ភាគ៦៧

1.8K 71 0
                                    

មួយសប្តាហ៍កន្លងផុតទៅ

បន្ទាប់ពីបានដឹងឮរឿងដែលជីមីនបានលាក់អស់ពេលជាយូរមក លោកស្រីចាសស្មីន ហាក់មានអារម្មណ៍ថាខ្លួនមិនបានរកឃើញក្តីសុខពិតប្រាកដរបស់កូនទេ ផ្ទុយទៅវិញ គាត់បានអូសទាញកូនឲ្យធ្លាក់ក្នុងរណ្តទុក្ខសោកដ៏សែនជ្រៅគ្មាននរណាស្មានដល់។ ពេលនេះវ័យចំណាស់អង្គុយសញ្ចឹងក្នុងបន្ទប់ងងឹតស្លុប គិតដល់រឿងសព្វគ្រប់ដែលបានកើតឡើង ខណៈនោះលោកម្ចាស់ ក៏បង្វិលរទេះចូលមកយឺតៗ ហើយស្រដីឡើង៖
«ចាសស្មីន ឈប់កើតទុក្ខទៅ មិនយូរទេ ពួកគេនឹងត្រឡប់មករកពួកយើងវិញមិនខាន គ្រាន់តែពេលនេះ បងចង់ឲ្យពួកគេចំណាយពេលវេលាទទួលយកការមើលថែ និងភាពកក់ក្តៅពីមនុស្សដែលនៅក្បែរខ្លួនពួកគេ...»លោកម្ចាស់ និយាយពន្យល់ភរិយាដោយភាសាសុភាព ព្រោះឃើញលោកស្រីអង្គុយស្រងូតស្រងាត់ម្នាក់ឯងច្រើនថ្ងៃហើយ បាយទឹកក៏មិនសូវនឹកនា រវល់គិតពីរឿងកូនតែមួយមុខ ឯលោកស្រី បានឮហើយក៏ដកដង្ហើមធំទាំងទឹកមុខពោរពេញដោយកង្វល់។
«បងអាណិតកូន ទើបបងសុខចិត្តដោះលែងពួកគេឲ្យទៅ...» មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ លោកម្ចាស់ តែងគិតអំពីកូនជានិច្ច ជីមីន និង ថេយ៉ុង ប្រៀបដូចកែវភ្នែក កែវជីវិតគាត់ បាត់ម្នាក់ណាមិនបានឡើយ តែគាត់មានអារម្មណ៍សោកស្តាយ ដែលមិនមានសមត្ថភាពមើលថែពួកគេបានល្អ។
«លោកបង! ជីមីន កំពុងតែស្អប់អូនហើយមែនទេ?»ម៉ាដាមចាស្មីនបន្លឺឡើងទាំងអួលដើមក កែវភ្នែករលីងរលង ងាកទៅសម្លឹងស្វាមីយ៉ាងអស់សង្ឃឹម។
«ជីមីននិងថេយ៉ុង ពួកគេមិនបានស្អប់អូនទេ»គាត់មិនដែលភ្លេចកូនច្បង ថេយ៉ុង របស់គាត់ ថែមទាំងនិយាយការពារជំនួស ព្រោះនាយតូចមិនបានស្អប់គាត់ទេ គេគ្រាន់តែតូចចិត្ត ដែលម្តាយមិនបានផ្តល់ក្តីស្រឡាញ់ឲ្យកូនស្មើរគ្នា ផ្ទុយទៅវិញ ថេយ៉ុង នៅតែគោរពស្រឡាញ់គាត់ដូចម្តាយបង្កើត សូម្បីថ្ងៃគាត់ស្រែកបណ្តេញនាយតូចចេញពីផ្ទះប៉ុន្មានលើកនោះ នាយតូចនៅតែមិនស្ទាក់ស្ទើរនឹងហៅគាត់ថា ម៉ាក់។
«...»លោកស្រីប្រែជាស្ងៀមស្ងាត់ ពេលឮដល់ឈ្មោះថេយ៉ុង។ ជីមីន រងទុក្ខដោយសារគាត់ត្រឹមរឿងមួយ ប៉ុន្តែថេយ៉ុងវិញ ស្ទើរតែគ្រប់រឿងត្រូវធ្លាក់លើនាយតូចទាំងស្រុង ខំសង្វាតរិះរកវិធីដើម្បីបញ្ឈប់មង្គលការបងប្រុស តែមិនសមបំណង ថែមទាំងត្រូវម៉ាក់ចោទថាដណ្តើមប្តីរបស់បងប្រុស ទាំងដែលនាយតូចមិនសូម្បីតែប៉ងគិត ត្រូវម្តាយបណ្តេញចេញពីផ្ទះ បំបិទសិទ្ធគ្រប់យ៉ាង បើមិនបានជួបជុងហ្គុក មិនដឹងថាជីវិតថេយ៉ុងនឹងក្លាយជាយ៉ាងណាឡើយ។
...
ចាប់តាំងពីថ្ងៃដែលកូនៗចេញពីផ្ទះព្រមគ្នា ក្នុងផ្ទះបន្សល់ត្រឹមភាពស្ងប់ស្ងាត់ខុសពីរាល់ដង ទោះបីមួយរយៈមុនមិនមានវត្តមាន ថេយ៉ុង និង ជីមីន តែអារម្មណ៍ថាការចាកចេញរបស់ពួកគេលើកនេះហាក់ខុសប្លែក ធ្វើឲ្យលោកម្ចាស់ និងលោកស្រីចាសស្មីន មានការបារម្ភ មិនដាច់ស្រលះក្នុងចិត្តសោះឡើយ។
...
វាយោត្របក់ផាត់វ៉ឺៗ បោកផ្ទាំងវាំងនននៅមាត់បង្អួចឲ្យរេរាំតាមកម្លាំងរវិចៗ នាំយកភាពត្រជាក់ចូលមកក្នុងបន្ទប់ដ៏ធំទូលាយមួយ ស្ថិតនៅជាន់កណ្តាលនៃភូមិគ្រឹះស្កឹមស្កៃ ត្បិតនេះនេះធំហាក់ដូចវាំងស្តេច ប៉ុន្តែស្ងប់ស្ងាត់ណាស់ ព្រោះម្ចាស់ភូមិគ្រឹះជាមនុស្សមិនចូលចិត្តភាពអ៊ូអរ ទើបទីនេះមានតែអ្នកបម្រើការម្នាក់ប៉ុណ្ណោះ។
ក្រឡេកមើលទៅក្នុងបន្ទប់ មានម្ចាស់រាងកាយតូចស្តើង អង្គុយផ្ទាល់លើកម្រាលឥដ្ឋ កោងខ្នងដៃទាំងគូឱបជង្គង់ ជាមួយទឹកមុខស្រពោនក្រៀមក្រំ យូរៗទើបឮសំឡេងសំឡេងសសិតម្តង បើតាមស្មានមិនខុស នាយតូចបានចំណាយពេលយំមិនតិចទេ។
«ហ្ហឹក៎ៗ...»សំឡេងដង្ហក់ បន្លឺខ្សាវៗស្តាប់មិនសូវឮ ស្របពេលដៃតូចស្រវាឱបខ្លួនឯងព្រោះភាពត្រជាក់ពីខ្យល់ដែលសម្រុកចូលមកតាមបង្អួច។ ជីមីន ងាកសន្សឹមៗសម្លឹងទៅមាត់បង្អួចទាំងក្រហមភ្នែក ឃើញថាមេឃចាប់ងងឹតបន្តិចម្តងៗហើយ រំពេចនោះ ស្រាប់តែឮសូរសំឡេងហាក់ដូចនរណាម្នាក់កំពុងតែបើកទ្វារចូលមក
ក្រឹក!!! ទ្វារបានបើកបង្ហាញឲ្យឃើញនូវវត្តមានកំលោះសង្ហា រាងខ្ពស់ស្រះឡះ ស្លៀកឈុតខ្មៅ អាវសឺមីដៃវែងបត់ដៃឡើងបន្តិច មើលទៅការសម្លៀកពាក់បែបសាមញ្ញតែធ្វើឲ្យគេលេចធ្លោនិងសង្ហាខ្លាំងណាស់។
«អូនមិនបានញ៊ាំអីតាំងពីព្រឹកម្ល៉េះ ចុះទៅញ៊ាំអីបន្តិចទៅ»យ៉ុនហ្គី អាន់ដឺសាន់ ម្ចាស់សំឡេងស្រទន់ផ្អែមត្រជាក់ ស្រដីទៅកាន់នាយតូចដែលគិតតែអង្គុយឈ្ងោកមុខ ហាក់មិនចង់ឃើញមុខគេ ទើបខណៈនោះ រាងក្រាស់ក៏រហ័សដើរចូលទៅជិត រួចបន្ទច់ជង្គង់បន្ទាបកាយក្បែរនាយតូច លូកដៃយឺតក្រសោបរង្វង់មុខផូរផង់នោះឡើងឲ្យប្រឈបនិងគេចំ៖
«អូនយំទៀតហើយ...» ចិញ្ចើមក្រាស់ស្រាប់តែចងចូលគ្នា ពេលឃើញស្នាមទឹកភ្នែកដិតដាមពេញថ្ពាល់ តាំងពីថ្ងៃនោះមក ជីមីនតែងតែមកអង្គុយសម្ងំយំនៅក្នុងបន្ទប់ម្នាក់ឯងរាល់ល្ងាច ហើយថ្ងៃនេះក៏នៅតែយំ ធ្វើឲ្យគេមិនស្ងប់ចិត្ត និងបារម្ភយ៉ាងខ្លាំង
«អូននៅតែខឹងបងទៀតមែនទេ?»ស្របសំណួរ យ៉ុនហ្គី យកដៃជូតផ្តិតទឹកភ្នែកលើថ្ពាល់នាយតូចថ្នមៗ ជីមីន តាំងចិត្តសម្លឹងក្នុងកែវភ្នែកនាយកំលោះទាំងដង្ហក់ក្នុងទ្រូង ស្របពេលគ្រវីក្បាលតិចៗ ជំនួសចម្លើយថា មិនមែនដូច្នោះទេ ព្រោះមួយរយៈនេះ យ៉ុនហ្គី មិនដែលធ្វើបាបចិត្តនាយតូចបន្តិចឡើយ គឺមានតែការមើលថែ លួងលោម ថ្នាក់ថ្នម ថ្នមអស់ពីចិត្ត គេបានទទួលស្គាល់កំហុស ថែមទាំងព្យាយាមកែប្រែឲ្យល្អឡើងវិញ យ៉ុនហ្គី មិនដូចពីមុនទេ ពេលនេះគេចេះគិត ចេះដឹងថាអ្វី គួរ អ្វីមិនគួរហើយ ប៉ុន្តែក្នុងចិត្តនាយតូចនៅស្រណោះស្រណោករឿងអតីតកាលនៅឡើយ ហើយគិតតែបន្ទោសខ្លួនឯងមិនឈប់។
«ចុះហេតុអីអូននៅយំ?មិនស្រួលខ្លួនត្រង់ណា ប្រាប់បងមក កុំស្ងាត់បែបនេះ» ឃើញនាយតូចស្ងាត់ស្ងៀម ហើយគិតតែសម្រក់ទឹកភ្នែក ធ្វើឲ្យគេចុកក្នុងទ្រូង។
«ហ្ហឹក...លោកមិនបន្ទោសខ្ញុំទេឬ?»សុខៗ ជីមីន សួរគេទាំងទឹមមុខមីងមាំង សួរបណ្តើរដង្ហក់បណ្តើរ ដូចកូនក្មេងដែលត្រូវម៉ាក់វាយឲ្យំហើយបង្ខំនិយាយយ៉ាងអ៊ីចឹង ទើបធ្វើឲ្យអ្នកត្រូវសួរធ្វើមុខឆ្ងល់
«បន្ទោសរឿងអី?»
«បន្ទោសដែលខ្ញុំ...ហ្ហឹក៎ ខ្ញុំ...»ជីមីន និយាយមិនចង់ចេញ ឯអ្នកចាំស្តាប់អន្ទះសារចង់បែកទ្រូង ដៃមាំអង្អែលផែនថ្ពាល់ក្រហមនោះថើរ ទុកពេលឲ្យនាយតូចប្រាប់តាមសម្រួល៖
«និយាយតាមសម្រួលមក»
«ខ្ញុំខ្លាចលោកបន្ទោសខ្ញុំ ដែលខ្ញុំបានធ្វើឲ្យបាត់បង់កូនរបស់លោក»ទម្រាប់នាយតូចនិយាយចេញ យ៉ុនហ្គី ខំតាំងចិត្តស្តាប់សឹងភ្លេចដកដង្ហើម ហើយទីបំផុតគេក៏ឮប្រយោគនេះចេញពីបបូរមាត់តូច ភ្លាមនោះរាងក្រាស់ក៏ញោចចុងមាត់តិចៗតែមិនញញឹម ក្នុងចិត្តវិញលួចសើច លួចរំភើប ពេលដែលនាយតូចនិយាយរឿងកូន រំភើបដែលជីមីននៅទទួលស្គាល់ថា គេក៏ជាប៉ារបស់ក្មេងដែរ។
«បងមិនបានបន្ទោសអូនទេ មិនសូម្បីតែលួចគិត»យ៉ុនហ្គី គ្រវីក្បាល ពោលបញ្ជាក់ដោយភាពស្មោះត្រង់ចេញពីចិត្ត ធ្វើឲ្យអ្នករងចាំចាំចម្លើយ បានធូរទ្រូងមួយរំពេច
«សរុបមក អូនអង្គុយយំរាល់ល្ងាចព្រោះតែខ្លាចបងបន្ទោសរឿងហ្នឹងមែនទេ?»នាយកំលោះ សួរទាំងចង់សើចបន្តិចអត់បន្តិច
«...»ជីមីន ងក់ក្បាល់ផ្ងក់ៗ ទាំងភ្នែកនៅក្រហមនៅឡើយ នាំឲ្យនាយកំលោះលួចគ្រឺតពេញទ្រូង គេខំភ័យ ខំបារម្ភសឹងស្លាប់ តែក្រោយបានដឹងមូលហេតុរួច ចង់តែចាប់ក្រញិចអ្នកយំឲ្យណាណី។

To be continued

ម្ចាស់ជីវិត (Completed✔️)Where stories live. Discover now