ភាគទី៨ : ទ្រង់ទៅវិញទេដែលជាមនុស្សឃោរឃៅ

1.5K 112 16
                                    

   “បើនិយាយមិនចេះស្ដាប់គ្នា ជើងទាំងគូនេះថ្ងៃក្រោយមិនចាំបាច់ប្រើទៀតទេ!”
   “អ្ហាក!!!”
   គ្រាន់តែដៃមាំចាប់ច្របាច់មិនទាន់នឹងបានកាច់បំបាក់ផងថេយ៉ុងក៏ស្រែកឡើងដោយភាពឈឺចាប់ ស្នាមជាំនិងរបកស្បែកដែលកកិតដោយសារច្រវាក់ជើងទាំងនោះនៅមិនទាន់រលុបនៅឡើយទេ វាពិតជាឈឺខ្លាំងណាស់។ ឃើញទឹកភ្នែកស្រក់ចុះកាត់ផែនថ្ពាល់ទន់រលោងរបស់ព្រះអង្គម្ចាស់តូច ព្រះអធិរាជក៏ស្រងាកចិត្តនឹងធ្វើវាបន្តិច ដោយរំសាយដៃត្រឡប់មកវិញ។
   “វាឈឺ.. វាឈឺខ្លាំងណាស់”
   រាងតូចស្រាប់តែបញ្ចេញអាការៈយំឡាំប៉ាដោយមិនដឹងខ្លួន ដៃតូចៗគក់ទ្រូងអ្នកចំពោះមុខ វាសំណាងល្អដែលទីនេះងងឹតគ្មានមនុស្សចាប់អារម្មណ៍មើល ម្នាក់ៗរវល់ផ្តោតទៅលើការដាក់ទោសដ៏ឃោរឃៅទាំងនោះជាង។
   “បើទ្រង់ស្តាប់បង្គាប់តែបន្តិចប្រហែលជាមិនចាំបាច់ឈឺខ្លួនបែបនេះទេ”
   រាងក្រាស់លើកដៃជូតទឹកភ្នែកចេញពីមុខដ៏ស្រស់ស្អាត ភ្លាមៗដែលថេយ៉ុងស្រែកថាឈឺប្រៀបដូចជាយល់ព្រមចុះចាញ់ទ្រង់ ជុងហ្គុកហាក់ដូចបានឃើញថេយ៍របស់ទ្រង់កាលពីមុនត្រឡប់មកវិញ ទោះបីទ្រង់គ្មានបំណងជួយរំលឹកការចងចាំរបស់គេក៏ដោយ ប៉ុន្តែបើថេយ៍អាចចងចាំរឿងទាំងនោះ ទ្រង់ប្រហែលជារីករាយបន្តិច។
   “ហេតុអ្វី? ហេតុអ្វីទ្រង់ធ្វើបែបនេះដាក់ពួកគេ? ទ្រង់ឃោរឃៅណាស់ជុងហ្គុក ហ៊ឹក.. ឃោរឃៅខ្លាំងណាស់...”
   “ត្រឡប់ទៅវិញទៅ ឃើញថាទ្រង់យល់ព្រមសារភាពថាឈឺ យើងលើកលែងឲ្យទ្រង់ម្តងចុះ តែម្តងនេះប៉ុណ្ណោះ”
   ជុងហ្គុកដឹងយ៉ាងច្បាស់ រវាងទ្រង់និងថេយ៉ុងបើមានម្តងហើយគង់តែមានម្តងទៀតរាប់រយដង។
   “ព្រះអធិរាជចេះមានបន្ទូលពីអ្វីផ្សេងខ្លះទេ? មួយម៉ាត់ណាក៏បង្ខំឲ្យទូលបង្គំត្រឡប់ទៅវិញ នេះមិនមែនជាចម្លើយតែទូលបង្គំចង់ដឹងទេ”
   “ចង់ដឹងពីអ្វីទៀត? យើងគ្មានសិទ្ធិដាក់ទោសមនុស្សទាំងនេះទេអ្ហេស?”
   “តែវាឃោរឃៅខ្លាំងពេក ទូលបង្គំមិនជឿថាពួកគេហ៊ានបណ្តោយឲ្យមានរបស់មិនល្អនៅក្នុងក្រយាទ្រង់ឡើយ ហេតុអ្វី? ហេតុអ្វីទៅ?”
   “បើពួកគេអាចធ្វើវាដាក់ទ្រង់ ហេតុអ្វីមិនអាចធ្វើដាក់យើងបែបនោះដូចគ្នា?”
   ថេយ៍សម្រក់ទឹកភ្នែកឥតឈប់សម្លឹងមើលដៃមាំរបស់រាងក្រាស់ដែលក្រសោបចាប់ដៃរបស់គេមិនឲ្យវាយដំទ្រង់ ជុងហ្គុកប្រើកម្លាំងតិចជាងមុនក្នុងការប៉ះពាល់គេ ប្រៀបដូចជាទ្រង់បារម្ភខ្លាចថាគេឈឺ អារម្មណ៍ពេលនេះពិតជាច្របូកច្របល់ណាស់ វាជាអារម្មណ៍របស់គេផ្ទាល់បូករួមនឹងមនោសញ្ចេតនារបស់គេពីអតីតកាល គេអាចសម្គាល់បានយ៉ាងច្បាស់។
   “បើពួកគេមិនអាចសូម្បីតែបម្រើអាហារឲ្យបានត្រឹមត្រូវ តើរស់នៅក្នុងនាមជាចុងភៅធ្វើអ្វីទៀតទៅ? បើយើងមិនបានដឹងរឿងនេះ តើទ្រង់នឹងបង្អត់អាហារដល់ស្លាប់មែនទេ?”
   ព្រះអធិរាជពិតជាមិនចង់មានបន្ទូលបែបនេះឡើយ ពេលជ្រុលបញ្ចេញទៅហើយទើបខាំបបូរមាត់ខ្លួនឯងស្តាយក្រោយ ហេតុអ្វីទ្រង់មានបន្ទូលដូចជាថេយ៉ុងអាចស្លាប់? ថេយ៍មិនអាចស្លាប់នោះទេ ទ្រង់ដឹងពីវាច្បាស់ជាងនរណាៗទាំងអស់។
   “ដូច្នេះ... ដូច្នេះវាព្រោះតែទូលបង្គំ? ព្រះអធិរាជសម្លាប់ពួកគេព្រោះទូលបង្គំ? អត់ទេ.. គឺទូលបង្គំជាអ្នកសម្លាប់ពួកគេ.. ទូលបង្គំសម្លាប់ពួកគេ..”
   ទឹកភ្នែកកាន់តែស្រក់ចុះ សម្លេងស្រែកដោយភាពឈឺចាប់របស់មនុស្សទាំងនោះញ៉ាំងឲ្យម្ចាស់រាងកាយតូចកាន់តែខឹងស្អប់ខ្លួនឯងដែលជាដើមហេតុ។
   “ឈ-ឈប់ទៅព្រះអធិរាជ.. ទូលបង្គំក្រាបក្បាលអង្វរទ្រង់ លើកលែងទោសឲ្យពួកគេទៅក្រាបទូល.. សូមមេត្តា.. សូមមេត្តា..”
   ឃើញថេយ៍បម្រុងក្រាបក្បាលដល់ដីពិតមែន ជុងហ្គុកក៏រហ័សបញ្ឈប់គេ ទ្រង់ប្រហែលជាអាចប្រើវាមកគម្រាមថេយ៍ ព្រោះគេគិតពីអាយុជីវិតអ្នកដទៃជាងខ្លួនឯងមករហូត។
   “វាឥតប្រយោជន៍ទេថេយ៍”
   “ព្រះអធិរាជចង់ធ្វើអ្វីដាក់ទូលបង្គំក៏បានក្រាបទូល.. ឲ្យតែទ្រង់លើកលែងឲ្យពួកគេ ទូលបង្គំនឹងធ្វើគ្រប់យ៉ាង-”
   “ស្តាប់ណាថេយ៉ុង..”
   ទោះបីសម្លេងមិនកាចប៉ុន្តែភាពភ័យខ្លាចដែលនៅក្នុងទ្រូងបណ្តាលឲ្យថេយ៉ុងញាប់ញ័រពីក្បាលដល់ចុងជើង សម្រាប់គេជុងហ្គុកពេលនេះគួរឲ្យខ្លាចណាស់ គេប្រាប់លែងត្រូវហើយថាទ្រង់កំពុងខ្ញាល់ឬអត់។
   “យើងសម្លាប់ប្រជារាស្ត្រយ៉ូវលាំងព្រោះទ្រង់ដួលសន្លប់ សម្លាប់ចុងភៅព្រោះរៀបចំក្រយាមិនបានល្អ បើទ្រង់រឹងទទឹងមិនស្តាប់បង្គាប់ឬធ្វើឲ្យខ្លួនឯងរងទុក្ខទៀតនោះ អ្នកបន្ទាប់គឺជានាង”
   ងាកទៅក្រោយតាមទិសដៅកែវភ្នែករបស់ជុងហ្គុក ថេយ៍ឃើញសាន់ហ៊ីឈរមិនឆ្ងាយពីនោះ ទ្រង់បានបំបាក់ជើងនាងម្តងហើយគេមិនភ្ញាក់ផ្អើលឡើយដែលទ្រង់បញ្ជាក់ថាហ៊ានសម្លាប់នាង បើពេលនេះសាន់ហ៊ីក៏ត្រូវស្លាប់ តើគេនៅសេសសល់នរណាទៀត? គេមានតែធ្វើជាក្មេងល្អស្តាប់បង្គាប់ប៉ុណ្ណោះ។
   “ហេតុអ្វី? ហេតុអ្វីរឿងដែលពាក់ព័ន្ធនឹងទូលបង្គំធ្វើឲ្យព្រះអធិរាជចំបែងព្រះទ័យដល់ថ្នាក់នេះ? តាមពិតតើទ្រង់-”
   “ព្រះច័ន្ទស្រស់ស្អាតខ្លាំងណាស់ ត្រូវទេ?”
   “ទូលបង្គំមិនខ្វល់ឡើយ!”
   ថេយ៉ុងស្រែកគំហកជំនួសដោយការឆ្លើយតបនឹងសំណួរទ្រង់ គេមិនខ្វល់ឡើយថាព្រះច័ន្ទស្អាតឬអត់ តើនរណាទៅខ្វល់ទៅ? គេចង់ដឹងចម្លើយរបស់ជុងហ្គុក តើទ្រង់ស្រឡាញ់គេពិតមែនទេទើបធ្វើរឿងច្រើនយ៉ាងនេះដើម្បីគេ? ទោះគិតថាសំណួរវាដូចជាភ្លាវនិងមើលមកគេដូចជាជឿជាក់លើខ្លួនឯងខ្លាំងពេកក៏ដោយ ក៏គេនៅតែចង់សួរដដែល។
   “ព្រះអធិរាជស្រឡាញ់ទូលបង្គំ ត្រូវទេ?”
   សំណួរមួយនេះមិនបានឮចូលត្រចៀកជុងហ្គុកនោះទេ ព្រោះមុននេះទ្រង់បានសារភាពរួចទៅហើយ ខួរក្បាលពេលនេះកំពុងទទួលបានអារម្មណ៍មិនស្រួលចំពោះវត្តមានអ្នកដែលដើរចូលមកពីចម្ងាយ។
   “នាំម្ចាស់របស់នាងត្រឡប់ទៅវិញទៅ សាន់ហ៊ី!”
   “ព្រះពរ”
   ឮសម្លេងគំហកដូចជាស្លន់ស្លោនាងតូចរត់មកលើកថេយ៉ុងឡើងអូសដៃគេចាកចេញពីទីនោះ មនុស្សដែលមិនគួរបង្ហាញខ្លួនកំពុងប្រាកដរូបរាងឡើងមកហើយ បើឲ្យថេយ៉ុងបានជួបច្បាស់ជារលាយផែនការជុងហ្គុកអស់មិនខាន។
   “ខ្ញុំនៅនិយាយគ្នាមិនទាន់ចប់ទេ-”
   “ពួកយើងទៅសិនទៅព្រះពរ រឿងនេះនិយាយពេលក្រោយទៀតក៏បាន”
   “មិនបាន! ទម្រាំដល់ពេលនោះពួកគេច្បាស់ជាស្លាប់អស់មិនខាន”
   ឃើញម្ចាស់មានៈដល់ថ្នាក់នេះ សាន់ហ៊ីពិបាកនឹងបញ្ចុះបញ្ចូលណាស់ តែវាក៏សំណាងម្យ៉ាងដែលទោះបីជាមិនយល់ព្រម ថេយ៍នៅតែរត់តាមកម្លាំងទាញរបស់នាងរហូត។
   “ពេលនេះរក្សាជីវិតរបស់ព្រះអង្គម្ចាស់ទើបជារឿងចម្បង ពួកគេគឺជាមនុស្សដែលធ្លាប់ធ្វើបាបទ្រង់ ស្លាប់ឬរស់វាគ្មានអ្វីទាក់ទងនឹងទ្រង់ឡើយព្រះពរ ពួកគេសមនឹងទទួលវាហើយ”
   សាន់ហ៊ីនិយាយត្រូវ ថេយ៉ុងគ្មានអ្វីប្រកែកនោះទេ មនុស្សទាំងនេះប្រហែលជាមិនធ្លាប់ចាត់ទុកគេជាមនុស្សផង ហេតុអ្វីគេត្រូវជួយទាំងដែលខ្លួនឯងកំពុងធ្លាក់រណ្តៅដូចគ្នា?
   ម្ចាស់រាងកាយធំក្រាស់ក្រោកឈរជាមួយអារម្មណ៍ស្រងេះស្រងោចដែលមិនបានបង្ហាញតាមរយៈទឹកមុខ មុននេះទ្រង់មានកូនចិត្តលួចរំពឹងថានឹងទទួលបានចម្លើយពីថេយ៉ុង ប៉ុន្តែគេបានភ្លេចវាអស់ទៅហើយ ទ្រង់ខ្លួនឯងមិនគួរមានក្តីសង្ឃឹមតាំងពីដំបូងមកម្លេះ។ ទោះបីជុងហ្គុកយល់ថាព្រះច័ន្ទស្រស់ស្អាត ប៉ុន្តែព្រះអាទិត្យអស្តង្គតគ្មានសម្រស់អ្វីអាចទាក់ទាញព្រះទ័យរបស់ទ្រង់បាននោះទេ ទ្រង់គ្មានថ្ងៃមានបន្ទូលថាវាស្រស់ស្អាតឡើយ។
   “ថ្វាយបង្គំព្រះអង្គ”
   “ព្រះមហាក្សត្រយានី”
   មនុស្សដែលទ្រង់មិនចង់ជួបបំផុតបែរជាបង្ហាញខ្លួនឡើយយ៉ាងលឿនដូចហោះ ទាំងដែលមុននេះនៅឆ្ងាយអនេក។
   “មានរឿងអ្វីទៅព្រះពរ? ហេតុអ្វីសម្លាប់ពួកគេ?”
   “ពួកគេឥតបានការ”
   “តែនោះជាមនុស្សតែមួយក្រុមគត់ដែលដឹងពីក្រយាដែលខ្ញុំម្ចាស់សោយ”
   ក្រៅពីមនុស្សទាំងនេះគ្មាននរណាចម្អិនក្រយាដែលត្រូចព្រះទ័យរបស់ព្រះមហាក្សត្រយានីឡើយ ដូច្នេះទើបទ្រង់ព្យាយាមការពារពួកគេជាញយដងរហូតដល់បានចិត្ត វាផ្ទុយស្រឡះពីជុងហ្គុក ទ្រង់គឺព្យាយាមបំផ្លាយអ្វីគ្រប់យ៉ាងដែលស្ត្រីចំណាស់ម្នាក់នេះការពារនិងហួងហែង។
   “តែពួកគេមិនដឹងពីអ្វីដែលយើងសោយ”
   “ខ្ញុំម្ចាស់មិនបានចង់មានន័យថាក្រយារបស់ខ្ញុំម្ចាស់សំខាន់ជាងឡើយព្រះពរ”
   “យើងមិនទាន់បាននិយាយអ្វីទេ”
   សម្លេងស្រែកទ្រហោរយំនៅតែបន្តបន្លឺឡើង ជុងហ្គុកពិតជាសមចិត្តណាស់ដែលព្រះមហាក្សត្រយានីចាប់ភ្លឹកចំណុចនេះ មិនថាពួកគេជាមនុស្សរបស់នរណាឡើយ បើទ្រង់មិនពេញចិត្តពួកគេត្រូវតែខ្ទាតចេញ នេះជាលើកទីពីរដែលទ្រង់នឹងបង្ហាញថាព្រះមហាក្សត្រយានីលែងមានអំណាចនៅក្នុងរាជ្ជកាលមួយនេះទៀតហើយ នេះជារាជ្យរបស់ទ្រង់។
   “ខ្ញុំបម្រើដែលគ្មានសូម្បីតែលទ្ធភាពបម្រើម្ចាស់ឲ្យបានត្រឹមត្រូវ មិនស័ក្តិសមនឹងការសន្តោសប្រណីនោះទេ”
   “ខ្ញុំម្ចាស់អាចសុំព្រះរាជទានទោសជំនួសពួកគេបានទេព្រះពរ?”
   “វាហួសពេលហើយ”
   ស្ត្រីចំណាស់សម្លឹងមើលមុខចៅកំលោះដែលទ្រង់ចិញ្ចឹមបីបាច់ដោយផ្ទាល់ដៃជាមួយភាពភ្ញាក់ផ្អើលនិងនឹកស្មានមិនដល់។ ខណៈដែលទ្រង់យល់ឃើញថាជុងហ្គុកមានចេតនាបង្ហាញឲ្យទ្រង់ឃើញថាទ្រង់មិនអាចធ្វើអ្វីបាន មិនអាចប្រើប្រាស់អំណាចរបស់ទ្រង់ ខ្ញុំបម្រើទាំងនោះត្រូវបានសម្លាប់ម្នាក់ហើយម្នាក់ទៀតរហូតដល់អស់។
   “ព្រះមហាក្សត្រយានីជាអ្នកបង្រៀនយើងឲ្យរស់នៅតែម្នាក់ឯង មនុស្សដែលមិនផ្តល់ប្រយោជន៍ មិនចាំបាច់ទុកនោះទេ”
   មានបន្ទូលជាមួយទឹកមុខប្រាកដប្រជា ជុងហ្គុកចាកចេញពីចំពោះមុខព្រះមហាក្សត្រិយានីសំដៅទៅរកមេការដែលគ្រប់គ្រងនៅក្នុងរាជវាំង។
   “ថ្ងៃស្អែកទៅអញ្ជើញចុងភៅល្បីបំផុត ក្នុងរាជធានីមកធ្វើជាចុងភៅរាជវាំងទៅ!”
   “ក្រាបទូលព្រះអធិរាជ”
   មួយប៉ប្រិចភ្នែកព្រះមហាក្សត្រយានីក៏បាត់បង់មនុស្សក្នុងដៃអស់មួយដំណាក់ រឿងដែលទ្រង់មិនធ្លាប់រំពឹងថានឹងកើតឡើង ញ៉ាំងឲ្យខួរក្បាលរបស់ទ្រង់ស្ពឹក តើជុងហ្គុកពិតជាចង់ងើបក្បាលប្រឆាំងទ្រង់ពិតមែន ឬក៏គ្រាន់តែជាភាពអំណួតក្អេងក្អាងក្នុងនាមជាព្រះអធិរាជម្នាក់នោះទេ?

Bloody Rain The Red MOON [តំណក់ភ្លៀងឈាម ព្រះចន្ទក្រហម]Where stories live. Discover now