ភាគទី៤ : ស្នេហាដែលប្រៀបដូចជាព្រះអាទិត្យអស្តង្គត

1K 95 3
                                    

   ខ្យល់បក់ផាត់ខ្លាំងៗរហូតដល់ប៉ើងសក់វែងរលាស់ទៅក្រោយ ថេយ៉ុងឈរសម្លឹងមើលស្មៅពណ៌បៃតងខ្ចីដុះវែងឡើងបន្តិចត្រឹមកជើង ត្រូវកម្លាំងខ្យល់បក់ឱ្យលាន់ឮសំឡេងពិរោះរណ្តំ នេះជាទឹកដីប្រមាញ់សត្វព្រៃរបស់យ៉ូវលាំង ថេយ៉ុងអាចចងចាំបាន គេអាចដឹងថាខ្លួនឯងស្និទ្ធស្នាលនឹងទីកន្លែងមួយនេះខ្លាំងប៉ុណ្ណា ទើបគ្រាន់តែមានឃើញក៏ធ្វើឲ្យមានអារម្មណ៍ធូរស្រាលដល់ថ្នាក់នេះ។
   “ថេយ៉ុង!”
   ងាកមើលក្រោយតាមសម្លេងហៅ មិនទាន់នឹងបានឃើញមុខម្ចាស់សម្លេងផងរាងកាយតូចក៏ត្រូវអ្នកដែលជិះសេះចូលមកពីក្រោយនោះ ចាប់ក្រសោបចង្កេះលើកឡើងដោយដៃម្ខាងឲ្យអង្គុយលើខ្នងសេះខាងមុខ ព្រមទាំងចាប់ដៃគេឲ្យកាន់ខ្សែបញ្ជាសេះទៀតផង។
   “យើងនឹងបង្រៀនទ្រង់ជិះសេះ”
   “ទូលបង្គំមិនអាចចាកចេញទៅណាតែម្នាក់ឯងនោះទេ រៀនជិះសេះក៏មិនដឹងថាអាចជិះទៅណាបានដែរ”
   នេះមិនមែនជាអ្វីដែលថេយ៍ពេលនេះគិតចង់និយាយចេញទៅនោះទេ ប៉ុន្តែគេមិនអាចបញ្ជាខ្លួនឯងឱ្យកម្រើកឬធ្វើអ្វីតាមចិត្តបាន ពេលនេះគេមានតែសតិដែលអាចដឹងប៉ុណ្ណោះ រាងកាយកំពុងត្រូវនរណាម្នាក់ផ្សេងទៀតបញ្ជា។
   “ជិះជាមួយយើង យើងអាចនាំទ្រង់ទៅដល់ជើងមេឃ ប្រើទ្រង់ចង់”
   “អ៊ីចឹងពួកយើងទៅជើងមេឃទៅ ធ្វើដំណើរទៅកន្លែងឆ្ងាយៗជាមួយគ្នា”
   “បាន”
   ដៃធំមាំដែលចាប់ដៃតូចពីខាងក្រោយឲ្យចាប់ខ្សែសេះនោះពិតជាកក់ក្តៅណាស់ រាងកាយធំសាយភាយក្លិនក្រអូបតិចៗ ថេយ៉ុងមិនដឹងឡើយថាមនុស្សម្នាក់នេះជានរណា នេះជាការយល់សប្តិឬក៏ការចងចាំកាលពីអតីតកាលឲ្យពិតប្រាកដ?
   កន្ត្រាក់ខ្លួនភ្ញាក់ឡើងម្ដងទៀតថេយ៉ុងឃើញខ្លួនឯងដេកនៅលើស្មៅខៀវខ្ចីដ៏ទន់ល្មើយ កើយលើដើមដៃបុរសដែលបង្រៀនគេជិះសេះមុននេះ ពិតជាចម្លែកណាស់ គ្រប់ពេលដែលគេរេភ្នែកទៅរក អ្នកដែលនៅក្បែរដៃបែរជាមានមុខមាត់ស្រពេចស្រពិលមើលមិនច្បាស់សូម្បីតែសំឡេងក៏ចាំមិនបានថាធ្លាប់ឮនៅទីណា។
   “វាឈឺដែរទេ?”
   “តិចតួចប៉ុណ្ណោះ ទូលបង្គំស៊ាំហើយ”
   “លាបវាទៅ ប៉ុន្មានថ្ងៃក្រោយវានឹងជាហើយ”
   រាងក្រាស់ប្រើក្រមួនលាបទៅលើកដៃរបស់ថេយ៉ុងដែលមានស្នាមឆូតដោយកាំបិតទាំងសងខាង ទ្រង់តែងតែឃើញថេយ៍មានទឹកមុខស្លេកស្លាំងជាមួយរាងកាយតូចស្រឡូនដោយស្គមស្គាំង ប្រហែលព្រោះតែគេត្រូវបង្ហូរឈាមរៀងរាល់ថ្ងៃមិនខាន។
   “ក្រមួននេះមានក្លិនក្រអូបណាស់”
   “អ៊ីចឹងរក្សាវាទុកចុះ”
   “ពិតឬ? អរព្រះគុណ”
   ស្នាមញញឹមលេចឡើងលើមុខដ៏ស្រស់ស្អាតនៅពេលដែលទទួលបានប្រអប់ក្រមួនតូចមួយនោះមកកាន់ក្នុងដៃ ហេតុអ្វីគេស្រាប់តែមានអារម្មណ៍ថាវាប្រៀបដូចជាវត្ថុបញ្ចាំស្នេហ៍ទៅវិញ? សម្លឹងមើលទៅថ្ងៃរសៀលដែលជ្រេបន្តិចនោះថេយ៍មានអារម្មណ៍ថាងងុយខ្លាំងណាស់ ស្មៅទាំងនេះមានក្លិនស្រស់ស្រាយនិងស្រស់បំព្រងទន់ល្មើយស្ទើរតែធ្វើឲ្យគេលង់លក់ទៅហើយ ក្លិនខ្លួនរបស់អ្នកនៅក្បែរដែលកំពុងដេកឱបរឹតគេនោះក៏ក្រអូបចម្លែក កាន់តែធ្វើឲ្យពិបាកនឹងបន្តបើកភ្នែកមិនលង់លក់។
   ការបិទភ្នែកមួយសន្ទុះនោះក៏ធ្វើឲ្យលង់លក់ទៅយ៉ាងស្កប់ស្កល់ ភ្ញាក់ឡើងម្ដងទៀតរាងតូចឃើញខ្លួនឯងកំពុងតែដេកកើយដៃរបស់បុរសម្នាក់នោះនៅកន្លែងដដែល ប៉ុន្តែវាជាពេលយប់ទៅហើយព្រះច័ន្ទមានពណ៌សនិងស្រស់ស្អាតមូលក្រឡង់ រួមជាមួយនឹងផ្កាយតូចៗនៅជុំវិញ។ ដៃធំមាំម្ខាងទៀតរបស់អ្នកនៅក្បែរលើកចង្អុលផ្កាយនិងមានបន្ទូលប្រាប់គេតិចៗ។
   “នោះគឺជាកាយកូនមាន់ ឃើញទេ? ខាងនោះជាផ្កាយកូនក្រមុំ”
   “ព្រះអង្គម្ចាស់ស្គាល់ផ្កាយច្រើនណាស់”
   “ប្រាកដណាស់ កាលនៅក្មេងក្រៅពីហាត់គុនដាវ ព្រះបិតាតែងតែបង្ខំឲ្យយើងរៀនអក្សរ”
   “ខុសពីទូលបង្គំ”
   “នៅពីក្មេងថេយ៉ុងធ្វើអ្វីខ្លះទៅ?”
   “ទូលបង្គំរៀនពីវិជ្ជាការពាររាជវង្សនិងនគរ”
   “តែថេយ៍មិនមែនជាព្រះរាជទាយាទនោះទេ”
   “ពិតណាស់ ព្រះរាជទាយាទមិនអាចរៀនវិជ្ជាទាំងនេះឡើយ”
   អ្នកម្ខាងទៀតឆ្ងល់តែមិនសួរបន្ត ព្រោះភារកិច្ចការពាររាជវង្សនិងនគរគឺស្ថិតនៅក្នុងដៃរបស់ព្រះរាជទាយាទដែលជាអនាគតអធិរាជ វាមិនអាចជាការទទួលខុសត្រូវរបស់ថេយ៉ុងនោះទេ ប៉ុន្តែទ្រង់ប្រហែលជាមិនបានដឹងរឿងមួយចំនួនដែលស្ថិតនៅក្នុងរាជវង្សយ៉ូវលាំងច្បាស់នោះទេ វាប្រហែលជាមានច្បាប់ណាមួយដែលតម្រូវឲ្យថេយ៉ុងត្រូវគោរពនិងថែរក្សារាជវង្សទាំងមូលដោយដៃខ្លួនឯងផ្ទាល់។
   ស្ងាត់មាត់មួយសន្ទុះថេយ៉ុងបន្តសម្លឹងមើលព្រះចន្ទ អារម្មណ៍និងបេះដូងរបស់គេក៏ស្រាប់តែរំភើបមួយរំពេច ពាក្យមួយឃ្លាក៏លេចឡើងពីបបូរមាត់ដោយមិនបានត្រៀមទុក។
   ព្រះចន្ទស្រស់ស្អាតខ្លាំងណាស់ ត្រូវទេ?”
   ពាក្យមួយឃ្លានេះធ្វើឱ្យបុរសអាថ៌កំបាំងម្នាក់នោះភ្ញាក់ផ្អើលរហូតដល់ត្រូវងាកមកមើលមុខថេយ៍ តែថេយ៉ុងមិនបានចាប់អារម្មណ៍នោះទេភ្នែកបន្តសម្លឹងមើលទៅព្រះច័ន្ទដ៏ភ្លឺស្រទន់មួយនោះ។
   “ត្រូវហើយ ស្រស់ស្អាតណាស់”
   រាងតូចមិនដឹងថាពាក្យមួយនេះគឺសរសើរព្រះចន្ទឬក៏សរសើរគេនោះទេ ព្រោះពេលនេះអ្នកម្ខាងទៀតកំពុងតែសម្លឹងមើលមុខគេមិនដាក់ភ្នែក។
   “ព្រះអង្គម្ចាស់! ទ្រង់នឹងក្លាយជាអធិរាជនៅថ្ងៃអនាគតត្រូវទេ?”
   “ប្រហែលហើយ”
   “អ៊ីចឹងទ្រង់សន្យានឹងទូលបង្គំរឿងមួយបានទេ?”
   “ច្រើនលើសពីមួយក៏បាន” បុរសអាថ៌កំបាំងឆ្លើយដោយគ្មានស្ទាក់ស្ទើរ។
   “ ****************** ”
   ថេយ៉ុងភ្លឹងនឹងខ្លួនឯងព្រោះមិនដឹងថាកំពុងនិយាយពីអ្វី ត្រចៀករបស់គេស្ដាប់មិនឮឡើយ គេកំពុងនិយាយដោយផ្ទាល់មាត់ជាមួយស្នាមញញឹម ប៉ុន្តែបែរជាមិនអាចដឹងថាខ្លួនឯងនិយាយពីអ្វីទៅវិញ តើគេកំពុងតែសន្យាអ្វីជាមួយបុរសដែលនៅក្បែរខ្លួនទើបអ្នកម្ខាងទៀតមើលទៅរីករាយនិងពេញចិត្តដល់ថ្នាក់នេះ?
   “យើងសន្យា.. បើវាដើម្បីទ្រង់.. យើងស្លាប់ក៏នៅតែអាចញញឹមបានដែរ
  
   ឮតែប៉ុណ្ណេះគ្រប់យ៉ាងក៏ប្រែជាងងឹតសូន្យសុង ភ្ញាក់ដឹងខ្លួនឡើងឃើញថាកំពុងនៅក្នុងបន្ទប់ ថេយ៉ុងក៏បានដឹងថាពេលនេះគេបានមកដល់តៃយ៉ាងទៅហើយ ហើយក៏មិនចង់ដឹងដូចគ្នាថាអាចមកដល់ទីនេះបានដោយរបៀបណា ឬក៏ប្រហែលជាត្រូវចងភ្ជាប់និងសេះអូសយកមកក៏ថាបាន។
   “ព្រះអង្គម្ចាស់តើនហើយឬ?”
   ថេយ៍ស្រាប់តែភ្ញាក់នៅពេលដឹងថាមានអ្នកបម្រើម្នាក់នៅក្បែរដៃខ្លួន ប៉ុន្តែទឹកមុខរបស់មនុស្សស្រីម្នាក់នោះមិនដូចជាស្រឡាញ់ពេញចិត្តគេខ្លាំងណាស់ណានោះទេ។
   “ខ្ញុំអាចសុំទឹកបន្តិចបានទេ?”
   “នេះ!”
   នាងក្រមុំដែលជាស្រីបម្រើហុចទឹកមកឱ្យថេយ៍ក៏ព្យាយាមក្រោកអង្គុយដោយខ្លួនឯងនិងផឹកទឹក។
   “ព្រះអធិរាជកំពុងរង់ចាំនៅខាងក្រៅ”
   ស្ដាប់ហើយរាងតូចរេភ្នែកមើលទៅរករនាំងស្ដើងដែលដាក់បាំងនៅក្បែរគ្រែ មិនមែននៅខាងក្រៅនោះទេជុងហ្គុកកំពុងរង់ចាំនៅខាងក្នុងបន្ទប់ គ្រាន់តែនៅម្ខាងរនាំងមួយនោះ រនាំងដែលត្រូវបិទដោយក្រដាសដែលលម្អទៅដោយគំនូរថ្មភ្នំជាមួយនិងរូបនាគដ៏ស្រស់ស្អាត នេះច្បាស់ជាដំណាក់ដែលរៀបចំសម្រាប់ទទួលភ្ញៀវមិនខាន។
   “ជីវិតរបស់ទ្រង់បានសុខហើយបន្ទាប់ពីមនុស្សជាច្រើនត្រូវបានសម្លាប់ដោយគ្រាន់តែទ្រង់ដួលសន្លប់ប៉ុណ្ណោះ”
   “ឃូស..ឃូសៗ”
   ថេយ៉ុងឈ្លក់ទឹកបន្ទាប់ពីឮសំដីអ្នកនៅចំពោះមុខ តើនរណាស្លាប់នៅពេលដែលគេដួលសន្លប់? គ្រាន់តែទុកឲ្យគេផឹកទឹកឲ្យបានស្ងប់បន្តិចមិនបានទេឬ? ហេតុអ្វីមានរឿងថ្មីកើតឡើងទៀតហើយ?
   “មានន័យថាម៉េចទៅ?”
   “ព្រះអធិរាជខ្ញាល់យ៉ាងខ្លាំងនៅពេលដែលព្រះអង្គម្ចាស់ដួលសន្លប់តាមផ្លូវ ប្រជារាស្ត្រយ៉ូវលាំងជាង១០០នាក់ត្រូវបានសម្លាប់និងបោះសាកសពឱ្យសត្វព្រៃស៊ីយ៉ាងគួរឲ្យអណោចអាធមព្រោះទ្រង់”
   ក្តុក!
   ចានទឹកធ្លាក់ចេញពីដៃថេយ៍ប្រៀបដូចជាព្រលឹងហោះចេញពីខ្លួន ដៃរបស់គេចាប់ផ្ដើមញ័រនិងគាំងរកនិយាយអ្វីមិនចេញស្ទើរតែស្ទះដង្ហើម ជុងហ្គុកសម្លាប់មនុស្សទៀតហើយមែនទេ? សម្លាប់នៅពេលដែលគេដួលសន្លប់ គេមិនដឹងឡើយថាវាព្រោះតែទ្រង់ខឹងដោយសារគេមានរាងកាយទន់ខ្សោយនិងមិនអាចទ្រាំទ្របាន ឬក៏វាមកពីទម្លាប់របស់ទ្រង់ដែលឲ្យតែខ្ញាល់ពីអ្វីបន្តិចក៏សម្លាប់មនុស្ស ទ្រង់ទុកជីវិតមនុស្សទាំងនោះជាស្រមោចមែនទេ?
   “ព្រះអធិរាជសម្លាប់មនុស្សព្រោះយើងដួសសន្លប់ឬ?”
   “ព្រះពរ.. ព្រោះពួកគេអនុញ្ញាតឲ្យទ្រង់ដួលសន្លប់”
   “នោះមិនមែនជាកំហុសរបស់ពួកគេ!”
   ថេយ៉ុងស្រែកខ្លាំងៗបំណងឲ្យអ្នកនៅខាងក្រៅឮ ហើយទ្រង់ក៏បានឮពិតមែន ជុងហ្គុកមិនបានមានបន្ទូលអ្វីដោយលើកយលកែវស្រានៅក្នុងដៃផឹកនិងទម្លាក់ចុះវិញ ទ្រង់ដឹងយ៉ាងច្បាស់ថាស្រីបម្រើម្នាក់នោះបាននិយាយអ្វីខ្លះទើបថេយ៉ុងគ្រាន់តែភ្ញាក់ដឹងខ្លួនឡើងក៏ខឹងនឹងទ្រង់ទៅហើយ។
   “ជីវិតរបស់ពួកគេមិនស្មើនឹងសត្វធាតុទេឬនៅក្នុងកែវភ្នែករបស់ព្រះអធិរាជ?”
   “ចាបព្រាបនិយាយផ្តេសផ្តាសអ្វីទៅ? ឬចង់ឱ្យយើងកាត់អណ្ដាតចោលនៅពេលនេះ?”
   “សូមព្រះអធិរាជព្រះរាជទានទោស”
   ស្រីបម្រើមុននេះក្រាបក្បាលដល់កម្រាលខាងក្រោមពីម្ខាងរនាំងដើម្បីសុំក្តីមេត្តាពីជុងហ្គុក នាងគ្រាន់តែមាត់រអិលបន្តិចទើបនិយាយវាចេញទៅមិននឹកស្មានថាទ្រង់ខ្ញាល់ឡើយ។
   “ចេញពីមុខយើងទៅ!”
   “ព្រះពរម្ចាស់”
   ស្រីបម្រើចាកចេញទៅបាត់ នៅពេលនេះនៅក្នុងបន្ទប់មានតែជុងហ្គុកនិងថេយ៉ុងប៉ុណ្ណោះ រាងក្រាស់អាចឮសំឡេងដកវែងៗរបស់អ្នកនៅលើគ្រែ ថេប្រហែលជាកំពុងភ្ញាក់ផ្អើលខ្លាំងទើបដកដង្ហើមបេះដូងលោតញាប់។ រនាំងដែលបាំងនៅកណ្ដាលក៏ត្រូវបានរាងក្រាស់វាយមួយដៃឲ្យដួលទៅម្ខាង ទឹកមុខនៅស្លេកស្លាំងនៅឡើយ ប៉ុន្តែថេយ៉ុងមានកម្លាំងស្រែកសួរទ្រង់ក្តែងៗ ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់។
   “មានបន្ទូលមកព្រះអធិរាជ! នៅក្នុងភ្នែករបស់ទ្រង់មនុស្សទាំងនោះគ្មានតម្លៃស្មើនឹងសត្វធាតុទេមែនទេ?”
   “ជីវិតមនុស្សឬសត្វវាដូចតែគ្នាហ្នឹង បើវាស្មោះត្រង់វានឹងមានតម្លៃ តែបើវាមិនស្ដាប់បង្គាប់និងរឹងរ៉ូសវិញនោះ..”
   ដៃមាំលូកទៅទ្រចង្ការរបស់ថេយ៍លើកឡើងឲ្យងើយមើលមុខទ្រង់ដែលកំពង់ឈរពេញកម្ពស់។
   “..សម្លាប់ចោលទុកថាសំណាងណាស់ទៅហើយ”
   “តើទូលបង្គំត្រូវអរគុណព្រះអធិរាជទៀតមែនទេដែលទ្រង់សម្លាប់ពួកគេដោយមិនបានធ្វើទារុណកម្ម?”
   “មានស្រេចលើទ្រង់គិត-”
   “ទូលបង្គំនៅតែស្អប់ព្រះអធិរាជ! ស្អប់ខ្លាំងណាស់! បើដាក់បណ្ដាសាហើយក្លាយជាការពិត ទូលបង្គំនឹងធ្វើ”
   “តាមចិត្តទ្រង់ចុះ..”
   ត្រូវហើយ! ថេយ៉ុងអាចស្អប់ទ្រង់បាន មិនថាស្អប់ឬស្រឡាញ់អ្វីៗមិនអាចប្រែប្រួលនោះទេ បើគេស្អប់ទ្រង់កាន់តែខ្លាំងទឹកភ្នែករបស់គេក៏មិនងាយស្រក់ ដូច្នេះជម្រើសមួយនេះវាប្រហែលជាប្រសើរជាងអ្វីដែលទ្រង់គិតទុក។
   “..ស្អប់យើងចុះបើទ្រង់ពេញចិត្ត-”
   “មនុស្សដូចទ្រង់ស័ក្តិសមតែនៅម្នាក់ឯងជារៀងរហូត ទ្រង់ប្រៀបដូចជាសាតានមិនថាខ្លាំងក្លាប៉ុណ្ណាឡើយថ្ងៃណាមួយនឹងត្រូវមនុស្សនៅក្បែរខ្លួនបំផុតក្បត់ហើយត្រូវរស់នៅម្នាក់ឯងជារៀងរហូត”
   “យើងគ្មានមនុស្សនៅក្បែរខ្លួននោះទេ-”
   “ថ្ងៃណាមួយ... ថ្ងៃណាមួយទូលបង្គំនឹងឲ្យទ្រង់ស្គាល់រសជាតិឯកាគ្មាននរណាម្នាក់នៅក្បែរដូចទូលបង្គំពេលនេះ”
   បបូរមាត់ដែលស្ងួតប្រេះកាន់តែញ័រ ប៉ុន្តែថេយ៉ុងមិនបានយំឡើយ ពេលនេះគេមានតែអារម្មណ៍ខឹងស្អប់និងសេចក្តីឈឺចាប់ ទឹកភ្នែករបស់គេប្រហែលជាខ្សោះអស់ទៅហើយទើបវាមិនស្រក់ចូលមក។
   “ទ្រង់មិនបាននៅតែម្នាក់ឯង យើងកំពុងនៅក្បែរទ្រង់-”
   “ព្រះអធិរាជមិនមែនជាមនុស្សឡើយ ទ្រង់គ្រាន់តែជាខ្យល់បក់កាត់មុខទូលបង្គំប៉ុណ្ណោះ”
   “ទ្រង់-”
   “ទូលបង្គំសុំឲ្យមនុស្សដែលទ្រង់ស្រឡាញ់ត្រូវស្លាប់ទាំងវេទនា”
   “ឈប់មានបន្ទូលទៅ!”
   “អូ! ទូលបង្គំភ្លេចទៅហើយ មនុស្សគ្មានបេះដូងដូចជាទ្រង់តើចេះស្រឡាញ់មកពីណាទៅ?”
   “គីមថេយ៉ុង! យើងប្រាប់ឲ្យឈប់!”
   ចង់រូបលើកដៃបម្រុងទះ ញ៉ាំងឱ្យរាងតូចរហ័សបិទភ្នែកនិងគេចមុខទៅចំហៀងខ្លាចថានឹងត្រូវទ្រង់វាយម្ដងទៀត ប៉ុន្តែជុងហ្គុកមិនបានវាយដំឡើយទោះបីខឹងរហូតដល់ញ័រមាត់ក៏ដោយ ទ្រង់បែរជាទម្លាក់ដៃចុះហើយយាងចេញពីត្រង់នោះទៅវិញ។
   “នៅរសៀលថ្ងៃស្អែកនឹងមានមនុស្សមកនាំទ្រង់ចូលដំណាក់ខាងក្រោយ ត្រៀមខ្លួនឲ្យបានល្អទៅ”
   សម្រឹបជើងចាកចេញទៅបាត់ ថេយ៉ុងឱនមុខចុះនិងបន្តអង្គុយស្ងៀមលើគ្រែ តើគេគួរធ្វើមុខបែបណាទៅ? តើគួរមានអារម្មណ៍បែបណាក្នុងស្ថានការណ៍បែបនេះ?
   “ហេតុអ្វីខ្ញុំនៅមិនទាន់ស្លាប់ទៀត?”
  
   “មើលថែព្រះអង្គម្ចាស់បានល្អទៅ”
   រាងក្រាស់ហុចក្រមួនថ្នាំដែលទ្រង់ធ្លាប់ប្រើលាបលើរបួសកដៃធ្វើយ៉ាងនោះឲ្យស្រីបំរើដែរនៅចាំនៅខាងក្រៅដើម្បីឱ្យប្រើវាទៅលើថេយ៉ុង បន្ទាប់ពីនាងទទួលយកថ្នាំហើយបានស្ដាប់តាមបន្ទូលដែលជុងហ្គុកគំហកឲ្យថេយ៉ុង នាងដឹងច្បាស់ណាស់ថាគួរមើលថែថេយ៉ុងដូចម្ដេច។
   “ព្រះពរព្រះអធិរាជ”
  
   វាមិនមែនជាពេលថ្ងៃទៀតនោះទេ ធ្មេចបើកៗមេឃក៏ងងឹតទៅហើយ អាហារពេលល្ងាចរបស់ថេយ៉ុងក៏ត្រូវបានស្រីបម្រើលើកយកមកដាក់លើតុថ្វាយ មនុស្សដែលមិនបានទទួលទានអ្វីសោះតាំងពីព្រឹកក្រៅពីនំប៉ាវតូចមួយនោះរហ័សចូលមកអង្គុយនៅលើខ្នើយដែលដាក់ជុំវិញតុអាហារនោះ នេះជាទំនៀមទម្លាប់បុរាណដែលអង្គុយពែនភ្នែនទទួលទានអាហារនៅលើតុទាបមួយនោះ បើតាមសង្កេតមើលទៅ គ្រែរបស់គេក៏មិនខ្ពស់ណាស់ណាដែរ វាគ្រាន់តែមានជាថ្នាក់ៗទើបមើលទៅដូចជាខ្ពស់បន្តិច។
   “អាហារទំនងណាស់”
   ថេយ៉ុងប្រើស្លាបព្រាដួសទឹកស៊ុបយកមកហុត តែបែរជាត្រូវខ្ជាក់មកវិញយ៉ាងប្រញាប់។
   “ប្រៃខ្លាំងណាស់”
   រាងតូចខ្ទប់មាត់និងសម្លឹងមើលទៅខ្ញុំបម្រើដែលបង្ហាញទឹកមុខមិនពេញចិត្ត។
   “មិនត្រូវមាត់ឬព្រះអង្គម្ចាស់? ចុងភៅព្យាយាមអស់ពីចិត្តពីកាយហើយដើម្បីចម្អិនអាហារទាំងនេះថ្វាយទ្រង់”
   “មិនអីទេ ខ្ញុំគ្រាន់តែមិនទាន់ទម្លាប់ប៉ុណ្ណោះ”
   “ពួកយើងមានការងារច្រើនណាស់ សង្ឃឹមថាព្រះអង្គម្ចាស់នឹងមិនធ្វើខ្លួនជាបន្ទុកនោះទេ ព្រះអធិរាជមានបន្ទូលថាឲ្យបម្រើព្រះអង្គម្ចាស់បែបនេះ ពួកយើងក៏ធ្វើហើយ”
   “ខ្ញុំ.. ខ្ញុំយល់ហើយ”
   ព្រះម្ចាស់យ៉ូវលាំងមិនហ៊ាននិយាយអ្វីច្រើនឲ្យលើសពីនេះក្រៅពីនៅស្ងៀមនិងភ្លក់អាហារម្ដងមួយមុខៗ ប៉ុន្តែអាហារបួនប្រាំមុខនេះមិនអាចទទួលទានបានឡើយ រសជាតិគឺសុទ្ធតែពិបាកទទួលយក វាមិនមែនព្រោះតែស្នាដៃចុងភៅមានបញ្ហាឡើយ អាហារខ្លះប្រៃខ្លាំង ខ្លះជូរខ្លាំងរហូតដល់ស្ទើរតែបែកភ្នែក ចំណែកខ្លះទៀតផ្អែមរហូតដល់ឃើញស្ករនៅបាតចាន វាមិនមែនជាកំហុស វាជាចេតនារបស់អ្នករៀបចំអាហារ តើពួកគេមិនចង់ឲ្យថេយ៍ទទួលទានអាហារចូលក្នុងពោះសូម្បីតែបន្តិចមែនទេ? បែបនេះធ្វើទារុណកម្មគ្នាច្បាស់ណាស់ គិតដល់ត្រឹមនេះទឹកភ្នែកក៏ស្រក់ចុះម្ដងទៀត តែថេយ៉ុងរហ័សជូតវាចេញនិងសម្លឹងមើលបាយក្នុងចាន ប្រសិនបើម្ហូបទាំងនេះហូបមិនកើតគេអាចហូបតែបាយទទេបាន យ៉ាងហោចណាស់ក៏ក្រពះមិនបានទំនេរគ្មានអ្វីសោះ។
   “អ្ហឹម...”
   គ្រាន់តែដាក់ចូលក្នុងមាត់ទំពារមួយម៉ាត់ភ្លាមម្ចាស់រាងកាយតូចក៏ខ្ជាក់បាយទាំងអស់ចេញមកវិញភ្លែត និងយកក្រណាត់ដែលរៀបចំដាក់ឲ្យស្រាប់នៅលើតុនោះជូតមាត់ នៅក្នុងបាយគឺសុទ្ធតែដីខ្សាច់ពិតជាមិនអាចទទួលទានបានឡើយ ពេលក្រឡេកទៅរកចានទឹកវិញក៏ឃើញថាសុទ្ធតែកករនិងដីដែលនៅបាតក្រោម ទោះជាមើលយ៉ាងណាក៏ឃើញថាគេមិនអាចផឹកទឹកមួយនេះបាន ដូច្នេះវាជាអ្វីដែលជុងហ្គុកបានបញ្ជាមែនទេ? គេយល់ហើយ។
   “មានបញ្ហាអ្វីមែនទេព្រះអង្គម្ចាស់?”
   “គឺគ្មានទេ យកអាហារទៅវិញចុះ ខ្ញុំលែងហូបហើយ”
   “យ៉ាងម៉េចទៅព្រះពរ? ពួកយើងខំរៀបចំអាហារទាំងនេះជាពិសេស”
   “ខ្ញុំមិនឃ្លានទេ”
   និយាយថេយ៍ក៏ក្រោកទៅអង្គុយលើគ្រែវិញនិងធ្វើជាផ្ដួលខ្លួនសម្រាក រាងកាយរបស់គេត្រូវបានលាងសម្អាតនៅពេលដែលសន្លប់ វាពិតជាសំណាងខ្លាំងណាស់ ប៉ុន្តែបើកបន្តបែបនេះគេប្រហែលជាមិនចាំបាច់ត្រូវជុងហ្គុកវាយស្លាប់នោះទេ ច្បាស់ជាដាច់ពោះស្លាប់មុនមិនខាន។
   “រឿងច្រើនខ្លាំងណាស់ ចុងភៅខំរៀបចំមកយ៉ាងពិបាក តែបែរជាមិនសោយ”
   ស្រីបម្រើរអ៊ូរទាំល្មមឲ្យថេយ៉ុងឮ ហើយលើកអាហារចេញទៅវិញជាមួយស្នាមញញឹម បើថេយ៍សោយកើត ទ្រង់មិនមែនជាមនុស្សនោះទេ។

Bloody Rain The Red MOON [តំណក់ភ្លៀងឈាម ព្រះចន្ទក្រហម]Where stories live. Discover now