#មន្ទីរពេទ្យ
នាងតូចភ្ញាក់ឡើងក៏ដឹងថាខ្លួននៅមន្ទីរពេទ្យបាត់ទៅហើយ ប៉ុន្ដែនាងមិនបានដឹងថារាងក្រាស់ជូននាងមកឡើយ។ ស្របពេលនោះស្រាប់តែមានអ្នកគ្រូពេទ្យម្នាក់ដើរចូលមកខាងក្នុងដើម្បីពិនិត្យសុខភាពនិងចាក់ថ្នាំឱ្យនាង។
ក្រាក!
« សុំអនុញ្ញាតអ្នកនាង! » អ្នកគ្រូពេទ្យបើកទ្វាដោយមិនភ្លេចសុំការអនុញ្ញាតពីម្ចាស់បន្ទប។
« ចាស៎ អ្នកគ្រូពេទ្យ! ខ្ញុំសួរមួយសំណួរបានទេ... តើខ្ញុំមកទីនេះបានដោយរបៀបណា? » យូមី តបអ្នកគ្រូពេទ្យហើយក៏ងើបខ្លួនបន្ដិចដើម្បីជាការគួរ។ អំឡុងពេលអ្នកគ្រូពេទ្យកំពុងតែពិនិត្យនិងចាក់ថ្នាំឱ្យនាងក៏បានសួររកមនុស្សដែលបានជួយនិងជូនខ្លួនមកមន្ទីរពេទ្យ។
« មានបុរសមុខមាត់សង្ហាម្នាក់ជូនអ្នកនាងមក តែគាត់ត្រឡប់ទៅវិញតាំងតែពីយប់ម្សិលមិញម្ល៉េះ! គាត់ជាសង្សារអ្នកនាងឬ? អោយខ្ញុំសុំទោសដែលខ្វះការគួរសម » ដោយសួរលើសពីតួនាទីរបស់ខ្លួនអ្នកគ្រូពេទ្យកប្រញាប់ដកខ្លួនក្រោយពីចាក់ថ្នាំនិងពិនិត្យសុខភាពឱ្យនាងរួច។ យូមី ដេកគិតសម្ដីអ្នកគ្រូពេទ្យដោយទឹកមុខក្រៀមក្រំ ពីមុននាងនិងយ៉ុនហ្គីជាសង្សារនឹងគ្នា ប៉ុន្ដែពេលនេះពួកគេត្រឹមជាអ្នកស្គាល់គ្នាប៉ុណ្ណោះ។
#ខនដូររបស់យ៉ុនហ្គី
ភ្ញាក់ពីគេងរាងតូចស្ទុះក្រោកហើយមើលមកខ្លួនឯងដែលអង្គុយនៅលើគ្រែ គេមកគេងនៅលើនេះដោយរបៀបណា? ឬជារាងក្រាស់ជាអ្នកលើកខ្លួនមក? ហើយចុះពេលនេះគាត់នៅឯណា? សញ្ញាសួរលោតជុំវិញក្បាលចំពេលទ្វាបន្ទប់ទឹកបើក តាមពិតមុននេះគាត់ចូលបន្ទប់ទឹកសោះស្មានតែចេញទៅខាងក្រៅដោយមិនប្រាប់គេទៀតហើយ។
យ៉ុនហ្គី ឃើញប្រពន្ធអង្គុយស្ងៀមស្ងាត់ក៏ចូលទៅក្បែរហើយលើកដៃវែកសក់ដែលធ្លាក់បាំងភ្នែកប្រពន្ធដោយភ្ជាប់នឹងសម្ដីប៉ុន្មានឃ្លាមុននឹងចេញទៅខាងក្រៅ។
« បងធ្វើអាហារពេលព្រឹកឱ្យអូនរួចហើយទុកនៅលើតុ បើឃ្លានក៏ញុំាទៅ! បងមិនបានកំដរអូនទេថ្ងៃនេះបងមានប្រជុំចឹងបងទៅសិនហើយ » ប្ដីល្អកម្ររកបានងើបពីព្រឹកធ្វើអាហារពេលព្រឹកទុកឱ្យប្រពន្ធហើយរៀបចំខ្លួនទៅធ្វើទៀត។
« បាទ បង...ថ្ងៃមកវិញអត់? ស្រួលអូនធ្វើអាហារឱ្យបង » នាយក្រាស់រៀបនឹងងើបហើយ ជីមីន ក៏សួរ ក្រែងថ្ងៃគាត់មកញុំាបាយជាមួយខ្លួនស្រួលរៀបចំឱ្យគាត់អោយហើយកុំឱ្យពិបាករង់ចាំ។
« អត់ទេ...បងរវល់ បងទៅហើយអូនសម្លាញ់ ជុប! » មុននឹងចាកចេញនាយក្រាស់ថើបប្រពន្ធមួយខ្សឺត ចំណែកឯអ្នកម្ខាងទៀតអង្គុយញញឹមដាក់ស្វាមីរហូតដល់គាត់ចេញទៅបាត់ក៏ប្រែទឹកមុខមកធម្មតាវិញ យល់ហើយដឹងថាគាត់រវល់តែ ហេតុអីក៏នៅតែមិនសប្បាយចិត្តពេលដែលគាត់មិនត្រឡប់មកវិញ ឬមួយពេលនេះខ្លួនរស់ខ្វះគាត់មិនបាន?
ក្រឡេកមកមើលនាយក្រាស់សង្ហាដែលទើបតែចេញពីប្រជុំក៏ប្រញាប់ទៅមន្ទីរពេទ្យដើម្បីសួរសុខទុកស្រីស្អាតដែលសម្រាកនៅទីនោះ។
ក្រាក!
គ្រាន់តែឃើញ យ៉ុនហ្គី ភ្លាមនាងតូចញញឹមយ៉ាងស្រស់ហាក់សប្បាយជាខ្លាំងពេលឃើញគាត់មកទីនេះ។
« បងយ៉ុន! ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបងមក សុំទោសដែលធ្វើឱ្យបងលំបាក » យូមី ព្រមទទួលស្គាល់ហើយថាខ្លួនធ្វើឱ្យរាងក្រាស់លំបាក តាំងពីចូលមន្ទីរពេទ្យនាងចាប់ផ្ដើមប្រែក្លាយជាមនុស្សម្នាក់ផ្សេងទៀតអញ្ចឹង។
« បើមិនចង់ឱ្យខ្ញុំលំបាកហេតុអីក៏ធ្វើបែបនោះ? » យ៉ុនហ្គី ចង់សំដៅដល់រឿងដែលនាងចង់ធ្វើអត្តឃាតខ្លួនឯងដោយការប្រើរបស់មុតស្រួលនិងទឹកដើម្បីបញ្ចប់ជីវិតរបស់ខ្លួន។
« មកពីខ្ញុំស្រឡាញ់បង ស្រឡាញ់រហូតដល់មិនចង់បាត់បង់ ខ្ញុំច្រណែនពេលឃើញបងនៅក្បែរគេ បងយកចិត្តទុកដាក់ចំពោះគេ ហើយទុកខ្ញុំដូចជាអ្នកដទៃធ្វើមើលតែខ្ញុំគ្មានរូបរាងមិនតែប៉ុណ្ណោះបងធ្លាប់ដេញខ្ញុំទៀត តើឱ្យខ្ញុំរស់នៅដើម្បីអ្វី?» យ៉ុនហ្គី មិនសូវភ្ញាក់ផ្អើលនឹងសម្ដីរបស់នាងតូច ព្រោះវាមិនមែនជាលើកទីមួយឡើយដែល យូមី ប្រាប់ថាស្រឡាញ់នាយ តែក៏អត់ភ្ញាក់ផ្អើលមិនបានពេលដឹងថានាងព្រមបញ្ចប់ជីវិតខ្លួនឯងដោយសារតែគេ។
« រស់ដើម្បីខ្លួនឯងនោះអី! ខ្ញុំជឿថាថ្ងៃណាមួយនាងនឹងជួបមនុស្សដែលនាងស្រឡាញ់ហើយនឹងមើលថែនាងអស់មួយជីវិត យូមី!សូមកុំបញ្ចប់ជីវិតខ្លួនឯងដោយសារតែបុរសម្នាក់ វាមិនសមតម្លៃទេ! »ពិតមែនហើយទោះអ្នកស្រឡាញ់គេខ្លាំងប៉ុណ្ណាតែសូមកុំយកជីវិតរបស់ខ្លួនមកបញ្ចប់បែបនេះអី វាគួរឱ្យសង្វេកខ្លាំងណាស់ យើងមិនអាចបង្ខំឱ្យនរណាម្នាក់មកស្រឡាញ់យើងបានទេ តើរស់នៅជាមួយគ្នាមានសុភមង្គលឬអត់? បើបេះដូងម្នាក់ទៀតមានអ្នកផ្សេងរួចទៅហើយ។
« អរគុណបងណាស់ដែលជួយណែនាំ បើមិនបានបងខ្ញុំប្រាកដជាគ្មានវត្តមានអង្គុយនៅត្រង់នេះឡើយ អរគុណខ្លាំងណាស់ ហើយក៏សុំទោសរឿងកាលពីយប់មិញដែលខ្ញុំឆេវឆាវធ្វើអីមិនបានគិតជាមុន សង្ឃឹមថាបងនឹងអត់ទោសឱ្យប្អូនស្រីម្នាក់នេះ »នាងបានសុំការអភ័យទោសពី យ៉ុនហ្គី ព្រោះរឿងកាលពីយប់មិញ ហើយកាន់តែមានអារម្មណ៍ថាខុសចំពោះ ជីមីន ថែមទៀត។ កន្លងមកគេល្អចំពោះនាងណាស់ ប៉ុន្តែនាងបែរជាធ្វើរឿងមិនគប្បីដាក់គេទៅវិញ។
« បាទ រីករាយជានិច្ច! បងបានទិញរបស់ញុំាមកខ្លះ ឃ្លានឬនៅ? បើអ៊ីចឹងចាំបន្ដិចបងចាក់ដាក់ចានឱ្យសិន » យ៉ុនហ្គី តបញញឹមពេលឮនាងនិយាយបែបនេះ។ រវល់តែពិភាក្សាភ្លេចយកអាហារដែលទិញមកមិញនេះឱ្យនាងញុំាមុននឹងលេបថ្នាំ។
គ្រប់សកម្មភាពរបស់ពួកគេទាំងអស់ត្រូវបានថតទុកជាវីដេអូដោយបុរសអាថ៌កំបាំងម្នាក់ មិនច្បាស់ថាបុរសម្នាក់នោះបំណងល្អឬបំណងអាក្រក់ឡើយ តែបើតាមមើលការតុបតែងខ្លួននិងមុខមាត់ដូចមានបំណងមិនល្អសោះ។
ពេលល្ងាច ជីមីន ក៏រៀបចំដាក់ដាំបាយនិងធ្វើម្ហូបពីរបីមុខសម្រាប់ញុំា។ កំពុងតែមម៉ាញឹកនឹងការចម្អិនអាហារស្រាប់តែឮសម្លេងកណ្ដឹងដូច្នេះរាងតូចក៏ប្រញាប់រត់ទៅបើកទ្វាឱ្យស្វាមី។
ក្រាក!
« អ្ហឹម...ឈ្ងុយណាស់ ថ្ងៃនេះបានម្ហូបអ្វីដែរប្រពន្ធសម្លាញ់ » គ្រាន់តែបើកទ្វាភ្លាមរាងក្រាស់លាន់មាត់ព្រោះតែក្លិនឈ្ងុយរបស់អាហារ។
« ជាអាហារដែលបងចូលចិត្តអូនធ្វើជាពិសេសសម្រាប់បង ថ្ងៃនេះហត់ទេ? »នេះជាសំណួរដែលរាងតូចឧស្សាហ៍សួរស្វាមីច្រើនជាងគេ គាត់ប្រឹងធ្វើការទាំងយប់ទាំងថ្ងៃរីឯខ្លួនដេកសុខស្រួលនៅផ្ទះទៅវិញ។
« បន្ដិចបន្ដួចដែរ » ការងារណាដែលថាមិនហត់នោះគ្រាន់តែតិចនិងច្រើន។
« បើចឹងបងទៅងូតទឹកទៅ អូនទៅមើលសម្លរសិន » ថាហើយរាងតូចក៏ចូលទៅផ្ទះបាយវិញដោយទុកឱ្យស្វាមីឈរញញឹមម្នាក់ឯង។
« បាទ » យ៉ុនហ្គី តាមមើលប្រពន្ធរហូតដល់បាត់ពីក្រសែភ្នែកទើបនាយដើរសំដៅបន្ទប់រួចក៏ចូលបន្ទប់ទឹកបាត់។
អាហាររៀបចំដាក់លើតុរួចរាល់ ជីមីន ក៏ដើរទៅហៅស្វាមីនៅក្នុងបន្ទប់។ រាងតូចបើកទ្វាឃើញស្វាមីកំពុងតែអង្គុយអានសៀវភៅ ដូច្នេះក៏ហៅឱ្យគាត់ចេញទៅញុំាអីព្រោះខ្លួនរៀបចំរួចហើយ។ យ៉ុនហ្គី បិទសៀវភៅទុកលើតុរួចក៏ដើរតាមប្រពន្ធទៅបន្ទប់អាហារ គ្រាន់តែឃើញអាហារតម្រៀបនៅលើតុនាយលេបទឹកមាត់ទៅហើយ គឺសុទ្ធតែអាហារដែលនាយចូលចិត្ត។ យ៉ុនហ្គី ចាប់បន្លែនិងសាច់ហើយដាក់ក្នុងចានប្រពន្ធដោយភ្ជាប់នឹងស្នាមញញឹម ទោះនាយមិនបាននិយាយតែទង្វើបញ្ជាក់យ៉ាងច្បាស់ថាគាត់បារម្ភនិងយកចិត្តចំពោះប្រពន្ធខ្លាំងបំផុត។
« អរគុណ » ជីមីន និយាយពាក្យអរគុណរួចក៏ចាប់អាហារដែលស្វាមីចាប់ឱ្យអម្បាញ់មិញដាក់ចូលមាត់ទាំងភាពសប្បាយរីករាយ។ អាហារមួយពេលដែលពោរពេញទៅដោយភាពរីករាយបានបញ្ចប់ ពួកគេបានចំណាយពេលពីរម៉ោងអង្គុយមើលទូរទស្សន៍ហើយបន្ទាប់មកក៏ចូលសម្រាក។
#ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ
រយៈពេល១៣ម៉ោងកន្លងទៅពួកគេក៏បានមកដល់ទឹកដីកំណើតរបស់ខ្លួនម្ដងទៀតក្រោយពីបែកទីនេះជិតកន្លះឆ្នាំ។ យ៉ុនហ្គី អូសវ៉ាន់លីនិងបណ្ដើរប្រពន្ធទៅកាន់ឡានរបស់ខ្លួនដែលមានឌីហ្សីជាអ្នកបើក មិនយូរឡានមួយគ្រឿងនេះក៏ចេញពីទីនេះឆ្ពោះទៅកាន់ភូមិគ្រឹះមីន។ ពីដំបូងចង់ទៅរស់នៅខនដូរដែលប៉ុន្ដែលោកស្រីមិនព្រមគាត់ចង់ឱ្យពួកគេនៅផ្ទះជុំគ្នាហើយគាត់នឹងបានបំពេញតួនាទីជាម្ដាយក្មេកដ៏ល្អម្នាក់ដែលគ្រប់គ្នាតែងតែប្រាថ្នា។
គ្រាន់តែឈានជើងចុះពីលើឡាន ជីមីន ត្រជាក់ចុងដៃត្រជាក់ចុងជើងព្រោះតែរំភើប បើនិយាយឱ្យងាយ! នេះជាលើកទីមួយហើយដែលគេមកទីនេះ ស្ដាប់ទៅគួរឱ្យអស់សំណើចណាស់មែនទេ?
« ម៉ាក់...កូនត្រឡប់មកវិញហើយ »ចូលមកដល់ឋាងក្នុងឃើញម៉ាក់កំពុងតែមើលទស្សនាវដ្តីនាយក៏ស្រែកប្រាប់គាត់ឱ្យបានដឹង
« កូនយ៉ុន! នឹកកូនខ្លាំងណាស់ » គ្រាន់ឮសម្លេងកូនប្រុសហៅលោកស្រីក៏រហ័សងើបហើយចូលទៅឱបកូនប្រុសទាំងក្ដីនឹករលឹក។ រយៈពេលកូនៗមិននៅគាត់ពិតជានឹកពួកគេខ្លាំងណាស់ហើយចង់ឆ្លៀតឱកាសទៅលេងកូនៗនៅទីនោះប៉ុន្ដែលោកមីនហាមមិនឱ្យទៅព្រោះគ្មានអ្នកនៅចាត់ចែងកិច្ចការក្នុងផ្ទះ។ មួយរយៈពេលមកនេះទំនាក់ទំនងលោកស្រីនិងលោកមីនគឺសោះកក្រោះខ្លាំងណាស់ ទោះនៅក្បែរគ្នាក៏មិនដែលនិយាយរកគ្នាដែរ សង្ស័យតែខឹងលោកស្រីដែលចូលទៅស្និតស្នាលជាមួយកូនប្រសារដែលគាត់មិនព្រមទទួលស្គាល់។
« កូនមីន! អោយម៉ាក់សុំឱបផងបានទេ? » លោកស្រីនិយាយ។
« បាទ » ជីមីន ញញឹមយ៉ាងស្រស់ពេលស្ថិតនៅក្នុងរង្វង់ដៃលោកស្រី ចំណែកឯនាយក្រាស់ឈរញញឹមញញែមពេលឃើញអ្នកម៉ាក់និងប្រពន្ធយល់ចិត្តគ្នា អាចថានេះជាសេចក្ដីសុខមួយផ្នែកទៀតនៃជីវិតគូររបស់ពួកគេ។
បន្ទាប់ពីពិភាក្សាជាមួយអ្នកម៉ាក់ហើយពួកគេក៏ឡើងទៅខាងលើដើម្បីសម្អាតខ្លួនចេញម្ដង។ បន្ទាប់ពីងូតទឹករៀបចំខ្លួនរួចហើយពួកគេទាំងពីរក៏ចុះទៅខាងក្រោម ព្រោះអាហារពេលល្ងាចរៀបចំរួចហើយនៅឡើយតែចាំពួកគេនិងលោកមីនប៉ុណ្ណោះ។
អំឡុងពេលញុំាអាហារពេលល្ងាចជុំគ្នា ជីមីន មិនហ៊ានមើលមុខលោកមីនចំឡើយ ចំណែកគាត់អង្គុយពិសារបាយធម្មតាគ្មានប្រតិកម្មឬប្រើក្រសែភ្នែកវាយប្រហាររាងតូចឡើយ ប្រៀបដូចជាគាត់កំពុងតែចិត្តទន់និងមានអារម្មណ៍ល្អជាមួយគេ។
YOU ARE READING
រឿង ជម្រៅចិត្តលោកស្វាមី (ចប់)
Romance"សុំទោសដែលមិនអាចការពារអូនតាមសន្យាបាន " មីន យ៉ុនហ្គី / ផាក ជីមីន និពន្ធដោយ : ចនសាគូរ៉ា~ (Mika TaeMin) ថ្ងៃខែឆ្នាំ : 21.09.2022 Again date : 06.03.2023 - Theend : 05.10.2023
