២០

27 2 0
                                    

រីករាយអានណាចាស៎...

គូដណ្ដឹងរាជវង្ស
ភាគទី ២០

   ព្រះនាងអេរីសាទ្រង់ហាក់ស្រឡាំងកាំង ភ្ញាក់ព្រើត ឈរចំហរមាត់ស្ងៀមទ្រឹងមួយកន្លែង កាលបើស្តាប់នៅបន្ទូលទូលសួរមួយឃ្លារបស់រាជទាយាទហើយ នេះមកសួរទ្រង់រឺក៏មកបបួលទ្រង់ឱ្យប្រាកដទៅ? ក្រែងបន្ទាយជាកន្លែងកងទ័ពវឹកហាត់មិនចឹងហេស៎? ហើយរឹតតែមានច្បាប់ទម្លាប់តឹងរឹងជាពិសេសនេះគឺមនុស្សស្រី ដាច់ខានគឺមិនអាចនាំចូលបន្ទាយបានឡើយ បើនរណាហ៊ានល្មើសសុទ្ធតែត្រូវមានទោសធ្ងន់ ចុះហេតុអីក៏រាជទាយាទហ៊ានមកបបួលទ្រង់ទៅវិញ? សំណួររាប់រយ រាប់ពាន់ លោតឡើងពេញខួរក្បាលអស់ហើយ ប៉ុន្តែមិនហ៊ានសួរដោយមាត់ បានត្រឹមតែបង្ហាញចេញតាមក្រសែរភ្នែក។
   " មិនអីទេ យើងទុកពេលឱ្យទ្រង់គិតសិនចុះ 6ថ្ងៃក្រោយយើងនិងមកទទួលចម្លើយចេញពីមាត់ទ្រង់ម្តងទៀត " កាលបើរងចាំចម្លើយហាក់ដូចជាយូរខ្លាំងពេក រាជទាយាទណាមជុនទ្រង់ក៏មានបន្ទូលបែបនេះ រួចក៏ឈានចង់យាងចេញទៅទាំងមិនចង់ ត្បិតថាទ្រង់ក៏ឈររងចាំនៅចម្លើយយូរគួរសមទៅហើយ ប៉ុន្តែមើលទៅអ្នកម្ខាងទៀតដូចជាឆ្លើយមិនទាន់ចេញនោះទេ ត្បិតទ្រង់បែខ្នងបោះជំហ៊ានយាងចេញពិតមែន ប៉ុន្តែទ្រង់ក៏មិនភ្លេចងាកក្រោយសម្លឹងមករកម្ចាស់កាយតូចល្អិតដែលកំពុងតែអង្គុយមានមន្ទិលឯណោះបន្តិចសិនដែល ទើបទ្រង់ដាច់ព្រះទ័យយាងចាកចេញទៅយ៉ាងពិតប្រាកដតែម្តង។
   " តើខ្ញុំគួរឆ្លើយបែបណាទៅរាជទាយាទណាមជុន!! ហ្អើយ... " កាលបើតាមសម្លឹងមើលដំណើររបស់ម្ចាស់កាយសង្ហាយាងចាកចេញផុតពីក្រសែរភ្នែកហើយ ព្រះនាងអេរីសាទ្រង់ក៏មានបន្ទូលពាក្យទាំងនេះរងូវៗតែម្នាក់ឯង រួចក៏ដកដង្ហើមធំ ហាក់ស្មុកចិត្ត នៅតែគិតមិនយល់ពីចិត្តរបស់មនុស្សគ្មានបេះដូងដូចជារាជទាយាទណាមជុន ម្តងក៏មកល្អមើលទៅគួរឱ្យស្រឡាញ់ ម្តងក៏មកអាក្រក់រាល់ពេលទ្រង់មានបន្ទូលម្តងៗចង់តែច្របាច់ករឱ្យស្លាប់!! តែណ្ហើយ...ទោះយ៉ាងណាក៏ទ្រង់នៅសល់ពេលដល់ទៅ6ថ្ងៃទៀតដែរ គិតមើលសិនក៏ល្អ ជូនកាលអាចជាពាក្យបោកបញ្ឆោតក៏ថាបាន។
   ពេលយប់...
   យប់យន់ទន់ទេរក៏ឈានចូលមកដល់ ជាពេលវេលាដែលគ្រប់មនុស្សសត្វត្រូវចូលសម្រាក សម្រាប់ថ្ងៃស្អែក ពន្លឺនៃព្រះច័ន្ទជ្រៀតជ្រែកស្បៃររាត្រី បញ្ចេញរស្មើរយ៉ាងត្រចាស់ត្រចង់ តារារះពេញផ្ទៃមេឃ ហុំព័ទ្ធដួងច័ន្ទ ប្រណាំងគ្នាបញ្ចេញសម្រស់រៀងខ្លួន នាំឱ្យកែវភ្នែកស្រស់ថ្លាមួយគូរ ដែលកំពុងតែសម្លឹងងើយមើលទៅដួងច័ន្ទឯណេះ ហាក់ពេញចិត្តនិងឈ្លួកវង្វេងមិនស្ទើរ ស្នាមញញឹមទាំងភ្លាំងភ្លឹកក៏លេចចេញឡើងពីបបូរមាត់ក្រហមព្រឿងៗរបស់រាជទាយាទហាក់មានក្តីសុខមិនស្ទើរ កាលបើរូបភាពនិងកាយវិការរបស់មនុស្សស្រីម្នាក់នោះ ដែលមាននាមថាជាគូរដណ្តឹងនិងជាមហេសីទៅថ្ងៃអនាគតនៅពេញក្នុងខួរក្បាលអស់ទៅហើយ ចង់គិតអ្វីផ្សេងក៏មិនចេញដែល រឺវាជាអារម្មណ៍លង់ស្រឡាញ់?
   (អ្នកណានឹកដល់ទ្រង់ទៅ? ខ្ញុំម្ចាស់...គ្រាន់តែសប្បាយចិត្តជាមួយនិងផ្កាទាំងនោះប៉ុណ្ណោះ) រាជទាយាទណាមជុនទ្រង់ហាក់ញញឹមបិទមាត់មិនជិត កាលបើការចងចាំចេះតែលោតឡើងមិនឈប់ កាយវិការភ័យ ប្រកែកមិនព្រមទទួលស្គាល់របស់ព្រះនាងអេរីសាកាលពីរល្ងាចមិញនេះ ហាក់ធ្វើឱ្យទ្រង់សប្បាយព្រះទ័យ លួចញញឹមតែម្នាក់ឯងបានយ៉ាងងាយ ខុសដាច់ស្រឡះពីពេលដែលទ្រង់មិនទាន់ជួប មិនទាន់ស្គាល់ព្រះនាង រឺវាក៏ជាអារម្មណ៍មនុស្សមានស្នេហា?
   " ថ្អាល់របស់ទ្រង់ពិតជាក្រអូប... " រាជទាយាទណាមជុនទ្រង់ស្រាប់ញោចរលឹកដល់ស្នាមថើមនៅថ្ងៃមុននោះ ទ្រង់លើកដៃមកអង្អែលបបូរមាត់ទ្រង់ថើៗ រួចក៏ញញឹមឡើងម្តងទៀតយ៉ាងខិលតែម្តង ត្បិតតែស្នាមថើមនោះគ្មានចេតនាមែន ប៉ុន្តែវាពិតជាមានតម្លៃណាស់ ក្លិនដ៏ក្រអូបចេញពីថ្ពាល់របស់ព្រះនាងអេរីសា អារម្មណ៍ដែលទ្រង់មិនធ្លាប់និងជួប ស្ទើរពាក់កណ្តាលជីវិតទៅហើយ ពេលនេះទ្រង់ស្រាប់តែជួបផ្ទួនៗលើគ្នា រឺក៏បេះដូងទឹកកកដែលមិនធ្លាប់ត្រូវកម្តៅបេះដូងពីនារីណាសោះ ក៏ត្រូវមករលាយបន្តិចម្តងត្រឹមព្រះនាងអេរីសាហើយ?
.../...
   (នឹកដល់យើងមែនទេ?) ស្នាមញញឹមក៏លេចចេញមកភ្លាមៗពីបបូរមាត់តូចស្អាតរបស់ព្រះនាងអេរីសា កាលបើទ្រង់ធ្លាក់ចូលទៅក្នុងពិភពស្រមើស្រមៃអំពីប្រយោគនិងទឹកមុខរបស់រាជទាយាទដែលទើបតែជួបកាលពីល្ងាចមិញនេះហើយ សំណួរមួយប្រយោគនេះនៅតែដក់ជាប់ក្នុងព្រះទ័យទ្រង់ហាក់មិនទៅណាឆ្ងាយសោះ ទោះជាទ្រង់ព្យាយាមបន្លប់ក៏មិនបានផល ព្រះនាងអេរីសាទ្រង់ឈរក្បែរមាត់បង្អួច សម្លឹងមើលទៅកាន់ដួងច័ន្ទដែលរះខ្ពស់សែនឆ្ងាយ ស្រមៃពីរឿងរ៉ាវទាំងល្អនិងអាក្រក់ដែលទ្រង់និងរាជទាយាទបានសាងមកជាមួយគ្នា ហាក់មានក្តីសុខមិនចាញ់រាជទាយាទឯណោះប៉ុន្មាននេះទេ សាកស្រមៃទៅមើល មនុស្សពីរនាក់នឹកដល់គ្នាសម្លឹងមើលព្រះច័ន្ទតែមួយហើយក៏រំលឹងអនុស្សាវរីយ៍ជាមួយគ្នាដូចគ្នាថែមទៀត ហាក់បីដូចកំពុងយកដួងច័ន្ទមកធ្វើជាសាក្សីយ៉ាងអញ្ចឹង ត្បិតថារាងកាយរបស់ព្រះនាងពេលនេះ ក៏មានត្រឹមតែរ៉ូបស្បៃរដ៏ស្តើងមួយជាន់គ្របដណ្តប់លើស្បែកតែប៉ុណ្ណោះ ភ្លេងរាត្រីក៏ដេញបន្ទរគ្នា ស្តាប់ទៅគួរឱ្យអន្លង់អន្លូច នឹករលឹកដល់ ហាក់ស៊ីចង្វាក់គ្នាជាមួយនិងអារម្មណ៍របស់ទ្រង់ពេលនេះតែម្តង។
   " យាងទៅបន្ទាយ!! ទ្រង់លលេងទេដឹង? បន្ទាយមិចនិងអាចឱ្យមនុស្សស្រីចូលទៅបាននោះ? " ព្រះនាងអេរីសា ទ្រង់ស្រាប់តែញោចនឹកដល់ ត្បិតថារាជទាយាទមកបបួលទ្រង់ទៅបន្ទាយកងទ័ពជាមួយគ្នា ប៉ុន្តែអ្នកណាក៏ដឹងថាបន្ទាយគឺជាកន្លែងកងទ័ព ហើយក៏ជាកន្លែងដែលតឹងតែងបំផុតចំពោះមនុស្ស ជាពិសេស គឺមនុស្សស្រីដែលយាងមកពីឆ្ងាយដូចជាទ្រង់បែបនេះថែមទៀត ទ្រង់លើកចិញ្ចើមម្ខាងហាក់មានចម្ងល់ រួចក៏បែកាយយាងចេញមកឆ្ងាយបន្តិចពីបង្អួច។
   " ម្ចាស់បង អេរីសា!! "
   " នេះឯងមិនទាន់សម្រាកទេរឺ!? " ព្រះនាងអេរីសាទ្រង់ក៏ឧទានសួរ ត្បិតថាទ្រង់ងាកព្រះភ័ក្ត្រមកក៏ឃើញវត្តមានរបស់ប្អូនស្រីជាទីស្រឡាញ់របស់ទ្រង់យាងមកដល់ល្មម ទ្រង់ហាក់ភ្ញាក់បន្តិចដែល ប៉ុន្តែក៏ព្យាយាមរៀបរឹកឱ្យដូចជាធម្មតាបំផុត។
   " ទ្រង់ក៏មិនទាន់ផ្ទំដែល ទ្រង់កំពុងតែគិតអីមែនទេពរម្ចាស់? រឺក៏... " ព្រះនាងយូរីសាទ្រង់មិនបានឆ្លើយតបទេ ប៉ុន្តែក៏រើសយកសំណួរមកសួរតបទៅបងស្រីវិញជំនួសឱ្យចម្លើយ ត្បិតថាអត្តន័យក៏មិនខុសពីការឆ្លើយប៉ុន្មានដែល ដោយទ្រង់ក៏ឈានយាងនាំកាយចូលមកកាន់តែជិតកាយបងស្រី រួចក៏ទម្លាក់កាយអង្គុយចុះ នៅលើរានហាលដែលនៅក្បែរមាត់បង្អួចនិងតែម្តង។
   " យើងគ្មានគិតអីទេ យើងគ្រាន់តែផ្ទំមិនលក់ ទើបចេញមកស្រូបយកខ្យល់អាកាសបន្តិច " ព្រះនាងអេរីសាទ្រង់ឆាប់បន្ទូលឆ្លើយយ៉ាងរហ័ស ហាក់កំពុងតែលាក់បាំង កុំឱ្យប្អូនចាប់ថ្នាក់បាន ត្បិតថាព្រះនាងយូរីសាទ្រង់ក៏ញោចបបូរមាត់ឡើងហាក់មិនចង់ជឿបន្តិច រួចទ្រង់ក៏ឈោងទាញយកប៉ាន់តែ មកចាក់ចូលពែង មុននិងលើកយកមកក្រេបទាំងកណ្តាលយប់។
   " មិនមែននឹកដល់រាជទាយាទទេដឹង.. " ព្រះនាងយូរីសាទ្រង់លើកពែងតែក្រេបមួយក្អិកហើយក៏ដាក់ចុះវិញ ផ្ទៃព្រះភ័ក្ត្រក៏ហាក់ញញឹមស៊កសៀតមុននិងទ្រង់ចោទសំណួរសួរផ្ចាញ់ផ្ចាល បែបត្រង់ៗទៅវិញ។
   " ផ្តេសផ្តាស់!! " ព្រះនាងអេរីសាទ្រង់ក៏ឧទានប្រយោគនេះភ្លាមៗ ហាក់ប្រតិកម្មខ្លាំង ទ្រង់មានបន្ទូលទាំងគេចព្រះភ័ក្ត្រចេញ ប៉ុន្តែកាយវិការទ្រង់បែជាធ្វើឱ្យ ព្រះនាងយូរីសាទ្រង់ញញឹមក្រវីក្បាលហួសព្រះទ័យ មិននឹកស្មានថាទ្រង់មាត់រឹងយ៉ាងនេះសោះ បើនឹកក៏និយាយថានឹកទៅ មានអ្នកណាគេទៅថាអី។
   " ខ្ញុំម្ចាស់ចាប់បានថា រាជទាយាទកាលពីព្រឹកមិញ ដូចជាហួងហែងទ្រង់ខ្លាំងណាស់ណា៎...» ព្រះនាងយូរីសាទ្រង់មានបន្ទូលដូចកំពុងតែចង់បញ្ចុះបញ្ជូល សាកចិត្តបងស្រីខ្លួន ទ្រង់ក៏ក្រោកឈរឡើងអស់កម្ពស់ មុននិងយាងចូលទៅជិតកាយបងស្រី ហើយក៏ឈោងដៃទាំងសងខាង កាន់ស្មាតូចស្តើងរបស់បងស្រីទ្រង់ ញញឹមហាក់មានគំណួចបន្តិច៖
   " ទ្រង់មិនចាប់អារម្មណ៍ទេរឺយ៉ាងមិច...? " ព្រះនាងអេរីសាទ្រង់ហាក់គាំងបន្តិចដែលកាលបើត្រូវប្អូនស្រីសួរចំចំណុចបែបនេះ ទ្រង់រឹងខ្លួនឆ្គើត កែវភ្នែកទាំងគូក៏ក្រឡាស់ក្រឡាប់ ហាក់កំពុងតែត្រិះរិះពីប្រយោគដើម្បីប្រកែកតវ៉ាដូចគ្នា។
   " បានហើយយូរីសាឯងនៅក្មេងណាស់ ឯងមិនទាន់យល់ពីរឿងស្នេហាទេ ជាពិសេសគឺចិត្តមនុស្សប្រុស ពេលខ្លះកាយវិការគេ មិនមែនសុទ្ធតែជាការស្រឡាញ់ទាំងអស់នោះទេ "
   " ហេតុអីក៏ទ្រង់ដឹងច្បាស់ម្ល៉េះ? ខ្ញុំម្ចាស់នៅក្មេងមែន តែខ្ញុំម្ចាស់ក៏មើលដឹង ថារាជទាយាទទ្រង់ពិតជាមានចិត្តលើម្ចាស់បងខ្ញុំម្ចាស់ប្រាកដណាស់ " ព្រះនាងយូរីសាទ្រង់នៅតែស៊កសៀតពាក្យសម្តី បញ្ចុះបញ្ជូលបងស្រីមិនឈប់ ត្បិតថាទ្រង់ជាកូនក្មេងក្នុងក្រសែរភ្នែកម្ចាស់បងទ្រង់ ប៉ុន្តែទ្រង់ក៏មានវ័យល្មមអាចចេះគិតបានហើយ ទោះរឿងខ្លះទ្រង់នៅក្មេងខ្ចី ប៉ុន្តែរឿងងាយៗបែបនេះ អ្នកណាថាមើលមិនដឹងទៅ?
   ព្រះនាងអេរីសាទ្រង់ហាក់ចង់គេចមុខ កាលបើប្រយោគនិងក្រសែរភ្នែកប្អូនស្រីដែលកំពុងសម្លឹងមកកាន់ទ្រង់ ហាក់ដូចជាព្យាយាមចង់មើលឱ្យធ្លុះពីទឹកព្រះទ័យទ្រង់នៅពេលនេះទៅហើយ បើបណ្តោយច្បាស់ជាលេចចេញទៅជាមិនខាន ដូច្នេះជម្រើសល្អបំផុតមានតែដើរចេញ។
   " ទ្រង់អាចយកសម្តីខ្ញុំម្ចាស់ទៅគិតបានណា ជូនកាលរឿងខ្លះ មិនប្រាកដថាអាក្រក់ដូចជាទ្រង់គិតទាំងអស់នោះទេបងស្រី ហិហិ " ព្រះនាងយូរីសាទ្រង់ទូលយ៉ាងខ្លាំងៗពីក្រោយដំណើរម្ចាស់បងទ្រង់ ត្បិតថាព្រះនាងអេរីសាទ្រង់ក៏យាងគេចព្រះភ័ក្ត្រ យាងចេញទៅប្រាស់កាយធ្វើជាសំងំផ្ទំបាត់ទៅហើយ នៅសល់តែព្រះនាងយូរីសាប៉ុណ្ណោះដែលនៅអង្គុយមាត់បង្អួតតែម្នាក់ឯង ត្បិតទ្រង់ស្រាប់តែញោចស្នាមញញឹមឡើង បែមកសម្លឹងទៅកាន់ដួងព្រះច័ន្ទតាមបង្អួចឯណោះវិញ តែថាព្រះច័ន្ទពេលនេះមិនស្រឡះដូចមុនទៀតទេ វាហាក់អាប់អ៊ួ ព្រោះតែពពកខ្មៅបាំងបិទ បណ្តាលឱ្យបានឃើញត្រឹមតែដាមៗប៉ុណ្ណោះ ទឹកព្រះភ័ក្ត្រដែលញញឹមស្រស់អម្បាញ់មិញ ប្រែជាគ្រាមស្រពោនឡើង មួយរំពេចន៍...
   " ព្រះច័ន្ទថ្ងៃនេះអ៊ួអាប់ណាស់ ប្រៀបដូចជាអារម្មណ៍របស់ខ្ញុំពេលនេះយ៉ាងអញ្ចឹង ពេលខ្លះខ្ញុំពិតជាចង់ក្លាយជាម្ចាស់បងអេរីសាខ្លាំងណាស់ ទ្រង់ពូកែគ្រប់យ៉ាង មនុស្សដែលបាននៅក្បែរទ្រង់ហើយសុទ្ធតែស្រឡាញ់និងចូលចិត្តទ្រង់ទាំងអស់ ខុសដាច់ពីខ្ញុំខ្លាំងណាស់ ព្រះច័ន្ទ!! តើខ្ញុំគួរឱ្យធុញណាស់មែនទេ?»

============
MOZU💞

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Where stories live. Discover now