បុរសវ័យ ៥០ ឆ្នាំម្នាក់ដើរកាត់ថ្នល់មួយៗរួចបត់ចូលទៅក្នុងច្រកផ្លូវមួយ ដែលនៅចន្លោះនៃអាគារ ។ គេទាញមួកបិទមុខបន្តិច ខណៈពេលឱននិយាយជាមួយក្មេងប្រុសកម្លោះរូបរាងស្គមស្ដើង លាបសក់ពណ៌មាសវែងប្រាស់ស្មារ តុបតែងខ្លួនក្នុងលក្ខណៈជាក្មេងស្ទាវ ។
គេឱនខ្សឹបពីរបីម៉ាត់ រួចក៏ហុចរបស់អ្វីម្យ៉ាងឱ្យ ក្មេងកម្លោះនោះគេទទួលយកហើយ ក៏រហ័សដាក់ចូលក្នុងហោប៉ៅខោ ងាកឆ្វេងស្ដាំ មុននឹងងាកមុខទៅខាងស្ដាំដៃរបស់គេ ដែលមានស្ពានដែកតូចមួយលយចូលទៅក្នុងទឹក ។
គេផ្លុំដៃបញ្ជូនសញ្ញា មិនយូរប៉ុន្មាន ទ្វារនោះក៏បើក បុរសវ័យ៥០ ឆ្នាំរូតរះដើរទៅកាន់ទ្វារនោះភ្លាមៗ គេដើរយ៉ាងញាប់រហូតដល់ចុងស្ពាន ហើយឈានចូលកាណូតដោយមានអ្នករង់ចាំជាមុនស្រេច ។
បុរសពីរនាក់ដែលពួនខ្លួននៅកាច់ជ្រុងនៃអាគារ សម្លឹងមើលទៅកាណូតដែលបើកចេញទៅ...
" នេះជាផ្លូវទៅកាន់បនល្បែងរបស់ ហ៊ានយ៉ុន ទេតើ ហាន់យូ "
" គីម រ៉ូឌីហ្គេស មិនគួរណាទៅបនល្បែងពេលនេះទេ "
ហាន់យូ និយាយ...
" តាមទៅដែលទេ? " ហាន់យូ ងក់ក្បាល ទាំងពីរនាក់ក៏ប្រញាប់ប្រញាល់ឡើងកាណូតមួយផ្សេងទៀតភ្លាមៗ មុននឹងកាណូតដែលមានបុរសមាឌធំពីរនាក់អង្គុយនៅក្នុងនោះបើកផុតទៅ ។
បុរសវ័យ ៥០ ឆ្នាំងក់ក្បាលជាសញ្ញាទៅអ្នកបើកកាណូត...
" ឯងជូនខ្ញុំទៅកន្លែងដើមវិញទៅ " និយាយប្រាប់ទៅអ្នកបើកកាណូត
" អ៊ំមិនទៅបនល្បែងទេឫ? "
" មិនបាច់សួរទេ ធ្វើតាមតែខ្ញុំប្រាប់ទៅបានហើយ " រាងចំណាស់ឆ្លើយរួចក៏ហុចលុយឱ្យ ត្រឹមតែប៉ុណ្ណឹង នាយកម្លោះក៏បើកកាណូតចេញទៅវិញដោយគ្មានសំណួរអ្វីទាំងអស់ ។ហាន់យូ ត្រឡប់មកវិញទាំងម៉ួម៉ៅ នៅពេលដឹងថាខ្លួនឯងត្រូវ នាយម៉ាក បោកប្រាស់គេនិងកូនចៅតាមរហូតទៅដល់បនល្បែង រកមើលគ្រប់កន្លុកកន្លៀត ប៉ុន្តែមិនឃើញសូម្បីស្រមោលរបស់នាយម៉ាករឺក៏ គីម រ៉ូឌីហ្គេស ឡើយ លុះពេលទៅសួរនាំអ្នកបើកកាណូរទើបបានដឹងថាខ្លួនឯងចាញ់ល្បិចគេជាលើកទីពីរ ។
" ខ្ញុំសុំទោសផងដែលមើលស្រាលវាជ្រុលពេក "
ហាន់យូ ពើងទ្រូងទទួលកំហុសរបស់ខ្លួន
" អាម៉ាក មិនមែនជាខ្លាធម្មតានោះទេ មិនអ៊ីចឹងវាមិនរស់នៅរហូតដល់សព្វថ្ងៃនេះឡើយ "
ជុងហ្គុក និយាយ
" ពេលនេះខ្ញុំឱ្យ មនុស្សទៅតាមមើលកន្លែងរស់នៅរបស់វាហើយ " ហាន់យូ រាយការបន្ថែម
" ល្អហើយ សង្កេតមើលថាវាទាក់ទងទៅអ្នកណាខ្លះ បើខ្ញុំទាយមិនខុសទេ ពេលនេះវាកំពុងរៀបចំផែនការជួយអ្នកប្រុសតូចរបស់វាហើយ "
" ចៅហ្វាយគិតថាវាមិនព្រមដោះដូររបស់ជាមួយពួកយើងពិតមែនឫ? "
វ៉ុនស៊ូ សួរទាំងចម្ងល់
" មែនហើយ! វាមិនគិតដល់សុវត្តិភាពរបស់កូនប្រុសរបស់វាទេហ្អេស៎? "
ហាន់យូ បន្ថែម
" ឯងគិតយ៉ាងម៉េចដែរ ហ៊ូមីន? "
ជុងហ្គុក មិនឆ្លើយតែក៏ងាកមកសួរ ហ៊ូមីន
" ខ្ញុំក៏គិតដូចចៅហ្វាយដែរ ពេលនេះពួកយើងនៅស្ងៀមសិនល្អដែរទេ? "
" ខ្ញុំក៏គិតអ៊ីចឹងដែរ "
ស្នាមញញឹមលេចឡើងលើផ្ទៃមុខសង្ហារ គេក៏ទាញទូរសព្ទ័ចេញមកចុច មុននឹងនិយាយ
" ថ្ងៃនេះគួរតែរាក់ទាក់មិត្តចាស់បានបន្តិច "