ថ្ងៃភ្ជាប់ពាក្យ
ពេលវេលាពិតជាដើរលឿន លឿនខ្លាំងណាស់ Pete ធ្លាប់គិត តែក៏ស្មានមិនដល់! ស្មានមិនដល់ថាជីវិតត្រូវឈានមកដល់ចំណុចនេះ! ហេតុអ្វីត្រូវជួបរឿងបែបនេះ? បើកាលពីប៉ុន្មានឆ្នាំមុនខ្លួនច្បាស់ជាសប្បាយចិត្ត តែពេលនេះវាខុសគ្នា! ពីមុនគឺ Pete ខុសខ្លួនឯងដែលគិតថាគេគ្រាន់តែជាមនុស្សដែលមិនចូលចិត្តបង្ហាញក្តីស្រឡាញ់ តែតាមពិតមិនមែនទេ មិនមែនគេមិនចូលចិត្តបង្ហាញក្តីស្រឡាញ់ទេ តែគេមិនដែលមានចិត្តស្រឡាញ់! ចុះម្តេចថ្ងៃនេះមាសស្ងួនត្រូវមកភ្ជាប់ពាក្យជាមួយមនុស្សដែលមិនមានចិត្តស្រឡាញ់ខ្លួនធ្វើអី? ក៏ព្រោះតាមចិត្តចាស់ទុំនោះអី!
« ឆាប់ឡើងៗ បំពាក់ចិញ្ចៀនឲ្យគ្នាទៅកូន! » ចាស់ទុំប្រញាប់ស្រែកប្រាប់ទៅកំលោះទាំងពីរទើប Vegas ប្រញាប់ដកចិញ្ចៀនមកបំពាក់នឹងម្រាមនាងឲ្យ Pete រួច Pete ក៏បំពាក់ចិញ្ចៀនឲ្យ Vegas វិញ។
បន្ទាប់ពីកម្មវិធីចប់សព្វគ្រប់ គ្រប់គ្នាក៏ត្រឡប់ទៅផ្ទះវិញលើកលែងតែគ្រួសារ Pete ដែលកំពុងនៅជុំគ្នាជាមួយគ្រួសារ Vegas ។ មិនមែនផ្ទះឆ្ងាយទៅមិនរួចទេ ផ្ទះក៏ជាប់របងគ្នានេះឯង តែម៉ាក់ប៉ា Vegas បង្ខំឲ្យនៅគេងមួយយប់ព្រោះចង់មានភាពកក់ក្តៅ ក្លាយជាដន្លងគ្នាហើយ ធ្វើបែបហ្នឹងក៏គ្មានអ្វីចម្លែក!
យប់ម៉ោង៩
« ធ្វើបែបហ្នឹងធ្វើអី? »
« ទៅបន្ទប់វិញទៅ! »
« ខ្ញុំសួរថាធ្វើបែបហ្នឹងធ្វើអី? បងក៏ដឹង! ខ្ញុំក៏ដឹង! សូម្បី Macau ក៏គេដឹង! ដឹងស្ទើរតែគ្រប់គ្នាទៅហើយថាបងមិនស្រឡាញ់ខ្ញុំ ចុះបងទៅប្រាប់ប៉ាម៉ាក់ឲ្យមក ដណ្តឹងខ្ញុំធ្វើស្អី? » Pete ស្រែកសួរទៅ Vegas ទាំងប្រឹងទប់ទឹកភ្នែកដែលកំពុងដក់នៅប្រឡង់ភ្នែក។
« បងមានហេតុផលរបស់បង! » Vegas ឆ្លើយទាំង រក្សាទឹកមុខស្មើធេង។
« ហេតុផលរបស់បង? ហុឹស! ហេតុផលស្អី? ជួយពន្យល់ខ្ញុំផងបានទេ? » Pete សួរទៅ Vegas ទាំងញញឹមបែបចម្អកឲ្យខ្លួនឯង។ ហេតុផលស្អី? ព្រោះស្រឡាញ់? ឬក៏ព្រោះអ្វីផ្សេងទៅ? វាឆ្កួតណាស់បើឆ្លើយថាហេតុផលដែលធ្វើបែបនេះគឺព្រោះតែក្តីស្រឡាញ់ ព្រោះ Vegas មិនបានស្រឡាញ់ Pete ហើយវាក៏ឆ្កួតណាស់ដែរដែលសុខៗក៏ប្រាប់ឲ្យប៉ាម៉ាក់ទៅដណ្តឹងមនុស្សដែលខ្លួនមិនស្រឡាញ់ឲ្យមកធ្វើជាប្រពន្ធនោះ។
YOU ARE READING
Liar - មនុស្សបោកប្រាស់
Romanceតាមពិតគេគឺជាមនុស្សបោកប្រាស់ ហើយគេក៏បោកប្រាស់ខ្ញុំតាំងពីដើម!