ភាគ៣

3.4K 192 1
                                    

ជុងហ្គុក ស្រដីឡើងយ៉ាងទំនើង គ្រាន់តែបញ្ចេញពាក្យសម្តីប៉ុនហ្នឹង រឿងអីដែល ថេយ៉ុង មិនយល់នោះថាគេចង់ប្រៀបធៀបអ្វីនិងអ្វី?
«ស្តាប់ឲ្យច្បាស់! បើលោកមិនព្រមផ្តាច់ពាក្យជាមួយបងប្រុសខ្ញុំទេ ខ្ញុំនឹង...អ៊ឹប~»នាយតូច ប្រុងគំរាមជុងហ្គុក ថាគេមិនព្រមបញ្ឈប់ ខ្លួននឹងទៅជួបនិយាយជាមួយប៉ាម៉ាក់របស់គេដោយផ្ទាល់ តែមិនទាន់ប្រាប់ចប់សេចក្តីស្រួលបួលផង បបូរមាត់តូចច្រមិចត្រូវបាតដៃមាំខ្ទប់ជិតមិនឲ្យបង្ហើបបាន ថែមទាំងបញ្ជួសដោយប្រយោគឌឺៗ ចាក់ឆ្កៀលឲ្យថេយ៉ុង ខឹងញ័រខ្លួន៖
«ឯងនឹងការជំនួសគេមែនទេ?» ស្នាមញញឹមបែបផ្ចាញ់ផ្ចាលដែលបង្ហាញលើបបូរមាត់របស់គេ កាន់តែបញ្ឆេះបញ្ឆួលដើមទ្រូង នាងតូច ឲ្យក្តៅក្រហាយកាន់តែខ្លាំងឡើង ទាល់តែទ្រាំលែងបាន ហើយយៀរដៃប្រុងទះកំផ្លៀងគេ យៀរជិតដល់ថ្ពាល់ទៅហើយ ស្រាប់តែត្រូវជាប់គាំងដោយសារគេចាប់ជាប់ ចាប់ហើយច្របាញ់ទាល់តែដល់ឆ្អឹងខ្ចី រួចបោះសម្តីឡើងហាក់ដូចគ្មានបេះដូង៖
«ចង់ពិកាដៃណាស់ឬ?»
«...»កុំគិតថា ថេយ៉ុង គ្មានពាក្យតបត គ្រាន់តែពេលនេះមាត់ត្រូវគេយកដៃខ្ទប់ ចាប់របេះយ៉ាងណាក៏មិនចេញ ទើបបានត្រឹមតែឈរតម្លើងគ្រាប់ភ្នែកសម្លក់គេដោយអារម្មណ៍គ្រឺតខឹង ស្អប់គេពេញទំហឹង ថែមទាំងបានស្បថនៅក្នុងចិត្តថា ទោះបីគេនៅតែចង់ឲ្យមង្គលការកើតឡើង នាយតូចនៅតែព្យាយាមរិះរកវិធី ដើម្បីឲ្យបងប្រុសរបស់ខ្លួនរួចផុតពីមនុស្សចរិកអន់ ដូចជាជុងហ្គុក អាន់ដឺសាន់ ម្នាក់នេះយ៉ាងដាច់ខាត។
...
ក្រោយពីបានជួបជាមួយអនាគតកូនប្រសាដែលលោកប៉ាកំពុងតែចាត់ចែង គិតគូឲ្យបងប្រុសរួចមក ថេយ៉ុង ក៏ប្រញាប់ត្រឡប់មកផ្ទះ ទាំងទឹកមុខមិនសូវល្អ។ កាយតូច ចុះចេញពីឡាន រហ័សបោះជំហ៊ានញាប់ស្មេរ ដើរចូលទៅខាងក្នុងផ្ទះ ក្នុងបំណងទៅជួប ជីមីន តែពេលទៅដល់ខាងក្នុងភ្លាម ស្រាប់តែ ម៉ាដាមចាសស្មីន ដែលអង្គុយនៅលើសាឡុងតាំងពីពេលណាមិនដឹង ក៏ស្ទុះក្រោកវឹងតម្រង់រក នាយតូច ភ្លាមនោះគាត់ក៏វាត់មួយកំផ្លៀងចំថ្ពាល់ខាងឆ្វេងមួយទំហឹង ដូចគុំគួននិងកូនតាំងពីពេលណាមក ធ្វើឲ្យអ្នកដែលត្រូវមួយកំផ្លៀងទាំងមិនបានត្រៀមខ្លួន លើកដៃខ្ទប់ថ្ពាល់ ងាកសម្លឹងមុខអ្នកម៉ាក់ដោយក្តីហួសចិត្ត ហួសប្រមាណ៖
«ម៉ាក់???»ថេយ៉ុង អស់ពាក្យហារស្តី ត្រឹមតែហៅសព្វនាមគាត់ទាំងមុខក្រហមងាំង
«កុំថាយើងមិនដឹងឲ្យសោះ ថាឯងបានទៅធ្វើស្អីខ្លះ?»ម៉ាដាម គំហកភ្លាត់សំឡេង ស្របពេលក្តាប់ដៃយ៉ាងណែន ហើយកែវភ្នែកទាំងគូរបស់គាត់ សម្លក់កូនប្រុសពៅនៃត្រកូលដេហ្វីរៀរ៍យ៉ាងកាចសាហាវ។
«ម៉ាក់ចង់សំដៅលើអ្វី?» នាយតូច មិនគេចចេញទៅណាទាំងអស់ លុះត្រាតែបានស្តាប់ហេតុផលចេញពីមាត់គាត់។
«សំដៅលើអីឯងដឹងច្បាស់ណាស់ កុំធ្វើពុតជាមិនដឹង ព្រឹកមិញនេះកូនមីនត្រូវណាត់ជួបជាមួយគូដណ្តឹង តែឯងបែរជាមកជ្រៀតជ្រែក ឬក៏ចង់ការជំនួសគេ? វាគ្មានថ្ងៃទេ ឯងឈប់យល់សប្តិទៅ!»
«ចុះម៉ាក់មានសួរទេ? ថាបងប្រុសគាត់យល់ព្រមឬអត់?ហេតុអីម៉ាក់មិនយល់អារម្មណ៍គាត់ខ្លះផងទៅ? ម៉ាក់គិតថាការរៀបការ ជារឿងងាយណាស់មែនទេ?»
«ទោះកូនមីនឆ្លើយថាព្រមឬមិនព្រម យើងក៏មិនបានទៅប្រើឯងឲ្យទៅជួបគេដែរ ព្រោះឯងគ្មានសិទ្ធិ គឺគ្មានសិទ្ធិទេ»
«ខ្ញុំដឹងតើថាគ្មានសិទ្ធិ ព្រោះខ្ញុំមិនមែនជាកូនបង្កើតរបស់អ្នក...»ថេយ៉ុង ពោលទាំងអួលដើមក ឆួលចុងច្រមុះសឹងតែស្រក់ទឹកភ្នែក បញ្ចេញអារម្មណ៍ឈឺចាប់ដែលមានទាំងប៉ុន្មានឲ្យគាត់ដឹង តែក្មេងប្រុសម្នាក់នេះ ព្យាយាមលេបទឹកភ្នែកជូរចត់ទុកនៅក្នុងចិត្តម្នាក់ឯង ព្រោះដឹងច្បាស់ថា គាត់មិនបានទុកនាយតូច ជាកូនប្រុសរបស់គាត់ស្រាប់ទៅហើយ ហើយខណៈដែលកំពុងតតាំងពាក្យសម្តីគ្នារវាងម្តាយនិងកូនចុង ក៏ស្រាប់តែមនុស្សម្នាក់ចុះពីខាងលើមកទាំងស្រែកសួរពីចម្ងាយ៖
«មានរឿងអីម៉ាក់?» សំណួររបស់កូនប្រុសច្បង ធ្វើឲ្យអ្នកទាំងពីរដែលឈរនៅជាន់ផ្ទាល់ដី ងាកទៅរកប្រភពសម្លេងព្រមគ្នា ហើយម៉ាដាម ក៏រហ័សដើរទៅរកកូន ដោយការចាប់កដៃមកកាន់ រួចជំរិតសួរភ្លាមៗ៖
«ហេតុអីកូនកុហកម៉ាក់?ម៉េចក៏កូនឲ្យគេទៅជួបណាត់ជំនួសវិញ?ឆ្លើយភ្លាមមក» គាត់ខឹងជាមួយថេយ៉ុងមិនគ្រប់គ្រាន់ ថែមខឹងទាំងកូនប្រុសរបស់គាត់ ដែលរឹងរូសមិនស្តាប់តាមសម្តី ចំណែក ជីមីន ពេលត្រូវអ្នកម៉ាក់សម្លុតសួរដូច្នោះ ក៏កន្ត្រាក់ដៃគាត់ចេញ ហើយរត់ទៅរក ថេយ៉ុង ដោយចាប់ប្រអប់ដៃប្អូនប្រុសមកកាន់ជំនួសយ៉ាងស្អិតមិនលែង ធ្វើឲ្យអ្នកជាម៉ាក់ តឹងទ្រូងថប់ដង្ហើមយ៉ាងខ្លាំង។
«កូនប្រាប់ម៉ាក់រួចហើយ ថាកូនមិនរៀបការទេ»
«អ្វីដែលម៉ាក់ធ្វើគ្រប់យ៉ាង គឺដើម្បីកូនតែម្នាក់គត់ ជឿម៉ាក់ណា៎ ម៉ាក់ស្រឡាញ់កូន...»ម៉ាដាមព្យាយាមលួងលោមដោយពាក្យពិរោះ សង្ឃឹមថាអាចបន្ទន់ចិត្តកូនគាត់បាន ស្រាប់តែ ជីមីន ស្រែកគំហកទាំងទឹកភ្នែក
«បើម៉ាក់ស្រឡាញ់កូនពិតមែន ម៉ាក់គួរតែយល់ពីចិត្តកូន ម៉ាក់នឹងមិនបង្ខំកូនទេ?មែនទេម៉ាក់?»
«កូនមីន?»ម៉ាដាម សៀតដង្ហើមហៅឈ្មោះកូនទាំងគ្រឺតខឹងពេញបន្ទុក នូវពេលដែលកូនប្រុសមិនធ្វើតាមគាត់ បែរជាទៅស្តាប់អ្នកដទៃ គាត់គិតថា ថេយ៉ុង ត្រឹមជាអ្នកដទៃ ដែលតម្លៃសម្រាប់គាត់ទាល់តែសោះ។
«ឡើងទៅបន្ទប់វិញឥឡូវនេះ»ម៉ាដាម បញ្ជាទៅកាន់កូនប្រុស ហើយជីមីនគិតតែឈរសម្លឹងមុខគាត់មិនព្រមទៅ ស្រាប់តែអ្នកម៉ាក់ស្ទុះវឹងទៅចាប់កដៃកូនយ៉ាងស្អិតជាប់ រួចនាំកាយតូចឡើងតាមកាំជណ្តើរ ទោះបី ជីមីន បម្រះបម្រែងខ្លាំងប៉ុនណាក៏មិនឈ្នះ
«ម៉ាក់លែងខ្ញុំ ហ្ហឹក៎ៗ...ខ្ញុំឈឺណាស់ ម៉ាក់...»ជីមីន ប្រឹងកញ្ជ្រោល បោកខ្លួនបោកប្រាណ ក្រាញននៀលមិនចង់ឡើងទៅ ចំណែកអ្នកម៉ាក់ហាក់ផ្លាស់ប្តូរជាមនុស្សគរថ្លង់ លែងដឹងលែងឮអ្វីទាំងអស់ និងគិតតែចាប់អូស នាយតូចទាំងកម្រោល ឯថេយ៉ុង ឃើញហើយអាណិតទ្រាំស្ងៀមមិនបានក៏ស្ទុះឡើងទៅតាមពីក្រោយ ពេលជិតទៅដល់ហើយ រំពេចនោះជីមីន ស្រាប់តែជំពប់ជើង បណ្តាលឲ្យដួលអុកគូទទៅលើជណ្តើរភ្លាមៗ ស្របពេលសម្រែកនៃភាពភ្ញាក់ផ្អើលក៏បន្លឺឡើងផ្ទួនៗ៖
«បងប្រុស...ឈា...ឈាម?»
«កូន...?»

ម្ចាស់ជីវិត (Completed✔️)Where stories live. Discover now