(ពួកគេត្រូវរៀបការឬយ៉ាងម៉េច?)
“អឺ និយាយអ៊ីចឹង ជ...កម្មករម្នាក់នោះ មានទៅសុំទោសកូនឬអត់?” ម៉ាដាម រៀបនឹងភ្លាត់ហោឈ្មោះកូនប្រុសទៅហើយ តែក៏កែមកវិញទាន់ពេល។
ក្ដុល
សំណួរមនុស្សចំណាស់ ប្រៀបដូចជាកណ្ដាប់ដៃ ដាល់ចំកណ្ដាលមុខនាងអ៊ីចឹង។ បើគាត់មិនសួរ នាងគិតថាហ្នឹងបំភ្លេចចោល តែគាត់លេងមកសួរបែបនេះ នាងគួរឆ្លើយបែបណា? កុហកហ្អេស? អត់ទេ នាងមិនធ្លាប់កុហកអ្នកណាទេ។ អ៊ីចឹងនាងត្រូវប្រាប់ការពិត? មួយនេះរឹតតែមិនបាន បើនាងនិយាយការពិត អាស្រម៉ូមម្នាក់នោះច្បាស់ជារំលោភនាងជាមិនខាន។ បែបនេះជម្រើសមានតែមួយទេ គឺនាងត្រូវក្បត់សតិសម្បជញ្ញៈខ្លួនឯងហើយ។
“លីងយៀក” ពេលស្រីតូចស្ងៀមស្ងាត់មិនព្រមតប ទើបមនុស្សចំណាស់ត្រូវហៅនាងជាថ្មី ទាញស្មារតី អ្នកភ្លឹកឱ្យនាងមកសម្លឹងខ្លួនជាថ្មី។
“អរ ចាសអ៊ំស្រី” ស្រីតូចព្យាយាមសម្រួលអារម្មណ៍របស់ខ្លួនមកវិញ លាក់គ្រប់យ៉ាងពីក្រោមស្នាមញញឹមរបស់ខ្លួន។
“អ៊ំសួរថា កម្មករម្នាក់នោះមានទៅសុំទោសកូនហើយនៅ?”
“អឺ គ..គឺសុំទោសរួចហើយលោកអ៊ំ” ទីបំផុតនាងក៏ត្រូវចុះនរកព្រោះអាប៉ិមុខស្រម៉ូមនោះដដែល។
ទឹកមុខ ស្លន់ស្លោឫកពា មិនស្ងៀមរបស់នាង អត់មិនឱ្យលោកស្រីសង្ស័យមិនបាន។
“មានកុហកអ៊ំឬអត់នៀក? គេមានគំរាមកូនឬអត់?” មិនចម្លែកទេដែលគាត់សួរបែបនេះ ក្នុងនាមជាម្ដាយចរិតកូនប្រុសបែបណា ម៉េចក៏ថាគាត់មិនស្គាល់ ស្គាល់ដល់ក្រញៅតាំងពីកើតមកម្ល៉េះ។
“ហូយ អូនបងថា លីងយៀក ភ័យព្រោះតែអូនសួរច្រើនទៅវិញទេ” ប្រមុខគ្រួសារចេញមុខនិយាយការពារ ជួសកូនប្រុសសំណព្វចិត្តរបស់ខ្លួន។
“បងកុំចេះ នៅឱ្យស្ងៀមឱ្យទៅ...ប្រាប់អ៊ំភ្លាម ម្នាក់នោះគំរាមកូនឱ្យមកនិយាយបែបនេះមែនទេ?”
“អឺ គឺ ខ...” លីងយៀក មិនទាន់បានបន្តប្រយោគរបស់ខ្លួន សំឡេងអ្នកណាម្នាក់ក៏បន្លឺឡើងបានមុនទៅហើយ។
“អ្នកម៉ាក់” ជឺស៍ ព្យាយាមជ្រែកខ្លួនចូលឱ្យត្រូវពេល ហើយក៏ចំម៉ាច់តែម្ដង តែមិនមែនមានតែគេនោះទេ។ អ្នកណាម្នាក់ក៏ដើរមកពីក្រោយគេដូចគ្នា ជាមួយក្រសែភ្នែក ធ្វើឱ្យរាងតូចញ័រខ្លួន មិនហ៊ានសម្លឹងមើលគេចំ។
ជែន ញោចញញឹមពេញចិត្ត ជាស្នាមញញឹមបែបអ្នកមានជ័យជម្នះ។ ស្នាមញញឹមរបស់គេ ធ្វើឱ្យអ្នកម្ដាយមើលឃើញច្បាស់ មុននឹងប្រញាប់រកវិធីចាត់ការកូនប្រុស។
“លីងយៀក កូនបានទៅមើលខាងនោះហើយនៅ?”
“នៅទេលោកអ៊ំ”
“បើអ៊ីចឹង ដើរមើលសិនទៅ អ៊ំមានការនិយាយជាមួយកូនប្រុសបន្តិច” ម៉ាដាម ញញឹមផ្អែម បង្ហាញភាពគ្មានពិរុទ្ធចេញមក។
“ចាស អ៊ីចឹងខ្ញុំសុំលាទៅសិនហើយ” ឱនគំនាបបន្តិច ស្រីតូចក៏ប្រញាប់ចាកចេញទៅ ទាំងមិនហ៊ានបែរក្រោយ។ បែរក្រោយយ៉ាងម៉េច បើតោកំណាច ចាំតែត្របាក់នាងគ្រប់ពេលបែបនេះ នាងមិនភ្លើទៅធ្វើជាចំណីគេនោះទេ។
“ពួកកូនម៉ោតាមម៉ាក់” ត្រឹមស្រីតូចដើរចេញផុត ម៉ាដាមក៏ងាកមកបញ្ជាអស់កំពូលលោកកូនវិញម្ដង។
“អោ អ្នកម៉ាក់ហេតុខ្ញុំត្រូវទៅដែរ?”
“កុំនិយាយច្រើន តែទាំងពីរហ្នឹង” សម្លុតសំឡេងកាចរួច ម៉ាដាម់ក៏បែរខ្លួនចេញទៅ ដោយមានស្វាមី ចាំឱបយល់ចិត្ត ទប់អារម្មណ៍មិនឱ្យខឹងខ្លាំងជាងនេះ។
“មកពីបងហ្នឹង ឃើញទេខ្ញុំត្រូវម៉ាក់ជាន់ ក ដែរហើយ” ជឺស៍ ងាកមកស្ដីឱ្យអ្នកជាបងប្រុស។
“បើ៑ឯងមិនចូលចិត្តចេះដឹងរឿងបង ឯងក៏មិនត្រូវដែរ” ជែន សម្លក់ប្អូនប្រុសបន្តិច មុននឹងប្រញាប់ដើរទៅតាមអ្នកម្ដាយ ខ្លាចក្រែងថា
ហ្នឹងត្រូវថ្មោងខ្លាំងជាងនេះ។
កំលោះសង្ហាទាំងពីរនាក់បងប្អូន ចូលមកក្នុងភូមិគ្រឹះតាមក្រោយអ្នកម្ដាយ ព្រមជាមួយទឹកមុខធម្មតា ជាពិសេស ជែន នេះឯង មិនត្រឹមតែធម្មតាទេ តែនៅញញឹមញញែមមិនឈប់ទៀតផង។
“ជែន នៀក”
ផាច់
ម៉ាដាម ទះដើមដៃកូនប្រុសមួយទំហឹង គ្រឺតក្នាញ់ជាមួយហ្នឹងចរិតមួយនេះរបស់គេ។
“អូយ..ម៉ាក់ មកវ៉ៃខ្ញុំធ្វើអី?” មនុស្សល្បិចធ្វើជាសួរ ទាំងដឹងហើយថាម្ដាយវ៉ៃព្រោះអ្វី។ ដឹងហើយយ៉ាងម៉េច មានរឿងអីគេត្រូវព្រមសារភាពនោះ។
“កុំមកធ្វើពើ ប្រាប់ភ្លាមកូនទៅគំរាមអី លីងយៀក ហ្អាស?” ម៉ាដាម សម្លឹងមុខកូនប្រុសក្នុងន័យគំគរាមគំហែង តែក៏មិនបានធ្វើឱ្យកូនប្រុសកំពូលកំណាច ខ្លាចរអាដូចគ្នា។
“ខ្ញុំមិនបានធ្វើអ្វីទេម៉ាក់”
“ចុះម៉េចក៏នាងខ្លាចពេលដែលឃើញកូន?...នៅមានទៀត ម៉ាក់មិនជឿថាកូនទៅសុំទោសនាងដែរ” ម៉ាដាម ដាក់មួយប្រយោគជាន់កែងលោកកូនកំណាច។
“ពុទ្ធអូន កុំខឹងខ្លាំងពេក ស្ដាប់កូនគេនិយាយខ្លះទៅ” អ្នកជាឪពុក ចេញមកមកជួយនិយាយ តែក៏ត្រូវស្ងាត់មាត់ទៅវិញ ពេលអ្នកជាភរិយាត្បកទាំងខឹង។
“បងក៏អ៊ីចឹងដែរ ចេះតែកាន់ជើងកូនបែបនេះ ទើបកូនមួយណាក៏ខូចយ៉ាងនេះ”
“អូខេ បងខុសឈប់មាត់ហើយ” ប្រមុខគ្រួសារ ញញឹមលឹបភ្នែកដាក់ភរិយា លែងហ៊ានមាត់ ក អ្វីបានត្រឹមដើរទៅអង្គុយស្ងៀមនៅលើសាឡុងក្បែរនោះ។
“ជែន ម៉ាក់សួរថាកូនមានទៅគំរាមគេឬអត់?”
“ហូយ ពុទ្ធោ អ្នកម៉ាក់ ដូចកូនប្រុសអ្នកម៉ាក់នេះ ទៅគំរាមអ្នកណាបានទៅ”
“ជឺស៍...” ពេលប្រុសច្បងមិនព្រមសារភាព អ្នកម្ដាយក៏ងាកមករករឿងកូនប្រុសពៅវិញម្ដង។
“បាទអ្នកម៉ាក់?” ជឺស៍ តបព្រមទាំងធ្វើមុខឆ្ងល់ចេញមក វាធ្វើឱ្យអ្នកម្ដាយអត់គ្រឺតក្នាញ់មិនបាន សឹងតែវាយកូនមួយនេះម្នាក់ទៀត។
“កុំមកធ្វើជាឆ្ងល់ ប្រាប់ម៉ាក់ភ្លាម” ម៉ាដាម ដែលពេលនេះចាប់ផ្ដើមបញ្ចេញរិទ្ធជារាជនីបិសាច សួរកាចទៅកូនពៅ តែក៏ងាកមកសម្លក់កូនបង ដែលឈរញញឹមញញែមមិនឈប់។
ជែន ញញឹមស្រស់ ហាក់បែបគ្មានកំហុសអ្វី តែស្នាមញញឹមក៏ត្រូវបិទមកវិញ ពេលឮប្រយោគរបស់អាប្អូនប្រុសក្បាលខូចរបស់ខ្លួន វាជាប្រយោគទាញគេឱ្យធ្លាក់នរកហ្នឹងឯង។
YOU ARE READING
ដែនស្នេហ៍សាតាន
Romanceដំណើរកម្សាន្ដដែលគិតថាសប្បាយ មហស្ចារ្យ មានន័យបំផុតក្នុងជីវិត ដែលវាមានតែម្ដងក្នុងជីវិតរបស់ខ្លួន តែគ្រប់យ៉ាងវាប្រែជាក្រឡាប់ចាក់ ពេលដំណើរកម្សាន្ដដែលសប្បាយ ប្រែជាដំណើរកម្សាន្ដទុក្ខសោកទៅវិញ ពេលកន្លែងដែលនាងប្រាថ្នាចង់ទៅដល់ បែរជាទៅហើយមិនអាចចេញមកវិញបាន។ នាងគ...