(មនុស្សកុហក ខ្ញុំស្អប់លោក)
“នាងស្រលាញ់ខ្ញុំឬ...នាងស្រលាញ់ខ្ញុំដែរឬ! ហ៊ឹសៗ បើអូនក៏ស្រលាញ់បងដែរ បងនឹងមិនរារែកក្នុងការយកអូនមកវិញទេ យៀកយៀក” ជែន ស្បថចេញមកទាំងជឿជាក់។ ការពីមុនគេអាចស្ទាក់់ស្ទើរ តែចាប់ពីវិនាទីនេះទៅ គេមិនរារែកក្នុងការនាំនាងមកនៅក្នុងរង្វង់ដៃរបស់គេនោះទេ។
ជែន អង្គុយញញឹមដោយការសប្បាយចិត្ត ភាពទុក្ខសោកមុននេះស្រាប់តែរលាយបាត់គ្មានសល់។ ហេតុអីគេត្រូវទុក្ខសោក បើចិត្តនាងក៏មិនខុសពីចិត្តរបស់គេនោះ។ តែហើយមិនប៉ុន្មានភាពសប្បាយចិត្តប្រែមកជាភ្ញាក់ផ្អើលពេលបានឃើញអ្វីម្យ៉ាងជ្រុះនៅក្បែរតុ ទើបអ្នកកំលោះប្រញញាប់រើមកមើល ហើយក៏ត្រូវបើកភ្នែកធំៗដោយការភ្ញាក់ផ្អើល ជជាមួយលទ្ធផលចំពោះមុខ។
(នាងមានផ្ទៃពោះ) ជែន ឧទានក្នុងចិត្តទាំងតក់ស្លុត មិនគិតថានាងមានកូនរបស់គេ។ អារម្មណ៍គេពេលនេះ មិនដឹងថាជាអ្វីឱ្យប្រាកដនោះទេ អន់ចិត្ត ខឹង ហើយក៏ត្រេកអរដូចគ្នា។
“អូនប្រហើនណាស់ដែលហ៊ានលួចកូនរបស់បងរត់ យៀកយៀក! ជួបមុខពេលណាត្រូវទាំងម្ដាយទាំងកូនមិនខាន” ទោះសម្ដីស្បថចេញមកកំណាចក៏ដោយ តែទឹកមុខគេពេលនេះបែរជាខុសស្រឡះពីពាក្យនិយាយទៅវិញ។មួយសប្ដាហ៍ក្រោយមក
ទីក្រុងអូស្លូ ប្រទេសន័រវែស
សាលាសម្រាប់ក្មេងព្រា
រាងកាយតូចច្រឡឹងរបស់អ្នកម៉ាក់ក្មេង អង្គុយស្ងៀមស្ងាត់នៅលើបង់តែម្នាក់ តាំងពីថ្ងៃត្រលប់មកពីទីនោះវិញម្ល៉េះ។ សភាពរបស់នាងអត់មិនឱ្យគ្រប់គ្នាព្រួយបបារម្ភតាមដែរ។ មិនបារម្ភបានទេ បើបាយមិននឹកទឹកមិនស្រេកបែបនេះ មួយថ្ងៃៗគិតតែពីអង្គុយសញ្ចឹងគិតតែម្នាក់ឯង។
“មកអង្គុយអីត្រង់នេះម្នាក់ឯង?” ក្លេ ដើរមករកស្រីតូច ជាមួយអារម្មណ៍តានតឹងពិបាកចិត្តមិនខុសពីនាងដែរ។ នេះហើយអារម្មណ៍មនុស្សស្រលាញ់ ត្រឹមឃើញអ្នកម្ខាងទៀតមានទុក្ខ គេនេះក៏ឈឺជាងនាងមិនស្ទើរដូចគ្នា។
“បងក្លេ!...” លីងយៀក ងាកមកញញឹមស្រាលៗ បែបថាគ្មានពណ៌គ្មានទឹកដម ញញឹមឱ្យតែបានៗជាការគួរ។
“នឹកគេឬ?” មិនលាក់លៀម ក៏មិនវែងឆ្ងាយ ក្លេសួរស្រីតូចចំៗ ជាសំណួរឱ្យអ្នកស្ដាប់កាន់តែពិបាកចិត្ត ស្មុគស្មាញតានតឹងលើសដើម។
“ចាស!”
“បើនឹកគេក៏ប្រាប់គេតាមត្រង់ទៅ មកអង្គុយសោកសៅម្នាក់ឯងបែបនេះបានប្រយោជន៍ស្អីទៅ”
“នឹក! តែខ្ញុំនឹកគេតែម្នាក់ឯងទេបង... គេមិនបាននឹកខ្ញុំ ហើយគេក៏មិនបានស្រលាញ់ខ្ញុំដែរបង” គិតដល់រឿងនេះពេលណា គ្មានវិនាទីណាដែលថាបេះដូងនាងមិនលោតឈឺចាប់នោះទេ។
“ជឿជាក់ដល់ថ្នាក់នេះហ្អេស? បងថាគេអាចកំពុងនឹកអាចក៏ថាបាន ថាមិនត្រូវគេក៏មានចិត្តដូចឯងដែរ”
“បងមិនបាច់មកនិយាយលួងលោមខ្ញុំទេ”
“បងមិនបាននិយាយលួងលោម គ្រាន់តែប្រាប់ឯងឱ្យដឹង! រឿងខ្លួនត្រឹមមើលនឹងភ្នែកវាមិនប្រាកដច្បាស់នោះទេ តែក៏ត្រូវបង្ហាញដោយទង្វើដូចគ្នា” ក្លេ មានចេតនាប្រាប់អ្វីម្យ៉ាងដល់ស្រីតូច តែអ្នកក្បែរខ្លួនបែរជាតបសឹងតែធ្វើឱ្យគេដាច់ផ្ងារ។
“បងចង់និយាយពីអ្វី ខ្ញុំមិនយល់ទេ!”
“លីងយៀក! ហ៊ើយ ល្ងង់់ណាស់ឯងនេះ នៀក”
ខ្លូស
ក្លេវ័រ ខោកក្បាលតូចមួយមិនខ្លាំងក៏មិនស្រាល គ្រឺតក្នាញដែលនាងមិនដឹងស្អីសោះបែបនេះ។
“អូយ! បងមកខោកខ្ញុំធ្វើអី?” ដៃតូចលើកអង្អែលក្បាលរបស់ខ្លួនថ្នមៗព្រោះឈឺ។
“ខោកឱ្យឯងបាត់ល្ងង់ហ្នឹងអី”
“ខ្ញុំល្ងង់ត្រង់ណា?”
“មិនដឹងទេ! បងឈប់និយាយជាមួយឯងហើយ...ទៅហើយ” ថាចប់ ក្លេ បោះជំហានចេញទៅទាំងចិត្តគ្រឺតក្នាញ់ស្រីតូចមិនបាត់។
“យ៉ាប់មែន! និយាយស្អីប្លែកៗ” លីងយៀក រអ៊ូតែម្នាក់ឯងទាំងដៃនៅមិនឈប់អង្អែលក្បាលរបស់ខ្លួន។
នាងច្រម៉ក់ដាច់ចិត្តក្រោកចេញពីត្រង់នោះ បន្ទាប់ដឹងថាខ្លួនមកអង្គុយសំកុកទៅនេះយូរដែរហើយ។ កំពុងតែស្លុងអារម្មណ៍ជាមួយរឿងរបស់ខ្លួន ទើបមិនប្រយ័ត្នក៏ទៅបុកនឹងអ្នកណាម្នាក់!...មិនមែនទេផ្ទាំងថ្មទេដឹង បើរឹងយ៉ាងនេះ។
“អុ អូយ....” លីងយៀក ខ្ទប់ក្បាលខ្លួនជាថ្មីក្បាលដែរឈឺស្រាប់ ទៅជាឈឺម្ដងទៀត ម្ដងនេះឈឺខ្លាំងជាងមុនទៀតផង។
“នាងមិនអីទេមែនទេ?” សំឡេងគ្រលមាំ ធ្វើឱ្យស្រីតូចដែលឱនខ្ទប់ក្បាលមុននេះទៅជាភ្ញាក់ផ្អើល។
ជែន!
ពាក្យមួយម៉ាត់ដែលនាងរំលឹកបាននៅក្នុងចិត្ត ទាំងសប្បាយចិត្ត តែប្រែជាអាសាបង់ ពេលបានឃើញអ្នកចំពោះមុខ។
(សង្ហា! សង្ហាខ្លាំងណាស់) ត្រូវហើយគេទាំងសង្ហា មើលទៅទាំងសុភាពបុរសទៀត ម៉េចនឹងអាចជា ជែន ប្ដីមាត់ដាចនាងទៅ។ មួយថ្ងៃៗទុកពុកមាត់ឡើងស្រម៉េមស្រម៉ូម ចាំតែរករឿងញ៉ោះ ឈ្លោះនឹងនាងមិនឈប់ ចរិយាមាយាទខុសឆ្ងាយពីអ្នកចំពោះមុខដាច់។ លីងយៀក ភ្លឹកសម្លឹងអ្នកចំពោះមុខជាច្រើននាទី ថ្នាក់សាមីខ្លួនត្រូវហៅនាងម្ដងទៀត។
“អ្នកនាង!”
“អរ! ចាស” លីងយៀក ប្រញាប់ញញឹមបន្លប់ភាពខ្មាសអៀនចេញមក។ វរៗអ្នកម្ខាងទៀតថានាងភ្លឹកព្រោះគេទៅ ភ្លឹកព្រោះគេវាមិនត្រូវហើយ តែនាងមិនបានគិតពីគេទេ នាងគិតពីប្ដីរបស់នាងទេ។
“អ្នកនាងមិនអីទេមែនទេ?” កំលោះសង្ហា សួរស្រីតូចចំពោះមុខជាលើកទីពីរជាមួយស្នាមញញឹមបែបព្រានរបស់ខ្លួន។
“ចាស មិនអីទេ! សុំទោសផង ដែលមុននេះប៉ះត្រូវលោក...ខ្ញុំសុំទៅសិនហើយ” ចប់សម្ដី លីងយៀក ដើរចេញទៅភ្លាមៗ បែបមិនទុកមុខឱ្យនិយាយឱ្យចាំគឺនាងគ្មានមាយាទតែម្ដង។ ចង់អ្នកណាថាអីថាទៅ តែនាងគ្មានអារម្មណ៍និយាយជាមួយអ្នកណាទេ ជាពិសេសមនុស្សប្លែកមុខបែបនេះ។
YOU ARE READING
ដែនស្នេហ៍សាតាន
Romansaដំណើរកម្សាន្ដដែលគិតថាសប្បាយ មហស្ចារ្យ មានន័យបំផុតក្នុងជីវិត ដែលវាមានតែម្ដងក្នុងជីវិតរបស់ខ្លួន តែគ្រប់យ៉ាងវាប្រែជាក្រឡាប់ចាក់ ពេលដំណើរកម្សាន្ដដែលសប្បាយ ប្រែជាដំណើរកម្សាន្ដទុក្ខសោកទៅវិញ ពេលកន្លែងដែលនាងប្រាថ្នាចង់ទៅដល់ បែរជាទៅហើយមិនអាចចេញមកវិញបាន។ នាងគ...