#សម្ងាត់ស្នេហ៍អ្នកប្រុសធំ #ភាគ១៦

147 7 0
                                    


          រាងកាយស្តើងកូនកាត់របស់នាងក្រមុំ ដាក់ខ្លួនចុះថ្នមៗនៅលើគ្រែ នាងដកដង្ហើមធំបន្ធូរចេញមកឲ្យបានស្រាលចិត្តខ្លះ អម្បាញមិញឃើញរឹងមាំក្លាហាន ប៉ុន្តែរ៉ាអានាងពិតជាហត់ខ្លាំងណាស់ ហត់នឹងប្រឈមមុខជាមួយចាងសុី ហត់នឹងតតាំងធ្វើមុខក្រាស់ដើម្បីការពារមុខមាត់របស់ខ្លួន។

         “ ខ្ញុំគួរបន្តបែបនេះរហូតមែនទេ?” នាងមិនចង់មានជម្លោះ ប៉ុន្តែចាងសុីមិនមែនជាមនុស្សដែលមិនគួរឲ្យចូលជិត នៅមានទៀត នាងប្រាកដជាមានគុំនុំជាមួយខ្លួនស្រាប់ ព្រោះរ៉ាអាជាអ្នកដណ្តើមស៊ុកជីនចេញពីនាង មនុស្សដែលត្រូវមាននរណាឆក់របស់ជាទីស្រលាញ់មុខជាឈឺចាប់ខ្លាំង ដូច្នេះចាងសុីមុខជាមិនខុសគ្នា។
         “ ខ្ញុំធ្វើវាដើម្បីការពារខ្លួនប៉ុណ្ណោះ”

កុកកុក
  
          “ អ្នកនាងរ៉ាឡា ខ្ញុំអាចចូលទៅបានទេ?”
សម្លេងនៅខាងក្រៅបន្ទប់ បានដាស់ស្មារតីរាងស្តើងងាកទៅរក។
          “ ចូលមក” បន្ទាប់ពីទទួលបានការអនុញ្ញាត ម៉ែដោះដើរចូលមក។
          “ ម៉ែដោះ” នាងក្រមុំញញឹមដាក់ ព្រោះមិនគិតថាមនុស្សចាស់អាចមករកខ្លួនដល់បន្ទប់ មិនដឹងមានទុក្ខធុរះអ្វី ។
          “ ម៉ែដោះមានការអីជាមួយខ្ញុំឬ?”
          “ មិនមានអ្វីច្រើនទេ នឹកគិតថាអ្នកនាងអផ្សុក ដូច្នេះម៉ែដោះចង់បបួលទៅស្រូបខ្យល់អាកាសនៅខាងក្រៅ”
          “ ខ្ញុំមិនអីទេម៉ែដោះ” នាងញញឹមទាំងក្រែងចិត្ត មិនមែនមិនចង់ចេញទៅណា ប៉ុន្តែក្នុងបន្ទប់ស្ងាត់មួយនេះប្រហែលជាសន្តិភាពរបស់នាងច្រើនជាង។
           “ ខ្ញុំមិនបង្ខំអ្នកនាងទេ ប៉ុន្តែនៅសួនខាងក្រោយមានផ្កាច្រើនណាស់”
           “ មានផ្កាដែរឬ?” មុខស្រស់ស្អាតបង្ហាញរឹកពាភ្ញាក់ផ្អើលមួយរំពេចនៅពេលឮថាទីនេះបែរជាមានរុក្ខជាតិដែលខ្លួនចូលចិត្តយកមកកំដរភាពធុញទ្រាន់របស់ខ្លួន។

   
       សួនផ្កាស្រស់ស្អាតមានផ្កាចំរុះពណ៍ ដោយផ្នែកម្ខាងទៀតសុទ្ធសឹងកុលាបក្រហមទាំងស្រុង អាចនិយាយបានវាជាសួនផ្កាកុលាបក្រហម មិនគិតថាម្ចាស់វីឡាមានរសនិយមដាំផ្កាកុលាបច្រើនដល់ម្លឹង ។  រ៉ាអាញញឹមបិទមាត់មិនជិត ដើរចូលទៅក្នុងរូងផ្កាកុលាបក្រហមហាក់បីដូចជាមាត់ច្រកឋានសួគ៌របស់ខ្លួន វាចៃដន្យឬយ៉ាងណានៅពេលស៊ុកជីនគេដាំផ្កាកុលាបក្រហមច្រើនដល់ម្លឹង ដ្បិតថានាងជាមនុស្សស្រលាញ់ផ្កា ប៉ុន្តែក្នុងចំណោមនោះមានសំណព្វចិត្តបាត់មិនបាននោះគឺផ្កាកុលាបក្រហម។
          “ ទីនេះស្អាតខ្លាំងណាស់” បើដឹងថានៅផ្នែកខាងក្រោយមានអ្វីដែលស្រស់ស្អាតបែបនេះ នាងក្រមុំមុខចេញពីបន្ទប់តាំងពីយូរមកម៉្លេះ វីឡាដែលមើលផ្លូវចូលខាងមុខគ្មានគ្រឿងលម្អអ្វី មើលទៅគ្មានរស់និយម អាប់អ៊ួរគ្មានអ្វីក្រៅពីសួនស្មៅខៀវស្រងាត់ ប៉ុន្តែនៅផ្នែកខាងក្រោយគឺមានគ្រប់ចំរុះពណ៍ហាក់បីដូចជាវីឡាលាក់ភាពស្រស់ស្អាតមួយអ៊ីចឹង។ គ្រប់គ្នាឈរមើលរ៉ាអាកំពុងតាមមើលសួនធំទូលាយ ពួកគេក៏អាចញញឹមតាមដោយមិនដឹងខ្លួន មិនគិតរូបភាពស្រស់ត្រកាលមួយនេះអាចធ្វើឲ្យនាងក្រមុំភ្លេចអស់នៅទឹកមុខទុក្ខកង្វល់។
          “ ខ្ញុំអាចកាច់វាបានទេ?” សម្លឹងគយគន់ជាយូរទើបរ៉ាអាចាប់ផ្តើមលេចគំនិតចាស់របស់ខ្លួន នាងចង់កាច់យកទៅដាក់ក្នុងថូរឬលំអរក្នុងបន្ទប់គេង។
           “ តាមចិត្តអ្នកនាងចុះ ប៉ុន្តែហាមយកកុលាបក្រហមទៅក្នុងដំណាក់ធំ” ម៉ែដោះហារប្រាប់ ខណះសុំខ្លួនលាទុកឲ្យស្រីស្រស់មានទឹកមុខឆ្ងល់។
           “ ពួកនាងដឹងទេ ហេតុអីម៉ែដោះហាមឃាត់មិនឲ្យចូលតំណាក់ធំ” រ៉ាអាងាករកអ្នកបម្រើពីរបីនាក់ចាំជួយយកអាសារ ។
           “ មូលហេតុព្រោះអ្នកប្រុសធំមិនចូលចិត្តវាទេទាន”
           “ មែនហើយ ខ្ញុំក៏មិនដឹងច្បាស់ដែរអ្នកស្រី ប៉ុន្តែអ្នកប្រុសធំហាមឃាត់ច្រើនឆ្នាំមកហើយ ផ្កាកុលាបក្រហមទាំងអស់នេះមិនមាននរណាប៉ះពាល់ផ្តេសផ្តាស់ទេ ម៉្យាងពួកយើងមិនធ្លាប់យកវាទៅតំណាក់ធំដូចគ្នា”
           រ៉ាអាឈរស្តាប់ទាំងស្ងៀមស្ងាត់ មិនគិតនឹងសួរតបត ប៉ុន្តែក្នុងចិត្តគឺមានចម្ងល់ពេញបន្ទុក ។
      គេមិនចូលចិត្តផ្កាកុលាប?
នាងមិនធ្លាប់ដឹង មិនធ្លាប់ឮគេប្រាប់ថាគេមិនចូលចិត្ត ប៉ុន្តែកាលនៅក្មេងស៊ុកជីនធ្លាប់បេះផ្កាជាច្រើនបាច់ជូននាង ក្នុងនោះក៏មានផ្កាកុលាបច្រើនទងដែរ ដ្បិតថាសភាពអ្នកប្រុសធំកាលនោះគឺបិទមុខជិតឈឹង មានស្រោមដៃហាក់ការពារពីរបស់ម៉្យាង។
           “ គេមិនចូលចិត្តផ្កាដល់ថ្នាក់នោះផងឬ?”
នាងក្រមុំរអ៊ូតិចៗ នាងមិននឹកស្មាននិងមិនគិតតតែសោះថាវាក្លាយជាបែបនោះបានយ៉ាងមិច។ បញ្ចប់ចម្ងល់របស់ខ្លួនរ៉ាអាងាកញញឹមដាក់ពួកនាង។
           “ ណ្ហើយចុះ ខ្ញុំចង់សាកយកកុលាបក្រហមទៅតំណាក់ធំ”
គ្រប់គ្នាស្លឺលើង ងាករកគ្នាទាំងមុីងមុាំង។
          “ មិនបានទេអ្នកស្រី បើអ្នកប្រុសធំដឹងពួកខ្ញុំ..”
          “ ទុកចិត្តចុះ ខ្ញុំជាអ្នករ៉ាប់រងតែម្នាក់ឯង ពួកនាងមិនពាក់ព័ន្ធក្នុងរឿងនេះទេ” នាងក្រមុំប្រាប់ពួកគេជាមួយទឹកមុខជឿជាក់ នាងនឹងសួរស៊ុកជីនឲ្យដឹងរឿង ហេតុផលអីដែលគេមិនចូលចិត្ត ទាំងដែលកាលនោះគេជាអ្នកជូននាង និងកំដរនាងមើលផ្កាកុលាបជាច្រើនកំពុងរីក នេះសម្រេចថាគ្រប់យ៉ាងជារូបភាពបោកប្រាស់ទាំងអស់មែនទេ?

សម្ងាត់ស្នេហ៍លោកសាតាន (1st Man) Where stories live. Discover now