ភាគ៦

2.5K 137 0
                                    

ថេយ៉ុង ត្រាំក្នុងទឹកអាងដែលមានពពុះសាប៊ូសក្បុសពាសពេញ ដៃស្រឡូនតូចទាំងគូ ដាក់គងលើគែមអាងដើម្បីកុំឲ្យត្រូវទឹកដែលនាំឲ្យមេរោគចូលរបួស ហើយទម្រាំមេដោះត្រឡប់មកវិញប្រហែលយូរគួរសម ទើបសន្សឹមលើកប្រអប់ជើងលេងពពុះសាប៊ូបន្លប់កំដរអារម្មណ៍ ខណៈនោះស្រាប់តែឮស្នូរសម្រឹបជើងស្រាលៗហោះកាត់ត្រចៀក ធ្វើឲ្យ នាយតូច មានអារម្មណ៍ថាព្រឺឆ្អឹងខ្នងនូវភាពស្ងៀមស្ងាត់របស់អ្នកដែលកំពុងដើរចូលមក។
«រួចរាល់ហើយឬនៅ?»សំឡេងធ្ងន់ៗបន្លឺឡើង ស្របពេលប្រអប់ដៃរឹងមាំ ច្រត់ទៅលើមាត់អាងឆ្វេងស្តាំ ធ្វើឲ្យ រាងតូច ភ្ញាក់ក្រញាង ភ័យញ័រញាក់ដូចកូនមាន់ត្រូវទឹកភ្លៀង រីឯជុងហ្គុក កួចមាត់ញញឹម សម្លឹងផែនខ្នងសខ្ចីមិនព្រិចភ្នែក។
«ម្ចាស់តូចចូលមកធ្វើអី?»
«ចូលមិនបាន?»
«តែខ្ញុំកំពុងងូតទឹក...»រាងតូច ប្រាប់ទាំងញ័របបូមាត់ អៀនគេឡើងរឹងខ្លួន សូម្បីតែងាកមើលមុខគេក៏មិនហ៊ានផង ហើយអ្នកខាងក្រោយក៏បោះសម្តីឡើងយ៉ាងឌឺ៖
«ដឹងតើថាងូតទឹក យើងមិនអត់ភ្នែកទេ» ថាចប់ ជុងហ្គុក ឱនផ្ទៃមុខសង្ហាចុះទៅរកផែនខ្នងម៉ត់រលោងនោះ ធ្វើឲ្យម្ចាស់រាងកាយចាប់ផ្តើមឆ្លេឆ្លាពេញអាងដូចមាន់រកពង សឹងតែស្ទុះក្រោកចេញម្តងៗ ពេលដឹងដល់ចុងច្រមុះមានខ្ទង់ស្រួចៗកំពុងសសៀថែលថើបលើស្បែកទន់ល្មើយយ៉ាងឈ្លក់រង្វេង តែខណៈនោះត្រូវបង្អាក់ភ្លាមៗ ដោយសារថេយ៉ុងស្ទុះប្រះខ្លួនទៅជ្រុងម្ខាងទៀតនៃអាង បបួលឲ្យកែវភ្នែកមុតស្រួចតាមសម្លក់យ៉ាងកាច៖
«ឆាប់មកវិញ»រាងក្រាស់ បញ្ជាមុខងាប់ គំរាមដោយយកដៃចង្អុលបញ្ជាក់ឲ្យ រាងតូច ត្រឡប់មកកន្លែងដើមវិញ មកត្រង់នេះ ត្រង់ដែលគេបានឱនថើបមុននេះ តែថេយ៉ុងគ្រវីក្បាលញាប់ស្អេកទាំងយំពេបៗ ក្រាញខ្លួនមិនព្រមទៅ រំពេចនោះ ជុងហ្គុក ស្រាប់តែស្រដីឡើងដោយប្រយោគស្រាលៗ៖
«យើងមិនធ្វើអីផ្តេសផ្តាសលើនាងទេ...»ទឹកមុខគេត្រជាក់ស្រេប ត្រជាក់គួរឲ្យញញើត រហូតថេយ៉ុង រហ័សឈ្ងោកមុខគេចពីក្រសែភ្នែកមួយគូនោះ មាត់និយាយដូច្នោះមែន តែអម្បាញ់មិញគេបានទាំងលួចឆ្មក់ថើបបាត់ទៅហើយ តើគួរជឿសម្តីគេទៀតទេ?
«ឆាប់ឡើង!ឬក៏ចង់ឲ្យយើងប្តូរចិត្តទៅឈរត្រង់នោះ?»គេសម្លុតតាស់តឿន ទោះបីអ្នកម្ខាងទៀតមិនសូម្បីតែមើលមុខ ឬឆ្លើយតប ថាចប់ ស្នាមញញឹមចុងមាត់ក៏ផុសឡើងសារជាថ្មី រីករាយនិងចាំទទួលក្មេងឆ្លាតដែលស្តាប់បង្គាប់យ៉ាងល្អ ដោយព្រមរំកិលខ្លួនខិតមកកន្លែងដើមវិញទាំងប្រថុយប្រថាន ឃើញថា ជុងហ្គុក មិនបានធ្វើអ្វីដូចពាក្យគេនិយាយមែន ទើបអត់ដង្ហើមប្រាប់៖
«ម្ចាស់តូចចេញទៅវិញទៅ បន្តិចទៀតអ៊ំស្រីគាត់ត្រឡប់មកងូតទឹកឲ្យខ្ញុំវិញហើយ»
«អូហ៍?ចៃដន្យយើងច្រឡំចាក់សោបន្ទប់បាត់ហើយ»
«ចាក់សោ?»
«មែនហើយ»ជុងហ្គុក ធ្វើជាលាន់មាត់ ហាក់ដូចជាចៃដន្យមែនទែន ទាំងការពិតមុននេះ គឺគេជាបិទទ្វារដោយខ្លួនឯង សូម្បីមេដោះស្រែកហៅ គេធ្វើហីៗទុកសម្តីគាត់ជាខ្យល់ដែរ ចំណែក ថេយ៉ុង កាន់តែភ័យបុកពោះ ចង្វាក់បេះដូងលោតខ្សោយៗ ដូចមនុស្សជិតដាច់អុកស៊ីសែន កែវភ្នែកក្រហមរងដោយសំណើមថ្លាៗជ្រាបចេញមកតិចៗ ខណៈនោះក៏ឮសំឡេងគោះទ្វារ មិនបាច់ទាយក៏ដឹងថាជាមេដោះ ទើបមាឌមាំក្រោកឈរពេញកម្ពស់ មុននិងឈានជើងចេញពីបន្ទប់ទឹក ដើរទៅបើកទ្វារភ្លាម។
«ឲ្យប្រអប់ថ្នាំមកខ្ញុំមក»
«...»មេដោះ មិនទាន់ហុចឲ្យ ថែមទាំងមើលមុខ រាងក្រាស់ ដោយការសង្ស័យ ទាំងឆ្លៀតអើតកមើលទៅក្នុងបន្ទប់ ស្រាប់តែ រាងសង្ហារំកិលខ្លួនមកបាំងមិនឲ្យមើល រួចក៏ស្រដីឡើងយ៉ាងធូរ៖
«ខ្ញុំងូតទឹកឲ្យនាងរួចហើយ មេដោះ»គេញញឹមយ៉ាងស្រស់ ផ្ទុយពីមេដោះ ឮហើយហួសចិត្តនិយាយមិនចង់ចេញ។
«ថា-ថាម៉េច?» អ៊ំចេន ភ្ញាក់ខ្លួនព្រើត ផើតដង្ហើមដូចគេចាក់ចំចំណុចឲ្យភ្ញាក់ ថាម៉េច? ងូតហើយឬ? តើងូតរបៀបម៉េចទៅ?កូនស្រីគេក្រមុំផង ម្ចាស់ថ្លៃអើយ មិនបាច់ស្រមៃក៏គាត់ព្រឺជំនួស ថេយ៉ុង ដែរ។
«រឿងស្រីៗទុកឲ្យមេដោះចាត់ចែង ម្ចាស់តូចគួរត្រឡប់ទៅវិញទៅ»
«ស្រីក៏ស្រី»ជុងហ្គុក សើចគ្រហឹមបន្តិច មុននឹងចាកចេញ ទាំងឆ្លៀតផ្ញើពាក្យទុកឲ្យវ័យចំណាស់ឈរចងចិញ្ចើមធ្វើមុខឆ្ងល់ ស្រីក៏ស្រី យ៉ាងម៉េច? គាត់មិនយល់ មិនជ្រាបអីបន្តិចសោះឡើយ។
លុះស្អែកឡើង
ក្នុងផ្ទះបាយមានអ្នកបម្រើម្នាក់កំពុងតែរៀបចំអាហារពេលព្រឹក ស្របពេល អ៊ំចេន ឈរជូតចានជាមួយនិងក្រណាត់ក្នុងដៃរបស់គាត់ រំពេចនោះ ថេយ៉ុង ក៏ដើរចូលមក ក្នុងបំណងចង់ជួយសម្រាលកិច្ចការ តែពេល មេដោះ គ្រាន់តែក្រឡេកឃើញ រាងតូច ភ្លាម គាត់ក៏លែងអើពើជាមួយក្រណាត់និងចាន ដោយប្រញាប់ប្រញាល់ដើរទៅចាប់អូសកដៃ នាយតូច ចេញទៅខាងក្រៅ ចំណែក ថេយ៉ុង ធ្វើមុខម៉ិងមាំង ព្រោះមិនទាន់ធ្វើអីផងគាត់ក៏ស្ទុះមកតែម្តង។
«អ៊ំមានការអ្វីមែនទេ?»
«នាងមិនចាំបាច់ចូលផ្ទះបាយទេ»មនុស្សចាស់និយាយបានប៉ុណ្ណឹង ថេយ៉ុង ក៏សួរដេញដោល៖
«ហេតុអីទៅអ៊ំ ដៃខ្ញុំរាងធូរជាងម្សិលមិញហើយ មិនឈឺខ្លាំងទៀតទេ ខ្ញុំអាចធ្វើការងារខ្លះៗបាន»
«អូហ៍ មិនមែនអ៊ីចឹងទេ គឺមុននេះ ម្ចាស់តូច ផ្តាំនិងអ៊ំ ឲ្យនាងឡើងទៅបន្ទប់គេបន្តិច»
«ខ្ញុំហ្នឹង?»ថេយ៉ុង លើកដៃចង្អុលខ្លួនឯងបញ្ជាក់ទាំងទឹកមុខភ្ញាក់ផ្អើល គាត់ក៏ងក់ក្បាលដោយស្នាមញញឹម តែមុននឹងឲ្យទៅ ក៏ឆ្លៀតឱនខ្សិបក្បែរត្រចៀក នាយតូច៖
«បើមានរឿងអីមិនស្រួលចិត្ត ប្រាប់អ៊ំបានណា៎»
«???»នាយតូច បានត្រឹមធ្វើមុខឆ្ងល់ ខណៈនោះគាត់ក៏ដាស់តឿនដោយរុញឲ្យប្រញាប់ទៅ អ្នកត្រូវគេបង្គាប់បញ្ជា ក៏សម្រេចចិត្តឡើងទៅ។
ទៅដល់ភ្លាម ឃើញទ្វារបន្ទប់ចំហរ បង្ហាញឲ្យឃើញនាយកំលោះរាងខ្ពស់ស្រឡះ ស្លៀកពាក់យ៉ាងឡូយសង្ហា កំពុងឈ្ងោកពាក់នាឡិកាដៃ ទើបរាងតូច បោះជំហ៊ានថ្នមៗសន្សឹមចូលទៅ មិនទាន់ហ៊ានស្តី រហូតទាល់តែគេគ្រលៀសឃើញតាមកន្ទុយភ្នែក ថែមទាំងដើរចូលមកជិត ដោយឈោងកាន់ប្រអប់ដៃតូចៗដែលរុំបង់លើកមកមើលថែមទាំងអង្អែលថ្នមៗ រំពេចក៏លែងវិញ ហើយប្តូរជាលូកដៃច្បិចចុងចង្កាតូចឲ្យងើយប្រសព្វចំកែវភ្នែកគេ ពេលបានឃើញវង់ភក្រ្តដ៏ផូរផងរបស់ នាយតូច ហើយ រាងក្រាស់ក៏ជ្រឹមសម្លឹងមើលយ៉ាងយូរ ទើបស្រដីឡើងទាំងញញឹមចុងមាត់៖
«បបូមាត់គួរឲ្យឆ្ងាញ់ណាស់»

លន់តួស្នេហ៍ (Completed✔️)Onde histórias criam vida. Descubra agora