ភាគ៦១

1.8K 84 1
                                    

គេតបតែប៉ុណ្ណឹងរួចក៏ចាត់ការក្មេងកំហូចតាមការគួរ។
ចំណែកយ៉ុនហ្គី ពុំទាន់ចេញទៅណាឆ្ងាយពីបន្ទប់នោះឡើយ ហើយនៅអង្គុយកៀកកើយម្ចាស់រាងកាយដែលមិនទាន់ភ្ញាក់ពីដំណេក តាមមើលប្រហែលជាត្រូវពិសកូនបិសាចតូចខ្លាំងពេកហើយទើបថ្មើរនេះហើយនៅមិនទាន់ដឹងខ្លួនទៀត។
«កាត់បន្ថយចរិករឹងរូសខ្លះមិនបានទេហ្អែស?»យ៉ុនហ្គី សួរទាំងចិត្តក្នក់ក្នាញ់ ខណៈម្រាមដៃ ស្ទាបអង្អែលផែនថ្ពាល់រលោងម៉ត់របស់នាយតូច មិនឆ្លើយនិងសំណួរគេក៏មិនអីដែរ ព្រោះគេដឹងថា ជីមីន ជាក្មេងរឹងរូស អាចថាចរិករឹងជាង ថេយ៉ុង ទៅទៀត បើសិនជាគេបណ្តោយ ក៏មិនអាចក្តាប់ឱកាសក្រសោប ជីមីន ទុកបានដែរ ទើបគេព្យាយាមធ្វើបែបនេះ និងសង្ឃឹមថាអ្វីៗអាចនឹងប្រែប្រួលនូវពេល នាយតូច ដឹងខ្លួនវិញក៏ថាបាន ព្រោះនេះមិនមែនជាលើកទីមួយទេ ដែល យ៉ុនហ្គី ល្បួងស៊ីគ្រឿងក្នុងកូនគេបានសម្រេចគ្រប់លើក មិនដែលមានម្តងណាដែល ជីមីន អាចគេចផុតទេ យ៉ាងច្រើន គេចបានតែស្នាមថើប តែចុងក្រោយត្រូវគេលូកលាន់សព្វសាច់គ្មានសល់ចន្លោះណា។

ចំណាយពេលកាន់តែយូរ ជីមីន នៅស្ងៀមឈឹងដដែល ទើបគេប្តូរចិត្ត ដើរទៅចូលទៅងូតទឹកសម្អាតខ្លួន មិនយូរប៉ុន្មានក៏ចេញពីបន្ទប់ទឹក សំដៅទៅបន្ទប់ដាក់សម្លៀកបំពាក់របស់ ជុងហ្គុក ក្មួយប្រុសរបស់គេ រួចក៏ទាញខោអាវមួយកំផ្លេពីក្នុងទូរ មកស្លៀកពាក់យ៉ាងឡូងសង្ហា។
ម្ចាស់រាងកាយខ្ពស់ស្រឡះ មានស្បែកសចាំងពីខាងក្នុង ទីនុយអាវសឺមីពណ៌ខ្មៅ និងខោក្រណាត់ពណ៌ខ្មៅ ព្រោះសម្លៀកបំពាក់របស់ជុងហ្គុកភាគច្រើនគឺបែបនេះ ប៉ុន្តែ មិនថាពូឬក្មួយទេ គ្រាន់តែគ្រោងឈុតលើខ្លួនភ្លាម ជះរាងសង្ហាចែងចាំងឡើងភ្លាម។ បកំលោះសង្ហា បោះជំហ៊ានចេញពីបន្ទប់សម្លៀកបំពាក់បណ្តើរ បត់ដៃអាវឡើងបណ្តើរ មើលទៅគេកាន់តែឥតខ្ចោះ។
...
(លោកប៉ា ហ្ហឹកៗ ប៉ាទៅណាហ្នឹង ប៉ាឈប់ស្រឡាញ់កូនហើយមែនទេ? លោកប៉ា កុំទៅអី...)សំឡេងក្មេងតូចម្នាក់ អាយុប្រហែល៥ឆ្នាំ កំពុងតែស្រែកយំនៅខាងមុខផ្ទះ ស្របពេលឡានទំនើបមួយគ្រឿង កំពុងតែបើកចេញសន្សឹមៗចេញទៅ អ្នកនៅក្នុងឡានទំនងជាប៉ារបស់ក្មេង...
(កុំយំ កូនកុំយំ នៅជាមួយMommyណា៎)រាងតូចមុខមាត់ស្អាតបាត ស្ទុះទៅលុតជង្គង់និយាយលួងលោមកូនតូចទាំងខ្លួនឯងកំពុងតែទឹកភ្នែកជោគជាំ មើលទៅអ្នកទាំងពីរគួរឲ្យសង្វេគណាស់...
(លោកប៉ាទៅណា?អ្ហឹកៗ ប៉ាឈប់ស្រឡាញ់ពួកយើងហើយហ្អែ៎?)ក្មេងតូចទួញសោកយ៉ាងអណ្តកអណ្តឺត ទឹកភ្នែកហូរម៉ាត់ៗ ព្រោះតូចចិត្តនូវការចាកចេញរបស់លោកប៉ា
(នៅមានMommy លោកតា និង យាយដែលស្រឡាញ់កូន ឈប់យំណា តោះចូលក្នុងផ្ទះយើងវិញ)នាយតូចព្យាយាមល្បួងបង្វែរចិត្តកូនឲ្យតាម តែក្មេងនៅយំទទូចមិនព្រមទៅណា គេស្រឡាញ់ប៉ាខ្លាំងណាស់
(ហៅប៉ាប៉ាមកផ្ទះយើងវិញមក ហ្ហឹក៎ៗៗ) ទោះខំលួងយ៉ាងណា ក៏នៅតែមិនបាត់ អ្នកលួងអស់សមត្ថភាព ក៏យំសស្រោកតាមកូន គេនៅតូចណាស់ ហេតុអី ម្នាក់ដែលដែលបើកឡានចេញទៅអម្បាញ់មិញនេះ ចិត្តដាច់ អាត្មានិយមខ្លាំងម្ល៉េះ មិនអាណិតប្រពន្ធ គួរណាស់តែអាណិតកូនដែលខំរត់តាមទាំងទឹកភ្នែករហេមរហាម...ខណៈនោះតំណក់ទឹកភ្នែកតូចៗក៏ចាប់ផ្តើមជ្រៀតចេញតាមកន្ទុយភ្នែករឹមៗ ហូរកាត់ផែនថ្ពាល់ដល់គុម្ពត្រចៀក ដែលវាទឹកភ្នែកដ៏មានតម្លៃ...
«ភ្ញាក់ហើយឬ?»សំណួរស្រទន់ដែលមិនបានព្រៀងទុក បន្លឺចេញពីបបូរមាត់នាយកំលោះ ពេលក្រឡេកឃើញអ្នកនៅលើគ្រែ ពន់ពែនអែនអនខ្លួនប្រាណ ទៅឆ្វេងទៅស្តាំ ឯដៃញីភ្នែកដែលធ្មេច ប្រឹងជំនះបើកទាំងមមីមមើ មិនទាន់អស់ងងុយ។
«អ្ហឹក...ហ្ហឹកៗ»បើកភ្នែកឡើងភ្លាម ជីមីន ពេបមាត់យំអណ្តឺតអណ្តក ធ្វើឲ្យយ៉ុនហ្គី មានអារម្មណ៍ចម្លែកក្នុងចិត្ត ក៏រហ័សដើរទៅរក ដោយដាក់ខ្លួនអង្គុយជិត មុននឹងស៊កដៃក្រោមផែនខ្នងនាយតូច ហើយត្រកងឡើងមក ឯអ្នកត្រូវគេថ្នាក់ថ្នមបីបមដូចទារក នៅតែខ្សឺតខ្សកៗ តូចចិត្តតូចថ្លើមទាំងព្រលឹម។
«កើតអី?មិនស្រួលត្រង់ណា?»ស្តាប់តែសម្តីក៏ដឹងថាគេកំពុងតែបារម្ភ សួរបណ្តើរ ដៃស្ទាបថ្ងាស ស្ទាបថ្ពាល់ រួចក៏ស្ទាបខ្នង ក្រែងលោក្តៅខ្លួន ឯជីមីន សន្សឹមៗរេក្រសែភ្នែកមើលផ្ទៃមុខគេ រួចពោលឡើង៖
«លោក...ហ្ហឹក៎...លោក...»គ្រាន់តែចាប់ផ្តើមនិយាយ ជីមីន រដករដុបឆ្លើយមិនចេញ យ៉ុនហ្គី ក៏និយាយ៖
«ដកដង្ហើមឲ្យវែងៗ ហើយនិយាយតាមសម្រួលមក»ស្របសម្តី ដៃមាំអង្អែលលើថ្ពាល់ទន់ៗថើរៗ ថ្នមទឹកចិត្តក្មេងតូច ដែលភ្ញាក់ដឹងខ្លួនភ្លាមក៏យំភ្លាម។
«លោកកុំបោះបង់ខ្ញុំចោលអី...ហ្ហឹក៎...ខ្ញុំខ្លាច...»និយាយដល់ត្រឹមហ្នឹង ជីមីន ស្រាប់តែស្ទុះត្រសុលខ្លួនឱបគេ ពិតក្បាលក្នុងដើមទ្រូងមានកម្តៅ ចំណែកយ៉ុនហ្គី ភ្ញាក់ព្រើត ចិញ្ចើមរត់រកគ្នាបន្តិច រួចក៏ឱនមុខសួរ៖
«យើងមិនបានទៅចោលឯងឯណា យើងនៅក្នុងបន្ទប់នេះ រងចាំមើលឯងភ្ញាក់...»យ៉ុនហ្គី គិតនឹងរៀបរាប់ឲ្យចប់ តែមិនបានចប់ព្រោះនាយតូចគំហកកាត់ភ្លាមៗ៖
«តែមិញនេះលោកបានទៅចោលខ្ញុំនិងកូនច្បាស់ណាស់»ជីមីន ត្អូញត្អែរទាំងសំឡេងក្ងួរស្អកៗស្តាប់មិនសូវច្បាស់ តែអ្វីដែលយ៉ុនហ្គីស្តាប់ឮហើយចាប់អារម្មណ៍បំផុតនោះគឺ៖
«កូន?ពួកយើងមានកូនតាំងពីពេលណា?»ដល់ត្រឹមនេះ យ៉ុនហ្គី អាន់ដឺសាន់ ទម្លាក់ទឹកមុខប្រែជារាបស្មើ ចិត្តចាប់ផ្តើមមានមន្ទិល តែពុំទាន់និយាយ និងរងចាំស្តាប់ជីមីននិយាយបន្ត។
«យល់សប្តិអាក្រក់មែនទេ?បានឃើញអ្វីខ្លះ?»គេគិតថា ជីមីន ប្រហែលជាយល់សប្តិមិនល្អ ព្រោះមិនដែលឃើញក្មេងឌឺហ្នឹងព្រមត្បុលខ្លួនមកឱបគេមុនទេ កុំថាឡើយឱប សូម្បីតែអង្គុយក្បែរ ក៏មិនដែរ។
ជីមីន មិនបានតបអ្វីទៀតឡើយ តែបែជាពេបមាត់យំ ទឹកភ្នែកទឹកសំបោរ ហើយស្រវាឱបគេយ៉ាងស្អិត ហាក់ដូចខ្លាចគេរត់ចោលដូចក្នុងយល់សប្តិ មែនហើយ មុននេះ គ្រាន់តែការយល់សប្តិប៉ុណ្ណោះ ប៉ុន្តែអារម្មណ៍ប្រាប់មកហាក់ដូចជាការពិតស្តែងៗនៅចំពោះអ៊ីចឹង សុបិនមួយនេះធ្វើឲ្យនឹកស្រណោះស្រណោកដល់ដុំឈាមដែលបានបាត់បង់ទៅ នាយតូចសោកស្តាយរហូតអារម្មណ៍ឈឺចាប់មួយនោះវានៅដក់ជាប់ក្នុងទ្រូងមិនបាត់សោះ។
«ម៉េចក៏មិនឆ្លើយ ហ្ហឹម?»យ៉ុនហ្គី ឱនមុខសួរក្មេងច្រម៉ក់ដែលពិតមុខក្នុងទ្រូងគេ ដោយសំឡេងស្រទន់ តែភ្លាមនោះក៏ទទួលបានចម្លើយចុកឈាម៖
«បិទមាត់!»សុខៗ ជីមីន គំហកបញ្ជាឲ្យគេបិទមាត់ ទាំងលើថ្ពាល់នៅដិតដានស្នាមទឹកភ្នែកនៅឡើយ ឯយ៉ុនហ្គី ក៏ស្ងាត់មាត់ឈឹង តែដៃលបសសៀៗទៅជូតទឹកភ្នែកឲ្យ វិនាទីដែលដៃជិតដល់ថ្ពាល់ទៅហើយ ស្រាប់តែ ក្មេងឆ្នាស់ ខាំមាត់គំរាមមុខកាច៖
«កុំប៉ះ!»ស្រែកហាមគេមិនឲ្យយកដៃប៉ះថ្ពាល់ ស្របពេលដែលខ្លួនឯងឱបគេស្អិតដូចតុកកែ
«ជូតទឹកភ្នែកឲ្យតើ!? ខុសដែរ?»
«ប្រាប់ឲ្យបិទមាត់»
«...»យ៉ុនហ្គី លែងហ៊ានមាត់ ហើយក៏អង្គុយស្ងៀមៗ ស្រាប់តែរំពេចនោះ ក៏ឮប្រយោគមួយឃ្លាដែលឮហើយគាំងស្តូកនៅនឹងមួយកន្លែង៖
«ផ្តល់តំណក់ឈាមឲ្យខ្ញុំមួយបានទេ រួចហើយលោកចង់ទៅណាក៏ស្រេចតែលោកចុះ បានទេ?»ផ្តល់ដំណក់ឈាម គឺជីមីន ចង់សំដៅលើកូន គេចង់បានកូនមួយទៀត ដៃតូចៗលើកជូតទឹកភ្នែកចេញ ហ៊ានសុំគេយ៉ាងក្លាហានមិនលាក់លៀម ក្រឡេកមើលអ្នកម្ខាងទៀត ភ្លាំងភ្លឹកដូចត្រូវបណ្តាសា!មិនដឹងត្រូវសើច ឬយំ ឬក៏លុតជង្គង់អង្វរគេ សូមអង្វរកុំដេញបងអី! អូហ៍ គ្រាន់តែគិតក៏ស្លុតចិត្តដែរ

ម្ចាស់ជីវិត (Completed✔️)Where stories live. Discover now