(នាងមិនអាចធ្វើបែបនេះទេ)
រាងកាយចំណាស់ ស្ថិតក្នុងឈុតអ្នកជំងឺគេងស្ដូកស្ដឹងនៅមួយកន្លែង គ្មានកម្លាំងគំហែងសូម្បីតែយកទឹកផឹកខ្លួនឯង ស្ថានភាពពេលនេះអាចបញ្ជាក់ពីស្ថានភាពពេលខាងមុខ ថាគាត់នឹងមានវាសនាទៅជាយ៉ាងណា។
“អ្ហឹក...អ្ហឹក” សំឡេងក្អកបែបផុតដង្ហើម លាន់ឮជាប់គ្នាជាច្រើនលើកច្រើន សាងឱ្យស្រីតូចក្បែរនោះប្រញាប់ប្រញាល់ស្ទុះស្ទាចូលមក ដោយការព្រួយបារម្ភ ភ័យខ្លាចលូកឡំគ្នា។
“ម៉ាក់! អ្នកម៉ាក់យ៉ាងម៉េច? ហ៊ឹកៗ” ស្រីតូចក្ដោបដៃចំណាស់ជាបើ កែវភ្នែកតូចស្អាតសម្លឹងមើលផ្ទៃមុខស្លេកស្លាំងរបស់អ្នកជំងឺ ជាមួយទឹកភ្នែកសស្រាក់ដាបលើផែនថ្ពាល់ ដោយអារម្មណ៍ដឹងខុស ទោះខ្លួនមិនបានប្រព្រឹត្តអ្វីខុសឆ្គង តែដែលគ្មានសមត្ថភាពជួយម្ដាយ នាងតែងតែបន្ទោសខ្លួនឯងមករហូត។
“ហ៊ឹសៗ ម៉ាក់មិនអីទេកូន បន្តិចនឹងទៀតអស់អីហើយ” អ្នកម្ដាយព្យាយាមនិយាយលួងលោមកូនស្រីដែលទួញសោកព្រោះខ្លួន គាត់មិនចង់នាំទុក្ខដល់កូន ត្រឹមប៉ុណ្ណឹងកូនស្រីក៏វេទនាណាស់ទៅហើយ។ សម្ដីរបស់អ្នកម្ដាយមុននេះ ធ្វើឱ្យអ្នកស្ដាប់យំកាន់តែខ្លាំង មានអារម្មណ៍ថាមិនយូរទេ នាងច្បាស់ជាត្រូវរស់តែតោលម្នាក់ឯងក្នុងពិភពលោកមួយនេះមិនខាន។
“ហ៊ឹកៗ អ្នកម៉ាក់ ខ...ខ្ញុំសុំទោស ហ៊ឹក ខ្ញុំគ្មានបានការ ហ៊ឹក ខ្ញុំជាកូនមិនល្អ ខ្ញុំមិនអាចជួយម៉ាក់បាន ហ៊ឹកៗៗ”
“កូនចម្កួត!...កូនមិនបាច់ អ្ហឹក មិនបាច់សុំទោសម៉ាក់ទេ កូន...អ្ហឹកៗ កូនម៉ាក់ល្អគ្រប់ដប់ហើយ គ្រប់យ៉ាងព្រេងវាសនាកំណត់ទុករួចហើយ អ្ហឹកៗៗ កូនលំបាកច្រើនមកហើយ កូនកុំលំបាកព្រោះម៉ាក់ទៀតអី អ្ហឹកៗ...” គ្រប់យ៉ាងគឺជាកម្មរបស់គាត់ កម្មដែលគាត់បានសាង កម្មដែលគាត់ជំពាក់គេ គាត់ត្រូវមកជួបភាពវេទនាបែបនេះគឺសមហើយ។
“ហ៊ឹកៗ អត់ទេ! ម៉ាក់កុំនិយាយពាក្យនេះ ហ៊ឹក យ៉ាងណា ហ៊ឹក ទោះយ៉ាងណាខ្ញុំនឹងជួយម៉ាក់ឱ្យបាន ខ្ញុំនឹងខំរកលុយមកព្យាបាលម៉ាក់ឱ្យជា ហ៊ឹកៗ ម្ដាយកូនយើងនឹងរស់នៅជាមួយគ្នាបន្តទៀត ហ៊ឹកៗ” នាងក្រមុំជ្រប់មុខយំក្នុងដៃរបស់អ្នកម្ដាយ។
“អ៊ីយៀន! កូនហត់ច្រើនហើយ កូនគួរសម្រាកខ្លះហើយ” អ្នកម្ដាយអង្អែលថ្ពាល់តូចថ្នមៗ ស្របពេលទឹកភ្នែកជាច្រើនតំណក់ស្រក់ចុះមក គ្រប់ពេលហៅឈ្មោះកូនស្រីម្ដងៗ ធ្វើឱ្យបេះដូងរបស់គាត់ឈឺចាប់មិនឈប់ ខណៈខួរក្បាលនឹកដល់អ្នកណាម្នាក់។ មនុស្សដែលគាត់ស្រលាញ់អស់ពីបេះដូង ហើយក៏ជាមនុស្សដែលបោះបង់គាត់ដូចគ្នា។
“ហ៊ឹក ខ...ខ្ញុំមិនហត់ទេអ្នកម៉ាក់! ហ៊ឹក ដើម្បីអ្នកម៉ាក់ អ្វីក៏ខ្ញុំធ្វើបានដែរ ហ៊ឹក អ្នកម៉ាក់ត្រូវទ្រាំឱ្យបានណា ខ្ញុំនឹងប្រញាប់រកលុយមកព្យាបាលអ្នកម៉ាក់ ហ៊ឹកៗ អ្នកម៉ាក់មិនត្រូវទៅណាចោលខ្ញុំទេ ហ៊ឹកៗ...ខ្ញុំស្រលាញ់អ្នកម៉ាក់”
ជុប
អ៊ីយៀន ឱនថើបថ្ពាល់ជ្រួញផ្ដល់ជាកម្លាំងចិត្តចំពោះខ្លួននឹងអ្នកម្ដាយព្រមគ្នា។
“ខ្ញុំទៅធ្វើការសិនហើយអ្នកម៉ាក់” នាងតូចញញឹមដាក់ម្ដាយជាលើកចុងក្រោយ មុននឹងបែរខ្លួនចាកចេញទាំងចិត្តមិនចង់ ខ្លាចថារាល់ការចាកចេញរបស់នាងនឹងមិនបានជួបអ្នកម្ដាយជារៀងរហូត។
“ប្រយ័ត្នប្រយែងផងកូន អ្ហឹកៗៗ” មិនខុសពីកូនស្រី មនុស្សចំណាស់ញញឹមតបទាំងទឹកមុខស្លេកស្លាំង គ្មានពន្លឺ។
ស្របពេលកូនស្រីចាកចេញទៅ ក្នុងបន្ទប់ទាំងមូលប្រែជាស្ងប់ស្ងាត់ ខណៈមនុស្សចំណាស់បានត្រឹមធ្លាក់ក្នុងអន្លង់គំនិតរបស់ខ្លួន កែវភ្នែកសម្លឹងមើលរូបថតអ្នកណាម្នាក់ ដែលលាក់ទុកជាច្រើនឆ្នាំមិនឱ្យកូនស្រីបានដឹង។
(កូនស្រីរបស់យើងធំហើយ នាងឆ្លាត ពូកែ តស៊ូដូចជាលោកអ៊ីចឹងនាងដូចលោកខ្លាំងណាស់! តែ...តែនាងមិនបោះបង់ខ្ញុំដូចជាលោកនោះទេ) គិតដល់រឿងអតីតកាល អ្នកជំងឺស្រាប់តែស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន នឹកសង្វេគខ្លួនឯង ក៏អាណិតកូនស្រី មិនគួរណាមកលំបាកព្រោះតែខ្លួន។
YOU ARE READING
ចំណងស្នេហ៍ម៉ាហ្វៀ
Romanceឈុតដកស្រង់ ភាពឈឺចាប់ដែលគេធ្លាប់ទទួលបាន រយៈពេលកន្លងមក គេមិនដែលបញ្ចេញ មិនដែលបង្ហាញឱ្យអ្នកណាបានឃើញ តែគ្រប់យ៉ាងលែងវាជាអាថ៌កំបាំងក្រោយពេលនាងដើរចូលមកក្នុងជីវិតរបស់គេ។ "មនុស្សស្រី" ដែលគេទាំងស្រលាញ់ ទាំងទុកចិត្ត ហ៊ានធ្វើគ្រប់យ៉ាងដើម្បីនាង តែ... អ្នកណាទៅដឹង...