យប់យន់ស្ងាត់សូន្យឈឹងផ្ទៃមេឃលម្អដោយហ្វូងផ្ការះបញ្ចេញរស្មីភ្លឺព្រៀកៗបង្អួតសម្រស់មកលើភពផែនដី។ខ្យល់ត្រជាក់បក់មកផាយផាត់ក្លិនពិដោរនៃផ្កាគ្រប់ប្រភេទជាពិសេសផ្កាម្លិះនិងផ្កាចំប៉ីក្នុងសួនច្បារនៃភូមិគ្រឹះដ៏ធំទូលាយរបស់លោកដង្ខៅ។វេលានេះគ្រប់គ្នាចូលនិន្រ្ទាលង់លក់អស់ហើយនៅឡើយតែលោកស្រីឆោមដួងកំពុងតែអង្គុយជជែកជាមួយភ្ញៀវពិសេសគឺមិត្តភក្តិទាំងបីរបស់លោកដង្ខៅដែលបានអញ្ជើញមកសួរសុខទុក្ខក៏ដូចជាប្រាប់ដំណឹងពីការបាត់ខ្លួនរបស់លោកដង្ខៅដល់ភរិយាទាំងបីពាំនាំនូវសេចក្ដីព្រួយបារម្ភដល់ស្វាមីឥតឧបមារ។
ក្រោយជជែកគ្នាយ៉ាងយូរភ្ញៀវពិសេសក៏បានធ្វើការលាលោកស្រីធំអញ្ជើញត្រឡប់ទៅគេហដ្ឋានវិញព្រោះយប់ព្រលប់ណាស់ដែរហើយក្រែងលោភរិយាលោកទាំងបីទន្ទឹងចាំផ្លូវយូរ។ដោយឡែកប្រពន្ធទាំងបីរបស់លោកដង្ខៅបានមកអង្គុយជុំនុំគ្នាដោយទឹកមុខមិនសូវជាល្អប៉ុន្មានឡើយ។
"អ្នកបងគិតយ៉ាងណាខ្ញុំបារម្ភពីលោកបងដង្ខៅណាស់មិនដឹងថាពេលនេះគាត់យ៉ាងម៉េចយ៉ាងម៉ាហើយទេ" ផេនត្រាក្ដាប់កូនកន្សែងញក់ញីគូថអង្គុយមិនចង់សុខលើកៅអី ហេតុតែបារម្ភពីស្វាមីទោះបីគ្រាកន្លងមិនត្រូវបានលោកដង្ខៅយកចិត្តទុកដាក់ដិតដល់ដូចប្រពន្ធពីរនាក់ទៀតតែនាងពិតជាស្រឡាញ់លោកដង្ខៅខ្លាំងណាស់។
"ខ្ញុំថាពួកយើងរង់ចាំបន្តិចទៀតសិនទៅលោកដង្ខៅអាចកំពុងធ្វើដំណើរមកវិញក៏ថាបាន លោកបងជាមនុស្សពូកែ ជាមនុស្សមានបុណ្យបារមីខ្ពស់ខ្ញុំជឿជាក់ថាគាត់មិនមានគ្រោះថ្នាក់ទេ" សៃយ៉ាលូកមាត់កុំឲនាងទាំងពីរច្រួលច្របល់តែបែរជាត្រូវនាងប្រពន្ធទីបីស្រែកគំហគឲ៖
"ឲយើងអង្គុយស្ងៀមម៉េចនឹងកើត?យើងបារម្ភពីលោកបងខ្លាំងណាស់នាងឯងដឹងឬអត់?"
"ខ្ញុំក៏បារម្ភតែបើពួកយើងច្រួលច្របល់នាំតែឲបាវព្រាបកើតក្ដីឆ្លេឆ្លាតាមមុខជាធ្វើការងារលែងកើតហើយលេចឮដំណឹងចេញក្រៅមិនខានទេ"
"យី!!ប្ដីបាត់ទាំងមូលមិនឲអញឆ្លេឆ្លា!"និយាយចប់មិនទាន់ស្រួលបួលផងលោកស្រីធំក៏ក្រោកដើរមកទះកំភ្លៀងផេនត្រាមួយទំហឹងរហូតដល់នាងធ្លាក់ពីលើកៅអីដួលស្ពាបលើក្ដារឈើហើយចាប់ក្របួចសក់នាងមួយក្ដាប់ដៃអូសមកកណ្ដាលផ្ទះមុននឹងបោកក្បាលនាងមួយទំហឹងតាមដោយដៃចង្អុលមុខនាងជាមួយភ្លើងទោសៈ។
YOU ARE READING
🔥កំណាន់ស្នេហ៍លោកដង្ខៅ🔥
Romanceគាត់មានប្រពន្ធច្រើនណាស់តែគាត់បែរជាចាប់អារម្មណ៍មនុស្សតូចតាចដូចខ្ញុំវិញ