ភាគ៣៥

3.3K 150 0
                                    

ចប់សម្តី ជុងហ្គុក ចាប់កាន់ប្រអប់ដៃស្រឡូនតូចៗមកអង្អែលតិចៗ មុននឹងឱនថើបស្រាលៗ ដោយការពេញចិត្ត គ្មានអ្វីពិសេសដល់ក្មេងតូចម្នាក់នេះទេ ដូច្នេះគេគ្មានអ្វីត្រូវលាក់បាំង គេបកស្រាយឲ្យស្តាប់គ្រប់យ៉ាង ទោះមិនបានដឹងមុនថា ថេយ៉ុង ទទួលស្តាប់ឬអត់ឡើយ។
ក្រោយពីបានស្តាប់សម្តីដែល ជុងហ្គុក បានរៀបរាប់ កែវភ្នែកមូលតូចៗ សម្លឹងមុខគេយ៉ាងយូរ មានអារម្មណ៍ថាខ្លួនឯង បានក្លាយជាមនុស្សសំខាន់របស់គេតាំងពីណាក៏មិនដឹង បើតាមការសង្កេត រាល់គ្រប់ទង្វើទាំងអស់ ស្តែងឲ្យឃើញថា ជុងហ្គុក ធ្វើសម្រាប់តែ នាយតូច ម្នាក់គត់ គេធ្វើដោយមិនខ្វល់ពីការប្រឆាំងពីគ្រួសារ ឬមនុស្សជុំវិញខ្លួន សូម្បីតែពាក្យសម្តី សុទ្ធតែការពារដល់តម្លៃកិត្តិយស មិនឲ្យនរណាម្នាក់មកមើលងាយ ថេយ៉ុង ជាដាច់ខាត ជាពិសេសគឺ លោកស្រីចាសស្មីនតែម្តង។
«និយាយអ្វីមួយម៉ាត់មក ស្ងាត់បែបនេះ វាមិនមែនជាចរិកអូនទេ»ឃើញថេយ៉ុង ស្ងាត់មាត់យូរ គេអផ្សុក គេចង់ឲ្យនាយតូចមកតបតជាមួយដូចអម្បាញ់មិញទៀត តែមើលចុះ គ្រាន់តែគេបកស្រាយចប់ ក្មេងកំហូចក៏សម្ងំគេងកើយក្នុងប្រអប់ទ្រូងគេ ក្នុងឫកពា ស្ងៀមៗ យ៉ាងចម្លែក ខណៈនោះ ជុងហ្គុក ក៏ជ្រុបថើបសសៃសក់ទន់ៗរបស់នាយតូចបន្តិច ទើបបន្ថែមកម្លាំងឱបរឹតខ្លាំងជាងមុន មុននឹងបន្លឺឡើងស្រាលៗ៖
«កុំធ្វើមុខក្រញ៉ូវចឹង ថ្ងៃស្អែកបងនឹងនាំអូនទៅជួបបងប្រុសរបស់អូន»
ថេយ៉ុង ឮភ្លាមក៏ភ្ញាក់ព្រើតដោយអារម្មណ៍ឆ្លេឆ្លា ហើយងើបមុខសួរដេញដោលយ៉ាងលឿន៖
«ពិតមែនឬ?តើពេលនេះគាត់នៅឯងណា ហើយរស់នៅជាមួយអ្នកណា?ខ្ញុំខានជួបមុខគាត់ច្រើនថ្ងៃហើយ ខ្ញុំពិតជាចង់ជួបគាត់ណាស់»នាយតូច សួរញាប់មាត់ ទាំងមិនបានដឹងរឿងដែលកើតឡើងនៅថ្ងៃមង្គលការនោះវាបែបណា មិនដឹងថា បងប្រុស ត្រូវជុងហ្គុក នាំយកទៅទុកនៅផ្ទះធំឡើយ ទើបជុងហ្គុករហ័សនិយាយកែប្រែដូចគ្មានរឿងអ្វីកើតឡើង ព្រោះមិនចង់ឲ្យប៉ះពាល់ផ្លូវចិត្ត៖
«ជីមីន នៅក្នុងផ្ទះធំ គេបានទទួលការមើលថែពីអ្នកម៉ាក់ហើយ»
បានឮដូច្នោះ នាយតូច ក៏ច្រានដង្ហើមចេញយ៉ាងធូរទ្រូង ឮថាបងប្រុសមិនអី គេពិតជាត្រេកអរខ្លាំងណាស់ ចំណែករាងក្រាស់ លបតាមឈ្ងោកមុខមើល ក្មេងតូច ដែលកំពុងតែលួចញញឹមម្នាក់ឯង មើលទៅនាយតូចពិតជាស្រឡាញ់ បងប្រុស របស់គេណាស់ មិនគួរណាលោកស្រីចាសស្មីន មកជាន់ឈ្លីបំបាក់ទឹកចិត្តក្មេងប្រុសម្នាក់នេះទាល់តែសោះ បែបនេះហើយ បានជាជុងហ្គុក មិនអាចទ្រាំឈរស្ងៀមៗបាន ពេលឃើញលោកស្រី ធ្វើបាបសំណព្វបេះដូងរបស់គេនៅចំពោះមុខ។
«កុំកុហកណា៎...លោកត្រូវនាំខ្ញុំទៅជួបបងប្រុស»
«បងមិនកុហកទេ»
«សន្យាមក»ថេយ៉ុង លើកកូនដៃឲ្យគេថ្ពល់ជាការសន្យា នាយកំលោះក៏យកកូនដៃមកថ្ពក់ជាប់ ហើយញញឹមងក់ក្បាលតិចៗ៖
«បាទ...បងសន្យា តែឥឡូវនេះឱបបងសិនមក»យ៉ាងណាក៏មិនភ្លេចរឿងឱបដែរ ឯមាឌល្អិត ហេតុតែចង់ជួបមុខបងប្រុសរបស់ខ្លួន ក៏សុខចិត្តសសៀខ្លួនខិតចូល ឯដៃស្រវាឱបរាងកាយអ្នកកំលោះទាល់តែណែនរង្វង់ដៃ ធ្វើឲ្យអ្នកត្រូវឱប បានចិត្តថែម ហើយសើចញញឹមបិទមាត់មិនជិត។
«មិនថាអូនចង់សុំរឿងអ្វីពីបងក៏ដោយ បងព្រមតាមគ្រប់យ៉ាង តែអូនត្រូវស្តាប់បង កុំឌឺឲ្យសោះ ឮទេ?»
«...»នាយតូច ងក់ក្បាលតិចៗ ទាំងធ្វើកែវភ្នែករលីងរលោងមានកូនពន្លឺក្នុងទឹកភ្នែកព្រិចៗ ទើបគេក្រសោបឱបកាយតូចផ្តល់ភាពកក់ក្តៅ រួចបន្លឺដោយសំឡេងស្រាលៗបន្ទន់ចិត្ត៖
«ចឹងសុំឱបឲ្យដល់ព្រឹក ហើយឱបបែបនេះរាល់យប់ តើបានទេ?»
«...»គ្មានអ្វីត្រូវប្រកែក កំលោះតូច នៅតែអាចងក់ក្បាលផ្ងក់ៗ ស្តាប់តាមសម្តីគ្រប់ម៉ាត់ នាំឲ្យជុងហ្គុកលើកចិញ្ចើមបែបនឹកស្មានមិនដល់ តែក៏លួចអស់សំណើចក្នុងចិត្ត ព្រោះដឹងថាក្មេងកំពូលល្បិច ស្លូតៗតែពេលយកចិត្តគេទេ តែស្អែកឡើង ខ្លាដដែល។
...
ស្អែកឡើង
មនុស្សដែលគោរពពាក្យសន្យា មិនធ្វើឲ្យសំណព្វចិត្តរបស់គេខកបំណងឡើយ ជុងហ្គុក បានបើកឡានចេញពីភូមិគ្រឹះទាំងព្រឹក ដើម្បីនាំថេយ៉ុង មកជួបជីមីន ពិតមែន។
រាងខ្ពស់ស្រឡះ ក្នុងឈុតខោក្រណាត់ពណ៌ខ្មៅ ពាក់អាវសឺមីពណ៌សរ បត់ដៃអាវឡើងបន្តិច រំលេចឲ្យឃើញនាឡិកាតម្លៃថ្លៃ ដែលបង្ហាញឲ្យស្គាល់ពីចរិកមនុស្សដែលម៉ត់ចត់ និងស្រឡាញ់ពេលវេលា តែក៏បន្ថែមភាពឡូយសង្ហាមួយកម្រិតទៀតដែរ ម្ចាស់រាងកាយសង្ហាខាបព្រលឹង កំពុងតែបណ្តើរ រាងតូច ដោយដៃស្រាក់ចង្កេះជាប់រហូត តាំងពីកន្លែងចតឡាន រហូតពួកគេចូលមកដល់ខាងក្នុងផ្ទះ។
«អ៊ំស្រី»ក្រឡេកឃើញ លោកស្រីស៊ូណាន ដែលជាម៉ាក់របស់ជុងហ្គុកភ្លាម ថេយ៉ុង រហ័សចាប់របេះដៃគេចេញពីចង្កេះ រួចដើរទៅឱនគំនាបគោរពយ៉ាងមានសុជីវធម៌ និងគួរឲ្យស្រឡាញ់បំផុត ឯលោកស្រី ក៏យកដៃអង្អែលសក់ នាយតូច តិចៗ តែគាត់មិននិយាយអ្វីឡើយ រួចក៏សម្លឹងមុខកូនប្រុសគាត់ដោយក្រសែភ្នែកនឹងធឹង ទើបភ្លាមនោះ ជុងហ្គុក ក៏និយាយមុន៖
«ខ្ញុំជូនគេ មកមើលសុខទុក្ខ ជីមីន»
«ហ្ហឹម៎...»អ្នកម៉ាក់ ងក់ក្បាលទទួលដឹងឮ រួចក៏ដើរទៅចាប់កាន់ដៃថេយ៉ុងភ្លាម
«ទៅជាមួយអ៊ំ ជីមីនកំពុងតែស្រោចផ្កានៅក្នុងច្បារឯណោះ»
«បាទ»ថេយ៉ុង ញញឹមទាំងរំភើបចិត្ត ទើបលោកស្រីបបួលដោយការបណ្តើរនាយតូចចេញទៅ ខណៈនោះជុងហ្គុក ក៏ប្រុងឈានដើរទៅតាម តែត្រូវលោកអ្នកម៉ាក់ងាកសម្លឹងដោយជាសញ្ញាហាមប្រាម ព្រោះកូនគាត់បញ្ចេញឫកពាប្លែកៗដែលគាត់ពុំធ្លាប់ឃើញ ហើយចំនែកគេក៏បង្អាក់ដំណើរឈប់ត្រឹមហ្នឹង ដោយទុកឲ្យម៉ាក់ជាអ្នកជូន ថេយ៉ុងទៅ។
...
«បងប្រុស»ថេយ៉ុង ស្រែកហៅពីចម្ងាយ សម្លឹងទៅជីមីនដែលកំពុងដណ្តើមអ្នកបម្រើស្រោចផ្កា បានទម្លាក់របស់ក្នុងដៃចោល ហើយរត់មកទទួលប្អូនប្រុស ទាំងអររំភើបស្ទើរហោះ។
«បងនឹកឯង នឹកខ្លាំងណាស់ នឹកៗៗ នឹកខ្លាំងបំផុត»
«ខ្ញុំក៏នឹកបងដែរ អ្ហឹក៎ៗ...»
បងប្អូនទាំងពីរ រត់រកគ្នាទាំងស្រវាឱបគ្នាយ៉ាងស្អិតបេះមិនចេញ ម្នាក់ៗរំភើបទាល់តែស្រក់ទឹកភ្នែក នឹករហូតមិនដឹងគួរនិយាយប្រាប់បែបណា ពួកគេឈរឱបគ្នាយ៉ាងយូរ ទើបបបួលគ្នាទៅក្រោមដើមផ្កាសាគូរ៉ាធំមួយ ដែលមានម្លប់ត្រជាក់ រួចអង្គុយលើបង់នៅក្រោមនោះ ហើយក៏សួរសុខទុក្ខគ្នាទៅវិញទៅមក ជីមីន និង ថេយ៉ុង ពីដឹងចិត្តគ្នាណាស់ ទើបជ្រើសមិនសួរនាំរឿងណាដែលមិនល្អ នាំឲ្យខូចអារម្មណ៍ គឺមានតែពាក្យថា បង និង ប្អូន ដែលគ្មាននរណាអាចមកកាត់ផ្តាច់ពួកគេឲ្យបែកគ្នាឡើយ។
ខណៈដែលបងប្អូនទាំងពីរសាសងគ្នា ងាកមកមើលជុងហ្គុក ក៏កំពុងតែប្រឈមមុខជាមួយម៉ាក់ នូវរឿងខ្លះៗ...
«ម៉ាក់ចង់ឲ្យកូនរៀបចំលិខិតលែងលះឲ្យបានឆាប់»លោកស្រីស៊ូណានបានជ្រាបនូវរឿងគ្រប់យ៉ាងបន្ទាប់ពី ជីមីន បានបង្ហើបរួចមក គាត់ក៏មិនចង់អូសបន្លាយពេលយូរដែរ បើពួកគេលែងលះភ្លាមៗ គ្រប់យ៉ាងនឹងឆាប់ចប់ដាច់ស្រេច។
«មិនទាន់ដល់ពេលទេម៉ាក់ រងចាំលោកពូមកសិន»
«គ្មានអ្វីទាក់ទងនិងយ៉ុនហ្គីទេ ចាំបាច់រងចាំគេធ្វើអី?»អ្នកម៉ាក់ សួរទាំងចងចិញ្ចើមជាប់
«អោយខ្ញុំសុំទោសម៉ាក់ រឿងខ្លះ កូនមិនអាចប្រាប់បានទេ សូមអ្នកម៉ាក់ រងចាំដោះស្រាយរឿងនេះជាមួយនិង លោកពូ ចុះ»ជុងហ្គុក ប្រកែកយ៉ាងដាច់ខាត គេមិនទាន់លែងលះ បើលែងលះភ្លាម បានន័យថាគេអស់សិទ្ធិត្រួតត្រាលើ ជីមីន ទៀតហើយ លុះត្រាតែ ជីមីន បានទៅដល់ដៃ យ៉ុនហ្គីសិន ទើបគេហ៊ានពន្លែងបញ្ហានេះចោល ដល់ពេលនោះ គេនឹងមិនលូកដៃក្នុងរឿងរបស់លោកពូ របស់គេជាដាច់ខាត។

ម្ចាស់ជីវិត (Completed✔️)Where stories live. Discover now