ស៊ុងហ៊ុនភ្លឹកមើលជេគបន្តិច ហើយក៏គាំងជាមួយសម្ដីជេគមិនស្ទើរដែល។ បានន័យថាបើកភ្លើងខៀវឱ្យគេហើយមែនទេ? អូម៉ាយហ្គត ពិតជាមិនគួរឱ្យជឿមែន។
“អ៊ីចឹងបានន័យថាស្លៀកពាក់បែបនេះ ដើម្បីទាក់ចិត្តខ្ញុំឬ?” ជេគនៅពេលដែលគេនិយាយត្រូវចំណុចបែបនេះក៏អៀនប្រៀនមិនស្ទើរឡើយ។
“ស្អីគេ? គ្មានទេ!” ជេគនិយាយមិនសូវសម គេពិតជាអៀនណាស់ តែក៏នៅតែធ្វើចរិតមាន់ដដែល។
“មើលកុំអៀនមើល” ស៊ុងហ៊ុនចាប់ដៃជេគជាប់រួចក៏ទាញមកលើគ្រែដែលខ្លួនកំពុងតែអង្គុយលើ។ ជេគកាន់តែអៀនមួយកម្រិតទៀត អាចទេបើក្នុងយប់នេះពួកគេទាំងពីរមានអីជាមួយគ្នានោះ?
“គេងទៅ ចាំស្អែកចាំនិយាយគ្នា បងហត់ណាស់” ស៊ុងហ៊ុនផ្ដួលជេគទៅលើគ្រែ ហើយក៏ក្រសោបកាយនេះពីក្រោយយ៉ាងណែន តែមិនបានធ្វើឱ្យជេគសប្បាយរីករាយអ្វីឡើយ។ នេះខំត្រៀមខ្លួនដល់ថ្នាក់នេះហើយមិនចាប់អារម្មណ៍និងខ្លួនទៀតឬ?
“មិនសប្បាយចិត្តទេឬ?” ឮស៊ុងហ៊ុនសួរនាំខ្លួនបែបនេះ ជេគខាំមាត់ជាប់។ មិនចង់និយាយមិនចង់តបជាមួយអ្នកដែលនៅជិតខ្លួនទៀតឡើយ។
“ហេតុអីមិនឆ្លើយ? រឿងបែបនេះធ្វើពេលណាក៏បាន តែថ្ងៃនេះបងហត់ពិតមែនណា” ស៊ុងហ៊ុនពោលដោយក្ដីនឿយណាយ និយាយស្និទ្ធស្នាលខុសប្លែកពីធម្មតា។
“កុំមកអូនបងជាមួយខ្ញុំ” ជេគរុញកាយមាំៗរបស់ស៊ុងហ៊ុនចេញទាំងមិនចង់ ធុញណាស់ឃើញមុខពេលណាក៏ធុញដែរ។ នេះខំបើកដៃឱ្យដល់ថ្នាក់នេះហើយ នៅមិនដឹងទៀតឬ?
“យ៉ាងម៉េចហ្នឹង? ប្ដីប្រពន្ធឱបគ្នាជារឿងធម្មតាទេតើ” ស៊ុងហ៊ុននៅតែបន្ត ក្រសោបកាយភរិយាជាប់។
“លែង” ជេគកាន់តែម៉ួម៉ៅ ចំណែកស៊ុងហ៊ុនកាន់តែញញឹមសមចិត្តខ្លាំងឡើងមួយកម្រិតទៀត។
“ស៊ឺត! ប្រពន្ធនរណាក្រអូបយ៉ាងនេះ?” ស៊ុងហ៊ុនទាញជេគឱ្យដេកទល់មុខខ្លួន រួចក៏ផ្ដិតស្នាមថើបលើថ្ងាសជេគថ្នមៗ។ ភ្លាមនោះ ជេគក៏សង្កេតឃើញពីស្នាមរបួសនៅលើផ្ទៃមុខរបស់ស៊ុងហ៊ុន ដែលបែកជាំដោយសារអ្វីមួយ។
“គេងទៅ” ជេគមិនសួរនាំ ដេញដោលច្រើនឡើយ ទើបសម្រេចចិត្តថាបិទភ្នែកគេងឥឡូវនេះតែម្ដងទៅ។
“ចិត្តប្រួលប្រែលឿនពិតមែន” ស៊ុងហ៊ុនពោលដោយមិនភ្លេចថើបថ្ងាសជេគថ្នមៗបន្តទៀត។
“ខ្លួនលោកក្រអូបម៉្លេះ?” ជេគភ្លាត់មាត់សសើរស្វាមីក្លែងក្លាយរបស់ធ្វើឱ្យស៊ុងហ៊ុនញញឹមស្រាលៗ។
“ក្រអូបអី? បងមិនទាន់ងូតទឹកផង” ស៊ុងហ៊ុនពោលដោយអស់សំណើចនៅក្នុងចិត្ត ជេគខឹងពេកក៏ស្ទុះរុញគេចេញពីខ្លួនមួយទំហឹង។
“មនុស្សឡប់សតិ មនុស្សឆ្កួត” ជេគខឹងណាស់ មុខឡើងក្រហមងាំងតែម្ដង។ មិនឱ្យក្រហមយ៉ាងម៉េចបើស៊ុងហ៊ុនញ៉ោះគេខ្លាំងយ៉ាងនេះ។
“អូនគេងទៅ បងសម្អាតខ្លួនសិន” ជេគមិនតបនោះទេ ព្រមទាំងទម្លាក់ខ្លួនដេកនៅលើគ្រែ ទាំងក្នាញ់នៅក្នុងចិត្ត។
“ចង់ទៅណា ធ្វើអី ក៏តាមចិត្តទៅចុះមនុស្សឡប់” ស៊ុងហ៊ុននៅបន្តញញឹម មិននឹកស្មានថាជេគពេលខឹងគួរឱ្យស្រលាញ់ថ្នាក់នេះសោះ។
៙៙៙
ព្រឹកថ្ងៃថ្មីនៅក្នុងសតវិមានដ៏ធំស្កឹមស្កៃនេះ ហាក់មានជីវិតជីវ៉ាខុសធម្មតា។ ជេគដែលទើបដើរចុះមកដល់ក្រោមក្រឡេកមើលឆ្វេងស្ដាំ ហាក់មិនអស់ចិត្ត។
“មានពិធីអ្វីឬ?” ជេគសួរនាំទៅកាន់អ្នកបម្រើ ដែលកំពុងតែលើករបស់ទៅតុបតែងតាមទីកន្លែង។
“ចាសចាហ្វាយតូច ម្ចាស់ស្រីមីណាទ្រង់ចង់បានរៀបចំពិធីអបអរសាទរ ទៅកាន់ទារកនៅក្នុងផ្ទៃរបស់ចាហ្វាយតូច” ជេគជ្រួញចិញ្ចើម នឹកឡើងឆ្អល់នៅក្នុងចិត្តតែម្ដង នេះសំណាងហើយដែលមីណាមិនបានដឹងថារឿងកូននៅក្នុងពោះគឺជាការបោកប្រាស់ បើដឹងច្បាស់ណាស់ថា…
“កូនសម្លាញ់យប់មិញយ៉ាងណាដែរកូន?” មីណាសួរនាំទៅកាន់កូនប្រសារតែម្នាក់គត់របស់ខ្លួនទាំងញញឹមសមចិត្ត។ ចំណែកជេគក៏អេះអុញរកនឹកឆ្លើយតបអ្វីមិនចង់ចេញឡើយ។
“យប់មិញគេងលក់ស្រួលណាស់ កូនបង្កើតម៉ាក់មិនបានប៉ះពាល់កូនប្រសារសំណព្វចិត្តម៉ាក់ឡើយ” ស៊ុងហ៊ុនដែលចេញមកពីណាមិនដឹង និយាយផ្គើនសម្ដីទាំងមុខកំណាចៗ។
ម្ចាស់ស្រីមីណាដកដង្ហើមធំ មិននឹកស្មានថាកូនប្រុសបង្កើតរបស់ខ្លួនពិតជាចោរម្សៀតដល់ថ្នាក់នេះសោះ។
“ម៉ាក់ឱ្យអ្នកបម្រើធ្វើពិធីអ្វីឬ?” ម្ដងទៀតហើយ មួយព្រឹកនេះមិនដឹងជាត្រូវឆ្លើយប៉ុន្មានសារ ប៉ុន្មានលើកទេ។
“យើងបានរៀបចំពិធីអបអរសាទរ ទៅកាន់ទារកនៅក្នុងផ្ទៃរបស់កូនប្រសារយើង មានអ្វីមែនទេ?”
“មានយ៉ាងម៉េចទេម៉ាក់ តែថាឥឡូវប៉ះពាល់កូនប្រសារលែងបានហើយមែនទេ?” ស៊ុងហ៊ុនចម្អកទៅកាន់ម្ដាយរបស់ខ្លួនវិញ ធ្វើឱ្យមីណាគ្រវីក្បាលញាប់ស្អេក។
ចំណែកជេគដ្បិតថាមិនសូវជាមាត់កពិតមែន តែមិនបានន័យថាគេស្បាយរីករាយអ្វីដែល។ គ្រប់យ៉ាងជាការបោកប្រាស់ទាំងអស់។
ស៊ុងហ៊ុនងាកមើលមុខភរិយារបស់ខ្លួនហើយក៏ដឹងនៅក្នុងចិត្តយ៉ាងច្បាស់ ថាជេគកំពុងតែព្រួយបារម្ភពីការលាក់បាំងរឿងខ្លួនមានផ្ទៃពោះនោះ។
"ខ្ញុំនឹងមិនធ្វើឲ្យម៉ាក់ខូចចិត្តនោះឡើយ សង្ឃឹមថាភរិយាខ្ញុំនឹងមានកូនភ្លោះទៅចុះ យកភ្លោះបីតែម្ដង" ស៊ុងហ៊ុននិយាយផងសើចផងធ្វើឱ្យជេគសម្លក់មុខគេមិនឈប់។"មាត់និយាយតែពីរឿងកូនតែយប់ឡើងមិនប៉ះពាល់ខ្លួនខ្ញុំសោះ" ជេគបានត្រឹមតែគិតនៅក្នុងចិត្ត ហើយក៏លួចខឹងរឿងកាលពីយប់ ដែលគេខំឲ្យដៃប៉ុណ្ណោះហើយប្ដីនៅមិនចាប់អារម្មណ៍។