ពេលកំពុងតែញ៊ាំអាហារ ថេយ៉ុង លបមើលមុខ ជុងហ្គុក គេញ៊ាំបបរត្រីអស់មួយចានធំហើយ ញ៊ាំស៊ុតចៀនជាមួយនំប៉័ងពីរបន្ទះទៀត រួចក៏ផឹកកាហ្វេខ្មៅមួយកែវបិទគូទ គេមិននឹកស្មានថា ជុងហ្គុក ញ៊ាំច្រើនយ៉ាងនេះទេ អ៊ីចឹងទេតើ បានជារូបរាងរបស់គេដូចពួកអ៊ីរ៉ុបបែបនេះ ។
" ចៅហ្វាយ "
ថេយ៉ុង មើលទៅបុរសមាឌធំម្នាក់ក្នុងចំណោមបីនាក់ ដែលខ្លួនជួបកាលពីម្សិលមិញ គេចូលមកឱនខ្សឹបតិចៗនឹងចៅហ្វាយរបស់គេ ប៉ុន្តែអ្នកជាចៅហ្វាយនៅតែរក្សារទឹកមុខស្មើដូចខ្សែរទឹកដដែល ។
" ថេយ៉ុង! ឯងញ៊ាំឆ្អែតហើយឫនៅ? " ជុងហ្គុក សួរ
" មានការអ្វីមែនទេ? " ផឹកទឹករួច ថេយ៉ុង ក៏ងាកមកសួរទៅរាងក្រាស់វិញ
" ខ្ញុំចង់ឱ្យឯងឡើងទៅខាងលើ " ទោះបីសម្លេងនិយាយក្នុងកម្រិតស្មើ ប៉ុន្តែមាឌតូចគិតថាច្បាស់ជាមានរឿងអ្វីម្យ៉ាងមិនប្រក្រតី រាងល្អិតក៏ក្រោកឡើងយឺតៗ ។ ជុងហ្គុក ងាកទៅនាយជំនិត ហ៊ូមីន គេក៏ងក់ក្បាលតបយល់ន័យរបស់ចៅហ្វាយ... ហ៊ូមីន ដើរនាំមុខ ថេយ៉ុង សម្ដៅទៅជណ្ដើរដើម្បីឡើងទៅបន្ទប់ខាងលើ ប៉ុន្តែដើរមិនទាន់បានប៉ុន្មានជំហានផង គេក៏ត្រូវឈប់ដំណើរដោយសារតែសម្លេងដែលបន្លឺឡើង ។
" ប្រញាប់ទៅណាក្មេងតូច!? "
រាងតូចងាកមកតាមប្រភពសម្លេង ក៏ឃើញបុរសខ្ពស់ម្នាក់ដើរចូលមកយ៉ាងហំហាន ដៃទាំងសងខាងលូកចូលក្នុងហោប៉ៅខោ ពាក់អាវពណ៌ស្រគាំ សក់កាត់រាងខ្លី ធ្វើឱ្យឃើញចិញ្ចើមក្រាស់ ច្រមុះស្រួច សរុបមកមុខមាត់របស់បុរសម្នាក់នេះសង្ហារ ប៉ុន្តែទឹកមុខគួរឱ្យកោតខ្លាចណាស់ ។
គេដើរមកឈប់នៅចំពោះមុខ ថេយ៉ុង កែវភ្នែកពណ៌ត្នោតសម្លឹងពិនិត្យមើលផ្ទៃមុខរាងតូចដោយគ្មានសុជីវធម៌ រួចក៏ដេញចុះមកតាមលំដាប់ រហូតមកដល់ចុងជើង មុននឹងវិលឡើងទៅខាងលើមួយសារទៀតវិញ ។ រាងសង្ហារញញឹម ថេយ៉ុង មិនចូលចិត្តស្នាមញញឹមបែបនេះប៉ុន្មានទេ ។
" នេះប្រហែលជាកូនប្រុសរបស់លោក គីម រ៉ូឌីហ្គេស ហើយ "
ថេយ៉ុង មិនទាន់បានឆ្លើយផង សម្លេងរបស់ ជុងហ្គុក ក៏លាន់ឡើង ហើយគេឈរនៅពីក្រោយភ្ញៀវដែលចូលមក ។
" លោក យ៉ុងហ្គី មានកិច្ចការអ្វីឫ? "
យ៉ុងហ្គី ងាកទៅមើលមុខអ្នកម្ខាងទៀត រួចក៏ញាក់ស្មារ បុរសទាំងពីរមានរូបរាងប្រហាក់ប្រហែលគ្នា ម្នាក់ៗមើលមុខគ្នា រួចអ្នកដែលជាភ្ញៀវក៏ឆ្លើយ...
" មិនច្បាស់ដែរ គ្រាន់តែចង់មកសួរនាំថា លោកមានអ្វីឱ្យខ្ញុំជួយដែរទេ? "
ថេយ៉ុង មិនទាន់បានស្ដាប់ចម្លើយរបស់ ជុងហ្គុក ដែលត្រូវតបនឹងភ្ញៀវផង ក៏ត្រូវ ហ៊ូមីន កេះខ្លួនឱ្យប្រញាប់ឡើងទៅបន្ទប់ខាងលើទៅហើយ ។
ជុងហ្គុក មើលទៅមុខ យ៉ុងហ្គី រួចក៏ញញឹម...
" អគុណហើយ ខ្ញុំអាចចាត់ការដោយខ្លួនឯងបាន លោកគួរតែទៅចាត់ការរឿងរបស់លោកសិនទៅល្អជាង ឮដំណឹងមកថាឃ្លាំងនៅកំពុងផែរត្រូវប៉ូលិសចុះទៅឆែកឆេរមិនអ៊ីចឹង ប្រសិនបើរឿងនេះលិចទៅខាងក្រៅលោកមិនយ៉ាប់ហើយទេឫ? "
" កុំឱ្យដឹងឱ្យសោះថាជាស្នាដៃរបស់អ្នកណា "
សម្លេងនិងកែវភ្នែករបស់ យ៉ុងហ្គី បង្ហាញយ៉ាងច្បាស់ពីការចងអាឃាត កាលពីថ្ងៃមុន ឃ្លាំងដែលគេសម្រាប់ទុកទំនិញត្រូវប៉ូលិសចូលទៅឆែកឆេរ សំណាងល្អដែលគេបានបញ្ជូនទំនិញសំខាន់ៗចេញទៅមុនប៉ុន្មានម៉ោង កុំអីគេនឹងយ៉ាប់ជាមិនខាន ។
" លោកទៅប៉ះពាល់អ្នកណា? " ជុងហ្គុក សួរដោយសម្លេងស្មើ គេនៅតែរក្សារទឹកមុខម៉ឺងម៉ាត់របស់ខ្លួនដដែល
" មិនច្បាស់ទេ! ប៉ុន្តែរឿងនេះខ្ញុំមិនបណ្ដោយឡើយ...និយាយអ៊ីចឹងនោះគឺជាកូនប្រុសរបស់ គីម រ៉ូឌីហ្គេស ឫ? មិននឹកស្មានថាអ្នកខ្ពង់ខ្ពស់ធ្លាក់ខ្លួនដូចជាលោក គីម មានកូនប្រុសរូបរាងស្រស់ស្អាតអ៊ីចឹងសោះ "
យ៉ុងហ្គី និយាយដោយបាញ់ក្រសែរភ្នែកទៅជាន់ខាងលើ
" ដំណឹងរបស់លោករហ័សគ្រាន់បើ "
" មុខរបរដូចពួកយើង បើមិនរហ័សភ្នែករហ័សត្រចៀក អាចនឹងនៅបានរហូតដល់សព្វថ្ងៃនេះឫ? តែថាចៅហ្វាយធំត្រឡប់មកវិញពេលណា? "
" មិនដឹងដែរ ឮអ៊ំចន និយាយថាអាចនឹងមកអាទិត្យក្រោយ "
យ៉ុងហ្គី ងក់ក្បាលប៉ុន្តែក្នុងចិត្តកំពុងគិតថានឹងជួយ ថេយ៉ុង ចេញមកដោយរបៀបណាល្អបើ ជុងហ្គុក ការពារតឹងរឹងដល់ថ្នាក់នេះ ។