#ព្យុះស្នេហ៍មួយរាត្រី ភាគ៥
អាយរីសនាំខ្លួនមកដល់ច្រកចូលនៃបន្ទប់ជួលដែលនាងរស់នៅជាមួយជុងយ៉ុនជាប្រចាំ សភាពស្លេកស្លាំងរបស់នាងមិនបានគេចផុតពីក្រសែរភ្នែកអ្នកក្បែរខ្លួន តែនាងបានត្រឹមតែពង្រឹងស្មារតីឲ្យរឹងមាំដើរទម្លុះក្រសែរវាយតម្លៃមកលើនាង ទាំងការពិតនៅក្នុងខ្លួនទន់ជ្រាយរលាយដូចជាទឹក ទឹកដែលហូរមិនខុសពីទឹកភ្នែករបស់នាង។ ខណៈពេលនោះសំឡេងហៅឈ្មោះរបស់នាងស្រាប់តែបន្លឺរឡើង ហើយម្ចាស់សំឡេងក៏គ្មានអ្នកណាក្រៅពីជុងយ៉ុនដែលអង្គុយចាំនាងតូចពេញមួយយប់។
"ម៉េចក៏មកដល់ថ្មើរនេះទៅវិញ ហើយការងារយ៉ាងម៉េចឬ បានជាឯងមើលទៅខ្សោះៗម្លេះ?"ជុងយ៉ុនស្ទាបថ្ងាសអ្នកជាមិត្ត កម្តៅក៏មិនមាន តែផ្ទៃមុខដែលធ្លាប់តែឃើញថាស្រស់ស្រាយប្រែមកជាស្រអាប់គួរឲ្យសង្កេត ជាពិសេសរង្វង់ភ្នែកក្រហមហើមដូចមនុស្សទើបនឹងយំហើយ។
"គឺគ្មានអីទេ យប់មិញនេះការងារច្រើនក៏គេងនៅទីនោះ ឯងល្មមទៅរៀនហើយ យើងសុំទៅសម្រាក"អាយរីសព្យាយាមលាក់បាំងគ្រប់យ៉ាង មិនមែននាងមិនចង់ប្រាប់ តែនាងមិនដឹងថាគួរចាប់ផ្តើមពីត្រង់ណាមកមុន បើសូម្បីតែខ្លួននាងនៅមិនដឹងពីមូលហេតុដែលនាងទៅជាន់បន្ទប់នរកមួយនោះ មិនដឹងផងថាមានអ្វីកើតឡើងខ្លះ ត្រឹមការចង់ចាំស្រពិចស្រពិលក៏ធ្វើឲ្យបេះដូងនាងឈឺដូចជាចាក់នឹងផ្លែកាំបិតបាត់ទៅហើយ។
"ហើយឯងមិនទៅរៀនទេ?"
"..."អាយរីសគ្រវីក្បាលតិចៗមកជាមួយស្នាមញញឹមដ៏ឈឺចាប់ មុននឹងបែរខ្លួនដើរទៅមុខ ទឹកភ្នែកក៏ចាប់ផ្តើមច្រាលចេញមករហូតជោគផែនថ្ពាល់ទាំងគូរ នាងពេលនេះដូចមនុស្សម្នាក់ដែលបាត់បង់គ្រប់យ៉ាង ពិភពលោកពណ៍ស៉ីជម្ពូររបស់នាងក៏បានប្រែរូបរាងមកខ្មៅងងឹតដោយសារតែរឿងនៅក្នុងរាត្រីនោះ រាត្រីដែលគេពង្រាត់របស់តែមួយគត់ក្នុងមួយឆាកជីវិតរបស់នាង។
រុីង រីង!!!
ស្របពេលដែលនាងតូចមកដល់ក្នុងបន្ទប់បិទទ្វារចាក់សោរ ស្រាប់តែសំឡេងទូរស័ព្ទរោទិ៍ឡើងនៅក្នុងកាបូប នាងប្រញាប់ដើរទៅរុករើរកមើលទូរស័ព្ទដៃ តែក៏ព្រោះលេខដែលបង្ហាញនៅលើអេក្រង់ធ្វើឲ្យនាងប្រញាប់ទាញទូរស័ព្ទមកខ្ទប់ជាប់ទ្រូង ទន់ជង្គង់ដួលទៅលើឥដ្ឋ ទឹកភ្នែកកាន់តែហូរមកមិនប្រណី
"សុំទោសៗ ស្រីដូចខ្ញុំមិនសាកសមជាមួយបងទៀតទេ អ្ហឹកៗ សុំទោស!"នាងស្រែកទ្រហយំយំអោបទូរស័ព្ទ តែមិនព្រមលើក ព្រោះម្ចាស់លេខជាមិត្តប្រុសដែលនាងបានធ្វើខុសជាមួយបាត់ទៅហើយ តើនាងនៅសល់អ្វីសម្រាប់គេទៀត សេចក្តីស្នេហាស្មោះត្រង់ ឬក៏នាងត្រូវលាក់បាំងរឿងទាំងនោះរហូតដល់ថ្ងៃស្លាប់។
"អ្ហឹកៗ ខ្ញុំមិនចង់រស់ទៀតទេ តើខ្ញុំនៅសល់អ្វីទៀតទៅ? អ្នកណាក៏បានជួយប្រាប់ខ្ញុំបន្តិចបានទេ?"អាយរីសផ្តួលខ្លួនដេកលើឥដ្ឋរហូតសំឡេងទូរស័ព្ទលែងបន្លឺរឡើង តែបែរជាមានសំឡេងគោះទ្វារជំនួសទៅវិញ។ ឮបែបនេះនាងប្រញាប់សម្លឹងមើលជុំវិញខ្លួនយល់ថាអ្នកខាងក្រៅបន្ទប់អាចជាជុងយ៉ុនដែលភ្លេចយកអ្វីមិនខាន។ មុននឹងក្រោកទៅបើកទ្វារក៏មិនភ្លេចជូតជម្រះទឹកភ្នែកដែលដាបនៅផែនថ្ពាល់ ពេលមើលថាអស់ស្នាមទឹកភ្នែកហើយ អាយរីសក៏ដើរសំដៅទៅទ្វារបន្ទប់ដោយបង្ខំចិត្តឲ្យញញឹម តែព្រោះវត្តមានអ្នកដែលនាងឃើញមិនមែនជាជុងយ៉ុន តែជាប្រុសដែលជាដើមហេតុធ្វើឲ្យនាងធ្លាក់ក្នុងសភាពបែបនេះទៅវិញ
"ចេញភ្លាមទៅ!"អាយរីសស្រែកគំហកព្រមទាំងលើកដៃទៅទាញទ្វារបិទ តែនៅមិនទាន់ស៊ុកជីនដែលលឿនជាងនាងប្រញាប់ចាប់ទ្វារជាប់ រួចក៏ដើរចូលមកខាងក្នុងប្រើជើងទាត់ទ្វារឲ្យបិទជិតឈឹង ទើបក្នុងបន្ទប់ពេលនេះមានតែនាងនិងគេតែពីរនាក់
"កុំចូលមក ខ្ញុំប្រាប់ថាកុំចេញមកមនុស្សអត្មានិយម"មិនត្រឹមតែស្រែកដេញនាងថែមទាំងចាប់របស់ក្បែរខ្លួនគប់ទៅរកស៊ុកជីន តែគេតែងតែគេចទាន់បានគ្រប់របស់ ចុងក្រោយក៏ព្រមឈប់ពេលដែលឃើញនាងសម្រូតខ្លួនអោបជង្គង់យំ សភាពរបស់នាងពិតជាកំសត់ដែលធ្វើឲ្យគេរង្គោះរង្គើរចិត្ត ត្រូវហើយនាងប្រហែលទទួលយកមិនបានព្រោះវ័យនាងមិនមែនជាវ័យដែលត្រូវមកភ្លក់រសជាតិល្វីងបែបនេះ
"រឿងនៅមិញ នាងចង់បានបែបណា?"សំណួររបស់អ្នកកំលោះធ្វើឲ្យផ្ទៃមុខដាបទឹកភ្នែកប្រញាប់ងើបឡើង ចង់បានបែបណាឬ? បើនាងប្រាប់ថាចង់ឲ្យគេសងគ្រប់យ៉ាង ចង់ឲ្យគេបង្វិលពេលវេលាមិនបំផ្លាញរាងកាយនាងតើគេអាចធ្វើបានទេ ឬក៏ការដែលចង់បានរបស់គេគ្រាន់តែជាការញាត់លុយ ដូចដែលគេកំពុងតែធ្វើនៅពេលនេះ??
"យកទៅ"ស៊ុកជីនដាក់ក្រដាសសែកនៅលើតុ ក្រោមក្រសែរភ្នែកតាមមើលរបស់អាយរីស នេះគេជានាយកសាលាឬ? មិនមែនទេក្នុងកែវភ្នែកនៅពេលនេះគេជាមនុស្សថោកទាបឈាមខ្មៅចិត្តបេះដូងសាងពីដុំថ្មច្បាស់ណាស់ ព្រោះគ្មានមនុស្សឯណាប្រើលុយដោះស្រាយបញ្ហា ទាំងដែលបញ្ហានោះមិនមែនជារឿងតូចតាច
"ឮថានាងចង់រៀនផ្នែកពេទ្យវះកាត់ ដើម្បីជាការដោះដូរខ្ញុំអនុញ្ញាតឲ្យនាងរៀនដោយមិនបាច់បង់ប្រាក់"
"ដោះដូរមែនទេ?"អាយរីសសម្លក់ស៊ុកជីនទឹកភ្នែកក៏ស្រក់មកម៉ាត់ៗ ព្រមទាំងស្ទុះទៅកញ្ឆក់សែកមកហែកជាចម្រៀកៗរួចក៏គប់ទៅលើផ្ទៃមុខសង្ហារតែចិត្តគំនិតបែរជាព្រៃផ្សៃគួរឲ្យស្អប់
"យ៉ាងម៉េចនាងនឹង នៅមិនគ្រប់គ្រាន់ទៀត?"
"ទោះលោកសងដោយជីវិតក៏គ្មានថ្ងៃគ្រប់គ្រាន់នឹងអ្វីដែលលោកបានបង្ករ ចេញទៅកុំឲ្យខ្ញុំកាន់តែស្អប់លោកជាងនេះ"អាយរីសលើកដៃចង្អុលទៅទ្វារបញ្ជារឲ្យមនុស្សអាត្មានិយមចេញ ព្រោះវត្តមានរបស់គេធ្វើឲ្យការចង់ចាំផុសពេញខួរក្បាលរបស់នាងរហូតឈឺឡើងស្ពឹកទៅហើយ
"គិតថាតម្លៃនាងស្មើរនឹងជីវិតខ្ញុំ? នាងគិតខ្ពស់ពេកហើយ ក្នុងពេលដែលនាងមានះដោយខ្លួនឯង ខ្ញុំក៏មិនអង្វរ"ថាចប់ក៏បែរខ្លួនដើរចេញ នេះហើយជាចរិតរបស់គេ ខុសតែមិនសុំទោស មិនអង្វរ មិនសុំក្តីមេត្តា រឹតតែមិនសម្តែងក្តីអាណិតអាសូរឲ្យឃើញ ទោះម្នាក់នោះចូលមកអង្រួនកំផែងបេះដូងគេឲ្យរង្គោះរង្គើរក៏ដោយ
"មនុស្សអាត្មានិយម លោកអាត្មានិយមខ្លាំងណាស់"អាយរីសស្ទុះទៅទាញទ្វារបិទ ពេលដែលឃើញច្បាស់ថាស៊ុកជីនលែងមានវត្តមាននៅក្នុងនេះជាមួយនាង បន្ទាប់មកក៏បានត្រឹមតែខ្ទប់មុខយំ ផែនខ្នងប៉ះនឹងទ្វារ មិនខុសពីអ្នកខាងក្រៅដែលកំពុងបិទភ្នែកផ្នែកខ្នងនឹងទ្វារដូចជានាង ទឹកមុខពោរពេញដោយអារម្មណ៍ខុស តែមាត់មិនស្របនិងចិត្ត តែងតែនិយាយអ្វីផ្ទុយពីចិត្តជានិច្ច...250ស៊ែរសម្រាប់ភាគបន្តរ❤️
_អុីលីហ្សា_