ភាគ៤៧

2.6K 143 1
                                    

ខានជួបមុខគេយូរហើយ តែសម្តីនៅតែពាល នៅតែឈ្លើយ ហើយគ្រោតគ្រាតដដែល។
...
ខណៈដែលអ្នកទាំងពីកំពុងតែឌឺដងតបតសម្តីគ្នា ក្រឡេកមកមើលនៅខាងមុខភូមិគ្រឹះធំមហិមា ហាក់កំពុងតែមានសភាពការមិនស្រួលដែរ។
«អ្នកប្រុស ម្ចាស់របស់ខ្ញុំមិនអនុញ្ញាតឲ្យអ្នកក្រៅចូលទៅទេ»អ្នកចាត់ការម្នាក់ដែលឈរយាមមុខទ្វារ បានស្រដីហាមឃាត់វត្តមានមនុស្សម្នាក់ ដែលគេបម្រុងនឹងដើរចូលទៅហើយ
«អ្នកក្រៅ? នេះខ្ញុំជាក្មួយគាត់ ហៅថាអ្នកក្រៅដែរហ្អែស៎?»ជុងហ្គុក តម្លើងសំឡេងយ៉ាងមុតមាំ សម្លក់ទៅអ្នកយាមទាល់តែគេរួញក្បាល ឈ្ងោកមុខចុះដោយការញញើតខ្លបខ្លាច តែមាត់គេនៅតែតវ៉ាទាំងញ័រតតាក់តតុប៖
«តែ...តែពេលនេះអ្នកប្រុសចូលមិនទាន់បានទេទាន»ពាក្យហាមឃាត់របស់អ្នកយាម មិនបានធ្វើឲ្យជុងហ្គុករង្គើរចិត្តសូម្បីតែបន្តិច គេមិនខ្វល់ មិនស្តាប់អ្វីទាំងអស់ ថែមទាំងជ្រែកដៃក្នុងហោប៉ៅខោ បោះជំហ៊ានចូលទៅខាងក្នុងយ៉ាងទំនើង ហើយទិសដៅរបស់គេគឺបន្ទប់យ៉ុនហ្គីតែម្តង។
ដល់មុខទ្វារបន្ទប់ដែលបិទជិត ជុងហ្គុក ឈរស្កុបមួយដង្ហើមដើម្បីផ្ទៀងត្រចៀកស្តាប់ តែមិនទទួលឮអ្វីក្រៅពីភាពស្ងប់ស្ងាត់ អារម្មណ៍នឹងខួរក្បាលកំពុងតែគិតថា លោកពូ បានធ្វើអ្វីដាក់ជីមីនធ្ងន់ធ្ងរហើយ ទើបភ្លាមនោះក៏ប្រញាប់រុញទ្វារចូលទៅយ៉ាងកម្រោល
ក្រឹក!!! ទ្វារបន្ទប់បើកបង្ហាញឲ្យឃើញភាពភ្ញាក់ផ្អើលមួយដែលធ្វើឲ្យគេសែនហួសចិត្តនិងនឹកស្មានមិនដល់ កែវភ្នែកទាំងគូប្រសព្វចំរូបភាព យ៉ុនហ្គី អាន់ដឺសាន់ កំពុងតែថើបឈ្មុសឈ្មុលថ្ពាល់របស់ជីមីន ហាក់ដូចជាគូស្នេហ៍ដ៏ក្តៅគគុក ផ្ទុយពីការគិតដាច់ស្រឡះ...
«ចូលមកមានការអី?»យ៉ុនហ្គី សង្កត់ខ្ទង់ច្រមុះថើបថ្ពាល់នាយតូចកាន់តែខ្លាំង ទាំងឆ្លៀតងើបមុខសួរទៅកាន់ជុងហ្គុក តាមកន្ទុយភ្នែក ធ្វើឲ្យអ្នកត្រូវសួរ មានអារម្មណ៍រអៀសចិត្តបន្តិច តែពេលក្រឡេកទៅមើលជីមីន បង្ហាញទឹកមុខហាក់មិនពេញចិត្តនូវទង្វើរមួយនោះ ទើបស្ទុះប្រុងចូលជម្លៀសជីមីនចេញ ស្រាប់តែ យ៉ុនហ្គី ងាកទៅសួរឌឺ៖
«ជុ៎ ឯងនេះចំមែន មិនឃើញយើងរវល់ទេឬ?»
«...»ជុងហ្គុក មិននិយាយអ្វីទាំងអស់ និងគិតតែឈរនឹងមួយកន្លែង សម្លឹងមុខយ៉ុនហ្គីដែលជាពូ ឆ្លាស់គ្នានឹងមើលទៅឮកពាជីមីន ដែលព្យាយាមងុបមុខគេចពីក្រសែភ្នែកអ្នកគ្រប់គ្នា នាយតូច មិនចង់ធ្វើដូច្នោះ តែសួរថា គ្រប់ពេលហាមឃាត់ ឬគេចវេសពី យ៉ុនហ្គី តើធ្លាប់បានសម្រេចម្តងណាទេ? គឺអត់ទេ រឹតតែហាម គេរឹតតែផ្គើន កាន់តែគេច គេកាន់តែឱបទុក ទើបជ្រើសស្ងៀម បណ្តោយឱ្យគេលូកលាន់តាមអំពើចិត្ត ទាំងទ្រូងខាងឆ្វេងឈឺគ្រាំគ្រានិយាយលែងចេញ។
«ឯងមករកអ្នកណា?» យ៉ុនហ្គី នៅតែសួរឌឺដងដោយស្នាមញញឹមចុងមាត់ កែវភ្នែកសម្លឹងទៅក្មួយក្នុងនាមជាអ្នកឈ្នះ ឈ្នះដែលអាចបង្រ្កាបភាពរញ៉េរញ៉ៃ ហើយប្តូរមកជាផ្អែមល្ហែម ធ្វើឲ្យជុងហ្គុក មានការយល់ច្រឡំភ្លាម៖
«ល្អហើយដែលអ្នកទាំងពីរត្រូវរ៉ូវគ្នា តែលោកពូទៅជំរាបអ្នកម៉ាក់របស់ខ្ញុំ ពីមូលហេតុដែលជីមីនបាត់ខ្លួន ដោយខ្លួនឯងផងចុះ គាត់ពិតជាបារម្ភខ្លាំងណាស់»ជុងហ្គុក ប្រាប់ដោយទឹកមុខរាបស្មើ គេស្រាប់តែប្តូរចិត្តយ៉ាងលឿន ពេលសង្កេតឃើញថា ជីមីន មិនបានជួបគ្រោះថ្នាក់ ឬទទួលរងការបង្ខិតបង្ខំធ្វើបាបពីលោកពូរបស់គេឡើយ បន្ទាប់ពីថាហើយ គេក៏បង្វែរខ្លួនដើរចេញពីបន្ទប់បាត់ទៅ ស្របពេលជីមីនលួចសម្លឹងផែនខ្នងអ្នកដែលដើរចេញទៅ ទាំងទឹកភ្នែកចាប់ផ្តើមរមៀលកាត់ថ្ពាល់ដោយឃាំងឃាត់ពុំបាន នាយតូចពិតជាចង់ត្រឡប់ទៅវិញជាមួយជុងហ្គុកខ្លាំងណាស់ ប៉ុន្តែដោយសារខ្លាកំណាច បានគំរាមគេដោយការឱបចង្កេះគេជាប់ស្អិតខូចតុកកែ ហ៊ានកម្រើក គេនឹងឱបរឹតខ្លាំងលើសដើម ទើបមុននេះនាយតូចមិនហ៊ានសូម្បីតែកម្រើកខ្លួន ឬប្រកែកតវ៉ាសូម្បីតែមួយម៉ាត់។
...
ជុងហ្គុកបើកឡានចេញពីភូមិគ្រឹះរបស់យ៉ុនហ្គី ត្រឡប់ទៅផ្ទះវិញ ព្រោះគិតថាសភាពការហាក់មិនមានអ្វីដែលនាំកង្វល់ដល់ ថេយ៉ុង ឡើយ។
ទៅផ្ទះវិញ រាងសង្ហាបានស្ទុះស្ទារចុះពីឡាន បោះជំហ៊ានវែងៗចូលទៅខាងក្នុង ដើម្បីឆាប់បានជួបនាយតូច ខណៈដែលដើរជិតដល់មាត់ជណ្តើរ ក៏ក្រឡេកឃើញរាងតូចច្រឡឹងកំពុងតែត្បាញ់ជើងចុះមកយ៉ាតញាប់ស្មេ ជំនះជំហ៊ានរបស់គេ ធ្វើឲ្យជុងហ្គុករំលេចស្នាមញញឹមទាំងមិនដឹងខ្លួន ថែមទាំងត្រដាងដៃទាំងគូ រងចាំនាយតូចមកបំពេញក្នុងរង្វង់ដៃ...
«កុំរត់លឿនពេក នេះកាំជណ្តើរណា៎ មិនមែនពូកឬៗសាឡុង ដែលដួលហើយមិនអីនោះទេ»កំលោះសម្តីផ្អែម បន្លឺដាស់តឿន ស្របពេលលើកដៃអង្អែលសក់ទន់រលើបរបស់នាយតូច ដែលកំពុងតែសសុលខ្លួនមកឱបគេយ៉ាងកំហូច ឱបដូចខ្លាចគេទៅណាចោល ឱបមិនចង់លែងទាល់តែសោះ បែបនេះអ្នកណាមិនគ្រឺត គ្រឺតសឹងតែចាប់ក្រញិចឲ្យសុះសាច់ទៅហើយ។
«ម៉ាក់គាត់យ៉ាងម៉េចហើយ? ហ្ហឹម៎?»ថេយ៉ុង រហ័សងើបមុខសួរ តែដៃស្រវាឱបគេជាប់នៅឡើយ ឯរាងក្រាស់ ពេលឮសំណួរហើយ ក៏ឆ្លើយតបវិញតាមសម្រួល ទោះជាពាក្យកុហក ប៉ុន្តែមិនបានធ្វើឲ្យថេយ៉ុងចាប់កំហុសគេបានឡើយ៖
«គាត់មិនអីទេ មុននេះបានធូរស្រាលវិញហើយ បងក៏បានជូនគាត់ទៅសម្រាកនៅផ្ទះធំវិញដែរ»
«ឮបងនិយាយបែបនេះ អូនក៏ធូរចិត្តវិញដែរ»នាយតូច តបទាំងកែវភ្នែកព្រិចៗដូចកូនឆ្កែ កែវភ្នែកដែលអាចបន្ទន់បេះដូងអ្នកម្ខាងទៀតឲ្យញាប់ញ័រ ទន់ទោរទៅតាម គេខំទប់ណាស់ ទប់អារម្មណ៍ក្នាញ់ចំពោះក្មេងច្រម៉ក់ តែចុងក្រោយក៏ទប់មិនបាន វិនាទីនោះផ្ទៃមុខសង្ហាក៏ឱនទៅថើបបបូរមាត់តូចបន្តិច ឆ្លៀតឈ្មុលច្រមុះថើបក្រញិចញល់ញីថ្ពាល់ក្រអូបៗ រហូតម្ចាស់ថ្ពាល់អៀនឡើងក្រហមមុខអស់។
«ថើបអីថើបយ៉ាងហ្នឹង? អូនឈឺ...»ថេយ៉ុង ពោលរំអួយត្អូតត្អែរ យកដៃរុញទ្រូងគេតិចៗ ទាំងទឹកមុខងរង៉ក់ ក្តាប់មាត់សម្លក់គេ ធ្វើដូចត្រូវគេលួចស្នាមថើមដំបូង ទាំងដែលធ្លាប់ត្រូវគេថើបរាប់ភ្លេចទៅហើយ ចេះងរង៉ក់ទៅកើត។
«ឈប់ថើបក៏បាន»ជុងហ្គុក ងាាបមុខចេញពីថ្ពាល់ ប្តូរជាយកម្រាមដៃទៅអង្អែលថ្ពាល់នាយតូចថ្នមៗ តែក្មេងកំហូចនៅតែងរមិនទាន់អស់ចិត្ត ថែមទាំងធ្វើចរិកមេមាន់ មកបំបុកស្មាគេ រួចដើរខ្ចើចៗ ខ្ទើតៗ ទៅដាក់ខ្លួនអង្គុយលើសាឡុង យកដៃឱបទ្រូង ឯជុងហ្គុក ខំដើរតាមត្រុកៗ ទាំងសើចញញឹម គ្រវីក្បាលហួសចិត្ត គ្រាន់តែថើបក៏ខុស ទៅចេះកំណាញ់ខ្លួនមកពីណាទៀតហើយ?
«ខឹងបងថើបមែនទេ?» ជុងហ្គុក ចូលខ្លួនអង្គុយជិត ហើយសួរត្រង់ៗ
«...»ថេយ៉ុង ដកដង្ហើមធំ ទាំងមុខក្រញ៉ូវ ព្រោះមុននេះជុងហ្គុកលេងថើបឈឺៗមែន ហើយការដែលមិនទទួលបានចម្លើយ ធ្វើឲ្យអ្នកសួរកាត់ន័យបានថា ក្មេងច្រម៉ក់នេះកំពុងតែខឹងពិតមែន ទើបរហ័សស៊កដៃឱបចង្កេះស្តើង មុននឹងទាញម្ចាស់រាងកាយមកដាក់ឲ្យអង្គុយពីលើភ្លៅខាងស្តាំ បានឱបភ្លាម នាយកំលោះនិយាយញ៉ោះភ្លែត៖
«ឥឡូវចេះងរង៉ក់ច្រើនណាស់ ចាំមើលបងកាច់រំពាត់វ៉ៃគូទអូនឲ្យកន្ទួលសាច់ម្តង»
«ខ្លាចស្លាប់ហើយ»ថេយ៉ុង និយាយឌឺ ឲ្យកាន់តែគេក្នាញ់លើសដើម តែមិនថ្វីទេ គេដឹងថាក្មេងកំហូចនេះខ្លាំងតែសម្តីទេ
«ឌឺហ្អែស៎?»
«មិនបានឌឺ តែនិយាយការពិត ចុះឯណារំពាត់នោះ?»ថេយ៉ុង ធ្វើឬកអឿ ធ្វើជាងាកឆ្វេងស្តាំសួររករំពាត់ដែលគេថា ខណៈជុងហ្គុក ក្តាប់មាត់ក្នាញ់ពេញដើមទ្រូង ភ្លាមៗក៏ចាប់លើកបីមាឌល្អិតឡើង ហើយបោះហ៊ានឡើងទៅបន្ទប់ ថេយ៉ុង មិនបានត្រៀមខ្លួន ក៏ភ្លាក់ព្រើត ក្តាប់ដៃទះតប់ទ្រូងគេតាមទង្វើរងរង៉ក់ ថែមទាំងស្រែកឡូឡាដាក់ត្រចៀកគេខ្លាំងៗ៖
«ឆាប់ដាក់អូនចុះភ្លាមប្រុសកំហូច អ្ហាយ៎...»ថេយ៉ុង ខំប្រឹងទធាក់ជើងផង តប់ទ្រូងគេផង តែគេហាក់ដូចដុំថ្មដែលគ្មានញាណ គ្មានអារម្មណ៍ឈឺចាប់ ពេលឡើងដល់បន្ទប់ គេក៏ចាប់ផ្តួលកាយតូចទៅលើពូក តាមដោយរាងសង្ហាឥតខ្ចោះឡើងទៅគ្រប់គ្រងពីលើ រំពេចនោះ ក្មេងកំហូចក៏យំរអួយ ននៀលក្បាលពេញពូក សនរបពេលទូរស័ព្ទជុងហ្គុកបានខ្ទ័រឡើង គេក៏លុតជង្គង់ឃាំងខ្លួនក្មេងច្រម៉ក់ រួចដកទូរស័ព្ទមកទទួលទាំងចងចិញ្ចើម៖
(អា៎ហ្គុក យើងសួរមួយបានទេ?)
«សួរលឿនមកខ្ញុំរវល់»ដោយសារអ្នកដែលតេមក ជាយ៉ុនហ្គី ពូរបស់គេ ទើបទ្រាំទទួលទាំងមុខងាប់
(ឯងចេះវិធីបង្ក្រាបខ្លាដែរទេ?សុខៗឆ្មាក្លាយជាខ្លា មិនគួរឲ្យជឿសោះហើយ)យ៉ុនហ្គី និយាយប្លែកៗ ជុងហ្គុកក៏មិនបានចាប់អារម្មណ៍ ព្រោះអារម្មណ៍គេកំពុងតែផ្តោតលើរឿងផ្សេង ទើបឆ្លើយឲ្យតែរួចពីមាត់៖
«មិនដឹងទេ ពូរកវិធីដោះស្រាយខ្លួនឯងទៅ ខ្ញុំរវល់កាច់រំពាត់វ៉ៃក្មេងឌឺមួយសិន»

ម្ចាស់ជីវិត (Completed✔️)Where stories live. Discover now