ភាគ៥៦

1.7K 49 0
                                    

...
អ៊ុនវូកំពុងតែនាំជេអ៉ីនទៅកាន់ពិធីដើម្បីរៀបការ ស្របពេលដែលគូស្នេហ៍សាច់កម្ម នៅក្នុងបន្ទប់នោះនៅឡើយ...ជុងហ្គុក បាននាំរាងតូចមកក្រៅបន្ទប់ ដោយដាក់ឲ្យអង្គុយលើសាឡុង ហើយគេក៏ប្រញាប់ស្រាយចំណងដែលជាប់នៅលើកដៃនាយតូច ទាំងមិនខ្វល់ពីខ្លួនឯងដៃដែលមានរបួសមុតជ្រៅ ឈាមហូរឡើងជោគពេញអាវ ចំណែកថេយ៉ុង ភ័យព្រួយខ្លាំងពេករហូតដល់យំ ហើយពេលដៃតូចមានសេរីភាពវិញ រាងតូចក៏ស្ទុះយកដៃទៅចាប់ទប់ឈាមលើដៃជុងហ្គុកទាំងទឹកភ្នែករហាម៖
«ទៅពេទ្យទៅ ហ្ហឹក៎ៗ...ឈាមហូរច្រើនណាស់»ថេយ៉ុង យំខ្សឺតខ្សក ទឹកភ្នែកទឹកសំបោរ ព្រោះឃើញឈាមហូរមិនឈប់ បារម្ភពីគេស្ទើរបែកទ្រូងស្លាប់ តែវិញបែរអង្គុយសម្លឹងមុខហើយញញឹមដូចមនុស្សឆ្កួត គួរឲ្យចង់ដាល់ឲ្យបែកមាត់ថែមខ្លាំងណាស់។
«បងមិនអីទេ»
«ជិតស្លាប់ហើយនៅថាមិនអីទៀត»ថេយ៉ុង គំហកស្តីបន្ទោសឲ្យគេខ្លាំងៗ ដែលគេរឹងទទឹងមិនព្រមទៅពេទ្យ ទើបប្រញាប់ក្រោករត់ទៅប្រអប់ថ្នាំក្នុងបន្ទប់ ដើរកកាយរកទាល់តែឃើញ រួចក៏ត្រឡប់មករកគេវិញ។
«ដោះអាវចេញទៅ»នាយតូចបញ្ជាប្រាប់ឲ្យដោះអាវ ឯជុងហ្គុករវល់តែសម្លឹងមុខតូចច្រមិចទាល់តែភ្លាំងភ្លឹក ធ្វើឲ្យថេយ៉ុង ខឹងផងគ្រឺតផង ហើយក៏ស្ទុះចាប់ប្រឡេះឡេវអាវឲ្យគេ ដោះគ្រវាត់ចោលភ្លាមៗ។
«ទ្រាំបន្តិចណា៎...»ដៃតូចៗញ័រទទ្រើក ចាប់សំឡីបន្តក់ថ្នាំ យកទៅផ្តិតលើមុខរបួសថ្នមៗ និយាយលួងចិត្តគេទាំងខ្លួនឯងឆួលទឹកភ្នែកមិនឈប់។
«អូយ៎ ឈឺ...»នូវពេលដែលថ្នាំជ្រាបចូលសាច់ ជុងហ្គុក ក៏ស្រែកថ្ងូរអស់សំឡេង ទាំងឈឺ ទាំងក្រហាយផ្សា សឹងតែក្រោករត់ចេញ ឯនាយតូចឃើញគេនៅមិនស្ងៀម ក៏ស្រែសម្លុតយ៉ាងកាចឆ្នាស់៖
«នៅឲ្យស្ងៀមទៅមើល៍ ចង់ស្លាប់ណាស់មែនទេ?»មាត់តូចរអ៊ូរទាំ ទាំងដៃម្ខាងលាបរបួសឲ្យគេ ឯដៃម្ខាងទៀតខំជូតទឹកភ្នែកខ្លួនឯង ធ្វើឲ្យជុងហ្គុកលួចសម្លឹងឫកពាដោយស្នាមញញឹម ឆ្មាតូចរបស់គេពេលនេះកាចមិនធម្មតាឡើយ ហ៊ានទាំងសម្លុត ហ៊ានទាំងគំរាម ប៉ុន្តែទោះចិត្តខ្លាំងយ៉ាងណាក៏នៅតែយំដូចជាកូនក្មេង។
«សម្លុតបង ម៉េចក៏យំខ្លួនឯងចឹង?»ជុងហ្គុក ឈ្ងោកមុខតាមសម្លឹងរង្វង់មុខតូចដែលលោទៅជិតដើមដៃរបស់គេ ប្រុងជូតទឹកភ្នែកឲ្យ តែក៏ត្រូវបង្អាក់ ហើយដាក់ដៃចុះវិញយ៉ាងលឿន ពេលឮសំឡេងកាចឆ្នាស់ស្រែកសម្លុត៖
«ប្រាប់ឲ្យនៅស្ងៀម ហើយបិទមាត់ អ្វីក៏មិនបាច់និយាយដែរ»ថេយ៉ុង ខាំមាត់គ្រឺតខឹង សង្រ្គឹតធ្មេញ តំឡើងគ្រាប់ភ្នែកសម្លក់ថ្មែរ ធ្វើឲ្យជុងហ្គុក ខំខ្ជឹបមាត់ជិតឈឹងមិនហ៊ានសូម្បីក្អក រៀបឫកអង្គុយត្រង់ភ្លឹងហាក់ដូចត្រូវបណ្តាសា សម្ងំឲ្យមេខ្លាលាបរបួសឲ្យទាំងគេខំអត់ខំទ្រាំ ទប់ភាពឈឺចាប់ ឡើងបែកញើសជោគពេញថ្ងាស់ ក្រោយមកទៀត ថេយ៉ុងក៏ហែកក្រណាត់មករុំមុខរបួសយ៉ាងយកចិត្តទុកដាក់ ចំណែកជុងហ្គុកតាមមើលគ្រប់កាយវិការសឹងមិនចង់ព្រិចភ្នែក ពួកគេស្ងាត់មាត់មិនស្រដីរកគ្នាយ៉ាងយូរ ខណៈនោះ រាងតូចក៏ក្រោកដើរទៅបន្ទប់ទឹក ឈរមុខឡាបូដើម្បីលាងដៃ ហើយសុខៗក៏ឮសំណួរចាក់ដោតពីក្រោយខ្នង៖
«ចង់ទៅពិធីរៀបការនោះទេ?បងជូនទៅ»ជុងហ្គុក សួរហាក់ដូចបើកផ្លូវឲ្យនាយតូចទៅដោយមិនមានការរារាំង តែសំណួររបស់គេ ធ្វើឲ្យអ្នកស្តាប់តូចចិត្តសន្លេត ថែមទាំងសួរឌឺគេវិញទាំងមិនងាកមើលមុខ៖
«ចង់ឲ្យខ្ញុំការជាមួយគេណាស់ឬ?»ថេយ៉ុង ខាំបបូរមាត់តិចៗ ពេលចាប់ផ្តើមដង្ហក់ ឆួលទឹកភ្នែកម្តងទៀត ថែមទាំងស្ទុះរត់គេច តែត្រូវជុងហ្គុកស្រវាឱបចង្កេះជាប់ ធ្វើឲ្យកាយតូចឈរស្ងៀម ស្របពេលផ្ទៃមុខសង្ហារឱនជ្រុបចង្កាពីលើស្មានាយតូច រួចស្រដីឡើង៖
«តើអ្នកណាទៅចង់ឲ្យមនុស្សដែលខ្លួនស្រឡាញ់ទៅរៀបការជាមួយអ្នកផ្សេងនោះ?»
«ចឹងនៅសួរធ្វើអីទៀត?»ថេយ៉ុង ចាប់របេះដៃគេចេញពីការឱបរឹត ភ្លាមនោះដៃមាំក៏ចាប់បង្វិលខ្លួននាយតូចឲ្យបែរមកប្រឈមចំ គេសម្លឹងក្នុងកែវភ្នែកដែលកំពុងព្យាយាមលាក់អារម្មណ៍។
«អូនដឹងទេ ពេលបងឮដំណឹងថាអូនជិតរៀបការ បងគិតថាលែងមានឱកាសបានឃើញមុខអូនទៀតហើយ...»និយាយបានត្រឹមហ្នឹងគេក៏ក្តុកក្តួល អួលដើម.កជូរចត់ សឹងស្រក់ទឹកភ្នែក គេខំឡើងយន្តហោះតាំងពីកូរ៉េយ៉ាងអន្ទះសា ដើម្បីបានមកចូលរួមក្នុងថ្ងៃពិសេសរបស់នាយតូច ដ្បិតគេមកក្នុងឋានៈជាភ្ញៀវម្នាក់ដែលគ្មានអ្នកណាអញ្ជើញ តែគេគ្រាន់តែចង់ឃើញមនុស្សជាទីស្រឡាញ់ ត្រូវបានបុរសដែលមានសំណាងបំផុតកាន់ដៃ បំពាក់ចិញ្ចៀននៅចំពោះមុខអាចារ្យ ប៉ុន្នឹងគឺគ្រប់គ្រាន់ទៅហើយសម្រាប់គេ តែមិននឹកស្មានថាមកជួបក្នុងស្ថានភាពនេះទាល់តែសោះឡើយ ចំណែកថេយ៉ុង ពេលឮគេពោលពាក្យដូច្នោះ ក៏ចាប់ផ្តើមទន់ចិត្ត ព្រោះកំពុងតែមិនចង់ការស្រាប់ផង។
«បើសិនជាបងមិនមក អូនប្រហែលជាត្រូវស្អប់បងអស់មួយជីវិតហើយ»ទីបំផុត នាយតូច ក៏ព្រមបង្ហាញអារម្មណ៍ពិតនៅក្នុងចិត្តចេញមក ស្របពេលលើកម្រាមដៃស្រឡូនតូចៗទៅស្ទាបផ្ទៃមុខរបស់គេទាំងបេះដូងញាប់ញ័រ។
«ចុះពេលនេះ...អូននៅស្អប់បងទៀតទេ?»សំណួរចាក់ដោតកណ្តាលដើមទ្រូងចេញពីបបូរមាត់ប្រុសកំលោះ ធ្វើឲ្យចង្វាក់បេះដូងរបស់ពួកគេ លោតញាប់កាន់តែខ្លាំង ហាក់ដូចទន្ទឹងរងចាំឱកាសនេះអស់ពេលជាយូរមក។
«អូន...ហ្ហឹក...អូន...»ថេយ៉ុង អួលណែនទ្រូងគាំងអណ្តាតគ្រលាស់ពាក្យលែងចេញ ចេញតែទឹកភ្នែកដែលចង់បង្ហាញប្រាប់ថា ចិត្តនេះនៅតែនឹក នៅតែស្រឡាញ់ នៅតែត្រូវការគេមកថ្នាក់ថ្នមដូចកាលពីមុន ប៉ុន្តែនាយតូចគ្មានភាពក្លាហាននិងបង្ហាញប្រាប់គេ ព្រោះកូនចិត្តមួយនៅតែខ្លាច...
«អូននៅសល់ចិត្តស្រឡាញ់សម្រាប់បងខ្លះទេ ឆ្លើយមក បងគ្រាន់តែចង់ដឹងចម្លើយឲ្យអស់ចិត្ត ដល់ពេលនោះបងនឹងលែងហាម លែងរំខាន ហើយក៏លែងឲ្យអូនជួបមុខបងទៀតដែរ...»ជុងហ្គុក ពោលទាំងញ័របបូរមាត់ ស្របពេលដំណក់ទឹកភ្នែកដែលកកស្ទះ ក៏ហូរកាត់ថ្ពាល់ដោយឯងៗ ចំណែកថេយ៉ុង គ្រាន់តែឃើញទឹកភ្នែកគេស្រក់ អារម្មណ៍សែនរន្ធត់ក្តុកក្តួល មើលមុខគេយូរៗ កាន់តែខ្លោចចិត្ត និងសង្វេគខ្លាំង ទើបដៃតូចស្ទុះជំទើតជើងស្រវាឱប.កគេ ទាំងពោលដាក់ត្រចៀកយ៉ាងអណ្តឺតអណ្តក៖
«អត់ទេ កុំនិយាយបែបនេះ អ្ហឹក៎ៗ...អូនមិនបានស្អប់បងទេ ជុងហ្គុក...»


To be continued💚💜

លន់តួស្នេហ៍ (Completed✔️)Tempat cerita menjadi hidup. Temukan sekarang