ភាគ៣៩

1.4K 48 0
                                    

«សាកមើលទៅ»ជុងហ្គុក ផ្គើនថែមពីលើទាំងសង្រ្គឺតធ្មេញគ្រឺត
«បើលោកមិនព្រមដោះលែងខ្ញុំ ខ្ញុំក៏មិនខ្លាចនឹងស្លាប់ឲ្យលោកមើល»ថេយ៉ុង ឆ្អែតចិត្តដល់ថ្នាក់ស្លាប់ក៏មិនខ្លាច តើឲ្យបន្តនៅធ្វើអីទៀត? ឬទុកឲ្យអង្គុយមើលគេផ្អែមល្ហែមជាមួយម្នាក់នោះរហូតដល់ក្អួតឈាមស្លាប់ បើបែបនោះដដែល ស្លាប់ឥឡូវនេះទៅប្រសើរជាងរស់ទាំងគ្រាំគ្រា។
«អត់ទេបងប្រុស អត់ទេ អ្ហឹកៗៗ...»ស្រីតូចគ្រវីក្បាលញាប់ស្អេក អង្វរករឲ្យថេយ៉ុងឈប់និយាយ បើមិនដូច្នោះនាងមុខជាយំទាល់តែដាច់ខ្យល់មិនខាន ហើយក៏ទៅចាប់របេះដៃជុងហ្គុកទាំងខឹង ទាំងឈឺចិត្ត ធ្វើឲ្យគេងាកសម្លឹងមុខនាងដោយក្រសែភ្នែកកាច៖
«ឯងស្តាប់សម្តីបងប្រុសរបស់ឯងទៅ គេធ្វើដាច់ចិត្តដាក់ពួកយើងណាស់»
«គ្រប់យ៉ាងមកពីលោកពូទាំងអស់ហ្នឹង...»យ៉ុងប៊ីន ស្រែកយំទាំងញ័រមាត់ទទ្រើក ខណៈនោះជុងហ្គុកស្រាប់ចាប់ជំរិតបីនាយតូចឡើង ហើយក៏ជំហ៊ានវែងៗដើរទៅបន្ទប់វិញ នាងតូចក៏ស្ទុះរត់ត្រុកៗតាមពីក្រោយ។
ថេយ៉ុង កញ្ជ្រោលខ្លួនក្នុងរង្វង់ដៃគេយ៉ាងខ្លាំង ថែមទាំងខ្វាចខ្ញាំ វាយតប់ដើមទ្រូងហាប់ណែនរបស់គេតាមទង្វើអន់ចិត្ត តែជុងហ្គុកមិនខ្វល់ ហើយក៏ចាប់ញាត់ចូលបន្ទប់ តែក៏ទាញទ្វារបិទភ្លាមៗក៏មិនភ្លេចចាក់គន្លឹះ គេអស់សមត្ថភាពលួងហើយ មានតែវិធីមួយនេះដែលអាចឃុំឃាំងមិនឲ្យនាយតូចរត់គេចទៅណាចោលគេបាន។
«ម៉េចក៏ធ្វើបាបគាត់យ៉ាងនេះ ហ្ហឹកៗ ពូចិត្តអាក្រក់ណាស់ ខ្ញុំស្អប់ពូ»យ៉ុងប៊ីន នៅក្រៅបន្ទប់ តាមសម្លឹងឫកពានាយកំលោះដែលកំពុងដើរទៅបើកទូរទឹកកក យកស្រាបីដប ដើរត្រឡប់មកអង្គុយផឹកលើសាឡុង ហាក់ដូចមនុស្សបាត់បង់ស្នេហា ផ្ទុយទៅវិញគេមិនបានបាត់បង់ ថែមទាំងជោគជ័យក្នុងការស្រវាចាប់មនុស្សដែលខ្លួនស្រឡាញ់ដល់ទៅពីរនាក់ក្នុងពេលតែមួយ អាចនិយាយបានថា មនុស្សវក់និងក្តីស្រឡាញ់ វក់និងអំណាចផ្តាច់ការរបស់ខ្លួន គេសុខចិត្តអាត្មានិយម ឲ្យតែបាន ថេយ៉ុង នៅជាមួយ តែគេមិនដឹងឡើយថា អ្នកដែលបានឃុំក្នុងបន្ទប់ យំសោកបោកខ្លួនយ៉ាងណា។
...
ពពកខ្មៅបាំងបិទពន្លឺព្រះចន្ទ ធ្វើឲ្យផ្ទៃមេឃងងឹតស្លុប គ្មានដួងតារាសូម្បីតែមួយ ខណៈវាំងនននៅមាត់បង្អួចរេរាំតាមកម្លាំងខ្យល់ត្រជាក់ៗដែលបក់ផាត់ចូលមកខាងក្នុងបន្ទប់ ធ្វើឲ្យរាងតូចរងារ ទើបលើកដៃស្រឡូនៗមកស្រវាឱបខ្លួនឯងទាំងទឹកមុខស្រពាប់ស្រពោន បេះដូងនៅតែឈឺចាប់ផ្សាដូចយកឡាមមកអារឆូតឲ្យខ្ទេចខ្ទាំ ឯទឹកភ្នែកនៅតែបន្តស្រក់ហូរស្ទើរក្លាយជាឈាម យំស្តាយពេលវេលាដែលខំចំណាយនៅជាមួយគេ ខំលះបង់ទាំងចិត្តស្មោះ លះបង់ក្តីស្រឡាញ់អស់ពីចិត្ត បូជាឲ្យគេសូម្បីតែខ្លួនប្រាណមិនសល់ ហើយអ្វីដែលគេតបស្នងវិញគឺមានតែការបោកប្រាស់ និងភាពឈឺចាប់ ដែលដក់ជាប់ក្នុងក្រអៅបេះដូងឱ្យចុកចាប់គ្រប់ដង្ហើម។
ថេយ៉ុង ផ្តេកខ្លួនយឺតៗទៅលើពូកទន់ល្មើយ ដោយគេងបែរទៅរកដាក់ទ្វារ ទាំងនឿយហត់អស់កម្លាំង មួយសន្ទុះក្រោយមក ក៏មានប្រអប់ដៃស្រឡូនវែង លូកមកឱបរាងតូចតូចពីក្រោយ ទើបផ្ទៃមុខសង្ហារឱនទៅជិតស្នៀតផ្កា សង្កត់ខ្ទង់ច្រមុះអង្អែលថើរៗពីលើថ្ពាល់ស្លេកស្លាំង មុននឹងបន្លឺប្រាប់តិចៗ៖
«បងកម្មង់អាហារឆ្ងាញ់ៗមកច្រើនណាស់ ចេញទៅញ៊ាំជាមួយគ្នាទេ?»ជុងហ្គុក ថ្នមសំឡេងស្រាលស្រទន់គួរឲ្យចង់ស្តាប់ តែថេយ៉ុងហាក់ស្តាប់លែងចូល និងតបវិញដោយការជម្រេញ៖
«លេបមិនចូល»
«អូនមិនឃ្លាន?»
«...»ស្ងាត់!
«តោះ បងនាំទៅងូតទឹក ហើយចាំមកញ៊ាំក៏បាន» ជុងហ្គុក ស៊កម្រាបដៃក្រោមចង្កេះតូចប្រុងលើកបីនាយតូចឡើង ស្រាប់តែម្ចាស់រាងកាយ បែរមករុញទ្រូងគេចេញមួយទំហឹង ហើយច្រត់ខ្លួនក្រោកអង្គុយ ទាំងមុខមាំ សម្លក់សម្លឹងគេដោយការខឹងស្អប់ គេមិនមានអារម្មណ៍ខុសសូម្បីតែបន្តិចទេឬ?
«ថេថេ...កុំសម្លក់មុខបងបែបនេះ»គេចាប់ដៃតូចៗទៅកាន់អង្អែល ហើយក៏ឱនថើបបន្តិច ធ្វើឲ្យ ថេយ៉ុង កាន់តែជ្រេញទង្វើរបស់គេខ្លាំងឡើង តើគេចង់សម្តែងដល់ពេលណាទៀតទៅ?
«ចឹងញ៊ាំទឹកដោះគោទេ?បងទៅយកមកឲ្យ»ជុងហ្គុក ព្យាយាមលួងចិត្ត ហើយប្រញាប់សម្រូតចុះពីគ្រែប្រុងដើរទៅ ស្រាប់តែក្រឡេកឃើញ យ៉ុងប៊ីន កំពុងកាន់កែវទឹកដោះគោដើរចូលមកល្មម។
«បងញ៊ាំសិនទៅ...»បងប្អូនទាំងពីរបានឃើញមុខគ្នាក៏អួលដើមក ហើយថេយ៉ុងក៏រហ័សទទួលពីដៃប្អូនដោយមិនប្រកែកមួយម៉ាត់ ថែមទាំងផឹកទឹកដោះគោនោះរហូតអស់មួយកែវ ទើបបែរទៅញញឹមដាក់នាងទាំងទឹកមុខស្លេកស្លាំង៖
«អរគុណណា៎»
«បងចេញទៅញ៊ាំអីបន្តិចទៅ»
«មិនអីទេ បងមិនឃ្លានទេ»នាយតូច គ្រវីក្បាលទាំងរលីងរលោងទឹកភ្នែក ខណៈជុងហ្គុកងាកសម្លឹងមុខ យ៉ុងប៊ីន ទាំងលួចចំអកក្នុងចិត្ត ហើយពេលឃើញនាងមិននិយាយស្តីរក គេក៏ធ្វើជាសួរ៖
«ឯងយកទឹកដោះគោដែលពូដាក់នៅលើតុក្នុងផ្ទះបាយមែនទេ?»ជុងហ្គុក ធ្វើឲ្យយ៉ុងប៊ីនស្អប់ ដល់ថ្នាក់នាងមិនតប រួចហើយក៏យកកែវទៅទុកវិញ នាងទៅអង្គុយលើសាឡុងម្នាក់ឯងយ៉ាងស្រងូតស្រងាត់ មួយសន្ទុះក្រោយមក ស្រាប់តែក្រឡេកឃើញ ជុងហ្គុក កំពុងតែបីនាយតូចដើរចេញពីបន្ទប់ នាងក៏បើកភ្នែកធំៗ ហើយស្ទុះទៅរកភ្លាម៖
«ចង់យកគាត់ទៅណា?បងប្រុស ភ្ញាក់ឡើង»យ៉ុងប៊ីន ស្ទាក់មុខសួរ ថែមទាំចាប់អង្រួនដៃថេយ៉ុងឲ្យភ្ញាក់ តែមិនភ្ញាក់ គេសន្លប់ព្រោះក្នុងទឹកដោះគោនោះមានថ្នាំងងុយគេង ធ្វើឲ្យជុងហ្គុកលួចចំអកក្នុងចិត្ត បន្ទាប់ក៏ឱនមុខប្រាប់នាងទាំងស្នាមញញឹមចុងមាត់តិចៗ៖
«ត្រឡប់ទៅភូមិគ្រឹះរបស់ពូវិញណាក្មេងតូច»
«អត់ទេ»នាងតបម៉ាត់ៗ
«ចឹងឯងក៏នៅទីនេះហើយ»ជុងហ្គុក តបយ៉ាងធូរ រួចហើយក៏បីរាងកាយដែលសន្លប់ស្តូកស្តឹងដើរចេញទៅ នាំឲ្យយ៉ុងប៊ីនអត់មិនបាននិងរត់ទៅតាមគេរហូតដល់ កន្លែងចតឡាន គេបីថេយ៉ុងចូលទៅ ឯនាងតូចគ្មានជម្រើស ក៏ឡើងឡានទៅតាមគេដែរ តែទៅទាំងចិត្តខឹងមិនទាន់ស្ងប់។

លន់តួស្នេហ៍ (Completed✔️)Nơi câu chuyện tồn tại. Hãy khám phá bây giờ