<<និយាយចឹង!តើលោកឈ្មោះអ្វីទៅ? ហេតុអីមិនប្រាប់ខ្ញុំ?>> ឆេយ៉ុងសម្លឹងមើលគេភ្លឹះៗតែគេវិញ ញញឹមបន្តិចមុននឹងតប ។
<<ឈ្មោះរបស់បងមែនទេ? ឯងមិនបាច់ចង់ដឹងទេ ឈ្មោះនោះវាមិនពិរោះនោះទេនៅពេលដែលមនុស្សសំខាន់របស់យើងមិនចាំវានោះ!>> គេនិយាយបកស្រាយប្រាប់នាងទាំងញញឹម តែឆេយ៉ុងវិញជ្រួញចិញ្ជើមចូលគ្នាតែម្ដងព្រោះនាងស្ដាប់មិនយល់ ។
<<ខ្ញុំមិនយល់ទេ!>> ជីមីនមិននិយាយទៀតនោះទេក៏រុញរទេះរបស់ឆេយ៉ុងត្រឡប់មកផ្ទះវិញ ។ ឆ្លៀតពេលជីមីនទៅធ្វើម្ហូបឆេយ៉ុងក៏បម្រុងងើបឈរឡើងដោយខ្លួនឯង...
<<អួយ!>> នាងក៏ត្រូវដួលភ្លាមៗព្រោះជើងរបស់នាងមិនអាចរក្សាលំនឹងបាន ។
<<ឆេយ៉ុង!>> ជីមីនក៏ប្រញាប់មកយ៉ាងលឿនព្រោះគេឮសំឡេងរបស់នាងស្រែកទាំងការឈឺចាប់ ។
<<ខ្ញុំមានអារម្មណ៍ថាវាធ្លាប់ដើរបាន!>> នាងខំប្រឹងនិយាយបរិយាយប្រាប់ទៅជីមីនពីអារម្មណ៍របស់នាង
<<មិនអីទេ! ឯងនឹងអាចដើរបានវិញ>> គេក៏ទាញនាងមកឱបលួងលោមធ្វើឱ្យឆេយ៉ុងមានអារម្មណ៍ថាកក់ក្ដៅប្លែកនៅពេលគេឱបនាងបែបនេះ ។
+++
ជីមីនជាអ្នកមើលថែឆេយ៉ុងរហូតតាំងពីថ្ងៃដែលនាងមានគ្រោះថ្នាក់មក ។ គេរស់នៅក្បែរនាង ធ្វើអាហារសម្រាប់នាង និងបានហៅពេទ្យមកបង្រៀននាងឱ្យដើរឡើងវិញជារៀងរាល់ខែទៀតផងដើម្បីប្រាកដថានាងពិតជាអាចដើរបានវិញ ។
<<សម្លាញ់!>> ជីមីនកំពុងអង្គុយមើលទេសភាពនៅកៀនផ្ទះសុខៗក៏ឮសំឡេងអ្នកធ្លាប់ស្គាល់ហៅ ទើបគេប្រញាប់រត់ចេញមកមើល ។
<<ជុនហ៊ុន ដានអូ!!>> គេក៏ប្រញាប់រត់មកទទួលអ្នកទាំងពីរយ៉ាងលឿន ។
<<ឯណាឆេយ៉ុងនោះ?>> ដានអូមកមិនទាន់ដឹងអីផងក៏ប្រញាប់សួរនាំពីឆេយ៉ុងភ្លាមតែម្ដង ។
<<ឆេយ៉ុងនាងកំពុងសម្រាក! ហើយពួកឯងមករកអីនៅទីនេះ? មកថតរឿងមែនទេ?>>
<<ត្រូវហើយពួកយើងមកថតរឿង ហើយដានអូក៏ចង់មកមើលឆេយ៉ុងបន្តិចដែរ តែពេលឮថានាងសម្រាកបែបនេះក៏មិនចង់រំខាននាងប៉ុន្មានដែរ>>
<<នៅហូបបាយល្ងាចនៅទីនេះសិនទៅ!>> គ្រប់គ្នាក៏បាននៅហូបបាយល្ងាចនៅទីនេះតែម្ដងតាមសំណើរបស់ជីមីន ។
ល្ងាចឡើងដល់ពេលញុាំអាហារពេលល្ងាចជីមីនក៏បានរុញរទេះរបស់ឆេយ៉ុងមកតុបាយដើម្បីទទួលទានអាហារ ។
<<អ្នកទាំងពីរ?>> ឆេយ៉ុងមកដល់ឃើញជុនហ៊ុននិងដានអូធ្វើឱ្យនាងឆ្ងល់យ៉ាងខ្លាំង ព្រោះមិនដែលឃើញពួកគេ ។
<<ឆេយ៉ុង! ឯងចាំយើងបានទេ?>> ដានអូព្យាយាមនិយាយទាំងទប់ទឹកភ្នែកកុំឱ្យស្រក់ព្រោះនឹកស្រណោះមិត្ត ។
<<អ្នកនាងស្អាតណាស់!>> នាងក៏ញញឹមដាក់ដានអូធ្វើឱ្យដានអូក៏ស្រក់ទឹកភ្នែកមកដូចបាក់ទំនប់ ទប់លែងជាប់ហើយ ក៏ប្រឹងនិយាយទាំងយំ...
<<ស្រីឆ្គួត! ឯងចេះសរសើរយើងហើយមែនទេ?>> និយាយបណ្ដើរសើចទាំងទឹកភ្នែកបណ្ដើរធ្វើឱ្យប្រុសៗទាំងពីរនាក់អាណិតយ៉ាងខ្លាំង ។
<<ឆេយ៉ុង! ម្នាក់នេះគេឈ្មោះជុនហ៊ុនជាមិត្តរបស់បង ចំណែកស្រីស្អាតម្នាក់នេះឈ្មោះដានអូជាមិត្តរបស់ឯង!>>
<<តើខ្ញុំមានមិត្តស្អាតដល់ម្លឹងផង!>> នាងនិយាយហើយក៏រំភើបធ្វើឱ្យគ្រប់គ្នាក៏សើចអស់សំណើចតាមនាងទៅ អាហារពេលល្ងាចរវាងមិត្តចាស់ក៏បានប្រព្រឹត្តទៅយ៉ាងរលូនរហូតដល់ពេលដានអូនិងជុនហ៊ុនត្រឡប់ទៅកន្លែងស្នាក់របស់ពួកគេវិញទៅ ។
<<តើមានអាហារពេលល្ងាចបែបនេះជាលើកទីពីរទេ?>>
ឆេយ៉ុងសម្លឹងនិងសួរជីមីនតិចៗ គេក៏តបមកនាងវិញដោយស្នាមញញឹមពេលដែលបានឃើញនាង ។
<<ប្រាកដជាមាន ប៉ុន្តែនៅពេលវាកើតឡើងម្ដងទៀតឯងត្រូវតែល្អជាងមុន>> គេនិយាយលើកទឹកចិត្តនាង ន័យរបស់គេគឺនៅពេលអាហាពេលល្ងាចលើកទីពីរនោះមកដល់ឆេយ៉ុងនិងអាចដើរបានវិញ ចំណែកការចងចាំរបស់នាងក៏សង្ឃឹមផងដែរ ។
+++
*៤ឆ្នាំក្រោយ
ថ្ងៃនេះជាថ្ងៃដែលពេទ្យអានុញ្ញាតិឱ្យឆេយ៉ុងដើរដោយមិនបាច់ប្រើឈើច្រត់នោះទេ ។ ឆេយ៉ុងបោះជំហានមួយៗយឺតទៅមុខដោយបិទភ្នែករហូតដល់នាងទៅផុតពីឈើច្រត់ហើយខ្លួនរបស់នាងមិនបានដួលនោះទេ ។
<<ខ្ញុំអាចដើរបានវិញហើយ ហ្ហឹក!>> នាងយំទាំងក្ដីរំភើបព្រោះកន្លងផុតទៅអស់រយៈពេលបួនឆ្នាំនេះនាងអាចដើរបានវិញហើយ ។
<<ឆេយ៉ុង!>> សំឡេងមកពីខាងក្រោយខ្នងរបស់នាងធ្វើឱ្យឆេយ៉ុងបង្វិលខ្លួនតិចៗដើម្បីសម្លឹងរកម្ចាស់សំឡេងនោះ ក៏ឃើញថាម្នាក់នោះគឺជាឆេយ៉ាង ។
<<បងប្រុស!>> និយាយមិនទាន់ផុតពីមាត់ផងឆេយ៉ាងក៏បានរត់មកឱបនាងទាំងក្ដីនឹករឮក ដោយមានជីមីនឈរមើលទាំងញញឹម ។
<<សប្បាយចិត្តទេ?>> ជីមីនដើរមកជិតឆេយ៉ុងហើយក៏សួរទៅកាន់នាងតែនាងមិនតបនោះទេ គ្រាន់តែញញឹមដាក់គេវិញប៉ុណ្ណោះ ។ ឆេយ៉ាងបានចូលមកខាងក្នុងផ្ទះដើម្បីសំណេះសំណាលលេងជាមួយប្អូនស្រីបន្តិចនិងសួរនាំងជីមីនពីអក្ការៈរបស់នាងផងដែរ ។
<<តើនាងអាចចងចាំអ្វីបានទៀតទេបួនឆ្នាំមកនេះ?>>
<<តាមការសង្កេតរបស់ខ្ញុំនាងមិនទាន់ចាំអ្វីបាននោះទេ នាងគ្រាន់តែមានអារម្មណ៍ដឹងប៉ុណ្ណោះ>>
<<មិនអីទេ យើងនៅមានពេលច្រើនណាស់ សំខាន់ពេលនេះនាងអាចដើរបានវិញ! អរគុណឯងណាស់សម្រាប់ការមើលថែទាំនាង អរគុណណាស់ប្អូនថ្លៃ!>> ឆេយ៉ាងនិយាយទាំងញញឹមនិងយកដៃទៅគោះស្មារបស់ជីមីនជាពិសេសពាក្យថាប្អូនថ្លៃធ្វើឱ្យគេរំភើបយ៉ាងខ្លាំង ព្រោះគេត្រូវបានទទួលស្គាល់ហើយ ។
+++
<<ថ្ងៃនេះជាលើកដំបូងរបស់ខ្ញុំហើយដែលអាចមកមើលព្រះអាទិត្យលិចដោយជើងទាំងពីររបស់ខ្លួនឯងផ្ទាល់ មិនមែនរទេះរុញ ហើយក៏មិនមែនឈើច្រត់!>> ឆេយ៉ុងនិយាយចប់ក៏សម្លឹងមើលក្រោយក៏ឃើញថាជីមីនដូចជារៀងងងុយៗម៉េចមិនដឹងទេ នាងក៏ប្រញាប់ទៅអង្គុយក្បែរគេហើយក្បាលរបស់គេក៏នៅកើយលើស្មារបស់នាងតែម្ដង ។ អារម្មណ៍នេះ រូបភាពនេះ ពេលវេលានេះដូចជាធ្លាប់កើតមានលើនាងម្ដងនៅពេលណាអ៊ីចេះ?
<<ខ្ញុំមានអារម្មណ៍ថាវាធ្លាប់កើតឡើងម្ដងហើយ!>> និយាយហើយក៏ខំប្រឹងគិតមើលរហូតនាងនឹកឃើញរឿងមួយចំនួនតែមិនច្បាស់នោះទេ នៅព្រិលស្រពិចស្រពិលនៅឡើយទេ ។
<<អេ!ឆេយ៉ុងឯងងងុយគេងមែនទេ?>> ជីមីនភ្ញាក់មកភ្លាមឃើញឆេយ៉ុងកំពុងបិទភ្នែកគិត គេស្មានថានាងងងុយគេ គេក៏ប្រុងនាំនាងទៅវិញ ។
<<អត់ទេ! ខ្ញុំមិនទាន់ងងុយទេ!>>
<<បើឯងងងុយប្រាប់បងមក ឯងមិនបាច់ភ័យទេ បងអៀវឯងទៅផ្ទះវិញ!>> និយាយហើយគេក៏លើកអៀវនាងទៅផ្ទះវិញ តែការអៀវមួយនេះបានធ្វើឱ្យការចងចាំរបស់ឆេយ៉ុងត្រឡប់មកវិញ ។
<<អួយ!ឈឺក្បាលណាស់!>>
<<ឈឺក្បាលមែនទេ?ឯងទ្រាំបន្តិចទៅជិតដល់ផ្ទះហើយ!>> ជីមីនក៏ប្រញាប់បន្ថែមល្បឿនព្រោះឮថាឆេយ៉ុងឈឺក្បាលតែឃើញគេបែបនេះឆេយ៉ុងក៏ស្រក់ទឹកភ្នែកចុះមក!
<<ជីមីន!>> ជីមីនឈប់ងក់! ព្រោះឮឈ្មោះរបស់គេត្រូវបានហៅដោយមនុស្សសំខាន់របស់គេម្ដងទៀត ។
<<ឯងហៅបងមែនទេ?>> គេសួរដើម្បីបញ្ជាក់ ។
<<ខ្ញុំហៅបង បងមីន!>> ជីមីនដាក់នាងចុះ ។
<<ឯងចាំបងបានហើយមែនទេ?>> ជីមីនកាន់ដៃរបស់នាងយកមកដាក់លើថ្ពាល់របស់គេទាំងទឹកភ្នែករលីងរលោងព្រោះគេរងចាំថ្ងៃនេះយូរហើយ ។
<<អ៊ឹម!>> នាងគ្រហឹមបន្តិចនិងងក់ក្បាលបញ្ជាក់ថានាងចាំគេបានហើយ គ្រាន់តែឮភ្លាមជីមីនក៏ទាញនាងមកឱបទាំងរលីងរលោងភ្លាម ។
<<អរគុណដែលបងចូលមកក្នុងជីវិតរបស់ខ្ញុំ!>>
YOU ARE READING
Managerកំពូលស្នេហ៍
Romance[My Charming Manager] Managerឬអាចហៅថាអ្នកចាត់ការនិងគ្រប់គ្រងទូទៅ លើអ្វីមួយ ។ បើនិយាយពីអ្នកចាត់ការទូទៅរបស់តារាវិញ ជាពិសេសតារាស្រីគឺថាពួកគេមានភាពស្និទ្ធស្នាលគ្នាយ៉ាងខ្លាំង និងអាចក្លាយទៅជាស្នេហាផងដែរ ។ តែតារាស្រីម្នាក់នោះ នាងមានឈ្មោះថាឆេយ៉ុងគឺត្រូវបានម...