ភាគទី២១

292 3 0
                                    

(បងសុំទោស)

“ហ៊ឹសៗ គាត់តែងបែបនេះឯង អ្នកណាក៏រាក់ទាក់អ្នកណាក៏គាត់ល្អជាមួយដែរ” មីន ប្រាប់ត្រង់ៗតាមអ្វីដែលខ្លួនបានដឹង។
ចិញ្ចើមរាវស្អាតត្រូវជ្រួញចូលគ្នាបន្តិច ពេលមានអារម្មណ៍ថាអ្វីម្យ៉ាងកំពុងហូរចេញពីច្រមុះ។
“មីន ឯងឈាមច្រមុះហើយ!” យ៉ុនហ៊ី ស្រែកភ្ញាក់ផ្អើលព្រមទាំងទាញក្រដាសហុចមកឱ្យស្រីតូចទាំងទឹកមុខភ័យស្លន់ស្លោ។
“ខ្ញុំសុំទៅបន្ទប់ទឹកមួយភ្លែត” ត្រឹមឃើញស្ថានភាពមិនសូវស្រួល មីនជី ស្ទុះរត់ទៅបន្ទប់យ៉ាងទាន់ហន់តែម្ដង។
មីន រត់ត្រហេបត្រហបទាំងប្រញាប់ប្រញាល់មកបន្ទប់ទឹក លាងសម្អាតឈាមចេញពីច្រមុះរបស់ខ្លួន ដែលវាគិតតែហូរមកមិនឈប់ ថ្នាក់នាងលាងហើយនៅមិនចង់ជ្រះផង។
“ហ៊ើយ! ម៉េចក៏មកឈាមអីពេលនេះទៅវិញ” មីន រអ៊ូខ្សាវទាំងមិនស្រួលក្នុងចិត្ត។ បើនាងឈាមច្រមុះបែបនេះទៅហើយ មានឬដែលអ្នកខាងក្រៅមិនសួរដេញដោលនាងនោះអ្នកណាមិនដឹងទេ យ៉ុនហ៊ី ផងសួរងាប់ចោលតែម្ដង។
មីន មើលខ្លួនឯងឱ្យទាល់តែរៀបរយជាថ្មី ទើបដាច់ចិត្តដើរចេញពីបន្ទប់ទឹក។ ត្រឹមឃើញអ្នកអង្គុយនៅតុសម្លឹងខ្លួនពីចម្ងាយ នាងក៏ដឹងច្បាស់ទៅហើយថាអ្នកម្ខាងទៀតកំពុងគិតអ្វី។
“មីន ឯង...”
“ខ្ញុំក្ដៅក្នុងទើបទៅជាឈាមច្រមុះបែបនេះ” មីនជី និយាយកាត់មុនមនុស្សពូកែសួរ សួរនាំដេញដោលជាងនេះ។
“ឯងនេះនិយាយកាត់លឿនណាស់!...តែថាឯងគួរតែរកថ្នាំលេបទៅទុកបែបនេះមិនល្អទេ”
“ខ្ញុំដឹងហើយ! តែថ្នាំខ្ញុំទុកនៅផ្ទះមិនបានដាក់តាមខ្លួនទេ”
“នាងច្រម៉ក់ឯងនេះ!”
“ហ៊ើយ បានហើយឆាប់ញ៉ាំទៅ!... ម្ហូបត្រជាក់អស់ឥលូវហើយ” មីន ត្រូវប្ដូរសាច់រឿងនិយាយភ្លាម មិនចង់រំលឹករឿងមិនសប្បាយចិត្តទាំងនេះទៀត។
នៅទីបំផុតការលេងញ៉ាំអាហាររបស់ក្រមុំទាំងបី ក៏មកដល់ពេលបញ្ចប់ដូចគ្នា ម្នាក់ៗញ៉ាំឡើងហល់ដើរលេងឡើងហត់ទៅហើយ ថ្នាក់សឹងតែគ្មានកម្លាំងទៅមុខទៀតផង។
“ហ៊ើយ! ថ្ងៃនេះជាថ្ងៃដែលខ្ញុំញ៉ាំឆ្អែតជាងគេបំផុតហើយ” យ៉ុនហេ និយាយឡើងទាំងសប្បាយជាមួយក្ដីសុខ ដែលខ្លួនបានញ៉ាំឆ្អែតខ្លាំងដល់ថ្នាក់នេះ។
“នាងច្រម៉ក់ឯងនេះ! គិតតែញ៉ាំតិចទៀតក្លាយជាជ្រូកហើយ” យ៉ុនហ៊ី បង្អាប់ប្អូនស្រីពូកែញ៉ាំរបស់ខ្លួន ដែលញ៉ាំដូចមិនចេះហល់ទាល់តែសោះ។
“បងស្រី!” យ៉ុនហេ ត្រូវធ្វើមុខមិនពេញចិត្តដែលត្រូវបងស្រីបង្អាប់ដល់ថ្នាក់នេះ ថែមទាំងនៅមុខអ្នកផ្សេងទៀត។
“បងយ៉ាងម៉េច? បងនិយាយត្រូវហ្អេស?”
“ឈប់និយាយជាមួយបងហើយ!”
“ហ៊ឹសៗ...” មីនជី អស់សំណើចនឹងការឈ្លោះប្រកែកគ្នារបស់បងប្អូនស្រីទាំងពីរ។
“ត្រូវហើយ មីនជី ឯងមានអ្នកមកទទួលទេ? បើគ្មានទេទៅវិញជាមួយពួកខ្ញុំក៏បាន” យ៉ុនហ៊ី បបួលទាំងមានទឹកចិត្ត។
“ត្រូវហើយបងស្រីទៅវិញជាមួយគ្នាទៅ” យ៉ុនហេ ជាអ្នកជួយបន្តកន្ទុយពីក្រោយ។
“ហ៊ឹសៗ អរគុណអ្នកទាំងពីរណាស់ តែខ្ញុំមានមនុស្សមកទទួលហើយ! ឃើញទេនោះមកចាំតាំងពីពេលណាក៏មិនដឹង” មីន បួញមាត់ទៅរកឡានទំនើបស៊េរីចុងក្រោយ ដែលមកឈប់ចាំនាងតាំងពីពេលណាក៏មិនដឹង ថ្នាក់មុននេះនាងចេញមកនៅភ្ញាក់ផ្អើលផង។
“អឹម អ៊ីចឹងធ្វើដំណើរដោយសុវត្ថិភាពណា” យ៉ុនហ៊ី ចូលមកឱប មីន បន្តដោយប្អូនស្រីរបស់នាង។
“ឯងក៏ដូចគ្នា! បាយៗ”
“បាយៗ បងស្រី” យ៉ុនហេ លាទាំងមិនដាច់ចិត្តមានអារម្មណ៍ថាចូលចិត្ត មីន ខ្លាំងមែនទែន។
លែងបង្អង់យូរ មីន ដើរមករកឡានស្ពតខ្មៅក្រឹបដែលចតនៅមិនខានប៉ុន្មានពីកន្លែងនាងឈរមុននេះ ដែលមានមនុស្សអ្នកកំលោះរងចាំខ្លួនជាស្រេច។
“សួស្ដី លោកហ៊្សូស! មកចាំយូរហើយឬ?” មីន រាក់ទាក់កំលោះចំពោះមុខបែបរអៀសចិត្ត ដែលត្រូវឱ្យគេមករងចាំខ្លួនដើរលលេងបែបនេះ។
“អត់ទេ! មកដល់មុនអ្នកនាងចេញមកបន្តិច” ហ៊្សូស តបទាំងញញឹមស្រស់ធ្វើដូចមែនទែន ទាំងដែលខ្លួនឯងកុហកនាងសោះ។ តាមពិតទៅតាំងពីជូននាងមកគេមិនបានទៅណានោះទេ គឺនៅអង្គុយចាំនាងនៅត្រង់នេះឯង។
“អ៊ីចឹងឆាប់ទៅ! ប្រហែលជា ឌែន កំពុងរងចាំហើយ” មីន ញញឹមពេលគិតដល់មនុស្សជាទៅស្រលាញ់ តែហើយស្នាមញញឹមក៏រលត់បាត់តែម្ដងពេលឮប្រយោគកំលោះសង្ហាចំពោះមុខ។
“ចៅហ្វាយប្រាប់ថាយប់នេះរវល់ មិនបានត្រលប់មកវិញទេ ផ្ដាំឱ្យអ្នកនាងចូលសម្រាកមុនទៅ”
“អរ ចាស...” ស្រីស្រស់តបទាំងមិនពេញសំំឡេង ហាក់មិនចង់ទទួលដឹងរឿងទាំងនេះ តែក៏ព្យាយាមញញឹមខ្សោះចេញមក មិនចង់ឱ្យអ្នកណាដឹងពីអារម្មណ៍អន់ចិត្តខ្លួននៅពេលនេះ។
(បើបងឈប់ស្រលាញ់អូនហើយ បងគួរតែប្រាប់អូន ឌែន កុំឱ្យអូននៅត្រាំត្រែងជាមួយអារម្មណ៍នេះតែម្នាក់ឯង) មីន វិលវុលជាមួយអារម្មណ៍ចាប់ផ្ដើមប្រែប្រួលរបស់គេ ពីមួយថ្ងៃទៅមួយថ្ងៃគេកាន់តែមិនសូវរវល់ពីនាងទៅហើយ។
ភាពសោះកក្រោះដែលអ្នកកំលោះផ្ដល់ឱ្យ ធ្វើឱ្យមនុស្សប៉ិនគិតច្រើនដូចជា មីនជី អត់ខ្វល់ខ្វាយ ស្មុគចិត្តជាមួយនឹងរឿងទាំងនេះមិនបាន យប់ខ្លះក៏គេងយំ យំំខ្លះក៏មិនអាចគេងលក់។ ហើយនាងក៏ដឹងដូចគ្នាថាបើនាងនៅតែបន្តគិតមិនឈប់បែបនេះ ជំងឺរបស់នាងមិនត្រឹមតែមិនជានោះទេ អាចនឹងទៅជាធ្ងន់ធ្ងរថែមទៀតក៏ថាបាន។

ធ្នាក់ឯកាWhere stories live. Discover now