គេមិនដែលរារែក ឬត្អូញត្អែរចំពោះការរង់ចាំ១៥ឆ្នាំកន្លងមកនេះឡើយ ថ្វីបើគេតែងតែលើកពាក្យកុហកដើម្បីលួងលោមខ្លួនឯងថានាយនឹងវិលត្រឡប់ បងប្រុសមិនអាចបំភ្លេចសន្យាជាមួយនឹងគេបានឡើយ ប៉ុន្តែចុងក្រោយនៃជំនួបលើកនេះ នឹងត្រូវបញ្ចប់ដោយការព្រាត់គ្នាម្ដងទៀតមែនដែរទេ?
ថេយ៍ នៅតែបន្តយំសសឹកថ្ងួចថ្ងូរពីអារម្មណ៍ដែលខ្លោចផ្សាប្រាប់ទៅមនុស្សបេះដូងដែកដែលមិនគិតខ្វល់សូម្បីតែបើកទ្វាចេញមកមើល ។
«ហ្ហឹក.ហ្ហឹក បងប្រុស...បើកទ្វារ»សំណើមដក់ចេញពីកែវនេត្រា ពពកបាំងអាប់អួររស្មី នាយតូចចាប់ផ្តើមស្រវាំងមើលអ្វីលែងច្បាស់ មាត់ស្រែកហៅរាងក្រាស់ល្វើយៗ មុននឹងទន់ខ្លួនដេកដួលនៅក្បែរទ្វារទាំងសៅម៉ង ។ គេចាំនាយមកបានយូរយ៉ាងនេះ ទោះចាំបន្តិចទៀតក៏មិនថ្វី ។
ជុងគុក ស្រងេះស្រងោចសម្រេចចិត្តមិនត្រូវ ខណៈនេះអារម្មណ៍ច្របូកច្របល់មិនដឹងគួរធ្វើបែបណា ។ នាយខុសដែលលាក់បាំងគេ ប៉ុន្តែអារម្មណ៍ខឹងនិងខកចិត្តចេះតែបង្អាក់ដំណើររបស់នាយមិនអោយចេញទៅជួប ឬគិតថានាយមិនស្រឡាញ់គេទេ បានជាក្បត់ទំនុកចិត្តរបស់នាយបែបនេះ ។
ជុងគុក បន្តផឹកស្រាស្ដាប់សម្លេងយំរបស់ក្មេងនៅខាងក្រៅ រហូតដល់មួយសន្ទុះ ចាប់ផ្ដើមស្ងាត់ រាងក្រាស់នឹកភ្នកក្នុងចិត្ត ខ្លាចគេត្រឡប់ទៅវិញ ចិត្តស្រឡាញ់ចង់ចេញទៅជួប តែក៏ខ្លាចថាខ្លួនទប់កំហឹងខ្លួនឯងមិនបាន ធ្វើអ្វីផ្ដេសផ្ដាសដាក់ថេយ៍ ។ រាងក្រាស់សម្លឹងទៅទ្វារ ឈានជើងទៅបើកបង្ហើបមើល ចង់ដឹងថាគេត្រឡប់ទៅវិញឬនៅ ប៉ុន្តែគ្រប់យ៉ាងខុសពីការស្មាន ។
«ថេយ៍!!»នាយធំ ស្លុតមិនស្ទើររហ័សទៅលើកកាយដែលទន់ល្អូក ទឹកភ្នែកហូរជោគថ្ពាល់ ខ្លួនសន្លប់លែងមាត់.ក ។ ជុងគុក នាំមាឌល្អិតមកក្នុងបន្ទប់ ទម្លាក់គេអោយគេងនៅលើគ្រែដោយលើកភួយមកដណ្ដប់អោយក្មេងបាត់រងារ ។
«សូមទោស!!»ម្ដេចចូលចិត្តពោលពាក្យមួយឃ្លានេះរាល់ពេលដែលធ្វើខុសម្ល៉េះ គិតថាពាក្យសម្ដីអាចកែប្រែស្ថានការណ៍បានឬ? ជុងគុក ជូតទឹកភ្នែកដែលនៅដិតដាមនោះចេញថ្នមៗ មុននឹងទម្លាក់បបូរមាត់ថើបថ្ងាសរបស់គេ ។
YOU ARE READING
និទាឃរដូវ (ចប់✓)
Action15 ឆ្នាំដែលខ្ញុំរង់ចាំគេ ។ ជាពេលវេលាមួយដែលខ្ញុំមិនអាចបំភ្លេច គឺថ្ងៃដែលពួកយើងដាំដើមលីឡាក់មួយនេះឡើង ខ្ញុំតែងតែរំពឹងថាថ្ងៃណាមួយអ្នកនឹងត្រឡប់មកវិញ ត្រឡប់មកមើលថែដើមឈើនេះជាមួយគ្នាម្ដងទៀត ។ ជុងគុក ម៉ារីនហ្គោល x ថេយ៉ុង ហ្គាដេនៀ