាល់ ហេតុអ្វីពេលនេះទ្រង់មានបន្ទូលថាគេជាមនុស្សចិត្តដាច់ទៅវិញ? សូម្បីតែទ្រង់ក៏មិនដឹងដែរថាម្ចាស់បងរបស់ខ្លួនជាមនុស្សប្រុស មិនមែនជាព្រះនាងឡើយ វាដូចបេះបិទទៅហ្នឹងសាច់រឿងដែលគេបានអាន។
     “តែនេះជារាជបញ្ជារបស់ព្រះអង្គ-”
     “បើយើងមិនគិតដល់ការសងសឹកឲ្យបុព្វបុរស.. យើងនឹងកាត់ក្បាលព្រះនាងម្ចាស់មុនពេលស្លាប់ ម្ចាស់បងនឹងបានតាមទៅបម្រើយើងនៅឋានក្រោមបន្តទៀត...”
     ទោះបីដង្ហើមកាន់តែខ្សត់ខ្សោយទៅហើយក្តី ព្រះអង្គនៅតែបន្តមានបន្ទូលជាមួយនឹងសំឡេងស្មើដដែល អ្នកចំពោះមុខដែលទ្រង់ជឿជាក់ថាជាមនុស្សស្រីម្នាក់នេះតែងតែបម្រើទ្រង់គ្រប់ពេលវេលា ដូច្នេះទោះបីទៅដល់ឋានក្រោមក៏ទ្រង់នឹងយកនាងទៅតាមដែរ ប៉ុន្តែនៅពេលដើរចំណុចសូន្យបែបនេះ ទ្រង់បែរជាមានការងារផ្សេងឲ្យនាងធ្វើទៅវិញ។
     “បំពេញកាតព្វកិច្ចរបស់ព្រះនាងតាមសម្រួលចុះ យើងនៅឋានក្រោមរង់ចាំប៉ុន្មានសិបឆ្នាំទៀតក៏មិនអីដែរ”
     ថេយ៉ុងតបមិនចេញ បានត្រឹមតែខាំបបូរមាត់ក្តៅភ្នែកនៅពេលដែលឮបន្ទូលទាំងនោះចេញពីមាត់ម្ចាស់ប្អូន ព្រោះមិនយល់ថាមានរឿងអ្វីកើតឡើង គ្រប់យ៉ាងច្របូកច្របល់ខ្លាំងណាស់ រាងកាយរបស់គេដែលប្រៀបដូចជាមនុស្សស្រីនេះគ្មានកម្លាំងសូម្បីតែកាត់ផ្ដាច់ខ្សែទាំងនេះឲ្យដាច់ កាយវិការពាក្យសម្ដីនិងអារម្មណ៍របស់គេប្រៀបដូចជាមិនមែនជាខ្លួនឯង គេមិនគួរមានអារម្មណ៍ថាឈឺចាប់និងសោកស្ដាយយ៉ាងនេះទៅលើការស្លាប់របស់មនុស្សដែលគេមិនធ្លាប់ស្គាល់ទាល់តែសោះនោះទេ រាងកាយមួយនេះសម្គាល់មនុស្សប្រុសចំពោះមុខជាសាច់ញាតិ អារម្មណ៍ពោរពេញទៅដោយក្តីគោរពនិងស្មោះត្រង់ វាគួរឲ្យខ្លាចខ្លាំងណាស់។
     “តើព្រះនាងអាចកាត់ផ្ដាច់ខ្សែស្ពានបានទេ? អធិរាជតៃយ៉ាងនឹងមកទាន់មិនខាន យើងមិនធ្លាប់គិតថាព្រះនាងអសមត្ថភាពដល់ថ្នាក់នេះឡើយ..”
     ព្រះអង្គប្រើកម្លាំងចុងក្រោយដើម្បីក្រោកឈរនិងទាញយកធ្នូនិងផ្លែព្រួញដ៏សែនមុតស្រួចមួយចេញមក។
     “យើងដឹងមុនទៅហើយថាព្រះនាងមិនអាចធ្វើបាន សូម្បីតែនគរខ្លួនឯងក៏មិនអាចការពារ ពេលនេះសូម្បីតែខ្សែស្ពានមួយក៏មិនអាចកាត់ផ្ដាច់បាន តើថ្ងៃក្រោយអាចសងសឹកបានដោយរបៀបណា?”
     ប្រាវ!
     ដាវធ្លាក់ចុះពីដៃនៅពេលដែលថេយ៉ុងឃើញព្រះអង្គយិតធ្នូរសំដៅមកខ្លួន តែរាងកាយពេលនេះមិនអាចកម្រើកគេចបាន ទឹកភ្នែកមួយតំណក់ក៏ស្រាប់តែស្រក់ចុះ វាជាអារម្មណ៍របស់មនុស្សម្នាក់ទៀតដែលប្រៀបដូចជាកំពុងប្រើប្រាស់រាងកាយរបស់គេដែរ។
     “ព្រះអង្គកុំអី..”
     “អ៊ីចឹងយើងយកព្រះនាងទៅជាមួយ គំនុំចាំសងនៅជាតិមុខចុះ”
     “កុំអី..ព្រះអង្គ..”
     ថេយ៉ុងដឹងថាឈុតមួយនេះមិនមាននៅក្នុងសាច់រឿងដែលគេបានអានឡើយ ឬក៏វាប្រែប្រួលដោយសារគេមិនអាចកាត់ផ្ដាច់ខ្សែស្ពានមួយនេះបាន? ព្រួយមួយនោះមានផ្លែធំណាស់ ម្យ៉ាងពួកគេក៏នៅមិនឆ្ងាយពីគ្នាប៉ុន្មានដែរ វាច្បាស់ជាទម្លុះខ្លួនរបស់គេស្លាប់មួយរំពេចមិនខាន។
     “ជីវិតរបស់ម្ចាស់បងដើមឡើយជាទាសកររបស់យើង ហេតុអ្វីគ្រាន់តែស្លាប់ទៅតាមបម្រើយើងមិនបាន?”
     ស្នាមញញឹមលេចឡើងនៅពេលដែលព្រួញត្រូវបាញ់ចេញពីដៃរបស់ព្រះអង្គតម្រង់ទៅមុខថេយ៉ុងដែលមិនអាចសូម្បីតែកម្រើកខ្លួន ក្នុងចិត្តបានត្រឹមតែគិតថាប្រសិនបើស្លាប់នៅពេលនេះ គេនឹងអាចភ្ញាក់ចេញពីសុបិនមែនទេ? គេនឹងត្រឡប់ទៅរកខ្លួនឯងដែលគ្រាន់តែជាតារាសម្ដែងម្នាក់ និងមិនមានតួនាទីជាព្រះនាងដែលត្រូវសងសឹកឲ្យរាជវង្សរបស់ខ្លួនដូចពេលនេះត្រូវទេ?
     ហ្វឹប!
     “អ្ហា.. អ្ហា..”
     បេះដូងស្ទើរតែធ្លាក់ដល់ដីនៅពេលដែលផ្លែព្រួញស្ទើរតែទម្លុះថ្ងាសរបស់ខ្លួនទៅហើយបែរជាមានដៃមាំរបស់នរណាម្នាក់ស្ទុះចូលមកចាប់ផ្លែព្រួញជាប់ដោយប្រើដៃទទេ ថេយ៉ុងដង្ហក់រហូតដល់ដួលចុះទៅក្រោយភ្នែកសម្លឹងមើលអ្នកដែលឈរកាន់ផ្លែព្រួយជាមួយទឹកមុខកំណាច កែវភ្នែករបស់បុរសម្នាក់នេះមានពណ៌ពីរខុសគ្នា ម្ខាងមានពណ៌ខៀវម្ខាងទៀតពណ៌ក្រហម។
     “ស្ដេចផ្ដាច់ការ.. ទ្រង់គឺជាព្រះអង្គ-”
     ថេយ៉ុងប្រែជានៅស្ងៀម សម្លៀកបំពាក់មួយនោះគេអាចចាំបាន គឺជាសម្លៀកបំពាក់របស់តួឯកប្រុសម្នាក់ទៀតនៅក្នុងរឿងមួយនេះ ទ្រង់គឺជាស្ដេចផ្ដាច់ការរបស់នគរតៃយ៉ាង គឺជារាជវង្សដ៏ខ្លាំងក្លា និងជាអ្នកដែលវាយលុកបង្កើតសង្គ្រាមនៅពេលនេះដូចគ្នា ប៉ុន្តែកែវភ្នែកដែលទ្រង់សម្លឹងមើលមកគេនៅពេលនេះមិនដូចជាភាពស្អប់ខ្ពើមឡើយ វាពោរពេញទៅដោយភាពត្រជាក់ប៉ុន្តែមិនមែនកំហឹង។
     “សត្វក៏វាមិនសម្លាប់បងប្អូនខ្លួនឯងដែរ”
     “ទ្រង់នៅអាចនិយាយពាក្យនេះចេញមកបានដែរមែនទេនៅពេលដែលទ្រង់សម្លាប់រង្គាលរាជវង្សរបស់យើងទាំងមូលឲ្យ- អ្ហឹក!”
     “ព្រះអង្គ!!” ថេយ៍ញ័រដៃតតាត់សម្លឹងមើលរូបភាពចំពោះមុខ។
     មិនទាន់បានបញ្ចប់បន្ទូលរបស់ខ្លួនផងព្រះអង្គដែលត្រូវជាម្ចាស់ប្អូនរបស់ថេយ៉ុងក៏ត្រូវបានស្ដេចផ្ដាច់ការអង្គនោះប្រើផ្លែព្រួញមុននេះចាក់ទម្លុះថ្ងាស ធ្លុះពីខាងមុខដល់ខាងក្រោយដោយដៃផ្ទាល់ ទាំងដែលថេយ៉ុងមិនដឹងទាល់តែសោះថាទ្រង់ផ្លាស់ទីចេញពីមុខរបស់ខ្លួនតាំងពីពេលណា។
     “ជិន.. ជុង.. ហ្គុក..”
     វាជាបន្ទូលចុងក្រោយបង្អស់របស់អធិរាជយ៉ូវលាំងមុនពេលដួលស្លាប់ ដូច្នេះស្ដេចផ្ដាច់ការអង្គនេះមានឈ្មោះថាជិនជុងហ្គុក ថេយ៉ុងបានចងចាំវាទុកនៅក្នុងខួរក្បាលរបស់ខ្លួនក្នុងពេលមួយប៉ប្រេចភ្នែក។ រាងកាយរបស់ទ្រង់ពេលនេះពោរពេញដោយឈាមប៉ុន្តែគ្មានស្នាមរបួស សូម្បីតែមុខមាត់ក៏មានស្នាមឈាម ទ្រង់ច្បាស់ជាសម្លាប់មនុស្សច្រើនណាស់ហើយ។
     “លើកទីមួយហើយដែលបានជួបព្រះនាងរបស់រាជវង្សយ៉ូវលាំង ស្រស់ស្អាតដូចគេនិយាយពិតមែន”
     ជុងហ្គុកបោះជំហានចូលទៅជិតបណ្ដាលឲ្យថេយ៉ុងដែលដួលស្រាប់នៅលើកម្រាលខាងក្រោមនោះត្រូវច្រត់ដៃទៅក្រោយនិងរំកិលខ្លួនចេញ។
     “យើងសម្លាប់គ្រួសាររបស់ព្រះនាងអស់ហើយ ស្អប់យើងដែរទេ?”
     “ហេតុអ្វីទ្រង់គិតថាខ្ញុំម្ចាស់មិនស្អប់ទ្រង់?”
     “ត្រូវហើយ.. ហេតុអ្វីយើងគិតបែបនោះ?”
     “កុំ.. កុំចូលមកជិត!”
     មិនមែនព្រោះសេចក្តីភ័យខ្លាចតែមួយមុខ ប៉ុន្តែថេយ៉ុងពិបាកបែងចែកខ្លាំងណាស់ ជួបមុខរបស់ជុងហ្គុកពេលនេះទឹកភ្នែករបស់គេក៏កាន់តែស្រក់ចុះ អារម្មណ៍ពេលនេះគឺជាអ្វី គេមិនដឹងឡើយ វាមិនមែនជាសេចក្តីខឹងស្អប់ទាំងស្រុង បេះដូងលោតញាប់និងមានអារម្មណ៍ថារំភើប វាប្រៀបដូចជាស្នេហា! តើព្រះនាងម្ចាស់ដែលជាមនុស្សប្រុសអង្គនេះលង់ស្រឡាញ់មនុស្សដែលសម្លាប់រង្គាលរាជវង្សរបស់ទ្រង់បានដោយរបៀបណាទៅ? វាឆ្កួតឡប់ខ្លាំងណាស់។
     “តែយើងគួរយកព្រះនាងទៅញាត់នៅដំណាក់ខាងក្រោយទេ?”
     “វាជារឿងឆ្កួតឡប់បំផុត ខ្ញុំម្ចាស់អាចឡើងគ្រែជាមួយបុរសដែលសម្លាប់ប្អូនប្រុសនៅចំពោះមុខបានដោយរបៀបណា?”
     “អ៊ីចឹងពួកយើងសាកល្បងទៅ”
     “កុំ! កុំប៉ះខ្ញុំម្ចាស់”
     ជុងហ្គុកឱនមុខចុះកាន់តែជិតបណ្ដាលឱ្យថេយ៉ុងត្រូវខិតថយក្រោយកាន់តែលឿនដូចគ្នា រាងកាយរបស់គេបញ្ចេញកាយវិការដូចជាមនុស្សស្រីសូម្បីតែរបៀបនិយាយ គេគួរតែនិយាយថាទូលបង្គំមិនមែនខ្ញុំម្ចាស់នោះទេ រឹតតែមិនគួរនិយាយពាក្យគួរសមជាមួយមនុស្សដែលបំផ្លាញរាជវង្សរបស់ខ្លួន។
     “ព្រះនាងដឹងថាពួកគេធ្វើអ្វីចំពោះខ្សែរាជវង្សបន្ទាប់ពីត្រូវបំផ្លាញនគរដែរទេ?”
     “ខ្ញុំម្ចាស់មិនចង់ដឹងទេ តើអាចធ្វើអ្វីទៅ? ព្រះអង្គប្រហែលជាចង់ធ្វើដូចពួកគេដែរហើយ តើព្រះអង្គនឹងធ្វើទារុណកម្មខ្ញុំម្ចាស់ដល់ស្លាប់ឬ?”
     “ពួកគេមិនមែនសុទ្ធសឹងតែចូលចិត្តធ្វើទារុណកម្មទេ ទីមួយនោះគឺសម្លាប់ ទីពីរលក់ធ្វើជាទាសករ ចំណែកចុងក្រោយគឺបញ្ជូនទៅព្រំដែនដើម្បីធ្វើជាស្រីពេស្យានៅទីនោះ ប៉ុន្តែយើងមានតែជម្រើសពីរប៉ុណ្ណោះឲ្យព្រះនាង រៀបការចូលដំណាក់ក្រោយនិងលើកជើងឱ្យយើងពេញមួយជីវិត ឬក៏ធ្វើស្រីពេស្យាឡើងគ្រែជាមួយកងទ័ពរាប់ពាន់នាក់នៅសមរភូមិ?”
     បបូរមាត់ថេយ៉ុងកាន់តែញ័រ ពាក្យសំដីទាំងនេះវាគួរឱ្យខ្លាច ប៉ុន្តែហេតុអ្វីកែវភ្នែកដែលជុងហ្គុកសម្លឹងមើលមុខគេមិនគួរឲ្យខ្លាចនោះទេ គេដូចជាធ្លាប់ជួបគ្នានៅកន្លែងណាមួយ គេអាចសម្គាល់បាននៅពេលដែលទ្រង់មានបន្ទូលថាវាជាលើកទីមួយដែលបានជួបព្រះនាងរបស់រាជវង្សយ៉ូវលាំងភ្នែករបស់ទ្រង់មិនស្មោះត្រង់ឡើយ នៅពេលនោះទ្រង់កុហក។
     “ឆាប់រើសទៅ! រើសយកមួយទៅ ទៅជាមួយយើងឬចេញឆ្ងាយពីយើង?”
     “ខ្ញុំ..”
     ឮសំណួរនេះបេះដូងមានអារម្មណ៍ថាឈឺខ្លាំងណាស់ វាធ្ងន់និងពិបាកដកដង្ហើម ទឹកមុខរបស់ជុងហ្គុកស្មើនិងមិនបង្ហាញអារម្មណ៍ ប៉ុន្តែហេតុអ្វីសំណួរដូចជាកំសត់និងឈឺចាប់ដល់ថ្នាក់នេះ?
     “អ្ហឹក...”
     ភ្លាមៗឈាមស្រាប់តែហូរចេញពីមាត់និងច្រមុះរបស់ថេយ៉ុង តាមដោយម្ចាស់ខ្លួនដែលត្រូវដួលទៅក្រោយមុនពេលអាចឆ្លើយសំណួររបស់ជុងហ្គុកបាន។ រាងក្រាស់ស្រវាឱបរាងកាយតូចនិងជូតឈាមចេញពីមាត់របស់គេទាំងមិនមានអារម្មណ៍ថាភ្ញាក់ផ្អើល ម្រាមដៃធំអង្អែលត្រង់បបូរមាត់របស់ថេយ៍ថ្នមៗមុនពេលស្នាមញញឹមលេចឡើងលើផ្ទៃមុខសង្ហា។
     “យើងគិតថានឹងមកដល់យឺតពេលទៅហើយ”
     តក់.. តក់.. តក់..
     ដំណក់ភ្លៀងចាប់ផ្ដើមស្រក់ចុះស្របពេលនឹងស្តេចផ្ដាច់ការដែលលើកបីព្រះនាងម្ចាស់របស់រាជវង្សយ៉ូវលាំងដែលទ្រង់បានបំផ្លាញដោយផ្ដល់ដៃនោះ យាងចូលទៅឈរនៅកណ្ដាលស្ពានដែលមិនទាន់បានកាត់ផ្ដាច់នៅឡើយ ដំណក់ភ្លៀងមានពណ៌ក្រហមដែលស្អិតនិងខាប់ដូចជាឈាម ស្រោចស្រពលើរាងកាយស្ដេចទាំងពីរ។ ជុងហ្គុកមិនកម្រើកនៅពេលដែលបីថេយ៉ុងដើម្បីទទួលយកដំណក់ភ្លៀងឈាមទាំងនោះ វាត្រជាក់ខ្លាំងណាស់។ ទ្រង់បានឈ្នះសង្គ្រាមមួយនេះហើយ ទ័ពនិងប្រជារាស្ត្ររបស់រាជវង្សយ៉ូវលាំងទាំងមូលត្រូវបានបង្ក្រាបនិងហ៊ុមព័ទ្ធជិតឈឹង  នៅពេលដែលគិតថយក្រោយទ្រង់ពិតជាវេទនាខ្លាំងណាស់ទំរាំវាយឈ្នះសង្គ្រាមមួយនេះ វាបង្ហាញយ៉ាងច្បាស់ថាតាមពិតថេយ៉ុងខ្លាំងក្លាប៉ុណ្ណា វាគឺជារបៀបដែលគេការពាររាជវង្សនិងនគរទាំងមូលមករហូត។

Bloody Rain The Red MOON [តំណក់ភ្លៀងឈាម ព្រះចន្ទក្រហម]Where stories live. Discover now