ភាគបញ្ចប់

396 6 0
                                    

(បងនឹងរងចាំអូន)

ពីរសប្ដាហ៍កន្លងផុតទៅ
នៅទីបំផុតកាលកំណត់នៃការវះកាត់របស់នាងក៏មកដល់ រាងតូចស្ដើងស្លេកស្លាំងតិចតួចព្រោះស្ថានភាពជំងឺគេងស្ងៀមនៅលើគ្រែឱ្យក្រុមគ្រូពេទ្យត្រៀមរុញចូលបន្ទប់វះកាត់ ដោយមានមនុស្សជាទីស្រលាញ់ចាំជូនដំណើរ។ មិនមែនទេ មិនមែនមានតែអ្នកកំលោះនោះទេ សូម្បីតែក្រុមគ្រួសារដែលនាងតែងតែចង់បានក្ដីស្រលាញ់ ថ្នាក់ថ្នមពីពួកគេពេលនេះក៏មានវត្តមាននៅទីនេះដូចគ្នា។
“មីនជី ឱ្យម៉ាក់សុំទោសដែលកន្លងមកតែងតែស្អប់កូន តែងតែធ្វើបាបកូន! ចូលទៅដល់ក្នុងនោះកូនត្រូវរឹងមាំណា ពួកយើងនៅចាំផ្ដល់កម្លាំងចិត្តដល់កូន... ម៉ាក់ស្រលាញ់កូន!”
ជុប
អ្នកម្ដាយថើបថ្ងាសស្អាតរលោងរបស់កូនស្រី ជាមួយចិត្តសោកស្ដាយបំផុត ដែលកន្លងមកគាត់មិនបានបំពេញតួនាទីជាម្ដាយល្អដល់នាង។ បើទោះជាពេលនេះវាអាចយឺតពេលបន្តិចសម្រាប់គាត់ តែក៏អាចមានឳកាសនិយាយពាក្យនេះទៅកាន់តែនាងដូចគ្នា។
“ពួកបងក៏សុំទោសឯងដូចគ្នា... តស៊ូឡើងណាប្អូនស្រី ពួកយើងនៅរងចាំឯងត្រលប់មកវិញ” ទាំងមីនអានឹងមីនស៊ូចូលមកឱបប្អូនស្រីព្រមគ្នា។
“អរគុណពួកបងណាស់ ខ្ញុំស្រលាញ់ពួកបង”
“រឹងមាំឡើងកូនស្រីប៉ា”
ជុប
អ្នកជាឪពុកដែលបែកគ្នារាប់ឆ្នាំ ផ្ដល់ភាពកក់ក្ដៅដល់នាងលើកដំបូងតាមរយៈស្នាមថើបលើថ្ងាសស្អាត។
“ឯងត្រូវតែមិនអី! ខ្ញុំនៅចាំឯងពន្យល់មេរៀនខ្ញុំទៀត” យ៉ុនហ៊ី ក៏មិនខុសពីអ្នកឯទៀតចូលមកឱបមិត្តសម្លាញ់ណែនដៃ។
“ហ៊ឹសៗ កុំដាក់ខ្លួនពេកខ្ញុំជ្រេញឯងហើយ” ទោះកំពុងក្ដុកក្ដួលក្នុងចិត្តតែ មីន អត់បង្អាប់មិត្តសម្លាញ់មិនបាន។
“ឯងនេះ!” យ៉ុនហ៊ី ធ្វើមុខអន់ចិត្តចេញមក។
“ត្រូវជម្នះឱ្យបានណាកូន ម៉ាក់នឹងបង ឌែន នៅរងចាំកូន” ម៉ាដាម និយាយទាំងក្ដុកក្ដួលមិនចង់ចេញ។ មិនឱ្យគាត់ក្ដុកក្ដួលយ៉ាងម៉េចបែកគ្នាមិនដល់ពីរខែផង មកឮដំណឹងអាក្រក់បែបនេះទៅវិញ។
“ចាសអ្នកម៉ាក់”
រងចាំគ្រប់គ្នាជូនពរស្រីតូចរួចហើយទើប ឌែន ដើរចូលមកឈរក្បែរគ្រែអ្នកជំងឺជាមួយស្នាមញញឹមស្រទន់លើកទឹកចិត្តនាង។
“បងជឿថាអូនអាចធ្វើបាន ត្រូវត្រលប់មករកបងតាមសន្យាដឹងហើយនៅ!” បាតដៃកក់ក្ដៅអង្អែលសក់ទន់រលោងថ្នមៗ ផ្ដល់កម្លាំងចិត្តក៏បង្ហាញក្ដីស្រលាញ់ដល់នាងដូចគ្នា។
ជុប
ឌែន ជំពិតមាត់តូចថ្នមៗមិនគិតខ្មាសក្រសែភ្នែកអ្នកណា ដឹងត្រឹមតែថាគេចង់ផ្ដល់វាឱ្យមនុស្សជាទីស្រលាញ់របស់គេ។
“បងស្រលាញ់អូន មីនជី!” ឌែន ខ្សឹបស្រាលក្បែរបបូរមាត់ក្រពុំមានមន្ដស្នេហ៍។
“អូនក៏ស្រលាញ់បងដែរ! អូនស្រលាញ់បងណាស់ ឌែន” មីន ផ្ដល់ស្នាមញញឹមបង្ហាញពីក្ដីស្រលាញ់ចេញពីបេះដូងដល់អ្នកកំលោះ។
ក្រោយពេលក្រុមគ្រួសារផ្ដាំផ្ញើររួចហើយ គ្រែអ្នកជំងឺត្រូវរុញចូលទៅក្នុងបន្ទប់វះកាត់តែម្ដង ស្របពេលដៃមួយគូដែលចាប់គ្នាមុននេះ ត្រូវលែងទាំងសោកស្ដាយ។ គេមិនចង់ប្រលែងដៃនាងនោះទេ ខ្លាចថាបើលែងហើយគេនឹងមិនអាចចាប់ដៃមួយនេះជារៀងរហូត។
(អូនស្រលាញ់បង ឌែន! ទោះបីជាអូនត្រូវចាកចេញក៏អូននៅតែស្រលាញ់បង ស្រលាញ់ជារៀងរហូត ស្រលាញ់គ្មានថ្ងៃប្រួលប្រែ) មីន ញញឹមដាក់គេជាលើកចុងក្រោយ មុនពេលទ្វារបន្ទប់ត្រូវបិទជិត ប្រៀបដូចជាខ្សែ ខណ្ឌចែករវាងនាងហើយនឹង ឌែន អ៊ីចឹង។

ធ្នាក់ឯកាWhere stories live. Discover now