ភាគ២

3K 194 3
                                    

មិនត្រឹមតែសួរ គេថែមទាំងលូកដៃច្របាច់ទ្រូង នាយតូច ដែលញាត់ពេញទៅដោយប៉ុងកល់អាវជាច្រើនជាន់ បានតែបន្តិច ថេយ៉ុង ក៏គ្រវាសដៃគេចេញហើយស្រវាឱបទ្រូងខ្លួនឯងទាំងកែវភ្នែករលីងរលោង ខឹងផង ខ្មាសផង សឹងតែជ្រែកដីលាក់ខ្លួន មើលទៅម្ចាស់ផ្ទះនេះមិនត្រឹមតែកាចសាហាវទេថែមទាំងរោគចិត្តទៀត តែសំណាងដែលពួកនាងទាំងនោះមិនបានស្តាប់ឮ។
«អ្ហ៎ ឬវាតូចពេកមែនទេ?»រាងក្រាស់ លាន់មាត់សួរតិចៗឲ្យឮតែពីរនាក់ ហើយអ្នកដែលត្រូវសួរ រឹងខ្លួនដូចថ្មចម្លាក់ មាត់ខ្ជឹបណែនមិនសូវហ៊ាននិយាយព្រោះខ្លាចគេចាប់ចំណុចបាន។
«ដេញពួកនាងចេញទៅវិញឲ្យអស់ទៅ»ជុងហ្គុក ងាកគំហកដេញដោយសំឡេងកាច ធ្វើឲ្យពួកស្រីៗទាំងនោះភ្ញាក់ព្រើត ស្របពេល សុងហូ និងកូនចៅផ្សេងទៀតក៏ប្រាប់ឲ្យពួកនាងត្រឡប់ទៅវិញ ចំណែក ថេយ៉ុង គ្រាន់តែឮគេដេញក៏ឆាប់បង្វែរខ្លួនប្រុងគេចដែរ រំពេចនោះស្រាប់តែ ជុងហ្គុក សម្លុតមុខមាំព្រមទាំងលូកដៃកញ្ឆក់កដៃស្តើងមកកាន់ជាប់៖
«អ្នកណាប្រាប់ឲ្យឯងទៅ?»
«ហ្ហឹក៎ៗ» ថេយ៉ុង ដង្ហក់ដង្ហើមឆួលច្រមុះចង់យំ ទាំងភ័យផើតពោះ ខណៈដៃម្ខាងដែលត្រូវគេចាប់ខំប្រឹងរមួលចេញទាំងកម្លាំងខ្សោយៗ។
(លែងខ្ញុំទៅ...សូមអង្វរលោក ហ្ហឹក៎) នាយតូច បានត្រឹមតែលួចអង្វរក្នុងចិត្ត ខណៈកែវភ្នែកឆ្លេឆ្លាចង់ចាកចេញជាខ្លាំង ផ្ទុយពី ជុងហ្គុក ដែលមិនព្រមឲ្យចេញទៅណា ហើយតាមសម្លឹងឫកពាក្មេងកំហូចមិនដាក់ភ្នែក។
«ពួកនាងចេញទៅអស់ហើយឬ?»រាងក្រាស់ លែងដៃ ថេយ៉ុង ឲ្យមានសេរីភាពវិញ មុននឹងដៀងកន្ទុយភ្នែកសួរទៅ សុងហូ ដែលទើបត្រឡប់មកវិញ ហើយអ្នកក្រោមបង្គាប់ក៏ឱនគំនាបឆ្លើយ៖
«ទៅវិញអស់ហើយទាន តែ...តែអ្នកនាងខាងនេះ?» សូម្បីតែ សុងហូ ក៏មើលមិនដឹងថា ថេយ៉ុង ក្លែងខ្លួន ព្រោះការតុបតែង រួមទាំងការស្លៀកពាក់ ហាក់សាកសមជាមួយនិងរូបរាងដ៏ល្អឥតខ្ចោះរបស់ រាងតូច គ្មានស្គ្មានចំណុចណាគួរឲ្យសង្ស័យបន្តិច តែយ៉ាងណាក៏មិនអាចកំបាំងពីកែវភ្នែក ជុងហ្គុក ដដែល។
«នាងជាអ្នកបម្រើថ្មី»ក្រឡេកឃើញឫកពា សុងហូ ដូចជាមានការស្រពិចស្រពិចបន្តិច ទើបជុងហ្គុក កាត់សម្តីភ្លាម រីឯ ថេយ៉ុង កាលបើឮដូច្នោះ អារម្មណ៍ចាប់ផ្តើមជ្រួលច្របល់ ហាក់ដូចភ័យផង អរផង ព្រោះមិនដឹងថាសម្រេចចិត្តត្រូវឬអត់ទេ ដែលមកបន្លំខ្លួនជាមនុស្សស្រីបែបនេះ តែទោះជាយ៉ាងណា ក៏សុខចិត្តប្រថុយសិនដែរ ដើម្បីរកលុយទៅដោះដូរប្អូនស្រីពីម្ចាស់បនល្បែងចិត្តខ្មៅនោះ។
...
នៅជាន់ផ្ទាល់ដី មានបន្ទប់មួយសម្រាប់ឲ្យអ្នកបម្រើទាំងអស់សម្រាក ប៉ុន្តែ ជុងហ្គុក បានបញ្ជាឲ្យ សុងហូ បើកបន្ទប់ថ្មីមួយទៀតដែលនៅដាច់ដោយឡែកពីបន្ទប់ផ្សេងទៀត បន្ទប់នោះធំទូលាយសមដាក់មនុស្សច្រើននាក់ តែនេះបែរជាសម្រាប់មនុស្សតែម្នាក់ទៅវិញ។
«ម្ចាស់តូចបានឲ្យខ្ញុំរៀបចំបន្ទប់នេះសម្រាប់នាង នាងត្រូវស្តាប់បង្គាប់គាត់ ហើយធ្វើការឲ្យបានល្អ ឮទេ? ហើយនាងនឹងត្រូវចាប់ផ្តើមធ្វើការពីឥឡូវនេះទៅ» សុងហូ ប្រាប់ទៅកាន់ រាងតូច ដែលឈរឱបបង្វេចជាប់ទ្រូង។
«ចាស»នាយតូច ឆ្លើយសំឡេងដូចមនុស្សស្រីបេះដាក់ គ្រាន់តែមិនសូវទន់ភ្លន់ប៉ុណ្ណោះ។
«ប្រញាប់ផ្លាស់សម្លៀកបំពាក់ទៅ ម្ចាស់តូចត្រូវការជួបនាងឥឡូវនេះ ចំណែកឯឈុតនៅក្នុងទូរ» សុងហូ ប្រាប់តាមសម្រួល តែពេលឮភ្លាម បេះដូងអ្នកស្តាប់ ហាក់ដូចជាលោតញាប់ខុសប្រក្រតី ដោយមិនឈរបង្អង់យូរ នាយច្រមក់ ក៏ស្ទុះរត់ចូលក្នុងបន្ទប់បិទទ្វារយ៉ាងលឿន ធ្វើដូចជាប្រញាប់ប្រញាល់បំពេញកិច្ចការ ទាំងការពិតក្នុងចិត្តភ័យស្ទើររាគនោមទៅហើយ។
«ក្រែងលោកពូម្នាក់នោះ និយាយថាគេមិនចូលចិត្តមនុស្សស្រី?ឬគ្រាន់តែជាពាក្យបញ្ជោះទេ?» ថេយ៉ុង សួរខ្លួនឯងក្នុងចិត្តទាំងធ្វើមុខឆ្ងល់ បើមិនចូលចិត្តស្រី ចុះហេតុអីមុននេះមកចាប់ដៃគេ?ហើយនេះថែមទាំងហៅទៅបម្រើភ្លាមៗទៀត។
«គេមានបំណងអ្វីមកលើខ្ញុំមែនទេ?» កាន់តែគិត កាន់តែបារម្ភ កាន់តែខ្លាច បើដូចពាក្យលោកពូនោះថាមែន នាយតូច មុខជាទក់សាច់ដោយស្នាមដៃ ម្ចាស់តូច នៃភូមិគ្រឹះនេះដោយវិធីណាមួយពុំខាន។
បន្ទាប់ពីឈរគិតបានបន្តិច ថេយ៉ុង ក៏សម្រេចចិត្តតាមបំណងរបស់ម្ចាស់ភូមិគ្រឹះ ព្រោះតួនាទីត្រឹមជាអ្នកបម្រើ គ្មានសិទ្ធិប្រកែកតវ៉ាឡើយ នាយតូច ដើរទៅបើកទូរសម្លៀកបំពាក់ ដែលពោរពេញទៅដោយឈុតអៀមពណ៌សលាយខ្មៅ សម្រាប់អ្នកបម្រើស្រី គេទាញយកឈុតមួយមកស្លៀក រួចហើយក៏ដើរទៅឆ្លុះទល់មុខកញ្ចក់។
«សង្ឃឹមថាគេមិនចាប់បានថាខ្ញុំបន្លំខ្លួនទៅចុះ» ថេយ៉ុង និយាយតែម្នាក់ឯង ថារួចក៏សន្សឹមៗបង្វិលខ្លួនមួយជុំ អៀមនោះបែបកំព្រោង ខើចលើក្បាលជង្គង់បន្តិច ពេលនេះគួរតែអរគុណដល់ប៉ាម៉ាក់ ដែលផ្តល់កំណើតកូនម្នាក់នេះជាមួយនិងរូបរាងតូចស្តើង ឯដៃជើងក៏ស្រឡូនៗ ខណៈនោះក៏ដកដង្ហើមវែងៗ ដោយសង្ឃឹមថា ជុងហ្គុក នឹងមិនអាចចាប់កំហុសខ្លួនបាន ទាំងជាក់ស្តែង ជុងហ្គុក បានដឹងរួចទៅហើយ គេគ្រាន់តែធ្វើពើតែប៉ុណ្ណោះ។
«ឯងត្រូវតែជួយខ្ញុំណា៎» រាងតូច និយាយទាំងមុខស្ងួត ស្របពេលលើកដៃអង្អែលសសៃសក់ដែលពាក់នៅលើក្បាល សក់ខ្មៅរលើបរោងខ្លីក្តោប.ក មានចងបូយ៉ាងស្រស់ស្អាត ទើបក្រោយមកក៏ប្រញាប់ដើរចេញទៅភ្លាមៗ។
...
ម្ចាស់រាងកាយសង្ហាដូចអ្នកម្ចាស់ អង្គុយផ្អែកខ្នងលើសាឡុងពណ៌សាច់ ស្របពេលប្រអប់ស្រឡូនវែងៗកាន់កែវស្រាគ្រលែង បបូមាត់មានមន្តស្នេហ៍ញោចញញឹមតិចៗ ខណៈកែវភ្នែកថ្លាដូចកញ្ចក់សម្លឹងមើលតំណក់ស្រាដែលកំពុងវិលវល់នៅក្នុងកែវដោយអារម្មណ៍ជាច្រើនដែលគ្មាននរណាអាចស្មានដឹង។
«ម្ចាស់តូច នាងមកដល់ហើយ»សុងហូ បន្លឺប្រាប់ពីមាត់ទ្វារ បបួលអ្នកក្នុងបន្ទប់រហ័សចោលភ្នែកសម្លឹងទៅ ខណៈ សុងហូ នាំខ្លួនចេញ ទើបបង្ហាញឲ្យឃើញមាឌល្អិតដែលសម្ងំឈរពីក្រោយខ្នង ពេលនេះគឺនៅសល់តែមនុស្សពីរនាក់ប្រឈមមុខគ្នា ជុងហ្គុក មិនទាន់និយាយស្តី ស្របពេល ថេយ៉ុង មាត់រឹងថែមទាំងក្រាញខ្លួនខ្លាចរអា មិនហ៊ានសូម្បីតែឈានជើងដើរចូលក្នុងបន្ទប់គេ បានតែឱនងុបមុខចុះ។
«ចង់ឈរនៅត្រង់នោះពេញមួយថ្ងៃមែនទេ?» ជុងហ្គុក គំហកទាំងក្តៅចិត្ត នេះបើគេមិនអញ្ជើញ ក្មេងល្អិត ក៏មិនចូលមកដែរ ហើយក្រោយមកភាពស្ងប់ស្ងាត់ក៏កើតឡើងម្តងទៀត ស្របពេលកែវភ្នែកកាចៗមួយគូ តាមសម្លឹងរាល់ជំហ៊ានដែលបាតជើងតូចៗកំពុងតែឈានយឺតៗ ជុងហ្គុក ទ្រាំចាំមើលទាំងតឹងចិត្ត ស្របពេល ថេយ៉ុង អង្គុញជង្គង់លើឥដ្ឋ សសៀៗចូលមកជិត នាយតូច មិនហ៊ានអង្គុយខ្ពស់ពេក ក្រែងចិត្តម្ចាស់ ក៏ទម្លាក់ខ្លួនអង្គុយផ្ទាល់លើកម្រាល ហើយមុខនៅតែឈ្ងោកចុះដដែល។
«មានការអ្វីឲ្យខ្ញុំបម្រើមែនទេ?»
«សួរអ្នកណា៎?» ដឹងថា នាយតូច ចង់សំដៅមកលើខ្លួនហើយ តែគេចង់ឈ្នះទើបធ្វើជាងាកមើលឆ្វេងស្តាំហាក់ដូចក្នុងបន្ទប់មានមនុស្សច្រើនអ៊ីចឹង។
«សួរ-សួរលោកហ្នឹង»រាងតូច ឆ្លើយតបទាំងរអាក់រអួល ព្រោះជាមនុស្សមកថ្មី ទើបមិនដឹងគួរហៅគេយ៉ាងម៉េច។
«ហៅយើងថា ម្ចាស់តូច...»ស្របសម្តី ជុងហ្គុក លូកដៃច្បិចផ្ទៃមុខតូចច្រមិចឲ្យងើបឡើង វិនាទីនោះ ថេយ៉ុង លេបទឹកមាត់ក្អឿកៗទាំងតឹងបំពង់ក ខណៈសម្លឹងទៅកាន់ម្ចាស់ប្រអប់ដៃដោយក្រសែភ្នែកញាប់ញ័រ  ភ័យសឹងតែភ្លេចដកដង្ហើម តែក៏ព្យាយាមប្រមូលភាពក្លាហានបង្ហើបហៅសព្វនាមគេ៖
«ម្ចាស់...ម្ចាស់តូច...»
«ល្អ!!!» ជុងហ្គុក ឧទានឡើងទាំងមុខស្ងប់ស្មើ តែភ្លាមៗក៏ជ្រឹមភ្នែកបន្តិច ខណៈចាប់មរង្វង់មុខ ថេយ៉ុង ដើម្បីបង្វិលមើលឆ្វេងស្តាំ ហើយសុខៗគេស្រាប់តែប្រើម្រាមមេដៃជូតស្នាមក្រែមនៅលើបបូមាត់ ធ្វើឲ្យប្រឡាក់ប្រតេកប្រតាកពេញមាត់ ថែមទាំងថ្ពាល់របស់ រាងតូច ឯចិញ្ចើមម្ខាងក៏លើកឡើងបែបឌឺៗ ថែមទាំងលាន់មាត់៖
«បើជាប្រពន្ធយើង មិនចាំបាច់លាបក្រែម នាំរំខាន»

លន់តួស្នេហ៍ (Completed✔️)Nơi câu chuyện tồn tại. Hãy khám phá bây giờ