" បងមិនទាន់គេងទេរឺ ? " នាងតូចHarimឡើងមកជាន់បន្ទប់ខាងលើ បន្ទាប់ពីហាលខោអាវរបស់នាងរួចមក ស្រីតូចក៏ឡើងមកជាន់ខាងលើវិញ ត្បិតយប់នេះនាងមានសមាជិករួមបន្ទប់ម្នាក់ទៀត មិនបានគេងម្នាក់ឯងទៀតនោះឡើយ ហើយនាងក៏មិនចង់ឲ្យDellaនៅតែឯង ទើបនាងប្រញាប់ធ្វើការឲ្យរួចនឹងអាលបានឡើងទៅគេងកំដរបងស្រី តែមកដល់នាងក៏បែរជាឃើញDellaកំពុងតែអង្គុយសញ្ជប់សញ្ជឹងម្នាក់ឯងនៅឯរានហាលទៅវិញ ។
" បងគេងមិនលក់ទេ , បើHarimងងុយក៏ទៅគេងមុនបងទៅចុះណា៎ " Dellaឆ្លើយតបទៅHarimវិញទាំងទឹកមុខស្ងៀមស្ងាត់មិនខុសប្លែកពីអម្បាញ់មិញប៉ុន្មាននោះទេ បែបនេះធ្វើអោយក្មេងស្រីម្នាក់នេះមានអារម្មណ៍មិនស្រួល ទើបនាងរហ័សទៅអង្គុយកៀកជាប់បានជាគ្នានឹងDella ។
" បងមានរឿងអីមែនទេបងDell ? ខ្ញុំមើលទៅបងដូចជាមិនស្រួលតាំងពីមកដល់ភ្លាមម៉្លេះ.." Harim
" ឯងគិតចឹងរឺ ? " Dellaនិយាយទៅកាន់នាងតូចទាំងទឹកមុខញញឹមមិនចំជាញញឹម ក៏ព្រោះតែក្ដីទុក្ខក្នុងទ្រូងវាបានពេញប្រៀប ពិបាកនឹងធ្វើអោយនាងបន្លប់ធ្វើដូចជាមិនអីខ្លាំងណាស់ , Harimនាងក៏យល់ចិត្តបងស្រីទៅទៀត នាងខិតមកអង្គុយកៀកជិតជាមួយDellaអោបរាងកាយបងស្រីក្រៅសាច់ឈាមទាំងអារម្មណ៍ស្រឡាញ់ពេញក្នុងទ្រូង ។
" បងស្រីមានរឿងអីអាចនិយាយប្រាប់ខ្ញុំបាន ចាត់ទុកថាខ្ញុំជាផ្ទាំងស៊ីបរឺក៏ជាចម្លាក់ថ្មដែលបងអាចនិយាយពិភាក្សារឺក៏បញ្ចេញកំហឹងបានដោយមិនបាច់ក្រែងចិត្តបានទេ ?! " Harim
" ឯងដាក់សំណើរនេះដូចជាធ្វើបាបខ្លួនឯងហើយ "
" បងធ្លាប់ទាត់បំបាក់ចង្កេះរបស់ពួកជនពាលអស់មិនតិចនាក់ទៅហើយទេ ហើយពេលនេះឯងក៏មកស្នើខ្លួនធ្វើជាផ្ទាំងស៊ីបអោយបងបញ្ចេញខ្លួនចឹងរឺ ? ឯងគិតច្បាស់ក្នុងចិត្តហើយមែនទេ នាងល្អិត ? " បានលឺអ្វីដែលបងស្រីរៀបរាប់ Harimក៏រងាចុងដៃចុងជើងបន្តិច បំពង់ករហាក់ដូចជាស្ងួតគ្រឹងគ្មានជាតិសំណើម ទើបនាងគ្រលាស់លេបទឹកមាត់ផ្សើមបំពង់ករខ្លួន តែក៏មិនភ្លេចងាកទៅសើចស្ញេញដាក់Dellaផង , កាយវិការនាងធ្វើឲ្យអ្នកដែលព្យាយាមនិយាយបំភ័យនោះអស់សំណើច...
