ភាគទី១

177 4 0
                                    

(លើកទីមួយ)

មួយសប្ដាហ៍ក្រោយមក
រាងកាយចំណាស់ កាន់តែមានសភាពទ្រុឌទ្រោម ស្លេកស្លាំង ពីមួយថ្ងៃទៅមួយថ្ងៃទៅតាមសភាពជំងឺរបស់ខ្លួន សាងឱ្យកូនស្រីកាន់តែព្រួយបារម្ភតាមដែរ។ សភាពរបស់ម្ដាយពេលនេះ នាងសឹងតែគ្មានកម្លាំងគំហែងធ្វើការអ្វី ក្រៅពីទុក្ខសោកអង្គុយមើលសភាពរបស់អ្នកម្ដាយទាំងចិត្តវេទនា។
“អ្ហឹក អ្ហឹកៗៗ” សំឡេងក្អក កាន់តែខ្លាំងឡើងៗ ឮទៅៗ ថ្នាក់នាងក្រមុំនៅក្បែរនោះទៅជាភិតភ័យស្លុតស្លោ។
“អ្នកម៉ាក់! អ្នកម៉ាក់យ៉ាងម៉េចហើយ?...” អ៊ីយៀន ស្ទុះទាញកែវទឹកហុចមកឱ្យអ្នកម្ដាយ មុននឹងត្រូវបើកភ្នែកធំៗភ្ញាក់ផ្អើល ពេលបានឃើញឈាមក្រហមស្រស់នៅជាប់ដៃអ្នកម្ដាយ។
ឈាម!
អ៊ីយៀន ផ្ទួនក្នុងចិត្តទាំងតក់ស្លុត រាងកាយទៅញីញ័រដោយការភ័យខ្លាច។
“លោកគ្រូពេទ្យ! គ្រូពេទ្យជួយម៉ាក់ខ្ញុំផង” ស្រីតូចរត់ឆ្លេឆ្លាពេញហ្នឹង ឫកពាភ័យខ្លាចរបស់នាងគ្រូនាំគ្នារត់មកទាំងប្រញាប់ប្រញាល់មើលអាការៈរបស់អ្នកជំងឺ។
“អ្នកនាងចាំនៅខាងក្រៅសិនទៅ” អ្នកគ្រូពេទ្យស្អាត ឃាត់ស្រីតូចដែលបម្រុងចូលមកខាងក្នុងជាមួយ។
អ៊ីយៀន ដើរទៅដើរមកនៅមុខបន្ទប់អ្នកជំងឺដោយចិត្តអន្ទះសារ រងចាំលទ្ធពីអ្នកខាងក្នុង។ កន្លងផុតទៅកន្លងម៉ោងទៅហើយ គ្រូពេទ្យនៅមិនទាន់ចេញមកវិញទៀត ឯនាងក្រមុំនៅតែដើរទៅដើរមក មិនព្រមឈប់ទាល់តែសោះ។ តែហើយមិនប៉ុន្មានទ្វារបន្ទប់ដែលបិទជិតឈឹងមុននេះ បើកឡើងជាថ្មី។
“លោកគ្រូពេទ្យ ម៉ាក់ខ្ញុំយ៉ាងម៉េចហើយ?” អ៊ីយៀន ស្ទុះមកសួរគ្រូពេទ្យដែលទើបតែដើរចេញមក ដោយចិត្តអន្ទះសារ ព្រួយបារម្ភ បង្ហាញលើផ្ទៃមុខឱ្យឃើញច្បាស់។
“ម៉ាក់របស់នាងពេលនេះអស់អីហើយ! ក៏ប៉ុន្តែ...” គ្រូពេទ្យស្ទាក់ស្ទើរមិនហ៊ាននិយាយប្រយោគបន្តប្រាប់ស្រីតូច តែអ្នកដែលចង់ដឹងក៏ជជីកសួរបន្ថែម។
“ប៉ុន្តែយ៉ាងម៉េចលោកគ្រូពេទ្យ?”
“ហ៊ើយ! ម៉ាក់របស់នាងពេលនេះកាន់តែធ្ងន់ធ្ងរឡើងហើយ បើមិនប្រញាប់វះកាត់ទេ ខ្លាចថាគ្មានសង្ឃឹមទេ!” ចុងប្រយោគគ្រូពេទ្យទម្លាក់សំឡេងបន្តិច បង្ហាញពីន័យអ្វីម្យ៉ាងឱ្យនាងបានដឹង។
“ចឹងយើងអាចវះកាត់គាត់នៅពេលនេះបានទេ?” ទាំងក្នុងខ្លួនគ្មានលុយមួយរៀល តែនាងបែរជាហ៊ានស្នើសុំឱ្យគេវះកាត់ម្ដាយ។
“ចង់វះកាត់ភ្លាមៗមិនបានទេ ពួកយើងនឹងធ្វើការតាមដានអាការៈអ្នកជំងឺ មុននឹងណាត់ថ្ងៃវះកាត់!...ម្យ៉ាងអ្នកនាងក៏ត្រូវចង់ថ្លៃព្យាបាលទុកមុនដូចគ្នា”
“ថ្លៃព្យាបាលខ្ញុំនឹងរកមកសងនៅពេលក្រោយ សុំឱ្យតែលោកព្យាបាលអ្នកម៉ាក់របស់ខ្ញុំទៅបានហើយ ហ៊ឹក ជួយខ្ញុំផងលោកគ្រូពេទ្យ...ជីវិតខ្ញុំនៅសល់តែគាត់ម្នាក់ទេ ហ៊ឹក ខ្ញុំមិនចង់បាត់បង់គាត់ទៀតទេ” អ៊ីយៀន ក្ដាប់ដៃចំណាស់យំយែកអង្វរករគាត់។ ទោះជាអាណិតនាងតូចខ្លាំងប៉ុណ្ណា តែគាត់ក៏មិនអាចជួយនាងបានដែរ។
“ហ៊ើយ! មិនមែនថាខ្ញុំមិនចង់ជួយនាងនោះទេ តែនាងក៏ដឹងថាខ្ញុំក៏ធ្វើការឱ្យគេដែរ!.... សង្ឃឹមថាគ្រប់យ៉ាងនឹងល្អប្រសើរទៅចុះនាងតូច” ដៃចំណាស់អង្អែលស្មាស្ដើងថ្នមៗ មុននឹងដើរចេញទៅបំពេញតួនាទីរបស់ខ្លួន។
ក្រៅពីយំអស់ចិត្ត អ៊ីយៀន បានត្រឹមត្រលប់មកក្នុងបន្ទប់វិញទាំងទឹកមុខសោកសៅ កែវភ្នែកស្អាតសម្លឹងមើលអ្នកម្ដាយដែលគេងលក់លើគ្រែទាំងគ្មានកម្លាំងគំហែង ខណៈខួរក្បាលនៅតែគិតពីសសម្ដីរបស់គ្រូពេទ្យមុននេះមិនឈប់។
“ខ្ញុំគួរធ្វើយ៉ាងណាទៅអ្នកម៉ាក់?” ដៃតូចអង្អែលដៃគ្រើមថ្នមៗ ព្រមទាំងលើកមកអឹបថ្ពាល់ទន់រលោងរបស់ខ្លួន។ ស្របពេលខួរក្បាលក៏គិតដល់រឿងអ្វីម្យ៉ាង។
(ឬខ្ញុំត្រូវក្បត់នឹងគំនិតខ្លួនឯង!... ដើម្បីអ្នកម៉ាក់អ្វីក៏ខ្ញុំមិនសោកស្ដាយដែរ) អ៊ីយៀន ពោលក្នុងចិត្តទាំងទឹកភ្នែកស្រក់ចុះមិនដាច់គ្នា ភាពទុក្ខទាំងប៉ុន្មានបង្ហាញឱ្យឃើញគ្មានសល់។

ចំណងស្នេហ៍ម៉ាហ្វៀWhere stories live. Discover now