ភាគ៩+ភាគ១០

3.5K 222 0
                                    

ត្បិតបានឮតែពីរនាក់ក៏ពិតមែន ប៉ុន្តែអ៊ំស្រីដែលឈរនៅជិត បើកភ្នែកធំៗដោយការភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញជុងហ្គុកបង្ហាញឫកពាហាក់ដូចកំពុងចែចង់កូនម្ចាស់ផ្ទះ ទាំងខ្លួនគេជាអនាគតកូនប្រសានៃត្រកូលនេះ ក្នុងនាមជាប្តីរបស់កូនច្បងម្នាក់ទៀតសោះ ហេតុនេះទើបធ្វើឲ្យគាត់ ទាំងឆ្ងល់ ទាំងភ្ញាក់ផ្អើល ទាំងភ័យ ទាល់តែរកពាក្យអ្វីមកសួរពុំឃើញ ហើយគាត់ក៏ដកខ្លួនចេញពីត្រង់នោះយ៉ាងប្រញាប់ប្រញាល់ នៅឡើយតែនាយតូច ដែលឈរតំឡើងគ្រាប់ភ្នែកកាចៗដាក់មនុស្សក្បាលរឹង ដែលនិយាយស្តីមិនប្រមាណខ្លួន មិនគិតពីកាលៈទេសៈ ទង្វើរបែបនេះ នាយតូច កាន់តែស្អប់គេខ្លាំងឡើង ហើយចំណែកអ្នកត្រូវគេសម្លឹង នៅតែមានស្នាមញញឹមឲ្យជានិច្ចបើទោះបីមិនបានការឆ្លើយតបត តែគេក៏មិនខ្វល់ ខណៈនោះក៏បង្វែរខ្លួនដើរសំដៅទៅរកឡាន មិនយូរប៉ុន្មានក៏បើកចេញទៅបាត់ស្រមោលឈឹង។
ថេយ៉ុង បោះជំហ៊ានចូលទៅខាងក្នុងផ្ទះ ស្របពេល អ៊ំឈី កំពុងតែឈរជូតគ្រឿងសង្ហារឹមនៅមាត់ជណ្តើរផ្ទះ កែវភ្នែកគាត់ក្រឡេកទៅនាយតូចដោយក្តីបារម្ភ។
រាងកាយស្រឡូនស្អាត កំពុងឡើងកាំជណ្តើរប្រុងទៅបន្ទប់វិញ ស្រាប់តែឮសន្ធឹកឡានបរចូលមកខាងមុខភូមិគ្រឹះ បង្អាក់នាយតូចឲ្យងាកទៅរកប្រភពសំឡេងភ្លាមៗ។
«លោកស្រីត្រឡប់មកវិញហើយអ្នកប្រុស»អ៊ំស្រីបន្លឺប្រាប់ ព្រមទាំងទម្លាក់កិច្ចការចុះនិងស្ទុះស្ទាចេញទៅទទួល ស្របពេលនាយតូចក៏ចុះទៅតាមពីក្រោយ។
ម៉ាដាមចាសស្មីន ចុះចេញពីឡានដោយឫកពាស្លន់ ហើយដើរទៅកញ្ឆក់ទ្វារឡានម្ខាងទៀត រួចចាប់អូសដៃកូនប្រុសគាត់ចេញមកយ៉ាងកម្រោល សូម្បីតែថេយ៉ុង និងអ៊ំបម្រើក៏ទៅទទួលមិនទាន់ដែរ ព្រោះពេលទៅដល់ ជីមីន ត្រូវម៉ាក់ជំរិតអូសផ្ទះភ្លាមៗគ្មានប្រណី។
«ហ្ហឹក៎ៗ ម៉ាក់លែងខ្ញុំ...»ជីមីន យំអណ្តឺតអណ្តកចង់ស្ទះដង្ហើមស្លាប់ ស្របពេលចាប់របេះដៃអ្នកម៉ាក់ចេញ តាំងពីគាត់ដឹងរឿងថាគេមានកូន គាត់ប្រែក្លាយជាមនុស្សដែលគ្មានហេតុផល ហើយបង្ខំឲ្យនាយតូចធ្វើតាមគ្រប់យ៉ាងដែលគាត់ចង់បាន។
«គាត់ទើបតែចេញពីពេទ្យ ហេតុអីម៉ាក់ធ្វើបែបនេះដាក់គាត់?»ថេយ៉ុង ស្ទុះទៅស្រវាឱប ជីមីន ពីក្រោយយ៉ាងណែន ដើម្បីកុំឲ្យម៉ាក់នាំបងប្រុសគេទៅណាបាន ខណៈនោះតំណក់ទឹកភ្នែកតូចៗ ក៏ចាប់ផ្តើមរមៀលកាត់ថ្ពាល់ ទាំងហួសចិត្ត ទាំងអាណិត ហើយក៏ឈឺចុកចាប់ជំនួសបង។
«គ្មានស្អីទាក់ទងនិងឯងទេ កុំមកចេះលូកដៃ ឆាប់ថយចេញទៅ»គាត់សម្លក់មុខ នាយតូច ដោយភាពឫស្យា មិនពេញចិត្តដែល ថេយ៉ុង តែងតែជំទាស់គាត់សព្វបែបយ៉ាង ប៉ុន្តែពេលក្រឡេកមើលទៅកូនៗទាំងពីរ ពួកគេស្រឡាញ់គ្នាណាស់ ពួកគេយំឱបគ្នាគួរឲ្យសង្វេគ ឆេះខ្លោចដួងចិត្តយ៉ាងខ្លាំង ស្របពេលអ្នកម៉ាក់បែរជាគ្មានមេត្តា ហើយយល់តែចិត្តខ្លួនឯង។
ផាច់///
គាត់បានពន្លែងដៃ ជីមីន តែក៏ប្តូរវិញដោយការទះកំផ្លៀងមួយទំហឹងជំនួសចិត្តខឹង នាយតូចលើកដៃខ្ទប់ថ្ពាល់ ងើបសម្លឹងមុខគាត់ទាំងទឹកភ្នែកហូររហាម៖
«ម៉ាក់ អោយខ្ញុំសុំទោស»ជីមីន ពោលប្រយោគសុំទោសចេញពីចិត្ត សុំទោសដែលមិនអាចធ្វើជាកូនល្អរបស់ម៉ាក់ ព្រោះគេបានបណ្តោយខ្លួនឲ្យជ្រុលជ្រួសជាមួយមនុស្សដែលមិនសូម្បីធ្លាប់ស្គាល់គ្នា ហើយភ្លាមនោះ អ្នកក៏ស្រែកគំហក៖
«ម៉ាក់មិនត្រូវការពាក្យសុំទោស ម៉ាក់គ្រាន់តែចង់ដឹងថាអ្នកដែលធ្វើឲ្យឯងមានកូន វាជាអ្នកណា?»ការពិតម៉ាដាមខឹងខ្លាំងយ៉ាងនេះ ក៏ព្រោះតែជីមីនមិនព្រមប្រាប់ការពិតថាម្នាក់នោះជាអ្នកណា តើឲ្យគេប្រាប់បែបណា?បើគេមិនស្គាល់ឈ្មោះវង្សត្រកូលរបស់បុរសនោះផង ហើយគេក៏មិនចង់ស្គាល់ មិនចង់ចងចាំមនុស្សចរិកបាតសង្គមម្នាក់នោះដែរ ទើបពេលម៉ាក់សួរ ជីមីន បានតែគ្រវីក្បាល បង្ហូរទឹកភ្នែកឈឺចុកចាប់ពេញទ្រូងតែម្នាក់ឯង គេសុខចិត្តខុស ក៏មិនចង់ឲ្យម៉ាក់រលឹកពីម្នាក់នោះ។
«ទៅបន្ទប់ឯងឥឡូវនេះភ្លាម ហើយត្រៀមខ្លួនចូលក្នុងមង្គលការ នៅសប្តាហ៍ក្រោយនេះ»គាត់សម្លុតឲ្យ ជីមីន ខ្លាំងៗ ថែមទាំងច្រាន ថេយ៉ុងឲ្យចៀសចេញ ហើយគាត់ក៏ចាប់អូសទាញកាយតូច ឡើងទៅបន្ទប់ ថែមទាំងរុញទ្វារបិទ ចាក់សោជិត មិនឲ្យអ្នកណាចូលបាន ទោះបីថេយ៉ុងឃាំងឃាត់យ៉ាងណាក៏មិនឈ្នះ។
...
ជីមីន ត្រូវបានជាប់ឃុំក្នុងបន្ទប់ពេញមួយថ្ងៃ ហើយម៉ាដាមក៏បានបញ្ជាអ្នកបម្រើយកអាហារទៅអោយដែរ តែជីមីនមិនទទួល មិនញ៊ាំអ្វីទាំងអស់ ក្រៅពីអង្គុយសំកុកខ្លួន ឱបក្បាលជង្គង់ នៅជិតជើងគ្រែ ពេលនេះម៉ាក់លែងសួរនាំរឿងមានកូនទៀតហើយ គាត់ខ្វល់តែមួយមុខគត់គឺធ្វើយ៉ាងណាឲ្យជីមីនរៀបការ កាន់តែឆាប់រឹតតែល្អ។
«ញ៊ាំអីបន្តិចទៅ ដើម្បីឲ្យមានកម្លាំង កូនជិតរៀបការ កូនមិនត្រូវបណ្តោយខ្លួនឲ្យឈឺទេ ឮទេ?»អ្នកម៉ាក់ បន្ទច់ជង្គង់អង្គុយក្បែរ ហើយលួងលោមកូនដោយសម្តីរាបៗ មិនធ្ងន់ មិនគំហកកំហុល ដោយគិតថាអាចបន្ទន់ចិត្តកូនគាត់បាន ប៉ុន្តែជីមីន មិននិយាយអ្វីទាំងអស់ គេស្ងៀមស្ងាត់ បែបជាមនុស្សខូចចិត្តដែលសុខៗមកត្រូវបាត់បង់កូនទាំងមិនដឹងខ្លួន។
«ស្អែកនេះ ម៉ាក់ទៅជួបនិយាយជាមួយគ្រួសារអាន់ដឺសាន់ ហើយកូនត្រូវទៅលោឈុតតែម្តងណា ស្តាប់សម្តីម៉ាក់ ធ្វើតាមដែលម៉ាក់ប្រាប់ ហើយបំភ្លេចរឿងអាក្រក់ចោល កូនមិនត្រូវចងចាំវា ព្រោះនាំតែអំពល់ទុក្ខដល់កូនទេ...»គត់ចង់ឲ្យកូនបំភ្លេចចោល តែគាត់មិនបានដឹងឡើយថា បេះដូងនាយតូចកំពុងតែធ្លុះធ្លាយ រឿងរ៉ាវដែលកើតឡើងនៅយប់នោះវានៅតែដក់ជាប់ក្នុងខួរក្បាល មិនដឹងថ្ងៃណារលុបបាត់ លុះត្រាតែគេលែងមានជីវិតនៅលើលោកនេះ។
«ឆាប់ញ៊ាំបាយ ហើយងូតទឹកចូលគេង ម៉ាក់ស្រឡាញ់កូនណា»ម៉ាដាម យកដៃទៅអង្អែលថ្ពាល់នាយតូចថ្នមៗ ថារួចគាត់ចាកចេញពីបន្ទប់ ចាក់សោដដែល! បែបនេះឬដែលហៅថាក្តីស្រឡាញ់? ជីមីន ងើបមុខសម្លឹងទៅទ្វារដោយការតូចចិត្ត តើគ្រួសារមួយនោះមានអ្វីអស្ចារ្យ បានជាធ្វើឲ្យគាត់ងប់ងល់ដល់ថ្នាក់ធ្វើបាបកូនខ្លួនឯងបែបនេះ?
  ពេលអ្នកម៉ាក់ចេញទៅបាត់ ភាពសោកសៅក៏ចូលមករួមរឹតបេះដូងម្តងទៀត ជីមីន អង្គុយក្នុងបន្ទប់ងងឹតស្លុប មិនបើកភ្លើង បង្ហូរទឹកភ្នែកចេញមកដើម្បីឲ្យធូរចិត្ត អស់មួយសន្ទុះធំ សុខៗស្រាប់តែនឹកដល់ ថេយ៉ុង ប៉ុន្តែគ្មានវិធីចេញពីបន្ទប់បានឡើយ ទើបក្រោកដើរទៅរកទូរស័ព្ទដើម្បីទាក់ទងគ្នា...
(បងប្រុស បងយ៉ាងម៉េចហើយ បងមានញ៊ាំបាយខ្លះដែរទេ?)
ជីមីន យកទូរស័ព្ទផ្អឹបត្រចៀកភ្លាម ទឹកភ្នែកក៏ហូរមកសារជាថ្មី ខំប្រឹងយកដៃខ្ទប់មាត់ទប់សំឡេងយំមិនឲ្យប្អូនដឹង។ ថេយ៉ុង ជាមនុស្សតែម្នាក់គត់ដែលបារម្ភពីគេជាងម៉ាក់ទៅទៀត ទើបទប់ទឹកភ្នែកមិនជាប់ ពេលឮប្អូនសួរនាំយ៉ាងដូច្នោះ...
«បងមិនអីទេ...»ជីមីន តបទាំងសំឡេងញ័រ
(ហ្ហឹម ចឹងល្អហើយ)
«ថេហ៍! ឯងមិនស្អប់បងទេមែនទេ?»
(ហេតុអីសួរបែបនេះ?ខ្ញុំស្រឡាញ់បងណាបងប្រុស ហើយគ្រប់គ្នាស្រឡាញ់បងខ្លាំងណាស់)
«...»ជីមីន ស្ងៀមស្ងាត់ តែទឹកភ្នែកហូរមិនឈប់
(ពេលនេះបងអាចប្រាប់ខ្ញុំបានហើយមែនទេ?) ថេយ៉ុង អណ្លើកសំណួរឡើង ជីមីនដឹងភ្លាមថាប្អូនប្រុសកំពុងតែចង់សួរពីអ្វី!
«តែសន្យាសិនមក ថាឯងនឹងមិនយករឿងនេះទៅប្រាប់អ្នកណា បងខ្លាច...»ជីមីន និយាយទាំងអួលដើមក ទើបអ្នកម្ខាងទៀតរហ័សតបសន្យា
(បាន! ខ្ញុំសន្យា បងត្រូវជឿជាក់លើខ្ញុំ)
ពេលឮប្រយោគនេះរួចមក ជីមីន ក៏ចាប់ផ្តើមនិយាយរៀបរាប់តាមដំណើរដើមទងនៅរាត្រីដែលគេបានទៅក្លឹបនោះ វាហាក់ដូចជាគេកំពុងតែយល់យប្តិ ត្រឹមមួយពព្រិចភ្នែក ជីវិតគេក៏ធ្លាក់មកដល់ចំណុចនេះ គេស្ទើរតែមិនហ៊ានចេញមុខជួបអ្នកណា ជាពិសេសនោះ គឺគូដណ្តឹងដែលប៉ាម៉ាក់កំពុងតែផ្សំផ្គុំឲ្យ ជុងហ្គុក អាន់ដឺសាន់ ក្មួយប្រុសរបស់យ៉ុនហ្គី គេបានដឹងគ្រប់យ៉ាង លើកលែងតែរឿង ជីមីន មានកូនតែមួយមុខគត់។
....
បន្ទាប់ពីបានស្តាប់បងប្រុសរៀបរាប់រួចមក ថេយ៉ុង បង្វែរមកចាប់អារម្មណ៍ជាមួយនិងទង្វើររបស់ ជុងហ្គុក ជាខ្លាំង តើគេកំពុងតែព្យាយាមធ្វើអ្វី?គេដឹងរឿងនោះរួចទៅហើយ ប៉ុន្តែគេនៅតែត្បុលត្បាញ់ចូលមកពាក់ព័ន្ធក្នុងរឿងរៀបការ កាន់តែគិត កាន់តែឆ្ងល់ និងមិនយល់ថាគេចង់បានអ្វីឲ្យប្រាកដ?

ម្ចាស់ជីវិត (Completed✔️)Where stories live. Discover now