ភាគទី១៥

527 10 16
                                    

(រត់គេចបរាជ័យ)

“ហ៊ឹសៗ...” វីន រកពាក្យអ្វីនិយាយមិនបាន ក្រៅពីអស់សំណើចតែមិនដឹងថាគេកំពុងតែសប្បាយចិត្តឬក៏ហួសចិត្តឱ្យប្រាកដនោះទេ។
លែងចាប់អារម្មណ៍ជាមួយឈ្មោះបន្ត វីន ងាកមកចាប់អារម្មណ៍របស់ក្នុងប្រអប់វិញម្ដង ដែលមានស្រោមសំបុត្រពីរនៅក្នុងនោះ ដែលមួយជារបស់គេ ហើយមួយទៀតជារបស់ម្ដាយ។ វីន ទាញស្រោមសំបុត្រទាំងពីរចេញ មុននឹងបានឃើញរបស់កាន់តែភ្ញាក់ផ្អើលជាងនេះទៅទៀត ថ្នាក់គេត្រូវបើកភ្នែកធំៗ។
“នេះ!...” វីន ភ្ញាក់ផ្អើលជាមួយរូបថតរបស់ខ្លួនជាច្រើនសន្លឹកនៅក្នុងនោះ មិនថាជារូបគេបញ្ចប់ការសិក្សា ចេញធ្វើការ គ្រប់កាយវិការគេសុទ្ធតែមានក្នុងនេះទាំងអស់ នៅមានអក្សរនៅលើនោះទៀត។
វីន ទាញរូបថតមួយសន្លឹកចេញមកមើល ជាមួយអារម្មណ៍រន្ធត់ចេញ ហើយកាន់តែស្លុតចិត្តញាប់ញ័រ ពេលបានអានអក្សរនៅលើនោះ។
(ថ្ងៃនេះកូនសម្លាញ់ប៉ាបញ្ចប់ការសិក្សាហើយ) វីន ទាញរូបថតបន្តមកមើលដោយការដឹង។
(កូនប៉ាពេលស្ថិតក្នុងសម្លៀកបំពាក់នេះសង្ហាខ្លាំងណាស់) ឃើញរូបបនេះហើយធ្វើឱ្យគេចាំបាន កាលនោះជាពេលដែលគេចេញធ្វើជំនួញជាលើកដំបូង ហើយក៏ជាពេលដែលគេបៀមជាប់ភាពស្អប់គុំកួនដូចគ្នា។
(កូនប្រុសប៉ាពិតជាមានមន្ដស្នេហ៍ណាស់ មិនថាស្រីណាក៏ចាប់អារម្មណ៍ដែរ) មិនថារាល់សកម្មភាពមួយណារបស់គេ ក្នុងនេះសុទ្ធតែមានទាំងអស់ រូបនីមួយៗថតច្បាស់ៗបញ្ជាក់ពីក្ដីស្រលាញ់ ដែលគាត់មានចំពោះគេ។
វីន បិទគ្រប់យ៉ាងចោលមិនហ៊ានមើលបន្តទៀត មានអារម្មណ៍ថាគេកាន់តែមើល គ្រប់យ៉ាងនៃអតីតកាលកាន់តែរំលឹកឡើងជាថ្មី ចិត្តក្ដុកក្ដួល រំភើបញាប់ញ័រក៏បោលសម្រុកមិនឈប់ដូចគ្នា។
“លោកកំពុងគិតអីឱ្យប្រាកដទៅ! លោកបានបោះបង់ពួកខ្ញុំ តែបែរជាមិនឈប់រវីរវល់ជាម្ដាយកូនយើងទៅវិញ” បើទោះជារំជួលចិត្តជាមួយរបស់ចំំពោះមុខយ៉ាងណាក៏ដោយ អ្នកកំលោះនៅតែមិនទាន់អាចរសាយចិត្តដែលធ្លាប់ស្អប់ឪពុកបាន គ្រាន់តែវាអាចនឹងមានតិចជាងមុនតែប៉ុណ្ណោះ។
ក្នុងបន្ទប់ប្រែជាស្ងប់ស្ងាត់ប្លែកខុសពីរាល់ដង មានត្រឹមចំហាយក្ដៅងំក្នុងចិត្តសាយភាយចេញមកក្រៅ ជាមួយក្រសែភ្នែកមុតកំណាចសម្លឹងស្រោមសំបុត្រពីរក្បែរខ្លួន។ ម្រាមដៃវែងស្រឡូនទាញស្រោមសំបុត្រពណ៌ ស ដែលមានសរសេរឈ្មោះខ្លួននៅនោះ ហើយគេក៏មិនស្ទាក់ស្ទើរក្នុងការបើកអានដូចគ្នា។
បើជ្រុលជាចង់ដឹងទៅហើយ គេនឹងដឹងឱ្យបានថារឿងហេតុឆ្នាំនោះមានអ្វីលាក់បាំងឱ្យប្រាកដទៅ។
ស្រោមសំបុត្រត្រូវបើកឡើង ដោយអ្នកកំលោះអានតួអក្សរក្នុងនេះគ្មានចន្លោះសូម្បីមួយពាក្យ។
(វីសុន កូនប្រុសសម្លាញ់ប៉ា! ប៉ាដឹងថាកូនប្រហែលជាស្អប់ប៉ាខ្លាំងណាស់ ពេលដែលប៉ាបោះបង់ចោលកូននឹងម៉ាក់... កូនអាចស្អប់ប៉ាមួយជីវិតនេះក៏បាន តែអ្វីដែលប៉ាចង់ប្រាប់កូនគឺប៉ាស្រលាញ់កូន!... ប៉ាសុំទោសដែលប៉ាជ្រើសរើសចាកចេញ បន្សល់ទុកត្រឹមភាពស្អប់ គុំកួន! តែប៉ាមិនឱ្យថ្ងៃណាមួយដែលប៉ាត្រូវចាកចេញពីលោកនេះ ឃើញមនុស្សជាទីស្រលាញ់ទាំងពីររបស់ប៉ា ត្រូវមកកើតទុក្ខព្រោះប៉ានោះទេ... ប៉ាចង់ឃើញពួកកូនរស់នៅមានក្ដីសុខជាទីបំផុត! ប៉ាមិនសង្ឃឹមថាពេលកូនឃើញសំបុត្រនេះហើយកូនអាចឈប់ស្អប់ប៉ានោះទេ តែប៉ាសង្ឃឹមថាកូនអាចឈប់ចងគំនុំ ឈប់សងសឹកតទៅទៀត!... ពេលដែលកូនបានឃើញសំបុត្រនេះប៉ាប្រហែលជាលែងរស់នៅលើលោកមួយនេះហើយ តែអ្វីដែលប៉ាអាចផ្ដល់ឱ្យកូនមិនប្រែគឺ ប៉ាស្រលាញ់កូន វីសុន កូនប្រុសសម្លាញ់ប៉ា)
ក្រោយអានសំបុត្រចប់ វីន បានត្រឹមគាំងនិយាយអ្វីមិនចេញ ស្របពេលទឹកភ្នែកជាច្រើនតំណក់ហូរចុះមកដោយមិនដឹងខ្លួន។ មិនដឹងថាហូរព្រោះអ្វី សោកស្ដាយ ដឹងខុស កើតទុក្ខឬគេមិនអស់ចិត្តឱ្យប្រាកដ។
ត្រូវហើយគេអាច សោកស្ដាយ ដែលរយៈពេលកន្លងមកមិនព្រមបើកចិត្តឱ្យទូលាយរស់នៅតែក្នុងភ្លើងគំនុំមួយនេះ ហើយគេដឹងខុស ដែលធ្លាប់មានចិត្តស្អប់គុំកួនឪពុក ហើយដល់ចុងក្រោយគេនៅសល់អ្វី គេបានអ្វី គេមិនអាចសូម្បីតែនៅក្បែរគាត់ មិនទាំងអាចឃើញដង្ហើមចុងក្រោយរបស់ឪពុក។
“សុំទោស! ខ្ញុំសុំទោសលោកប៉ា...” វីន ខ្សឹបសំឡេងស្រាលបង្ហាញភាពសោកស្ដាយបំផុតក្នុងជីវិតចេញមក។
មែនគេសោកស្ដាយ មួយជីវិតគេនេះមិនដែលមានរឿងសោកស្ដាយដូចជាពេលនេះនោះទេ ស្ដាយដែលគិតខុស រស់នៅតែជាមួយភ្លើងគំនុំ ទាំងមិនដឹងថាគ្រប់យ៉ាងវាយ៉ាងណាឱ្យប្រាដ។

ចំណងស្នេហ៍ម៉ាហ្វៀWhere stories live. Discover now