ភាគ៦៥

1.8K 72 0
                                    

ថេយ៉ុង ក្លាហានខុសពីធម្មតា ឬដោយសារតែមានជុងហ្គុកនៅក្បែរ ប៉ុន្តែបើតាមស្តាប់សម្តីវិញ ប្រហែលនាយតូចចង់និយាយពាក្យនេះចេញមកយូរហើយគ្រាន់តែគ្មានឱកាស ហើយខណៈនោះ កំលោះសង្ហារមុខឃៅ យ៉ុនហ្គី អាន់ដឺសាន់ ដែលមានវត្តមាននៅទីនោះដែរ បានបោះសម្តីឡើង៖
«ក្រែងឯងប្រាប់ថាមកទីនេះដើម្បីបកស្រាយរឿងខ្លះ? តើជារឿងអី ឆាប់និយាយមក»យ៉ុនហ្គី និយាយដាស់តឿនដោយសំឡេងធ្ងន់ ធ្វើឲ្យ ថេយ៉ុង បែរមកចាប់អារម្មណ៍ពីរឿងនេះវិញ ខណៈកែវភ្នែកតូចៗទាំងគូ រេសម្លឹងទៅកាន់មនុស្សជំវិញខ្លួន ក្រោមវត្តមាន លោកស្រីចាសស្មីន ជុងហ្គុក យ៉ុនហ្គី និង ជីមីន ដែលកំពុងតែភ័យបុកពោះ បេះដូងចាប់ផ្តើមធ្វើទុកបុកម្នេញពេញទ្រូង។
«រឿងដែលខ្ញុំចង់និយាយនោះ គឺទាក់ទងនិងបងប្រុស ប៉ុន្តែ...មុននឹងនិយាយ ខ្ញុំពិតជាសុំទោស ខ្ញុំដឹងថាពេលនិយាយវាឡើងមក នឹងប៉ះពាល់ដល់អារម្មណ៍គាត់ តែរឿងហ្នឹងមិនអាចលាក់បន្តទៀតបានទេ»
«ថេយ៉ុង កុំអី...» ជីមីន ដែលឈរនៅក្រោយខ្នងម៉ាក់ គ្រវីក្បាលទាំងកែវភ្នែកក្រហម ព្រោះគ្រាន់តែឮនាយតូចចាប់ផ្តើមនិយាយ គេហាក់ដឹងមុនរួចទៅហើយថាជារឿងអ្វី តែយ៉ាងណា ថេយ៉ុង នៅតែមានះនឹងនិយាយវាចេញមកដោយខានពុំបាន៖
«ម៉ាក់ ថ្ងៃនេះខ្ញុំមកស្រាយចម្ងល់ រឿងកូនរបស់បងប្រុស...»
««កូន???»» ជីមីន និង ហ្គុក ស្ទួនពាក្យនេះដំណាលគ្នាដោយការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែយ៉ុនហ្គី គឺប្រតិកម្មខ្លាំងជាងគេចំពោះការពិតមួយនេះ គេឈរលែងស្ងៀម ដោយស្ទុះទៅចាប់អូសជីមីនឲ្យមកឈរចំពោះមុខ ឯអ្នកដែលត្រូវគេអូសនាំមក ហាក់ស្រឡាំងកាំង ភ្នែកទាំងគូសម្លឹងមុខយ៉ុនហ្គី ឆ្លាស់គ្នានឹងមើលទៅ ថេយ៉ុង ទាំងញ័របបូរមាត់
«ថេ...»ជីមីនហាក់ស្លន់ស្លោ ក្តុកក្តួល ញាប់ញ័រពេញទ្រូង ច្បាស់ណាស់ ថេយ៉ុង កំពុងតែនិយាយរឿងដំណក់ឈាមដែលបានបាត់បង់នោះ ហើយភ្លាមនោះដែរស្រាប់តែយ៉ុនហ្គី ជំរិតសួរ:
«កូន?អូនមានកូនមែនទេ?»យ៉ុនហ្គី បង្ខំសួរទាំងអារម្មណ៍ច្របូកច្របល់ ឈាមច្រាលពេញផ្ទៃមុខសង្ហា ឯជីមីនអស់ពាក្យឆ្លើយបានត្រឹមងក់ក្បាលសម្លឹងកែវភ្នែកគេ ស្របតំណក់ទឹកភ្នែកមួយតំណក់ធំ ហូរកាត់ថ្ពាល់មួយរំពេច។
«មានរឿងអ្វីទៀតដែលបងមិនបានដឹង ឆាប់និយាយឲ្យអស់មក»ពេលម្នាក់ៗកំពុងតែគាំងរៀងខ្លួន ទើបជុងហ្គុក ព្យាយាមជម្រុញទឹកចិត្តថេយ៉ុងឲ្យនិយាយបន្ត ហើយនាយតូចក៏រៀបរាប់៖
«ប៉ារបស់ក្មេងគឺ លោកពូ របស់បង ហើយក្មេងនោះ...ក្មេងនោះ...»ដល់ត្រឹមនេះ ថេយ៉ុង រញ្ជួលចិត្តញ័រដៃនិយាយលែងទៅមុខ ហាក់ទាក់ទើរកង្វល់ក្នុងចិត្ត ក្រឡេកទៅ ជុងហ្គុក និង យ៉ុនហ្គី ដែលអន្ទះសារ ចង់ដឹងស្ទើរស្លាប់ ផ្ទៀងស្តាប់សឹងមិនដកដង្ហើម ឯជីមីន កាន់តែបង្ហូរចុះភ្នែកចុះមកដោយក្តីឈឺចាប់ ទើបថេយ៉ុង ធ្មេចភ្នែកពោលសុំទោសម្តងហើយម្តងទៀតទម្រាំដាច់ចិត្តនិយាយចេញមក...
«ខ្ញុំសុំទោស បងប្រុស ខ្ញុំសុំទោស...ក្មេងនោះបានទៅចោលគ្រប់គ្នាហើយ តាំងពីគេនៅជាដុំឈាមនៅឡើយម្ល៉េះ»
«បានន័យថាម៉េច?»យ៉ុនហ្គី គំហកសួរទាំងញាប់ញ័រទ្រូង ខណៈមាឌល្អិតឈ្ងោកមុខយំខ្សឹកខ្សួល ថែមទាំងបន្ទោសឲ្យខ្លួនឯង៖
«មកពីខ្ញុំ ហ្ហឹកៗ...ខ្ញុំធ្វេសប្រហែស...»
«បើថ្ងៃនោះម៉ាក់មិនបង្ខំបងប្រុស ក៏មិនបាត់បង់គេដែរ បងឈប់បន្ទោសខ្លួនឯងទៀតទៅ»គ្រាន់តែ បងប្រុស បន្ទោសខ្លួនឯងភ្លាម ថេយ៉ុង រហ័សកាត់សម្តីភ្លែត ក្រឡេកទៅ លោកស្រី នៅឈរធ្វើមុខយ៉ាងមាំ គាត់ហាក់មិនមានភាពសោកស្តាយបន្តិចសោះ ផ្ទុយពីជីមីនកូនប្រុសគាត់ ឲ្យតែរំលឹកដល់កូនដែលបាត់បង់នោះ អារម្មណ៍គេឈឺខ្ទេចខ្ទាំ ហាក់បាត់បេះដូងមួយចំហៀង នៅតែសោកស្តាយ នៅតែសង្វេគដែលបាត់បង់ទាំងគេមិនទាន់ស្គាល់ពន្លឺថ្ងៃ អារម្មណ៍នេះមិនខុសពី យ៉ុនហ្គីពេលនេះទេ ទាំងស្លុតចិត្ត ទាំងខឹងអ្នកដែលបង្ករគ្រោះថ្នាក់ដល់ជីវិតកូនរបស់គេ។
«ជីមីន មិនព្រមរៀបការ ម៉ាក់នៅតែបង្ខំគាត់ ពេលដឹងថាគាត់រលូតកូនហើយ ម៉ាក់នៅតែព្យាយាមរកវិធីដើម្បីឲ្យគាត់បានជ្រកក្រោមដំបូលគ្រួសារអាន់ដឺសាន់ តែម៉ាក់មិនដែលខ្វល់ពីអារម្មណ៍គាត់ គាត់ឈឺចាប់ គាត់ខ្លាច ខ្លាចរហូតលែងចង់ចូលផ្ទះ ខ្លាចម៉ាក់ដេញឲ្យត្រឡប់ទៅរកជុងហ្គុកវិញ...ខ្ញុំដឹងម៉ាក់ស្រឡាញ់កិត្តិយសទ្រព្យសម្បត្តិ ជាងស្រឡាញ់កូនៗទៅទៀត ខ្ញុំដឹងថាម៉ាក់ចង់ឲ្យបងប្រុសមានក្តីសុខ តែម៉ាក់មិនដែលដឹងពីសុខទុក្ខគាត់យ៉ាងណា...ម៉ាក់! ជុងហ្គុក ព្រមរៀបការ គឺដើម្បីសាកល្បងចិត្តម៉ាក់ប៉ុណ្ណោះ មកទល់នឹងពេលនេះហើយម៉ាក់នៅមិនយល់ទៀតមែនទេ?តាំងពីពេលគាត់រៀបការ រហូតមកទល់ថ្ងៃនេះ ម៉ាក់នៅតែឃើញទឹកភ្នែកបងប្រុស ម៉ាក់មិនធ្លាប់ឃើញស្នាមញញឹមរបស់គាត់ទេ មែនទេ? មែនទេ ម៉ាក់ប្រាប់មក ខ្ញុំពិតជាចង់ដឹងណាស់»
«បិទមាត់របស់ឯង ហើយចេញពីនេះទៅ ទៅ!»ម៉ាដាម ចាសស្មីន ទ្រាំស្តាប់មិនបាន ក៏ជះកំហឹងដោយលើកដៃចង្អុលដេញ ថេយ៉ុង ជាលើកទីពីរ ទាំងខឹងញ័រមាត់តតាត់ រំពេចនោះ ជុងហ្គុក ស្ទុះទៅគ្រវាសដៃគាត់ចេញ ទោះដឹងថាជាទង្វើរអសីលធម៌ តែទង្វើរគាត់ឲ្យគេទ្រាំមិនបាននឹងចាប់អូសដៃនាំថេយ៉ុងចាកចេញពីភូមិគ្រឹះនោះភ្លាមៗដោយមិននិយាយអ្វីមួយម៉ាត់។ ចំណែក យ៉ុនហ្គី នៅឈរកាន់ដៃ ជីមីន ជាប់មិនព្រមលែង នាយតូច ងើបសម្លឹងមុខគេ ទឹកភ្នែកក៏ហូរកាន់តែខ្លាំងឡើងៗ ទើបរាងក្រាស់យកម្រាមដៃជូតផ្តិតទឹកភ្នែកលើថ្ពាល់នាយតូចថ្នមៗ និងស្រដីឡើង៖
«ហេតុអីលាក់រឿងនេះពីបង?»
«...»ជីមីន មិនតប មិនបានតាំងចិត្តលាក់ឲ្យយូរទេ តែមិនចង់រំលឹកច្រើនជាង ស្របពេលនោះ អ្នកជាម៉ាក់បានប្រញាប់ដើរទៅរកកូនប្រុស ហើយពោលឡើងសម្តីភ្ញាក់ខ្លួន៖
«កូនមីន ម៉ាក់...ម៉ាក់សុំទោស»ម៉ាដាមចាសស្មីននិយាយដោយសម្លេងខ្សាវៗ ក្រោយពី ថេយ៉ុង បានលើករឿងរ៉ាវទាំងអស់មកនិយាយ គាត់ហាក់មានអារម្មណ៍ស្តាយក្រោយដែលធ្វើដូចច្នោះ គាត់បានលិចលង់ ងប់ងល់ជាមួយនឹងទ្រព្យរបស់គេ រហូតភ្លេចគិតពីកូនខ្លួនឯង ដូចដែលគេនិយាយមែន គាតមិនសូវជាឃើញស្នាមញញឹមកូនប្រុសរបស់គាត់ឡើយ ផ្ទុយទៅវិញ ជីមីនមានការសម្រក់ភ្នែកតូចចិត្តនឹងគ្រប់យ៉ាងដែលលោកស្រីចាសស្មីនបានធ្វើ ហើយខណះនោះ លោកប៉ា របស់គេក៏ទើបតែបង្ហាញវត្តមាន ជីមីន ក្រឡេកឃើញគាត់ ក៏ពន្លែងដៃពី យ៉ុនហ្គី ហើយរត់ចូលទៅបន្ទច់ជង្គង់បន្ទាបកាយ ឱបវ័យចំណាស់ដែលអង្គុយលើរទេះរុញ ដោយក្តីនឹករលឹកអស់ពីទ្រូង។
«លោកប៉ា...ហ្ហឹកៗៗ...»ជីមីន បានត្រឹមពោលហៅសព្វនាមគាត់ ដៃតូចៗទាំងគូស្រវាឱបគាត់យ៉ាងណែន គាត់ក៏លើកដែអង្អែលខ្នងកូនទាំងញញឹម រួចសម្លឹងទៅកាន់ យ៉ុនហ្គី ជាមួយនិងប្រយោគ៖
«នេះយ៉ុនហ្គី ពូរបស់ជុងហ្គុកមែនទេ?»
«...»យ៉ុនហ្គី មិនបានតប តែប្រកាន់ខ្ជាប់សុជីវធម៌ដោយការឱនគោរពគាត់ មើលទៅលោកម្ចាស់ ជាមនុស្សស្ងប់ស្ងៀម តែម៉ឺងម៉ាត់ មានថាមពល គួរឲ្យគោរពខ្លាំងណាស់ ប៉ុន្តែលោកស្រីចាសស្មីនដែលជាភរិយា ហាក់មិនកោតក្រែងគាត់បន្តិចសោះ ហើយភ្លាមនោះ លោកប៉ា បានចាប់ដៃកូនចេញពីការឱប គាត់អង្អែលប្រអប់ដៃកូនថ្នមៗដោយក្តីស្រឡាញ់ មុននឹងមានប្រសាសន៍៖
«កូនតូចកម្សត់របស់ប៉ា...កុំនៅទុក្ខសោកជាមួយនិងអតីតកាលទៀតអី រឿងដែលកើតឡើងរួចទៅហើយ ឲ្យវាកន្លងផុតទៅចុះ ត្រូវចាំថា នៅលើលោកនេះគ្មានអ្វីឋិតថេរទេ សូម្បីតែជីវិត... ប៉ាគ្រាន់តែចង់ឲ្យកូនរឹងមាំ និងមានស្នាមញញឹមឡើងវិញ...ជីមីន កូនគួរតែរៀនមើលជីវិតរស់នៅរបស់ ថេយ៉ុង... កូនទាំងពីរមិនខុសគ្នាប៉ុន្មានទេ» ទឹកចិត្តឪពុក ពេលឃើញកូនទឹកភ្នែក បេះដូងគាត់សឹងប្រេះបែករាប់ពាន់បំណែក ប៉ុន្តែគាត់មិននិយាយឡើយ គាត់មានតែពាក្យទូន្មាន អប់រំចិត្តកូនឲ្យគិតឃើញតែផ្លូវល្អ គាត់ក៏ធ្លាប់បានសម្រេចចិត្តធ្វើរឿងដ៏ត្រឹមត្រូវមួយ ដែលប្រគល់កូនប្រុសពៅរបស់គាត់ ថេយ៉ុង ឲ្យទៅ ជុងហ្គុក គាត់ថែមទាំងបានរំពឹងទុកថា កូនគាត់នឹងមានសុវត្ថិភាពទាំងផ្លូវកាយ ផ្លូវចិត្ត ហើយលទ្ធផលពិតជាបានគាប់ចិត្តគាត់យ៉ាងក្រៃលែង។ ចំណែកកូនគាត់ម្នាក់នេះក៏ដូចគ្នា គាត់មិនចង់ឃើញកូនៗនៅជាប់ជំពាក់នឹងរឿងដដែលៗ ដែលភរិយាគាត់បានធ្វើឡើយ ហើយក៏សង្ឃឹមថា ការសម្រេចចិត្តលើកនេះនឹងទទួលបានផលម្តងទៀតចុះ។

To be continued💕

ម្ចាស់ជីវិត (Completed✔️)Where stories live. Discover now