ជុងហ្គុកគេងលក់យ៉ាងស្កប់ស្កល់ហាក់ដូចជាគេខានគេងលក់ដោយស្ងប់ចិត្តបែបនេះជាយូរមកហើយ ថេយ៉ុងអង្គុយស្ងៀមលូកដៃអង្អែលផ្ទៃមុខស្លេកនោះថ្នមៗក្នុងចិត្តគិតនូវរឿងជាច្រើនដែលមិនអាចពណ៌នាអោយក្លាយជាពាក្យសម្តីបាន។ គេលើកជុងហ្គុកអោយគេងលើខ្នើយយឺតៗជៀសវាងធ្វើអោយម្ចាស់ខ្លួនភ្ញាក់មុននឹងប្រញាប់ទៅអង្គុយនៅតុរៀនឆែកកុំព្យូទ័រពាក់ពន្ធ័និងព័ត៌មានដែលគេបានដឹង ចង់ដឹងថានោះជាប្រភេទជម្ងឺអ្វីប៉ុន្តែមិនទទួលបានលទ្ធផលទាល់តែសោះ ឬមកពីគេបារម្ភពេក?
នាយកម្លោះតូចនៅតែមិនអស់ចិត្តហើយរត់ចុះមកខាងក្រោមឃើញលីយ៉ុនមនុស្សជំនិតរបស់ជុងហ្គុកអង្គុយនៅបន្ទប់ទទួលភ្ញៀវដោយទឹកមុខក្រៀមក្រោះខ្សោះគ្មានជីវជាតិអីបន្តិចណាឡើយ មើលទៅគេដូចជាកំពុងស្ពាយទុក្ខប៉ុនមហាមេឃយ៉ាងអ៊ីចឹង។
"ចាហ្វាយគេងលក់ហើយមែនទេ?"គេងាកមកសួរថេយ៉ុងដែលកំពុងដាក់ខ្លួនអង្គុយលើសាឡុងទល់មុខគេ។
"គេងលក់មុននេះ លោកលីខ្ញុំមានសំណួរខ្លះចង់សួរលោកសង្ឃឹមថាលោកនឹងយល់"
"បើសួរអំពីជម្ងឺចាហ្វាយខ្ញុំគ្មានហេតុផលអីត្រូវប្រាប់ទេ គាត់ស្រលាញ់ឯងបើគាត់មិនប្រាប់ឯងមានន័យថាគាត់មានហេតុផលផ្ទាល់ខ្លួនរបស់គាត់"លីយ៉ុនដកដង្ហើមធំមើលមុខថេយ៉ុងទាំងអារម្មណ៍ស្ងប់ស្ងៀមដូចរលកស្ងប់ខ្យល់ មួយឆ្នាំមកនេះជុងហ្គុកគឺគេងក្នុងមន្ទីរពេទ្យជាប់រហូតគេតែងតែនិយាយថានឹកថេយ៉ុងប៉ុន្តែគេមិនដែលត្អូញត្អែថាលំបាកម្តងណាឡើយ។
"គាត់ពិតជាមានជម្ងឺព្យាបាលមិនបានពិតមែនហ្អេស៎?"ថេយ៉ុងនៅតែព្យាយាមជជីកសួររកចម្លើយ យ៉ាងហោចណាស់ចម្លើយនេះក៏អាចធ្វើអោយគេស្ងប់ចិត្តដែរ។
"ខ្ញុំមិនអាចប្រាប់ឯងបានទេប៉ុន្តែខ្ញុំសង្ឃឹមថាឯងនឹងមិនធ្វើអោយចាហ្វាយអស់សង្ឃឹម គាត់ព្យាយាមណាស់ដើម្បីឯង"លីយ៉ុននិយាយតែប៉ុណ្ណឹងរួចក៏ដើរចេញបាត់ទៅប៉ុន្តែគេភ្លេចឯកសារមួយសំណុំដែលដាក់ក្បែរខ្លួន ដោយឃើញលីយ៉ុនដើរទៅផុតហើយចិត្តចង់ដឹងក៏ធ្វើអោយថេយ៉ុងប្រញាប់ទាញឯកសារនោះមកមើល។