#ព្រឹកថ្ងៃថ្មី
« អូ៎ ! ព្រះអើយ មើលនាងធ្វើចុះ អេ៎នេះជា គីម ម៉ូរ៉ា តារាបង្ហាញម៉ូតមែនទេ ? »
«ឯណា ? យើងសុំមើលបន្តិច ជានាងពិតមែន មិនគួរអោយជឿទេថានាងហ៊ានធ្វើបែបនេះ ក្មេងប្រុសម្នាក់នោះជានរណា ? គួរអោយអាណិតណាស់ »
សម្លេងនិយាយខ្សឹបខ្សៀវគ្នាបន្លឺឡើងនៅក្នុងហាងកាហ្វេមួយកន្លែងខណៈពេលដែលពួកគេកំពុងមើលទូរស័ព្ទរួចវិភាគពីហេតុការណ៍ក្នុងវីឌីអូដែលទើបនឹងបែកធ្លាយប៉ុន្មានម៉ោងមុននេះ ។
.....
<បែកធ្លាយវីឌីអូ ស្រីស្អាតល្បីឈ្មោះ ប្រើអំពើហិង្សាទៅលើក្មេងប្រុសរត់តុក្នុងក្លឹបកម្សាន្តដែលធំជាងគេប្រចាំទីក្រុងសេអ៊ូល ។ គីម ម៉ូរ៉ា តារាបង្ហាញម៉ូតស្រស់ស្អាត សិចសុីដែលទើបនឹងរះក្នុងវិស័យសិល្បៈ ត្រូវបានគេប្រទះឃើញធ្វើសកម្មភាពមិនគប្បីទៅលើបុគ្គលិករត់តុរហូត បង្កជារបួសស្នាម ដោយមិនទាន់ដឹងពីមូលហេតុពិតប្រាកដ នៅឡើយទេ >
«ប្រិយមិត្តទាំងអស់គ្នា នេះជារឿងគួរអោយចាប់អារម្មណ៍ខ្លាំងណាស់ វីឌីអូ ទើបតែបែកធ្លាយមួយម៉ោងមុនពេលនេះមានចំនួនអ្នកមើលរាប់លាននាក់ទៅហើយ មិនគួរអោយជឿថាស្រីស្អាតរបស់យើងមានចរិតឃោឃៅបែបនេះសោះ ពត៌មានលម្អិតបែបណានោះកុំភ្លេចតាមដានទាំងអស់គ្នា »
«ហឺយ ! អាអ្នកសារពត៌មានឆ្គួត ឆ្គួតណាស់ »
ផាំង !
អេក្រង់ទូរទស្សន៍ត្រូវបានបែកខ្ចាយក្រោយពេលដែលក្រមុំតូចគប់តេឡេបញ្ជាទៅមួយទំហឹងតាមអារម្មណ៍កំពុងខឹងក្រោធ ។ នាងសម្លឹងមើលបំណែកកញ្ចក់ដែលធ្លាក់ចុះមកអមជាមួយកែវភ្នែកពោរពេញដោយកំហឹង ត្បិតថាខ្លួនបានប្រពឹត្តយ៉ាងនោះក្ដីតែគ្មានអ្នកណាចង់អោយអ្នកដទៃមកជេរប្រមាថលើខ្លួនឡើយ ។
«អ្នកនាង ! លោកប្រុសធំអោយទៅជួបគាត់ឥឡូវនេះ »
« ប្រាកដជាបន្ទោសរឿងនេះហើយ ឯងសម្អាតត្រង់នេះផង » ម៉ូរ៉ាដើរចេញទៅទាំងអាកប្បកិរិយាធុញទ្រាន់តែក៏មិនភ្លេចដាក់បញ្ជាអ្នកបម្រើអោយមកសម្អាតត្រង់បរិវេនដែលរាយប៉ាយ
...
«លោកប៉ា មានអ្វីចង់ស្ដីបន្ទោសមែនទេ ? ទើបអោយអ្នកបម្រើទៅតាមខ្ញុំ »
