ថ្ងៃដែលគ្រប់គ្នាទន្ទឹងរងចាំក៏មកដល់ ជុងហ្គុក បានទទួទមុខងារឱ្យជញ្ជូនទំនិញទៅកាន់គោលដៅ ដោយមាន អ៊ំចន និងបក្សពួកមួយក្រុមទៀតនៅចាំការពារ ចំណែក ជុងហ្គុក និងបក្សពួកដែលជាកម្លាំងបន្ថែម នៅរង់ចាំការពារនៅកន្លែងណាត់ ។
" ពួកយើងត្រៀមរួចរាល់ហើយឬនៅ? "
យ៉ុងហ្គី សួរទៅកូនចៅ ក្រោយពីពួកគេទុកកាំភ្លើង២ដើមសៀតនឹងចង្កេះ រួចពាក់អាវស្បែកពីលើមួយជាន់ទៀត ។
" ត្រៀមរួចរាល់ហើយចៅហ្វាយ ពួកនាគខ្មៅទៅរង់ចាំនៅកន្លែងណាត់ហើយ " យ៉ុងហ្គី ពេញចិត្តនឹងការរាយការណ៍របស់កូនចៅស្នាមញញឹមជឿរជាក់ក៏ផុសឡើងលើផ្ទៃមុខសង្ហារ ។នៅពេលទៅដល់កន្លែងណាត់ដែលជាអគារចាស់មួយ ជុងហ្គុក និង អ៊ំចន ក៏ចុះពីឡាន ក្រោមការបំបែកគ្នាឈរការពាររបស់កូនចៅនៅតាមចំណុចផ្សេងៗ ។ អ៊ំចន លើកដៃមើលនាឡិកា ក៏ឃើញថាខ្លួននិងកូនចៅមកមុនពេល...
ហ៊ូមីន ដើរចូលទៅជិត ជុងហ្គុក រួចខ្សឹបប្រាប់ពីការត្រៀមខ្លួនរួចជាស្រេចរបស់ពួកគេ ជុងហ្គុក ងក់ក្បាល ភ្នែកមើលទៅក្រៅបង្អួចនៃអគារ ។
វ៉ុនស៊ូ ដែលល្បីថាបាញ់កាំភ្លើងត្រង់បំផុត កំពុងលាក់ខ្លួនក្នុងទីងងឹត កែវភ្នែកមើលទៅជាន់ក្រោម រួចក៏មើលទៅជុំវិញខ្លួន គេក៏ប្រទះឃើញស្រមោលខ្មៅរបស់មនុស្សម្នាក់រត់ឡើងមកជាន់ខាងលើ ។
" អ្នកណាគេ? " វ៉ុនស៊ូ និយាយតិចៗម្នាក់ឯង គេពួនចូលទៅក្នុងកន្លៀតមួយ លើកនេះគេឃើញ២នាក់ទៀត បន្ទាប់ពីច្បាស់ក្នុងចិត្តថាមិនមែនជាក្រុមតែមួយហើយ គេក៏ប្រញាប់រាយការណ៍ពីភាពខុសប្រក្រតីនេះ ។
" ហ៊ូមីន! ពេលនេះកំពុងមានភ្ញៀវមិនបានអញ្ជើញមកដែរ! " វ៉ុនស៊ូ និយាយតាមអាយកូម
" ប៉ុន្មាននាក់? "
" ឃើញពេលនេះ៣នាក់ " វ៉ុនស៊ូ ឆ្លើយ ភ្នែកមើលទៅមនុស្សទាំង៣នាក់ដែលបំបែកខ្លួននៅតាមចំណុចនីមួយៗ ។
" ចាត់ការបានដែរទេ? " ឮ ហ៊ូមីន សួរបែបនេះនាយកម្លោះ វ៉ុនស៊ូ ក៏ញញឹម
" គ្មានបញ្ហា "
វ៉ុនស៊ូ ទុកកាំភ្លើងវែងដែលមានភ្ជាប់ជាមួយកែវឆ្លុះស្ពាយនៅលើស្មាររួចក៏ដកកាំភ្លើងខ្លីចេញមកប្ដូរកាណុងជាកាំភ្លើងគ្មានសម្លេង គេដើរចេញពីជ្រុងងងឹតយ៉ាងរហ័ស តម្រង់កាំភ្លើងទៅមនុស្សដែលនៅឆ្ងាយពីគេឯងបំផុត រួចក៏កេះកៃ
ធឹប!
គ្រាប់កាំភ្លើងទម្លុះចូលក្នុងខ្លួនបុរសម្នាក់នោះ ធ្វើឱ្យគេដេកទៅលើដីភ្លាមៗ ។
" បានមួយហើយ "
វ៉ុនស៊ូ ងាកមកវិញ ឱនរត់ទៅជ្រុងមួយទៀត ក្រោយពីនៅទីតាំងដែលសក្តិសមហើយ គេក៏តម្រង់កាំភ្លើងកេះកៃម្ដងទៀត។
" នៅម្នាក់ទៀត! "
ស្នាដៃរបស់គេត្រង់ដូចមុន បុរសដែលលាក់ខ្លួននៅជ្រុងងងឹតដូចជាដឹងពីភាពខុសធម្មតា ក៏ងាកក្រោយគេប្រុងនឹងកេះកៃកាំភ្លើង នៅពេលដែលឃើញបុរសស្លៀកពាក់ឈុតខ្មៅតម្រង់កាំភ្លើងមករកខ្លួន ប៉ុន្តែល្បឿនរបស់គេយឺតជាង វ៉ុនស៊ូ បណ្ដាលឱ្យគ្រាប់កាំភ្លើងរបស់នាយសង្ហារ ទម្លុះថ្ងាសរបស់គេលឿនដូចចាប់ដាក់ ។
" ភ្ញៀវទៅវិញអស់ហើយ "
វ៉ុនស៊ូ រាយការណ៍ប្រាប់ ហ៊ូមីន បន្ទាប់មកគេក៏លាក់ខ្លួននៅកន្លៀតងងឹតដូចមុននេះវិញ ។
មុននឹង ហ៊ូមីន ដើរមករាយការណ៍ប្រាប់ចៅហ្វាយ ពន្លឺភ្លើងចេញពីឡានមួយគ្រឿងក៏បញ្ចាំងមកកាន់ពួកគេ ។
" ទៀងម៉ោងម៉ាច់តែម្ដង " អ៊ំចន និយាយក្រោយពីមើលនាឡិកា
បុរសជនជាតិបរទេស៣នាក់ចុះមកពីឡាន ដើរតម្រង់មកឈប់នៅចំពោះមុខ ជុងហ្គុក និង អ៊ំចន ។ ជុងហ្គុក សង្កេតមើលពួកគេ ម្នាក់ក្នុងចំណោមនោះ ទោះបីជាមានពុកមាត់ខ្លះៗ ប៉ុន្តែក៏នៅតិចជាងពីរនាក់ទៀត ២នាក់នោះមានរូបរាងខ្ពស់ប្រហាក់ប្រហែលនឹងគេដែរ ប៉ុន្តែមាឌធំជាងបុរស៣នាក់ទៀតដែលមើលតាមរូបរាងប្រហែលជាអង្គរក្សការពារ ។
" សួស្ដី! " អ្នកនៅកណ្ដាលនិយាយដោយសម្លេងប៉ៃឡាំ ។
" សួស្ដី! លោកនិយាយភាសាររបស់ខ្ញុំបានច្បាស់ល្អណាស់ " អ៊ំចន និយាយសរសើរ
" ខ្ញុំនៅប្រទេសរបស់លោកជាង១០ឆ្នាំមកហើយ ប៉ុន្តែពួកយើងទើបតែបានធ្វើការរកស៊ីរួមគ្នាជាលើកដំបូង គួរឱ្យស្ដាយណាស់ "
" មែនហើយ ប៉ុន្តែទោះជាយ៉ាងណា ក៏ខ្ញុំរីករាយដែរ ដែលបានធ្វើមុខជំនួញរួមគ្នានៅក្នុងថ្ងៃនេះ " អ៊ំចន និយាយតិចៗ
" ខ្ញុំសុំមើលទំនិញបន្តិចបានទេ? " បុរសជនជាតិបរទេសសួរ រួចគេក៏បើកការបូបដែលមានលុយសុទ្ធមួយចំនួន និងមាសដុំតម្រៀបជាជួរ ។
អ៊ំចន មើលទៅរបស់ដែលនៅក្នុងកាបូបរួចញញឹម
" បានទេតើ " គេងាកទៅមើល ជុងហ្គុក
ជុងហ្គុក ដើរនាំមុខជនជាតិបរទេសម្នាក់នោះទៅកាន់ឡានដែលឈប់នៅក្រោយរួចក៏ដើរវិលមកកាន់ អ៊ំចន វិញ ។
" ត្រូវតាមគ្រប់យ៉ាង នេះ! តាមកិច្ចសន្យា "
បុរសជនជាតិបរទេសហុចកាបូបឱ្យ អ៊ំចន
" អគុណ! សង្ឃឹមថាពួកយើងហ្នឹងបានសហការគ្នាទៀត "
" ប្រាកដហើយ "
ទាំងពីរនាក់ក៏ចាប់ដៃបំបែកផ្លូវគ្នា ប៉ុន្តែរំពេចនោះ ពន្លឺចេញពីស្ព័តឡៃក៏បញ្ចាំងមកកាន់ពួកគេ ព្រមជាមួយនឹងសម្លេងប៉ូលិសប្រកាសក្ដែងៗ ។
" យើងគឺជាប៉ូលិស ពួកយើងសុំចាប់ខ្លួនពួកឯងពីបទជួញដូរអាវុធសង្គ្រាមខុសច្បាប់ " សម្លេងរបស់ប៉ូលិសត្រូចស្ងាត់ទៅ នៅពេលសម្លេងកាំភ្លើងបាញ់រះឡើងដូចជាសម្លេងរន្ទះបាញ់ ម្នាក់ៗនាំគ្នាគេចចេញរកកន្លែងពួនព្រមទាំងបាញ់តបទៅវិញ អ៊ំចន និងកូនចៅមួយចំនួនរត់ចូលទៅពួននៅក្នុងអាគារ ជុងហ្គុក រត់ចូលទៅតាម ។
" មានរឿងអីហ្នឹង?ម៉េចក៏ប៉ូលិសមកបាន? "
អ៊ំចន ស្រែកសួរជុងហ្គុក ដែលនៅជ្រុងម្ខាងរួចងាកទៅបាញ់តតាំង ។
" ព្រមចុះចាញ់ទៅ អ៊ំចន! " ជុងហ្គុក ស្រែកទៅរាងចំណាស់វិញ
" ឯងមានន័យយ៉ាងម៉េច ជុងហ្គុក? "
អ៊ំចន មើលមុខ ជុងហ្គុក មិនចង់ជឿរនូវអ្វីដែលខ្លួនបានឮ
" ខ្ញុំសុំឱ្យអ៊ំប្រគល់ខ្លួន "
" ឯងមានន័យថា...ឯង... " អ៊ំចន មិននិយាយតទៀត គាត់បែរកាំភ្លើងមករក ជុងហ្គុក រួចក៏កេះកៃ ។
ជុងហ្គុក ហក់គេច រួចក៏បាញ់តបទៅវិញ ប៉ុន្តែ អ៊ំចន ក៏ត្រូវប្រញាប់រកកន្លែងពួន ព្រោះគ្រាប់កាំភ្លើងរះមករកគាត់ច្រើនណាស់ ។
" អ៊ំចន! ខាងនេះ! "
សម្លេងហៅធ្វើឱ្យ អ៊ំចន ងាកមើលរួចក៏ឃើញ យ៉ុងហ្គី បាញ់ការពារគាត់នៅឯមាត់ទ្វារ ។ អ៊ំចន រត់គេចពីគ្រាប់កាំភ្លើងរបស់ពួកប៉ូលិស ពួកគេទាំងពីរព្យាយាមរត់ចេញពីអាគារ ដើម្បីទៅរកកន្លែងចនឡាន ។