ពន្លឺទៀនដែលអុជបំភ្លឺក្នុងដំណាក់របស់ថេយ៉ុងដែលជាស្រីស្នំចំណូលថ្មីនៅមិនទាន់រលត់ សបញ្ជាក់ឲ្យឃើញថាវានៅមិនទាន់ឈានហួសថ្ងៃមង្គលការនៅឡើយ។ ចុះពីលើសេះទាំងដង្ហក់ ជុងហ្គុករត់ចូលទៅក្នុងដំណាក់ដោយមិនខ្វល់ពីស្រីបម្រើដែលនៅយាមទ្វារ ទ្រង់ធ្វើជាមើលមិនឃើញច្រើនជាង។ ក្នុងរាត្រីពាក់កណ្ដាលអាធ្រាតបរិយាកាសពិតជាស្ងប់ស្ងាត់ណាស់ ព្រះអធិរាជបានត្រឹមតែឮសំឡេងថេយ៉ុងដែលដកដង្ហើមយឺតៗដូចជាកំពុងញ័រមាត់ពីចម្ងាយ ទាញវាំងននបើកឡើងក៏ឃើញថាម្ចាស់រាងកាយតូចកំពុងឱបខ្លួនឯងឃ្លុំភួយយ៉ាងណែន មាត់របស់គេញ័រនិងព្យាយាមនិយាយអ្វីម្យ៉ាងដែលទ្រង់ស្ដាប់មិនយល់ បញ្ជាក់ថាម្ចាស់ខ្លួននៅមិនទាន់បានលង់លក់នៅឡើយ។
“ថេយ៉ុង! ទ្រង់នៅមិនទាន់ផ្ទុំទេត្រូវទេ?”
“ទឹក.. ឱ្យខ្ញុំសុំទឹកបន្តិចមក..”
រាងតូចកម្រើកខ្លួនតិចៗពេលដែលត្រូវអ្នកម្ខាងទៀតទាញភួយចេញពីខ្លួន គេខះកស្ទើរស្លាប់ទៅហើយ ទាំងក្តៅទាំងស្រេក។
“ក្រោកឡើង! ក្រោកមកសោយមក!”
រាងក្រាស់ដៃម្ខាងលើកទ្រខ្នងអ្នកលើគ្រែឲ្យអង្គុយ ម្ខាងទៀតស្រវាយកទឹកពីលើតុមកបញ្ចុក ប៉ុន្តែកែវភ្នែកពណ៌ខៀវម្ខាងនិងក្រហមម្ខាងដែលភ្លឺព្រាកៗនោះ បែរជាឃើញកករនិងដីនៅក្នុងទឹក ហើយកញ្ឆក់ចេញពីបបូរមាត់ថេយ៍យ៉ាងរហ័សត្រឡប់ទៅវិញ។
“ទឹក...”
ថេយ៉ុងរបូតដៃពីដៃរបស់ជុងហ្គុកស្របពេលដែលត្រូវទ្រង់តម្រេតខ្លួនឲ្យដេកលើគ្រែវិញ និងកាន់ចានទឹកមួយនោះយាងចេញមកក្រៅ។
“នរណាជាអ្នករៀបចំទឹកទាំងនេះ?”
“ថ្វាយបង្គំព្រះអធិរាជគឺខ្ញុំម្ចាស់-”
ផូស!
“អូយ!”
ចានដាក់ទឹកថ្មដែលមានក្បាច់រចនាយ៉ាងស្រស់ស្អាតនោះត្រូវគប់លឿនដូចហោះតម្រង់ក្បាលស្រីបម្រើដែលក្រាបទូលថ្វាយពីមាត់ទ្វារ ស្របពេលអ្នកដែលគប់យាងចូលកាន់តែជិត និងចាប់បោចសក់នាងអូសចេញទៅក្រៅដំណាក់។
“ខ្ញុំម្ចាស់សូមព្រះរាជទានទោសព្រះអធិរាជ សូមព្រះអង្គមេត្តា.. ព្រះអធិរាជ..”
ស្រីបម្រើអង្វរកមិនដាច់ពីមាត់និងលើកដៃសំពះទាំងឈឺចាប់ដែលត្រូវបើកសក់អូសយកមក ប៉ុន្តែមិនហ៊ានមាត់ក ចំណែកជុងហ្គុកងាកមុខទៅខាងឆ្វេងដៃរបស់ទ្រង់សម្លឹងទៅមនុស្សម្នាក់ទៀតដែលស្ថិតនៅក្នុងឈុតពណ៌ខ្មៅ បិទបាំងមុខមាត់ជិតឈឹង ឈរប្រុងប្រៀបទទួលរាជបញ្ជាជាស្រេចនោះ។
“ទៅយកទឹកឱ្យយើងមក”
“ទទួលបញ្ជាព្រះអធិរាជ”
មនុស្សនៅក្នុងសម្លៀកបំពាក់ពណ៌ខ្មៅមួយនោះរត់ចេញទៅបាត់លឿនដូចស្រមោល រាងក្រាស់ក៏ត្រឡប់មកចាត់ការអ្នកចំពោះមុខវិញ ដោយគ្រវាត់នាងឲ្យដួលទៅលើដី។
“នាងដឹងថាខ្លួនឯងធ្វើអ្វីខុសទេ?”
“ព្រះពរម្ចាស់.. ខ្ញុំម្ចាស់ដឹងខុសហើយ.. ខ្ញុំម្ចាស់ដឹងខុសហើយព្រះពរ..”
“នាងធ្វើយ៉ាងម៉េចចំពោះទ្រង់ខ្លះពេលយើងមិននៅ?”
“ព្រះពរគឺមើលថែ-”
“នេះជារបៀបដែលនាងមើលថែថេយ៉ុងមែនទេ?”
រាងក្រាស់ស្រែកគំហកនិងចាប់ច្របាច់កស្រីបម្រើលើកឡើងរហូតដល់ផុតជើងពីកំរាលខាងក្រោម មើលមុខនាងមួយសន្ទុះទើបទ្រង់ចងចាំបានថានាងជានរណា សាវតាររបស់នាងមកពីណា។
“នាងជាមនុស្សរបស់ព្រះមហាក្សត្រិយានី ត្រូវទេ?”
“ព្រះ-ព្រះពរ.. សូមព្រះអធិរាជទុកជីវិត..”
នាងដឹងថាជុងហ្គុកមិនធ្លាប់ប៉ះពាល់មនុស្សរបស់ព្រះមហាក្សត្រិយានីនោះទេ ដូច្នេះមិនថានាងធ្វើអ្វីឡើយ ទ្រង់នឹងលើកលែងឲ្យនាងជានិច្ច។
“នាងប្រហែលជាគិតហើយមែនទេថាយើងមិនហ៊ានធ្វើអ្វីរំលងក្បាលព្រះមហាក្សត្រិយានី?”
“ព្រះពរ.. គឺមិនដូច្នោះឡើយ..”
“ថ្នាំដែលយើងឱ្យទៅថេយ៍ក៏មិនបានដល់ដៃគេដែរ ត្រូវទេ?”
“នេះ.. នេះព្រះពរ.. នៅទីនេះ...”
នាងក្រមុំព្យាយាមដកយកថ្នាំពីហោប៉ៅទាំងពិបាក នាងច្បាស់ជាស្លាប់មិនខានបើទ្រង់មិនព្រមលែង។
“ខ្នងបង្អែកនាងធំយ៉ាងនេះ យើងមិនឆ្ងល់នោះទេថាហេតុអ្វីនាងព្រហើនក្អេងក្អាងដល់ថ្នាក់នេះ”
“សូមព្រះអធិរាជទុកជីវិត- អ្ហឹក..”
ស្រីបម្រើចាប់ផ្ដើមប្រកាច់ពេលដែលដកដង្ហើមមិនរួចរឹតតែនិយាយមិនចេញ ជុងហ្គុកប្រើកម្លាំងដៃកាន់តែខ្លាំងក្នុងការច្របាច់កនាង និងលើករាងកាយតូចនោះកាន់តែខ្ពស់។
“ទាំងនោះគ្រាន់ជាផ្នត់គំនិតរបស់មនុស្សក្នុងរាជវាំងប៉ុណ្ណោះ ដូច្នេះនេះជាលើកទីមួយដែលយើងបង្ហាញថានេះជារាជ្យរបស់ជិនជុងហ្គុកយើង មិនមែនរាជ្យរបស់អធិរាជចាស់ទៀតឡើយ”
“អ្ហឹក.. ព្រះ... អធិ.. រាជ..”
“ទឹកមកដល់ហើយព្រះពរ”
ក្រឹក!
សំឡេងបាក់ឆ្អឹងលាន់ឮចេញពីករបស់ស្រីបម្រើនៅពេលដែលមនុស្សក្នុងសម្លៀកបំពាក់ខ្មៅយកទឹកមកថ្វាយជុងហ្គុក សាកសពដែលត្រូវបានកាច់បំបាក់ឆ្អឹងកមុននេះត្រូវទម្លាក់ចុះទៅលើដីវិញដោយម្ចាស់រាងកាយក្រាស់ ត្រឡប់មកទទួលយកចានទឹកពីមនុស្សអាថ៌កំបាំងម្នាក់នោះវិញ។ បន្ទាប់ពីថ្វាយទឹកដល់ម្ចាស់ប្រុសហើយ អ្នកក្នុងឈុតខ្មៅក៏រត់ទៅរើសប្រអប់ថ្នាំដែលរមៀលចេញពីដៃសាកសពនោះបោសសម្អាតដីឱ្យស្អាតបាត ហើយលើកវាថ្វាយជុងហ្គុកសារជាថ្មី។
“ចាត់ចែងសាកសពឱ្យបានល្អទៅ!”
“ទទួលបញ្ជាព្រះអធិរាជ”
YOU ARE READING
Bloody Rain The Red MOON [តំណក់ភ្លៀងឈាម ព្រះចន្ទក្រហម]
Fanfic"សូមឱ្យរៀងរាល់យប់បងត្រូវភ្លើងកម្មរបស់មនុស្សដែលបងសម្លាប់ដុតរោលឥតស្រាកស្រាន្ត សូមឱ្យពួកយើងដូចជាបន្ទាត់ស្រប គ្មានថ្ងៃជួបគ្នាគ្រប់ភពគ្រប់ជាតិ"