ភាគ២២

746 26 0
                                    

« មើលទៅអ្នកគ្រូពេទ្យដូចជានឹកប៊ុកគីណាស់ គិតចេះអាចយកម៉ោងសម្រាកទៅរកប៊ុកគីសិនបាន បើមានការបន្ទាន់ខ្ញុំខលទៅ » ថេស៊ុងដូចជាមើលចិត្តអាយរីសធ្លុះតាមរយៈកែវភ្នែកស្រទន់របស់នាង សម្រាប់គេទោះបីជានាងមិនបើកចិត្តបើកឪកាសឲ្យគេចូលទៅមើលថែបេះដូងក៏ដោយ ក៏សុំត្រឹមជួយឲ្យនាងញញឹមឲ្យច្រើនៗក៏គ្រប់គ្រាន់ណាស់ទៅហើយ។
« បានពិតមែនហ្អេស? » អាយរីសញញឹមឡើងដូចការគ្រោងទុករបស់ថេស៊ុងមិនខុស ខណៈពេលដែលគ្រូពេទ្យសង្ហារតបដោយការងក់ក្បាល ទើបអាយរីសរហ័សរៀបចំឯកសារលើតុឲ្យមានរបៀប ព្រមជាមួយការដោះអាវពេទ្យចេញ ប្រែខ្លួនជាអាយរីសក្នុងឯកសណ្ឋានសាមញ្ញតែស្រស់ស្អាត គឺនាងស្អាតគ្រប់ជ្រុងជ្រោយ ទាំងទម្រង់មុខ រាងកាយ និងចិត្តគំនិត។
« ចឹងខ្ញុំសុំទៅសិនហើយ អរគុណគ្រូពេទ្យស៊ុង បើមានអីខលមកខ្ញុំបានគ្រប់ពេល » អាយរីសចាប់យកកាបូបមកស្ពាយ ទាំងងាកទៅប្រាប់ថេស៊ុងដែលឈរមិនឆ្ងាយពីខ្លួន។
« គ្រប់ពេល! ទាំងពេលនឹកដែលមែនទេ? » ថេស៊ុងស្រែកសួរ នាំឲ្យរាងតូចបង្អាក់ដំណើរងាកមកតបទាំងសើចហួសចិត្ត ដោយមិនភ្លេចតបទៅវិញជាមួយចម្លើយគួរសម។
« ហាសហា! គឺពេលបន្ទាន់ប៉ុណ្ណោះ »
« បាទ!! យល់ហើយ បើកឡានស្រួលបួល »
« ចា៎! »
អាយរីសបោះជំហានចេញពីបន្ទប់ប្រចាំការមិនទាន់បានដប់ជំហានផង ម៉ូវី ដែលជាពេទ្យស្តាររត់មករកនាង ដូចកូនឃើញម្តាយមកពីផ្សារ។
« បងស្រីចង់ទៅណា ឬមានណាត់ជាមួយបុរសណាឬ? » ម៉ូវីអោបដៃអាយរីសដែលមានអាយុបងខ្លួនដល់ទៅ៥ឆ្នាំ និងជារាមច្បង ព្រោះនាងត្រឹមតែជាពេទ្យស្តារ ឯអាយរីសជាគ្រូពេទ្យដៃឯកខាងវះកាត់ ហើយក៏ជាគ្រូពេទ្យដែលគួរឲ្យស្រឡាញ់និងចិត្តល្អជាងគេ។
« ឯងហៅខ្ញុំថាបងស្រីផងហ្អេសនាងល្អិត? »
« គឺពេលនេះបងមិនបានស្ថិតក្នុងឯកសណ្ឋានជាពេទ្យឯណា តែថាកុំបង្វែររឿងនិយាយមកថាបងមានណាត់មែនអត់? » ម៉ូវីតបវិញបែបលេងសើចព្រោះដឹងថាសំណួររបស់អាយរីសគ្រាន់តែជាការលេងសើច។
« គឺមានពិតមែន ត្រូវមានណាត់ជាមួយប្រុសក្មេងផង នៅនិយាយជាមួយឯងយឺតម៉ោងមិនខាន » នាងបោកម៉ូវីដោយទឹកមុខស្មើរ ថែមទាំងអោនមើលនាឡិកាលើដៃឡើងហំដូចមនុស្សមានណាត់ពិតមែន។
« ប្រុសក្មេង??? » ម៉ូវីបើកភ្នែកចំហរមាត់ទឹកមុខស្លុតចិត្តរបស់នាងធ្វើឲ្យអាយរីសរបូតសំណើចឲ្យទាល់តែបាន។
« គឺប៊ុកគីទេ កុំគិតផ្តេសផ្តាស »
« ចេះធ្វើស៊ីទៀត »
« ដល់ម៉ោងហើយ ខ្ញុំទៅសិនហើយ »
« ចា៎មកវិញទិញអីផ្ញើរផង »
« ... »អាយរីសងក់ក្បាលសើចរួចបន្តបោះជំហានទៅមុខដូចដែលនាងធ្លាប់ធ្វើ ប្រអប់ដៃតូចលើកទៅបើកទ្វារ រួចក៏តម្រង់ទៅរកកូនឡានរបស់ខ្លួន ត្បិតតែវាជាឡានតូច មិនឡូយ មិនទាន់សម័យ តែនាងរីករាយនឹងមានវា។
ឡានអាយរីសបានបើកមកឈប់នៅសាលាមតេយ្យសិក្សា នាងបានបញ្ជូនប៊ុកគីឲ្យចូលរៀនតាំងពីដើមឆ្នាំម្លេះ គិតថាឆាប់ចូលរៀនក៏ល្អ ព្រោះបើទុកនៅផ្ទះក៏នៅតែម្នាក់ឯង ដូច្នេះមានតែបញ្ជូនឲ្យមករៀនមានមិត្ត មានគ្រូជួយមើលថែអីបែបនេះ។
« ប៊ុកគីហា៎!! » អាយរីសក្រលេកឃើញប៊ុកគីកំពុងដើរជាមួយមិត្តភក្តិ ទើបប្រញាប់ស្រែកហៅ គ្រាន់តែសំឡេងនាងទៅដល់ត្រចៀកប៊ុកគីភ្លាម គេប្រញាប់ស្ទុះរត់មកអោបម្តាយខ្លួនយ៉ាងណែន។
« ម៉ាក់ៗ! ចម្លែកដល់ហើយ » ប៊ុកគីមើលមុខម្តាយធ្វើមុខឆ្ងល់ ព្រោះរាល់លើកមិនដែលឃើញមកទទួលទេ។
« ចម្លែក? ម៉ាក់ដឹងរាល់លើកម៉ាក់មិនដែលមកទទួលកូនព្រោះរវល់នៅមន្ទីរពេទ្យ តែថ្ងៃនេះទំនេះ ចង់ញាំការ៉េមទេម៉ាក់ជូនទៅ » អាយរីសញីសក់កូនប្រុសថ្នមៗដោយក្តីស្រឡាញ់ នាងមិនដឹងថាខ្លួនឯងបានធ្វើជាម្តាយដ៏ល្អហើយឬនៅទេ ប៉ុន្តែនាងក៏ព្យាយាមធ្វើឲ្យប៊ុកគីញញឹមមានក្តីសុខ ទោះបីជាគ្មានឪពុកហៅដូចគេ ក៏នាងអាចដើរតួបានជាឪពុកផងម្តាយផង។
« តែ... » ប៊ុកគីសម្លឹងទៅម្ខាងធ្វើមុខមិនសូវជាសប្បាយចិត្ត អាយរីសក៏សម្លឹងទៅតាមក៏ឃើញ ឪពុកម្តាយគេមកទទួលកូន ស្នាមញញឹមរបស់ពួកគេហាក់ដូចជាមានក្តីសុខដែលបានរស់នៅជីវិតគូរដ៏មានសុភមង្គល ខុសឆ្ងាយពីនាងដែលមិនបានទទួលការមើលថែពីបុរសដែលជាឪពុកបង្កើតរបស់ប៊ុកគី ប៊ុកគីក៏មិនធ្លាប់ស្គាល់អ្វីហៅថាភាពយកចិត្តទុកដាក់ពីប៉ា កើតមកសូម្បីតែឈ្មោះ ឬក៏ពាក្យថាប៉ាក៏មិនធ្លាប់ហៅនឹងគេ។
« ម៉ាក់ៗកូននឹកប៉ាៗ ចង់អោបប៉ា ចង់ឃើញមុខប៉ាៗ » ក្មេងតូចមិនដឹងអីចាប់ផ្តើមនិយាយទាំងរលីងរលោងទឹកភ្នែក ទើបអ្នកជាម្តាយទាញកូនប្រុសមកអោបក្រសោបទាំងខ្លួនឯងក៏លួចអួលដើមករលីងរលោងទឹកភ្នែក ព្រោះអ្វីប៊ុកគីនិយាយរំជួលចិត្តនាងដល់ថ្នាក់មិនអាចទប់ទឹកភ្នែកបាន។

ព្យុះស្នេហ៍មួយរាត្រីWhere stories live. Discover now