ភាគ៩០

1.2K 38 0
                                    

បម្រើស្នេហ៍អង្គម្ចាស់
ភាគ៖៩០

ល្ងាចឈានចូលមកដល់
បន្ទាប់ពីនាំបុត្រាតូចទៅទទួលការពិនិត្យតាមវេជ្ជបញ្ជាពេទ្យរួចមក ជូហ្វីនឹងណាមជុនក៏ត្រឡប់មកកាន់បន្ទប់សម្រាករបស់ហ្វីលីណាវិញ។ មកដល់ខាងក្នុងបន្ទប់ពួកគេក៏បានឃើញហ្វីលីណាក្រោកអង្គុយញ៊ាំអាហារខុសប្លែកពីសព្វដងដែលនាងតែងតែប្រកែកថានាងមិនឃ្លានរហូត តែមើលចុះពេលនេះនាងក៏ញ៊ាំអាហារពេញមាត់ តែថានាងមិនបានញ៊ាំដោយខ្លួនឯងឡើយ តែមានមនុស្សម្នាក់ទៀតដែលនៅអង្គុយក្បែរនាងនឹងដួសបញ្ចុកនាងរហូត។
«ខ្ញុំម្ចាស់ឆ្អែតហើយ!» ហ្វីលីណានាងប្រកែកនឹងការដួសបញ្ចុកបន្តរបស់អ្នកអង្គម្ចាស់ តែមើលទៅទ្រង់ដូចជាមិនបានយល់ស្របនឹងអ្វីដែលនាងនិយាយសោះ ទ្រង់អោនសម្លឹងមើលទៅបបរដែលនៅនឹងចានរួចក៏សម្លឹងមុខហ្វីលីណាជាថ្មីម្ដងទៀត។
«នៅសល់តែបន្តិចទៀតប៉ុណ្ណោះហ្វីលីណា អូនញ៊ាំឲ្យអស់ទៅនឹងអាលបងយកចានទៅទុកវិញ» ហ្វីលីណាងាកសម្លឹងមើលទៅទ្រង់រួចខាំមាត់ក្រវីក្បាលតបទៅកាន់អ្នកអង្គម្ចាស់ កែវភ្នែកថ្លាយ៉ង់បើកម៉ក់ៗសម្លឹងមើលទៅទ្រង់ហាក់ដូចជាព្យាយាមសុំទ្រង់ថានាងមិនញ៊ាំទៀតបានទេ? កាយវិការគួរឲ្យស្រឡាញ់របស់នាងក៏ហាក់ធ្វើឲ្យអ្នកដែលព្យាយាមសុំនាងឲ្យញ៊ាំបន្តឯណោះទន់ចិត្តបន្តិច។
«ក៏បាន ចឹងប៉ុណ្ណឹងចុះ» ហ្វីលីណាញញឹមបន្តិច ភ្នែកសម្លឹងមើលទៅអ្នកអង្គម្ចាស់យាងយកចានទៅទុកលើតុជិតនោះរួចក៏យាងត្រឡប់មកវិញជាមួយកែវដាក់ថ្នាំតាមវេជ្ជបញ្ជាដុកទ័រយកមកឲ្យនាង ហ្វីលីណា ក៏មិនបានស្ទាក់ស្ទើរនឹងទទួលយកថ្នាំនោះមកលេបយ៉ាងងាយស្រួល អ្នកអង្គម្ចាស់ក៏ទម្លាក់ព្រះកាយអង្គុយក្បែរនាងមុននឹងលើដៃឈ្លីសក់នាងតិចៗព្រមជាមួយនឹងស្នាមញញឹមដូចគ្នា ទិដ្ឋភាពស្ងប់ស្ងាត់ពោរពេញដោយក្ដីសុខបែបនេះអាចកើតមានឡើងប៉ុន្មានដងទៅក្នុងជីវិតរបស់ហ្វីលីណា? មិនច្រើនទេ...
«ហ្វីលីណាកូន»
«អូ! អ្នកម៉ាក់» ហ្វីលីណាងាកឃើញវត្តមានរបស់ម្ដាយល្មម នាងញញឹមទៅកាន់ម្ដាយស្របពេលដែលម្ដាយនាងចូលមកព្រមទាំងបីបុត្រាតូចជាប់នឹងដៃមកជាមួយផង ជូហ្វី ដាក់ឲ្យបុត្រាតូចផ្ទំក្បែរខ្លួនហ្វីលីណា អ្នកជាមាតាឯណេះក៏ប្រញាប់ទម្រេតខ្លួនចុះរួចកាន់ក្រសោបបុត្រាតូចជាប់ទ្រូង បុត្រាតូចដេវីនៀក៏កិលព្រះកាយបែរមករកទ្រូងម្ដាយហាមាត់បំណងចង់ប្រាប់ថាទ្រង់ឃ្លានហើយ។
«ចាំបងទៅយកទឹកដោះគោកូនមក» អ្នកអង្គម្ចាស់ជុងហ្គុកក៏ប្រញាប់យាងចេញទៅបន្ទប់ក្បែរនោះបំណងទៅយកទឹកដោះគោមកឲ្យបុត្រាបៅ។
មួយសន្ទុះទើបទ្រង់យាងត្រឡប់មកវិញព្រមជាមួយនឹងកាតាបទឹកដោះគោរបស់បុត្រាតូចតែក៏ទុចដំណើរព្រោះបុត្រាតូចលែងឃ្លានទៀតហើយ ហ្វីលីណាក៏ជាអ្នកបំបៅទឹកដោះដល់ទ្រង់ បុត្រាតូចដែលកំពុងតែត្រូវបានបំបៅនោះក៏លើកដៃចាប់ខ្យល់តិចៗមុននឹងចាប់ម្រាមដៃរបស់ហ្វីលីណាដែលទម្លាក់ក្បែរនោះរួចក្ដាប់ជាប់ អ្វីដែលទ្រង់បានឃើញគ្រានោះជាស្នាមញញឹមពិតៗមិនមានការលាក់បាំងរបស់ហ្វីលីណា។
«អូ!នោះបិតាយាងមកវិញហើយ..ហេឡូ! បិតា» ហ្វីលីណាក៏លើកដៃតូចៗច្រមិចរបស់បុត្រាតូចក្រវីជាសញ្ញាទៅកាន់អ្នកអង្គម្ចាស់ ទ្រង់យាងចូលមកជិតពួកគេទាំងញញឹមបិទមាត់មិនជិតតែម្ដង។
«អូនក៏អាចរង់ចាំទឹកដោះគោមកដល់ក៏បាន ព្រះរាជសុខភាពអូនក៏មិនជាល្អប៉ុន្មានដែរហ្វីលីណា» បើទោះបីជាអ្នកអង្គម្ចាស់រំភើបចិត្តនឹងឃើញហ្វីលីណាបំបៅដោះបុត្រក៏ដោយ តែទ្រង់នៅតែព្រួយព្រះទ័យពីសុខភាពនាងដែរ ព្រោះពេលនេះនាងក៏ជាអ្នកជម្ងឺដូចគ្នា។
«ខ្ញុំម្ចាស់មិនដែលបានមើលថែ មិនដែលបានបំពេញតួនាទីជាមាតាឲ្យពេញលេញម្ដងឡើយ ពេលនេះខ្ញុំម្ចាស់ក៏អាចធ្វើវាបាន មើលចុះបុត្រាញញឹម! បុត្រគិតដូចជាមាតាដែរពិតទេ? ហ៊ឹម?» ហ្វីលីណាញញឹមរួចអោនទៅថើបស្រង់ក្លិនពីព្រះកាយបុត្រាដេវីននៀ អ្នកអង្គម្ចាស់ក៏ញញឹមមុននឹងមានវត្តមានរបស់អ្នកណាមិនដឹងបើកទ្វារចូលមក។
«អូ! លោកឧត្តមសេនីយ៍?» វត្តមានចូលមកដល់របស់នាយឧត្តមសេនីយ៍ត្រកូលអាន់ឌើតុនហាក់នាំភាពភ្ញាក់ផ្អើលមកកាន់អ្នកដែលនៅខាងក្នុងនោះ ជាពិសេសគឺលូម៉ាដែលនៅអង្គុយចុចកុំព្យូទ័រក្នុងបន្ទប់នោះ នាងក៏ប្រញាប់ក្រោករួចក៏ចូលទៅរកគេ ដំបូងបង្អស់ដែលយ៉ុនហ្គីធ្វើគឺអោបលូម៉ាជាមុនសិន ទម្ងន់នៃភាពព្រួយបារម្ភក្នុងចិត្តគេគឺបង្ហាញមកអស់ត្រឹមការអោបក្រសោបមួយនេះ លូម៉ាក៏អង្អែលខ្នងគេស្រាលៗតិចៗមុននឹងទាញស្វាមីចេញពីការអោបបន្តិច។ «បងមកទីនេះធ្វើអីយ៉ុន? ចុះបើមានគេតាមបងមក?»
«បងបានដំណឹងខ្លះពីបងប្រុសរបស់នែលលីទើបបងចង់មកទីនេះនិយាយប្រាប់គ្រប់គ្នាតែម្ដង» គ្រាន់តែលឺថាបងប្រុសរបស់នែលលីគ្រប់គ្នាក៏ភ្ញាក់ជាថ្មី នេះមិនដែលមានអ្នកណាដឹងឡើយថានែលលីមានបងប្រុស?
«លោកឧត្តមសេនីយ៍ជួយរៀបរាប់ឲ្យក្បោះក្បាយបន្តិចផងក៏ព្រោះថាពួកយើងមិនដែលដឹងឡើយថានែលលីធ្លាប់មានបងប្រុសនោះ» ណាមជុនក៏ជាអ្នកនិយាយឃ្លាប្រយោគនេះ លូម៉ាក៏ដឹកដៃនាំស្វាមីមកអង្គុយលើសាឡុងក្បែរនាង ចំណែកអ្នកឯទៀតក៏នៅរង់ចាំស្ដាប់។
«វាជាដំណឹងដែលខ្ញុំស៊ើបបានពីអ្នកដែលធ្លាប់ជាអ្នកជិតខាងរបស់ពួកគេ កាលពី១៥ឆ្នាំមុនម្ដាយរបស់នែលលីបានបញ្ជូនកូនប្រុសរបស់គាត់ម្នាក់ទៅកាន់មណ្ឌលគាំពារកុមារដោយសារតែមិនមានលទ្ធភាពចិញ្ចឹមកូនដល់ទៅ២នាក់ ម៉្យាងខ្លួនជាស្ត្រីមេម៉ាយ តែបានប្រហែលជា៦ខែក៏មានគ្រួសារជនជាតិបរទេសមកសុំទៅចិញ្ចឹម អញ្ចឹងគេក៏ទៅរស់នៅឯបរទេសឯណោះ..» យ៉ុនហ្គីនិយាយរៀបរាប់តាមគ្រប់យ៉ាងដែលគេស៊ើបបានអាចឲ្យអ្នកដែលអង្គុយស្ដាប់ឯណោះគិតពិចារណាបានថាគេត្រឡប់មកវិញលើកនេះក៏ដើម្បីជួយដល់ប្អូនស្រីរបស់គេដែរ។
«ចុះលោកមានស៊ើបបានទេថាអ្នកដែលទទួលគេទៅចិញ្ចឹមនោះជាអ្នកណា ហើយគេម្នាក់នោះជាអ្នកណា?» សំឡេងបន្លឺចេញពីម្ចាស់កាយមាំទាំដែលកំពុងកៀកក្បែរនឹងមហេសីជាប់នៅលើគ្រែនោះ ហ្វីលីណាក៏ងាកសម្លឹងមើលទៅអ្នកអង្គម្ចាស់បន្តិច ដូចជានាងនឹកឃើញអ្វីម៉្យាងចឹងដែរ។
«នែលធ្លាប់បាននិយាយថាបងប្រុសនាងមានអាយុច្រើនជាងនាងត្រឹមតែ២ទៅ៣ឆ្នាំប៉ុណ្ណោះ ហើយគេក៏មានរបួសត្រង់ស្មាដោយសារតែអតីតពុករបស់នាងវាយធ្វើបាបគាត់ ខ្ញុំដឹងតែប៉ុណ្ណឹងឯង» យ៉ុនហ្គីទទួលយកពាក្យពីហ្វីលីណាមកដើម្បីធ្វើការរិះគិត បើបានតម្រុយពីគេកាន់តែច្រើនគឺកាន់តែងាយស្រួលក្នុងការតាមចាប់មុខសញ្ញាទាន់ពេលក៏ព្រោះថាគេក៏អាចនឹងមានគ្រោះថ្នាក់មិនខុសពីម្ចាស់ក្សត្រីនឹងនែលលីនោះឡើយ។
«ទូលបង្គំនឹងព្យាយាមតាមស្វែងរកតម្រុយរបស់គេឲ្យបានឆាប់ៗនេះក្រាបទូល» យ៉ុនហ្គីនិយាយទាំងមានភាពជឿជាក់ក៏ព្រោះថារឿងតាមចាប់ជនអាក្រក់ ទុរយសអីបែបនេះជាអ្វីដែលគេប្ដេជ្ញាថានឹងធ្វើវាតាំងពីប្រកាសចូលកាន់ដំណែងដំបូងមកម៉្លេះ។
«យើងទុកចិត្តលើលោកហើយឧត្តមសេនីយ៍យ៉ុន» អ្នកអង្គម្ចាស់ក៏ផ្ដល់ភាពទុកចិត្តទៅលើគេទាំងស្រុងតែម្ដង លូម៉ាក៏ងាកសម្លឹងមើលទៅស្វាមីទាំងសប្បាយចិត្តមុននឹងលូកដៃកាន់ស្មារបស់គេ។
«ទូលបង្គំគិតថានឹងទៅវិញហើយ លូម៉ាអូនថែរក្សាខ្លួនណា៎ មានបញ្ហាអ្វីក៏ឆាប់ទូរសព្ទ័ប្រាប់បងភ្លាម បងស្រឡាញ់អូន»
«យ៉ុនខ្មាសអ្នកអង្គម្ចាស់ណាស់» លូម៉ាលូកដៃកាន់ប៉ះថ្ពាល់ស្វាមីបន្តិច កាលបើគេខិលឆ្មក់ថើបថ្ពាល់នាងនៅនឹងមុខគេ មុខឯង គ្រប់គ្នាក៏បានត្រឹមតែអស់សំណើចនឹងស្វាមីភរិយាមួយគូនេះ យ៉ុនហ្គីក៏ក្រោកនាំខ្លួនឡើង រួចទើបណាមជុននឹងជូហ្វីក្រោកដូចគ្នា។
«ប៉ាម៉ាក់ទៅវីឡាសម្រាកចុះ ខាងនេះកូនអាចមើលថែខ្លួនបាន កុំបារម្ភអី»
«ប៉ាមិនបានទុកចិត្តកូនទេ តែថាមានអ្នកអង្គម្ចាស់នៅទីនេះប៉ាក៏អាចត្រឡប់ទៅវិញបានដោយស្ងប់ចិត្ត អ្នកអង្គម្ចាស់ សុំផ្ញើកូនស្រីមួយយប់ផង» សម្ដីណាមជុននិយាយប្រៀបដូចជាសញ្ញាបើកភ្លើងខៀវឲ្យទៅអ្នកអង្គម្ចាស់ចឹង ទ្រង់ក៏ងក់ក្បាលទាំងញញឹមជាការឆ្លើយតបវិញ។
«លោកកុំបារម្ភអី យើងធានាដោយជីវិតយើង» ណាមជុនក៏ញញឹមបន្តិច មុននឹងជូហ្វីចូលមកក្រៀកដៃរួចចាកចេញទៅជាមួយគ្នា ចំណែកឯលូម៉ាឯណោះក៏ចេញទៅជូនដំណើរស្វាមីបាត់ ទុកឲ្យក្នុងបន្ទប់មានតែវត្តមានគ្រួសារតូចមួយដែលមានម្ដាយឪពុកនឹងកូន។
«ទ្រង់ញញឹមរឿងអីទៅ?» ហ្វីលីណាចោទសួរទាំងដែលនាងក៏បានដឹងចម្លើយរួចទៅហើយក៏ដោយ តែនាងហាក់ចង់លឺចម្លើយពីមាត់ទ្រង់ អ្នកអង្គម្ចាស់ញញឹមរួចក៏ទម្លាក់ព្រះកាយកើយទប់ខ្នងនឹងក្បាលគ្រែរួចក៏ទាញនាងមកអឹបជាប់នឹងទ្រូង។
«ឲ្យតែនៅក្បែរអូនបងញញឹមបានគ្រប់ពេលស្រាប់ហើយហ្វីលីណា»
«អូនស្រឡាញ់បង...»
«ហ្វីលីណា..»

បម្រើស្នេហ៍អង្គម្ចាស់ ( រដូវកាលទី ០៤ : BLIND REVENGE ) [ ចប់ ]Where stories live. Discover now