នៅក្នុងដំណាក់របស់អ្នកម្នាងយ៉ិនមានសភាពស្ងប់ស្ងាត់ ប៉ុន្តែចោមរោមទៅដោយខ្ញុំបម្រើច្រើនខុសធម្មតា បន្ទាប់ពីទទួលបានដំណឹងថាព្រះអធិរាជយាងចូលដំណាក់ខាងក្រោយ ខ្ញុំបម្រើពីដំណាក់ធំក៏ត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើព្រះអង្គនៅព្រឹកថ្ងៃបន្ទាប់។ តាមពាក្យចចាមអារាមអ្នកម្នាងយ៉ិនគឺជាម្នាក់ក្នុងចំណោមស្រីកំណាន់ដែលជុងហ្គុកស្រឡាញ់ខ្លាំងបំផុត ដូច្នេះវាមិនមែនជារឿងភ្ញាក់ផ្អើលឡើយដែលទ្រង់ខំស្កាត់ពីបន្ទាយទ័ពមករួមមេត្រីនឹងអ្នកម្នាងទាំងកណ្តាលអធ្រាតយប់ស្ងាត់បែបនេះនោះ។ រឿងមួយនេះឮដល់ណាផ្អើលដល់ហ្នឹង ការដែលទ្រង់ឧស្សាហ៍មករកអ្នកម្នាងយ៉ិនជាញឹកញាប់បែបនេះ ក៏ព្រោះទ្រង់កំពុងងប់ងល់នឹងអ្នកម្នាងងើបមុខមិនរួច។
ព្រោះអស់កម្លាំងនិងរឿងកាលពៅយប់ ស្រីស្អាតបានត្រឹមតែក្រោកអង្គុយនៅលើគ្រែដោយលើកភួយគ្របលើទ្រូង សម្លឹងមើលជុងហ្គុកដែលត្រូវខ្ញុំបម្រើសំអាតរាងកាយឲ្យនិងរៀបចំសម្លៀកបំពាក់ត្រៀមចាកចេញពីដំណាក់របស់នាង។ សម្លឹងមើលខ្នងនិងស្មាបើកធំព្រមជាមួយកញ្ជឹងកដែលពោពេញទៅដោយស្នាមក្រចកទាំងនោះ បណ្តាលឲ្យនាងមានអារម្មណ៍ថាញ័រពោះ ចងចាំមិនសូវបានឡើយថាយប់មិញមានរឿងអ្វីកើតឡើងខ្លះ ប៉ុន្តែវាច្បាស់ជាក្តៅរោលរាលខ្លាំងមិនខាន ទើបនាងខ្វាចកទ្រង់ខ្លាំងដល់ថ្នាក់នេះ។
“ថ្វាយបង្គំលាព្រះអធិរាជ!”
“ថ្វាយបង្គំលាព្រះអធិរាជ!”
ទាំងម្ចាស់ដំណាក់និងខ្ញុំបម្រើក្រាបក្បាលចុះដើម្បីជូនដំណើរម្ចាស់ប្រុសដែលយាងចេញទៅទាំងមិនងាកមើលក្រោយ មិនសូម្បីតែផ្ដល់ចំណាប់អារម្មណ៍ដល់មនុស្សស្រីដែលជឿជាក់ថាត្រូវបានទ្រង់ថ្នាក់ថ្នមកាលពីយប់។“ព្រះអធិរាជយាងមកដល់”
“ព្រះមហាក្សត្រិយានី”
“ថ្វាយបង្គំព្រះអធិរាជ!”
ស្ត្រីចំណាស់ឱនក្បាលបន្តិចដើម្បីថ្វាយការគោរពដល់ស្ដេចបច្ចុប្បន្នដែលយាងចូលទៅអង្គុយនៅលើកៅអីម្ខាងដែលមានកម្ពស់ជាងទ្រង់បន្តិច។
“ខ្ញុំម្ចាស់មានរឿងច្រើនណាស់ដែលចង់ដឹងចង់ឮ ប៉ុន្តែព្រះអធិរាជដូចជារវល់ដកខ្លួនមិនរួចទាល់តែសោះ”
“មិនមានអ្វីច្រើនឡើយ យើងគ្រាន់តែទៅបន្ទាយទ័ពដើម្បីរៀបចំទុកដាក់កងទ័ពឱ្យត្រឡប់ទៅមានរបៀបរៀបរយវិញបន្ទាប់ពីសង្គ្រាមប៉ុណ្ណោះ”
“ចុះពេលនេះព្រះអធិរាជទំនេរទេ?”
“តាំងពីដើមមកព្រះមហាក្សត្រិយានីឃើញថាយើងធ្លាប់ទំនេរដែរទេ?”
ជុងហ្គុកលើកពែងដែលខ្ញុំបម្រើទើបនឹងចាក់បំពេញថ្វាយយកទៅសោយ វាគឺជាស្រា ព្រះមហាក្សត្រិយានីតែងតែតម្រូវចិត្តទ្រង់ដោយវិធីនេះ ធ្វើឲ្យទ្រង់មើលមកដូចជាមិនស្គាល់ច្បាប់ទម្លាប់ខ្លាំងណាស់។
“តើនរណាផឹកស្រាក្នុងពេលព្រឹកបែបនេះទៅ?”
“ខ្ញុំម្ចាស់យល់ថាព្រះអធិរាជនឹងសព្វព្រះទ័យ”
រាងក្រាស់មិនមានបន្ទូលគ្រាន់តែញញឹមបន្តិចហើយលើកពែងស្រាសោយបន្ត។ ឈានជើងចូលទីនេះទ្រង់ប្រៀបដូចជាត្រូវសួរចម្លើយ ដូច្នេះច្បាស់ជាត្រូវនិយាយច្រើនណាស់ អំពីរឿងដែលមនុស្សស្រីចំណាស់ម្នាក់នេះចង់ដឹង។
“ខ្ញុំម្ចាស់ឮថាមិនមាននរណារកឃើញក្បួនខ្នាតអ្វីឡើយនៅក្នុងរាជវង្សយ៉ូវលាំង”
“យើងក៏មិនបានឃើញអ្វីដូចគ្នា មិនដឹងថាពួកគេលាក់ទុកវានៅទីណានោះទេ ឬក៏ព្រះមហាក្សត្រិយានីចង់ឱ្យយើងផ្តួលរលំរាជវាំងមួយនោះដើម្បីរក?”
នាយកំលោះសម្លឹងមើលពែងស្រានៅក្នុងដៃ ដូច្នេះមិនត្រឹមតែបញ្ជូនមនុស្សក្នុងទ័ពទាហានទៅធ្វើសង្គ្រាមនោះទេ ព្រះមហាក្សត្រិយានីក៏បានបញ្ជូនមនុស្សរបស់ទ្រង់ទៅតាមរកមើលដោយខ្លួនឯងដូចគ្នា បើដឹងច្បាស់យ៉ាងនេះទៅហើយ ហេតុអ្វីសួរទ្រង់បន្ថែមទៀត?
“មិនដូច្នោះឡើយព្រះអធិរាជ ខ្ញុំម្ចាស់គ្រាន់តែចង់ដឹងថា តើវាពិតជាមិនមានក្បួនខ្នាតអ្វីលាក់ទុកពិតមែនឬ?”
“បើផ្អែកតាមការមើលឃើញវាពិតជាគ្មានពិតមែន”
“ព្រះពរ.. ប៉ុន្តែទោះបីមិនមានក្បួនខ្នាតក៏មិនថ្វីដែរ យ៉ាងណាក៏យើងមានរបស់ពិតនៅទីនេះស្រាប់ទៅហើយ”
ថេយ៉ុងគឺជាក្តីរំពឹងចុងក្រោយរបស់ព្រះមហាក្សត្រិយានី ទ្រង់នឹងធ្វើគ្រប់យ៉ាងដើម្បីឆ្កឹះកកាយរកវិធីដែលយ៉ូវលាំងប្រើប្រាស់រយៈពេលរាប់ពាន់ឆ្នាំកន្លងមកនោះមកធ្វើជារបស់ខ្លួនឲ្យទាល់តែបាន។ ឃើញជុងហ្គុកនៅស្ងៀមស្ត្រីចំណាស់ក៏មានបន្ទូលបន្ត។
“មើលចុះថាយ៉ូវលាំងបង្ហាត់បង្រៀនកូនចៅរបៀបណា រៀបការហើយនៅពេលព្រឹកមិនសូម្បីតែក្រោកមកគោរពចាស់ទុំសូម្បីបន្តិច”
“សង្គ្រាមដែលផ្ដួលរលំរាជវង្សយ៉ូវលាំងប៉ះពាល់ដល់ទ្រង់ខ្លាំងណាស់ ដូច្នេះមួយរយៈនេះគីមថេយ៉ុងប្រហែលជាមិនអាចក្រោមចេញពីគ្រែរួចនោះទេ”
“ពុទ្ធោ! ធ្ងន់ធ្ងរដល់ថ្នាក់នោះផងឬ?”
អ្នកជាម្ចាស់យាយលាន់មាត់ តើទ្រង់គិតដោយខ្លួនឯងឬក៏ជុងហ្គុកពិតជានិយាយជំនួសថេយ៉ុងពិតមែន? ចម្លែកខ្លាំងណាស់ ចៅប្រុសរបស់ទ្រង់មិនធ្លាប់និយាយជំនួសនរណានោះទេ ក្រៅពីនៅស្ងៀមនិងបំពេញតួនាទីរបស់ទ្រង់។
“ខ្ញុំម្ចាស់ពិតជាចង់ជួបទាសករម្នាក់នោះដោយផ្ទាល់ខ្លាំងណាស់ បើបន្តបែបនេះតើពេលណាទើបអាចជួបទៅ? ពិតជាធ្វើឱ្យមនុស្សអន្ទះអន្ទែងស្លាប់ហើយ”
“ពេលនេះទ្រង់ដើរមិនរួចនោះទេ តែព្រះមហាក្សត្រយានីច្បាស់ជាអាចជួបទ្រង់នៅប៉ុន្មានថ្ងៃទៀតមិនខាន”
ស្នាមញញឹមលេចឡើងលើផ្ទៃមុខសង្ហា ជុងហ្គុកកុហកប៉ុណ្ណោះ ទ្រង់គ្មានថ្ងៃឱ្យថេយ៉ុងមកជួបព្រះមហាក្សត្រិយានីជាដាច់ខាត គ្មានថ្ងៃឲ្យពួកគេនៅតែពីរនាក់ គ្មានថ្ងៃអនុញ្ញាតឱ្យថេយ៉ុងរបូតចេញពីដៃម្ដងទៀតឡើយ។
“ត្រូវហើយ! កាលពីយប់ព្រះអធិរាជទៅរកអ្នកទោសយ៉ូវលាំងមែនទេ? នោះជាយប់មង្គលការ-”
“អត់ទេ! ត្រឡប់មកពីបន្ទាយទ័ពវិញយើងនៅជាមួយអ្នកម្នាងយ៉ិនពេញមួយយប់”
“ប៉ុន្តែខ្ញុំម្ចាស់-”
“វាជាការពិត បើព្រះមហាក្សត្រិយានីមិនជឿ ទ្រង់អាចពិនិត្យមើលបាន”
ជុងហ្គុកមិនបានមានបន្ទូលតែមាត់ ទ្រង់ហាមាត់ឡើងដើម្បីបង្ហាញត្រាដែលនៅលើអណ្ដាតជាមួយស្នាមញញឹមយ៉ាងជឿជាក់ ម្រាមដៃចង្អុលនិងកណ្ដាលរបស់ទ្រង់ដែលសង្កត់ដើម្បីហែកមាត់ខ្លួនឯងនោះ ធ្វើឲ្យទ្រង់មើលទៅដូចជាកូនក្មេងដែលលេងសើចនិងព្យាយាមឌឺដងដាក់មនុស្សចាស់ចំពោះមុខ។ ប៉ុន្តែត្រាមួយនោះវាបញ្ចេញរូបរាងយ៉ាងច្បាស់បញ្ជាក់ថាទ្រង់មិនបានកុហក ញ៉ាំងឲ្យអ្នកម្ខាងទៀតដែលចង់ឱ្យទ្រង់បញ្ជាក់ភាពស្អាតស្អំដោយធ្វើបែបនេះស្រាប់ ប្រែជាគ្រវីក្បាលលាងខ្លួន ថាមិនមានបំណង។
“អត់ទេព្រះពរ.. ខ្ញុំម្ចាស់អាចនឹងមិនជឿជាក់ព្រះអធិរាជបានដោយរបៀបណាទៅ?”
កុហក! បើទ្រង់ជឿជាក់ជុងហ្គុកពិតមែន ទ្រង់មិនចាំបាច់ប្រើមុនអាគមដាក់ត្រានៅលើអណ្តាលរារាំងជុងហ្គុកមិនឲ្យនិយាយកុហកនៅចំពោះមុខទ្រង់បែបនេះឡើយ។
“អ៊ីចឹងប៉ុណ្ណឹងសិនបានហើយ យើងអស់កម្លាំង”
“ថ្វាយបង្គំលាព្រះអធិរាជ”
រាងក្រាស់បម្រុងនឹងចាកចេញពីដំណាក់ ប៉ុន្តែសំណួរចម្លែកមួយក៏រត់កាត់ខួរក្បាលរបស់ព្រះមហាក្សត្រិយានី បណ្តាលឲ្យទ្រង់ឆ្លេចសំណួរចេញមកមួយរំពេច។
“ព្រះអធិរាជស្រឡាញ់ព្រះអង្គម្ចាស់យ៉ូវលាំងពិតមែនទេ?”
“ហាសហា.. ” ជុងហ្គុកអស់សំណើចនិងងាកក្រោយមុននឹងបន្ត “យើងស្អប់ទ្រង់ជាងអ្វីៗទាំងអស់ តើរកក្តីស្រឡាញ់មកពីណាមកដាក់ទៅ? បើព្រះមហាក្សត្រិយានីមិនត្រូវការទ្រង់ទេនោះ យើងច្បាស់ជាកាច់បំបាក់កទ្រង់តាំងពីពេលជួបលើកដំបូងម្ល៉េះ”
គ្រប់ម៉ាត់ដែលជុងហ្គុកមានបន្ទូល បង្ហាញយ៉ាងច្បាស់ពីត្រាដែលនៅលើអណ្ដាត វាជាវត្ថុតាងតែម្យ៉ាងគត់ដែលអាចគ្រប់គ្រងចិត្តព្រះមហាក្សត្រិយានីឲ្យស្ងប់បាន ទ្រង់អាចដឹងថាត្រាមួយនោះជារបស់ពិត ទ្រង់ជាអ្នកដាក់វាទៅលើជុងហ្គុកដោយផ្ទាល់ ដូច្នេះក្មេងម្នាក់នេះគ្មានថ្ងៃកុហកទ្រង់ឡើយ ចៅប្រុសសំណព្វរបស់ទ្រង់នឹងនិយាយតែពាក្យពិត និងគោរពទ្រង់ពេញមួយជីវិត ព្រមទាំងជឿស្លុងទៅលើអ្វីដែលទ្រង់មានបន្ទូល។
“ខ្ញុំម្ចាស់ប្រហែលជាគិតច្រើនពេកហើយ ថ្វាយបង្គំលាព្រះអធិរាជ”
YOU ARE READING
Bloody Rain The Red MOON [តំណក់ភ្លៀងឈាម ព្រះចន្ទក្រហម]
Fanfiction"សូមឱ្យរៀងរាល់យប់បងត្រូវភ្លើងកម្មរបស់មនុស្សដែលបងសម្លាប់ដុតរោលឥតស្រាកស្រាន្ត សូមឱ្យពួកយើងដូចជាបន្ទាត់ស្រប គ្មានថ្ងៃជួបគ្នាគ្រប់ភពគ្រប់ជាតិ"