ដៃស្រឡូនយកអាវពីដៃស្វាមីមកកាន់ ភ្នែកមូលក្រឡង់មិចតិចៗដ្បិតអីឃើញនាយឈរស្ងៀមមិនគិតទៅណា។ គេឱនមើលអាវបន្តិច ហើយសម្រេចចិត្តប្តូរនៅចំពោះមុខនាយតែម្តង ទោះជាមានការអៀនខ្មាសក៏ដោយ។ ឱ្យអាវហើយមិនដើរចេញអ៊ីចឹងមានន័យថា ប្រាកដជានៅឈរមើលគេប្តូរខោអាវ។ធ្លាប់ទាំងអាក្រាតតាំងពីក្បាលដល់ចុងជើងនៅចំពោះមុខនាយ គ្រាន់តែប្តូរខោអាវប៉ុណ្ណឹង គ្មានអីត្រូវខ្មាសទេ។ ជុងគុកគីនិយាយលួងខ្លួនឯងក្នុងចិត្ត ដៃប្រឡេះឡេវម្តងមួយគ្រាប់ៗរហូតដល់អស់ហើយដោះវាទុកម្ខាង យកអាវរបស់នាយមកពាក់ជំនួស រួចទើបស្រាតសំពត់ចេញតាមក្រោយ។
អាវពណ៌ខ្មៅរបស់ជីមីន ក្លាយជាវត្ថុតែមួយគត់ដែលបិទបាំងលើរូបកាយទាំងលើទាំងក្រោមរបស់ជុងគុកគី។ ពេលនាយហុចដៃដូចមានបំណងយកខោអាវទៅទុកឱ្យ គេក៏រហ័សហុចអាវនិងសំពត់ឱ្យយ៉ាងលឿន។ ជីមីនយកវាទៅព្យួរ ហើយដើរត្រឡប់ទៅវាដាក់ខ្លួនដេកលើពូក កើយភ្លៅរបស់ភរិយា។
«ពួកយើងនៅទីនេះប៉ុន្មានថ្ងៃទៅ?»
«ស្អែករសៀល ពួកយើងនឹងទៅសេអ៊ូ» ជុងគុកគីងក់ក្បាលតិចៗទទួលដឹងឮ។ មុខតូចឱ្យទៅមើលអ្នកគេងកើយភ្លៅ ភ្នែកមូលក្រឡង់សម្លឹងទៅមុខសង្ហា ដៃពិតជាចង់វែកសក់ឱ្យហើយប៉ះមុខរបស់នាយណាស់ ប៉ុន្តែមិនហ៊ាន។
«យប់នេះពួកយើងនឹងញ៊ាំអាហារជាមួយបងជីននិងថេយ៍» ជីមីនចាប់ដៃរបស់ភរិយាមកដាក់លើថ្គាម ធ្វើឱ្យម្ចាស់ដៃភ្ញាក់ព្រើត។ តើមើលចិត្តរបស់គេដឹងមែនទេ? ទើបបំពេញឱ្យគេទាំងគេមិនហ៊ាន?
«ហ្អឹម..» កាយតូចសម្រួលស្មារតីមកធម្មតាវិញ ហើយងក់ក្បាលតិចៗយល់ព្រម។ ដៃស្រឡូនប្តូរទីតាំងពីកន្លែងនាយចាប់ដាក់ឡើងទៅសរសៃសក់របស់នាយទាំងស្ទាក់ស្ទើរ និងវែកសក់ឱ្យនាយថ្នមៗ។
«ពេលទៅសេអ៊ូវិញ ពួកយើងនឹងទៅរស់នៅផ្ទះធំ។ ទីនោះធំតែគួរឱ្យធុញ អ្នកបម្រើប្រាកដជាតាមសង្កេតអូនគ្រប់ពេលវេលាតាំងពីព្រឹកដល់ល្ងាច។ យើងនឹងឱ្យកាតPenthouseរបស់យើងទៅអូន អូនអាចទៅទីនោះបើអូនមិនចង់នៅផ្ទះធំ ណាមួយយើងក៏មិនសូវទៅផ្ទះធំស្រាប់» មាត់និយាយតែភ្នែកបិទជិតនៅស្ងៀម។ ពីដើមមក គេមិនចូលចិត្តឱ្យអ្នកណាប៉ះពាល់គេឡើយ ពិសេសគឺសកម្មភាពដូចជាពេលនេះ ប៉ុន្តែក្មេងប្រុសម្នាក់នេះបែរជាធ្វើឱ្យគេពេញចិត្តនឹងឱ្យប៉ះពាល់ ពេញចិត្តនឹងចែករំលែកឯកជនភាពជាមួយ ព្រមទាំងពេញចិត្តនឹងប្រគល់ឱ្យគ្រប់យ៉ាងដែលប្រាថ្នាចង់បាន។
YOU ARE READING
ភរិយាតំណាង
Fanfictionជុងគុកគី បន្លំខ្លួនរៀបការជាមួយជីមីន អ៊ែលដេលមេន ជំនួសមិត្តសម្លាញ់ ដោះដូរដោយការចេញសងបំណុលទាំងអស់ដែលឪពុករបស់គេបានជំពាក់អ្នកចងការប្រាក់។ ជីវិតរបស់គេគ្មានន័យស្រាប់ទៅហើយ ទោះជារៀបការហើយជីមីនដឹងការពិត សម្លាប់គេបោះចូលសមុទ្រឱ្យត្រីឆ្លាមស៊ីក៏បានថ្វី យ៉ាងណាក៏ដ...