ភាគ២២

2.2K 128 0
                                    

ជុងហ្គុក រៀបរាប់ប្រាប់នាង ទាំងធ្វើទឹកមុខបែបញញើតញញើម ហាក់ដូចជារឿងពិត ឯយ៉ុងប៊ីន ចងចិញ្ចើមជាប់ មិនជឿសម្តីលោកពូសូម្បីតែមួយម៉ាត់ មូសឯណាធំៗយ៉ាងហ្នឹងនោះ? នាងអាយុ១០ឆ្នាំហើយ រកអ្វីមកបោកឲ្យសមបន្តិចទៅពូ។
«មិនជឿទេ បងប្រុសនិងលោកពូច្បាស់ជាមានរឿងអីលាក់បាំងខ្ញុំ»នាងល្អិត តវ៉ាដោយការមិនសុខចិត្ត ខណៈដែល ថេយ៉ុង ឈរគ្រឺតជាមួយឫកពានិងពាក្យសម្តីរបស់នាក់ទាំងពីរ ចង់គាំងបេះដូងស្លាប់ទៅហើយ ថាយ៉ុងប៊ីននាងនៅក្មេងមិនដឹងអី ឯមនុស្សធំវិញ ពិបាកនិយាយជាងក្មេងទៅទៀត រកតែគេដកដង្ហើមហាមប្រាមមិនទាន់ បើនៅឈរតតាំងគ្នាបែបនេះទៀតមុខជាបែកធ្លាយរឿងយប់មិញមិនខាន ទើបរហ័សថេយ៉ុង បបួលប្អូនចុះទៅខាងក្រោម ចំណែកជុងហ្គុក តាមសម្លឹងឫកពារនាយតូចពីចម្ងាយរហូតទាល់តែបងប្អូុនគេទៅផុតពីកន្ទុយភ្នែក ទើបគេត្រឡប់ទៅងូតទឹក និងរៀបចំខ្លួនយ៉ាងសង្ហា ដើម្បីចុះទៅញ៊ាំអាហារពេលព្រឹកនៅជាន់ផ្ទាល់ដី។
...
កាលវិលត្រឡប់របស់ថេយ៉ុង មិនត្រឹមតែអាចទាញស្នាមញញឹមដ៏មានតម្លៃរបស់ ជុងហ្គុក ប៉ុណ្ណោះទេ សូម្បីតែ សុងហូ ក៏ដូចជាមេដោះចេន ហាក់មានក្តីរំភើប និងភ្ញាក់ផ្អើលផងដែរ ពួកគេបានទទួលស្វាគមន៍ នាយតូច ដោយក្តីត្រេកអរ ព្រោះមួយរយៈដែល ថេយ៉ុង មិននៅ ធ្វើឲ្យក្នុងផ្ទះចលាចល ម្នាក់ៗវីវក់ដោយសារតែម្ចាស់តូចកំណាចម្នាក់ហ្នឹង អ្នកណាធ្វើអីក៏មិនត្រូវចិត្ត ថ្ងៃខ្លះមួម៉ៅសឹងតែកម្ទេចភូមិគ្រឹះចោល គ្មាននរណាហ៊ានចូលជិតគេឡើយ ប៉ុន្តែគ្រាន់តែ ថេយ៉ុង ត្រឡប់មកវិញភ្លាម គេបែបជាមានទឹកមុខស្រស់ស្រាយ ទោះមិនទទួលបានស្នាមញញឹម ក៏សង្កេតដឹងថាគេប្លែក ហើយនេះថែមទាំងអង្គុយក្នុងបន្ទប់អាហារ ផឹកកាហ្វេយ៉ាងស្ងប់ស្ងាត់ ទាំងដែលម្សិលមិញគេផឹកស្រាតាំងពីថ្ងៃវាល់ល្ងាច ធ្វើដូចអ្នកខូចចិត្តស្រាំបេះដូងព្រោះចាញ់ស្នេហ៍។
រាងសង្ហាដាក់បង្គុយដល់កៅអីភ្លាម កែវភ្នែករេសម្លឹងរកនាយតូចភ្លែត ហាក់ដូចបាត់មួយនាទីមិនបាន ខណៈនោះ មនុស្សដែលគេចង់រក ស្រាប់តែបង្ហាញខ្លួនក្នុងឈុតអៀមចុងភៅចងខ្សែនិងចង្កេះ ស្របពេលប្រអប់ជើងតូចៗឈានចូលមកជាមួយនិងថាសអាហារនៅក្នុងដៃ ជុងហ្គុក ក្រឡេកឃើញភ្លាម ក៏ស្ទុះក្រោកទៅទទួលរបស់ពីដៃតូច មកដាក់លើតុ មុននិងបែរទៅសម្លឹងមុខ រាងតូច ទាំងចងចិញ្ចើមមួម៉ៅ៖
«អ្នកណាប្រើឲ្យឯងធ្វើការទាំងអស់នេះ មើលចុះខ្លួនកខ្វក់អស់ហើយ»រាងក្រាស់ បន្ទោសទាំងទឹកមុខមិនពេញចិត្ត ថែមទាំងលូកចាប់ប្រអប់ដៃស្រឡូនតូចមកអង្អែលថ្នមៗ ខណៈ ថេយ៉ុង ឈរគាំងអណ្តាតគ្រលាស់ពាក្យលែងចេញ មុននេះបានស្តាប់ច្រឡំឬអត់?គេកំពុងតែបារម្ភពីខ្ញុំមែនទេ?...នាយតូច បានត្រឹមលួចគិតម្នាក់ឯង ទាំងឈរធ្វើមុខមិងមាំង ភ្លាំងភ្លឹកស្មារតី សូម្បីតែពេល ជុងហ្គុក ចាប់ដោះអៀមចេញពីខ្លួនក៏មិនដឹង រហូតទាល់តែប្រអប់ដៃមាំលូកមកចាប់ឱបចង្កេះ ហើយទាញទៅដាក់ឲ្យអង្គុយលើភ្លៅខាងស្តាំរបស់គេ ទើបរាងតូចភ្ញាក់ដឹងខ្លួន ស្របពេលបេះដូងលោតឌុកឌាក់ៗ ស្ទើរផ្ទុះចេញក្រៅទ្រូង៖
«ឆាប់ញ៊ាំអាហាររបស់លោកទៅ ខ្ញុំមានកិច្ចការត្រូវធ្វើទៀត»ថេយ៉ុង ពោលទាំងញ័របបូរមាត់ ព្រោះមិនបានត្រៀមខ្លួនអីបន្តិច មកដល់ភ្លាមត្រូវគេចាប់ឱបភ្លែតតែម្តង។
«ធ្វើអី? ជូតផ្ទះ? លាងចាន? ឬក៏ស្រោចផ្កាក្នុងច្បា? ស្តាប់ណា៎...ពេលនេះឯងមិនមែនជាអ្នកបម្រើទេ ការងារទាំងអស់នោះវាមិនសាកសមនិងឯងទាល់តែសោះ ដៃជើងតូចៗ ញ័រៗអ៊ីចឹង សមតែអង្គុយលើភ្លៅកំដរយើងញ៊ាំអាហារបែបនេះ»ជុងហ្គុក សួរដេញដោលនិងរៀបរាប់ជាហូរហែ ដោយមិនខ្វល់ថា នាយតូច ស្តាប់ឬមិនស្តាប់ទេ ដែលសំខាន់ដៃឱបចង្កេះជាប់ហើយ ទោះចង់ហារមាត់តវ៉ា ក៏មិនឈ្នះគេដែរ។
«ចឹងខ្ញុំចាប់ម្ហូបឲ្យ»ថេយ៉ុង មានះចង់សម្រូតខ្លួនចុះ ហើយចាប់ម្ហូបដាក់ចានឲ្យ តែត្រូវជុងហ្គុកគំរាមភ្លាមៗ៖
«កុំរឹងរូស បើមិនចង់ឲ្យយើងញ៊ាំឯងជំនួសអាហារទាំងអស់នេះ»
«...»ថេយ៉ុង បាត់មាត់ជ្រាបដូចត្រូវបណ្តាសា ប្រឹងលេបទឹកមាត់ក្អឿកៗទាំងអារម្មណ៍មិនស្រួល បើរឿងផ្សេងក្លាហានណាស់ ហ៊ានទាំងតមាត់ ហ៊ានជេរ ក៏ហ៊ានលើកដៃទះកំភ្លៀងគេដែរ តែពេលឮគេគំរាមតែបន្តិច ក៏ព្រឺសម្បុរខ្ញាកៗ។
ពេលក្រឡេកឃើញអ្នកក្នុងរង្វង់ដៃប្រែជាស្ងប់ស្ងាត់ បបូរមាត់មានមន្តស្នេហ៍ញោចញញឹមតិចៗ និងចាប់ផ្តើមញ៊ាំអាហារយ៉ាងឈ្ងុយឆ្ងាញ់ ប៉ុន្តែថ្ងៃនេះហាក់ឆ្ងាញ់ប្លែកពីរាល់ដង ឬក៏ដោយតែមានក្លិនបង្អែមផ្អែមឈ្ងុយនៅជិតច្រមុះទេដឹង?
...
លុះដល់ថ្ងៃត្រង់បន្តិច ជុងហ្គុក បានបញ្ជាឲ្យសុងហូចេញឡានដើម្បីនាំ ថេយ៉ុង និង យ៉ុងប៊ីនទៅកន្លែងមួយ តើជាកន្លែងអ្វីទៅ? បើគ្រាន់តែដល់ភ្លាម អ្នកដែលជ្រួលជ្រើមខ្លាំងជាងគេគឺ យ៉ុងប៊ីន តែម្តង...
«យ៉ុងប៊ីនកុំប៉ះពាល់របសគេ ឯងនេះរពឹសណាស់»ថេយ៉ុង ដើរទៅចាប់អូសដៃនាងច្រមក់ ថែមទាំងឈ្ងោកប្រាប់នាងដោយសំឡេងកាចៗ ខណៈដែល យ៉ុងប៊ីន រវល់តែជាប់ជិតជាមួយនិងសម្លៀកបំពាក់ជាច្រើនពណ៌ច្រើនម៉ូត និងសុទ្ធតែប្រេនម៉ាកល្បីៗប្រចាំហាងទំនើបនេះផងដែរ ហើយរំពេចនោះ ជុងហ្គុក ក៏ដើរមកដល់៖
«ស្រឡាញ់មួយណា យកមួយហ្នឹងទៅ»ស្របសម្តី គេស៊កដៃក្នុងហោប៉ៅខោដោយឫកពារឡូយសង្ហា រីឯយ៉ុងប៊ីន ពេលបានឮដូច្នោះភ្លាមក៏ញញឹមបិតមាត់មិនជិត។
«អរគុណលោកពូ»នាងច្រមក់ ស្ទុះវឹងរត់ទៅចាប់ប្រមូលខោអាវដាក់ចូលកន្រ្តក ចាប់ដាក់ៗមិនសំចៃដៃ ចំណែក ថេយ៉ុង ហាមនាងលែងកើត បានតែឈរដកដង្ហើមធំ។
«ឯងមិនចង់បានសម្លៀកបំពាក់ខ្លះទេ?»
«អត់ទេ»ទោះយ៉ាងណាក៏ត្រូវឆ្លើយបដិសេដជាមុន ព្រោះនាយតូច មិនទាមទារអ្វីលើសពីនេះទៀតទេ ត្រឹមតែបានដកដង្ហើមក្បែរគេក៏សុខចិត្តទៅហើយ ប៉ុន្តែវិនាទីដែល ថេយ៉ុង គ្រវីក្បាល អ្នកម្ខាងទៀតក៏ស្រដីឡើងទាំងមុខស្មើៗ ហាក់ដូចអន់ចិត្ត៖
«យើងបានរើសខោអាវឲ្យឯងជាច្រើនសម្រាប់ ក៏បានគិតលុយហើយដែរ តែឯងបែរជាបដិសេដ ចឹងប្រហែលជាត្រូវយកខោអាវទៅបោះចោលទាំងអស់ហើយ...»
«លោក...?»សម្តីរបស់ជុងហ្គុកធ្វើឲ្យនាយតូចទាក់ចិត្ត និងមិនអាចជំទាស់គេបាន ចង់ទិញឲ្យក៏មិនព្រមប្រាប់មុន គេអាងមានលុយ ចង់ជះអស់ប៉ុន្មានក៏មិនខ្វល់ តែសម្រាប់អ្នកក្រដែលមិនស្គាល់រសជាតិចូលហាងទំនើបឡូយឆាយដូចគេ គិតទៅបើយកទៅចោលវាពិតជាគួរឲ្យស្តាយណាស់។
បន្ទាប់ពីពួកគេចេញពីហាងខោអាវរួច ជុងហ្គុក ក៏បន្តនាំថេយ៉ុងទៅកន្លែងផ្សេងទៀត មិនថានាឡិកាដៃ ទូរស័ព្ទ ទឹកអប់ គ្រឿងសំអាង របស់ប្រើប្រាស់ សុទ្ធតែថ្លៃៗ ហើយអ្វីដែលគេទិញឲ្យទាំងអស់នោះ នាយតូច មិនអាចនិយាយថាមិនទទួលបានទេ ព្រោះខ្លាចគេអន់ចិត្តហើយអាងគំរាមបោះចោលទៀត ក្រោយពីពួកគេដើរទិញរបស់ពេញមួយថ្ងៃ ក៏ឈានដល់ព្រលប់ទើបចូលញ៊ាំអាហារក្នុងភោជនីយដ្ឋានរួច ទើបត្រឡប់ទៅវិញ។
...
ភូមិគ្រឹះចន
សុងហូ ចាប់ផ្តើមជញ្ជូនអីវ៉ាន់ចេញពីគូទឡាន ដើរមកដល់ក៏សួរទៅកាន់ រាងសង្ហា ដែលទើបតែបណ្តើរ រាងតូច ចូលទៅ៖
«ម្ចាស់តូច របស់ទាំងអស់នេះទុកនៅឯណា?»សំណួរនេះធ្វើឲ្យ ថេយ៉ុង រហ័សងាកមកមើលព្រោះដឹងថាគ្មានអ្វីក្រៅពីរបស់ខ្លួនឯងទេទើបប្រញាប់ប្រាប់ឲ្យបានមុន៖
«យកដាក់ក្នុងបន្ទប់ចាស់របស់ខ្ញុំទៅ»
«ដាក់នៅជាន់ខាងលើ បន្ទប់របស់យើង»ជុងហ្គុក កាត់សម្តីយ៉ាងម៉ឺងម៉ាត់ ច្បាស់ហើយថា សុងហូ ស្តាប់បង្គាប់អ្នកណាជាង ក្រោយមក អ្នកក្រោមបញ្ជាក៏ប្រញាប់ធ្វើតាម ស្របពេលដែល នាយតូច ងាកមើលមុខសង្ហា ទាំងភ្នែកភ្លឹះៗដូចកូនឆ្កែ៖
«ដាក់នៅបន្ទប់លោកធ្វើអី?បន្ទប់គេងរបស់ខ្ញុំនៅខាងក្រោមតើ!?»
ជុងហ្គុក ឮហើយក៏ទម្លាក់ទឹកមុខចុះ និងស្រដីឡើង៖
«មិនចង់គេងនៅបន្ទប់យើងទេហ៎? ហ្ហឹម៎? ឬចង់ឲ្យយើងទៅរកឯងដល់បន្ទប់រាល់យប់?»

លន់តួស្នេហ៍ (Completed✔️)Where stories live. Discover now