វាជាការធ្វើដំណើរដ៏វែងឆ្ងាយទម្រាំជុងហ្គុកមកដល់ទីតាំងដែលបានកំណត់ មេឃក៏ចាប់ផ្ដើមងងឹតកាន់តែខ្លាំងទៅហើយ ទ្រង់មិនបានមានបំណងឲ្យថេយ៉ុងលុតជង្គង់យូរដល់ថ្នាក់នេះឡើយ ប៉ុន្តែមនុស្សរបស់យ៉ូវលាំងគឺពូកែខាងដើរព្រៃភ្នំ ពួកគេស្គាល់ព្រៃភ្នំច្បាស់ប្រៀបដូចជាបាតដៃ ទើបការដែលដេញតាមពួកគេប្រែជាពិបាកនិងត្រូវដើរផ្លូវវែងឆ្ងាយបែបនេះ។
“ពួកវានៅទីនោះក្រាបទូលព្រះអធិរាជ”
កែវភ្នែកពីរពណ៌ដ៏មុតស្រួចដែលចាំងពន្លឺនាពេលរាត្រី ក្រឡេកទៅឃើញក្រុមមនុស្សស្លៀកពាក់ខ្មៅដែលរត់ចែកជើងគ្នាលែងផុតហើយត្រឡប់មកជាកាន់ដាវប្រយុទ្ធវិញនោះជាមួយអារម្មណ៍ឆាបឆួល ពួកគេផ្ដល់បញ្ហាឲ្យទ្រង់ច្រើនណាស់ បង្ខំឲ្យទ្រង់តាមរហូតមកដល់ទីនេះ។
“សម្លាប់ពួកវាទៅ! ម្នាក់ក៏មិនឲ្យរួចខ្លួនដែរ”
“ទទួលបញ្ជាព្រះអធិរាជ”
ខណៈពេលដែលមនុស្សក្រោមឱវាទសម្រុកចូលទៅសម្លាប់ជនបះបោរ ជុងហ្គុកក៏សម្រាលខ្លួនហក់ចុះពីលើសេះជាមួយដាវក្នុងដៃ មុខដាវដ៏មុតស្រួចឆូតនៅលើដៃរបស់ទ្រង់សម្រក់ឈាមទៅលើព្រះធរណី រាងក្រាស់ចង្អុលអាវដែលប្រឡាក់ដោយឈាមសំដៅទៅរកព្រះចន្ទពណ៌សដែលកំពុងរះពេញវង់ ក្នុងពេលដែលរាងកាយមិនទាន់ធ្លាក់ដល់ដីនៅឡើយ ទ្រង់ស្ថិតនៅពាក់កណ្ដាលលំហអាកាសសម្លឹងមើលទៅព្រះចន្ទដ៏ស្រស់ស្អាត។
“យើងកោះហៅឯងព្រះចន្ទក្រហម យកឈាមរបស់យើងជាដង្វាយ សូមឲ្យឯងបញ្ចេញរូបរាងពិតប្រាកដនិងទទួលយកនូវអ្វីដែលយើងបម្រុងនឹងផ្ដល់ឱ្យ ចូរផ្តល់ពរជ័យនូវថាមពលរបស់ឯងទៅមនុស្សរបស់យើង អាយុ វិញ្ញាណ និងថាមពលទាំងអស់ដែលគីមថេយ៉ុងបានបូជាដើម្បីការពារមនុស្សទាំងនេះនិងទឹកដីយ៉ូវលាំង សូមឱ្យវាត្រឡប់ទៅរកទ្រង់វិញបន្តិចក៏មិនឲ្យខ្វះខាតដែរ”
ជើងជាន់ជាប់នៅលើដីភ្លាម ជុងហ្គុកអាចឃើញព្រះចន្ទពណ៌សភ្លឺចិញ្ចាចនោះប្រែពណ៌ទៅជាក្រហមឆ្អិនឆ្អៅដូចឈាមភ្លែត នេះគឺជាព្រះចន្ទក្រហមដែលទ្រង់ចង់បាន។ ក្នុងពេលបន្តិចម្ដងៗដែលព្រះចន្ទចាប់ផ្ដើមប្រែពណ៌ ព្រះអធិរាជត្រូវលើកដៃទប់ទ្រូងខ្លួនឯង ពណ៌ក្រហមកាន់តែប្រែជាឆ្អិនឆ្អៅ ទ្រង់ក៏ទទួលបានការឈឺចាប់កាន់តែខ្លាំងដូចគ្នា វាប្រៀបដូចទៅនឹងឈាមក្នុងខ្លួនប្រាណត្រូវបានបឺតចេញពីខ្លួន។ វាជាលើកទីបីដែលជុងហ្គុកធ្វើរឿងមួយនេះ ប៉ុន្តែលើកណាក៏ទ្រង់ពិបាកទ្រាំដែរ ហេតុអ្វីទ្រង់មិនអាចស៊ាំទៅនឹងការឈឺចាប់ទាំងនេះបានទៀត? វាមិនមែនជាលើកទីមួយឡើយ។
“អ្ហាក៎!!!”
សំឡេងស្រែកចេចចាចរបស់ក្រុមអ្នកប្រយុទ្ធដាសសតិជុងហ្គុកឲ្យភ្ញាក់ឡើង ដៃខាងស្តាំដែលកាន់ដាវដ៏មុតស្រួចស្ទើរតែឆ្លុះមុខឃើញដូចកញ្ចក់នោះត្រូវវាត់ទៅម្ខាងតាមដោយម្ចាស់ខ្លួនដែលរត់ចូលសំដៅទៅក្នុងសមរភូមិប្រយុទ្ធ ប្រើប្រាស់ដាវយ៉ាងប៉ិនប្រសប់ជាមួយនឹងរាងកាយដែលអាចសម្រាលខ្លួនប្រៀបដូចជាជើងមិនជាប់នឹងដី មួយដាវៗរបស់ទ្រង់អាចកាត់ផ្ដាច់ក្បាលជនបះបោរឲ្យរបូតចេញពីខ្លួនយ៉ាងងាយ។ ទិដ្ឋភាពទាំងនេះហើយគឺជាអ្វីដែរពួកគេនិយាយតៗគ្នាថា “អធិរាជតៃយ៉ាងគឺជាបិសាចដែលឆ្កួតនឹងចម្បាំង”។
YOU ARE READING
Bloody Rain The Red MOON [តំណក់ភ្លៀងឈាម ព្រះចន្ទក្រហម]
أدب الهواة"សូមឱ្យរៀងរាល់យប់បងត្រូវភ្លើងកម្មរបស់មនុស្សដែលបងសម្លាប់ដុតរោលឥតស្រាកស្រាន្ត សូមឱ្យពួកយើងដូចជាបន្ទាត់ស្រប គ្មានថ្ងៃជួបគ្នាគ្រប់ភពគ្រប់ជាតិ"