"ជាអ្នកដទៃប៉ុណ្ណោះ!!"
"អ្នកដទៃឯណាដែលធ្លាប់... " ស៊ុកជីនមិនទាន់បានបញ្ចប់ប្រយោគផង បែរជាត្រូវអាយរីសយកកន្ត្រៃមកដាក់ជិតមកគំរាមកាត់អណ្តាតរបស់គេបើនៅតែរំលឹករឿងអត់បានការនោះទៀត។
"ឈប់និយាយភ្លាម!!"
"ឈប់និយាយ... បងឈប់និយាយក៏បាន"
"..." អាយរីសដៀងភ្នែកសម្លឹងទាំងដកដង្ហើមធំក៏ព្រោះតែត្រូវមកនៅជិតគេ ដកដង្ហើមរួមជាមួយគេឲ្យមានតែអារម្មណ៍ធុញថប់តប់ប្រម៉ល់។ នេះប្រហែលជាគេកំពុងតែគិតថានាងសប្បាយចិត្តណាស់ហើយទើបខំធ្វើជាលួងលោម សម្តីផ្អែមរលួយបែបនេះ!! តែធាតុពិត នាងសែនស្អប់គេដល់ឆ្អឹងបើមិនដោយសារតួនាទីនាងមិនឲ្យគេបានមកនិយាយជាមួយខ្លួនសូម្បីតែមួយម៉ាត់។
អាយរីសបិទភ្នែកដកដង្ហើមចេញចូលមួយៗខំធ្វើចិត្តស្រឡះ ដោយបញ្ជារខ្លួនឯងថានាងកំពុងព្យាបាលម៉ាឌីកាំងទៅចុះ។ បន្ទាប់ពីនោះនាងចាប់ផ្តើមដោះឡេវអាវគេចេញដើម្បីងាយស្រួលដោះបង់ចាស់ដែលប្រលាក់ទៅដោយឈាម។
"លោកងើបបន្តិចទៅ" អាយរីសបញ្ជារខ្លីៗព្រោះបើគេមិនងើបនាងត្រូវអោនទៅស្រាយដោះនៅខាងក្រោមខ្នងដោយកាយវិការស្និទស្នាល ដែលវាលើសនឹងអ្វីដែលនាងមិនចង់ធ្វើ។
"ងើបមិនរួចទេ អូនធ្វើបន្តិចទៅ" គេធ្វើឬកទារុណដាក់អាយរីស នាងក៏ខ្ជិលតមាត់ស៊ាំតាប៉ែក៏ព្រមដោះអោនទៅដោះ មើលពីចម្ងាយហាក់ដូចនាងកំពុងតែអោបគេ ទោះវាមិនមែនជាការអោបតែធ្វើឲ្យរាងក្រាស់លួចញញឹមមកខ្លះៗ។
ក្រោយពីបញ្ចប់មួយដំណាក់កាលហើយមក រាងស្តើងក៏បានឈោងដៃទៅយកសំឡីស្អាតមកជូតសម្អាតឈាមនៅកន្លែងមុខរបស់ដែលកំពុងដាក់ថ្នេរបែបនេះទើបមានឈាមហូរមិនឈប់។ ឃើញថាមិនអាចទុកយូរបានខ្លាចឆ្លងមេរោគនាងក៏បានយកម្ជុល តែមុននឹងត្រៀមដេរទៅលើសាច់នាងបានងាកទៅមើលមុខស៊ុកជីន។
"ឈឺបន្តិចហើយ"
"មិនអីទេ!! អូននៅជិតបែបនេះចង់អ្វីក៏មកមិនឈឺ"
"ឈប់ហៅខ្ញុំអូនទៅ" អាយរីសគ្រវីក្បាលព្រឺរសម្បុរ រួចមកតាំងស្មារតីចាប់ផ្តើមទម្លុះម្ជុលចូលសាច់ដេរចេញចូលរហូតកន្លែងដែលហូរឈាមត្រូវបានផ្ចិតវិញយ៉ាងស្អាត។
"ក្រែងថាមិនឈឺហ្អី?" អាយរីសចំអកពេលងើបមុខមកឃើញស៊ុកជីនកំពុងក្តាប់ដៃខាំមាត់ទឹកមុខបញ្ជាក់ថាឈឺ តែមាត់វិញនៅនិយាយខ្លាំងបានទៀត។
"អូនចង់ទៅហើយ?" ឈឺបែបនេះមែនតែគេនៅតែមានកម្លាំងចាប់កដៃនាងតូចជាប់ ដែលគ្រាន់តែដេរនិងរុំបង់ថ្មីឲ្យគេរួចរាល់ក៏ចង់ចេញទៅវិញភ្លាម នេះក្នុងចិត្តនាងពិតជាមិនចង់និយាយជាមួយគេឲ្យល្អបន្តិចទេ? យ៉ាងណាក៏គួរតែសួរគ្នាពីនេះពីនោះខ្លះដែរ។
"ថាឲ្យឈប់ហៅខ្ញុំបែបនេះ ខ្ញុំមិនចូលចិត្ត!! ហើយក៏ឆាប់លែងដៃខ្ញុំទៅ ក្នុងមន្ទីរពេទ្យនេះមិនមែនមានតែលោក តែមានមនុស្សជាច្រើនដែលចាំខ្ញុំទៅព្យាបាល ចឹងហើយកុំដោយសារតែចង់និយាយរឿងកាលពីបួនឆ្នាំនោះមកធ្វើឲ្យមនុស្សជាច្រើននាក់ត្រូវមកឈឺស្លាប់ដោយសារមនុស្សអាត្មានិយមដូចជាលោក" សម្តីត្រជាក់ៗរបស់នាងធ្វើឲ្យអ្នកខ្លះស្ងាត់ចុកអួលកណ្តាលទ្រូង ហើយកាន់តែដឹងច្បាស់ពីទំហំនៃភាពស្អប់ខ្ពើមដែលនាងមានមកលើខ្លួន ត្រូវហើយនាងកាន់តែស្អប់ គេតែកាន់តែឈឺចាប់ និងពិបាកទ្រាំនៅអារម្មណ៍ដែលត្រូវការគេ តែគេបែរជាមិនត្រូវការខ្លួន គឺវាឈឺបែបនេះមែនទេ?
"ស្អប់បងខ្លាំងណាស់មែនទេ?"
"មែនហើយស្អប់ខ្លាំងណាស់ ស្អប់រហូតចង់ឲ្យលោករលាយបាត់ពីមុខរបស់ខ្ញុំ" គ្រប់ប្រយោគដែលនាងតបមួយម៉ាត់ៗ មិនដែលមានប្រយោគមួយណាដែលមិនចាក់ទម្លុះចិត្តគេឲ្យគាំគ្រា មើលតែទឹកមុខរបស់រាងក្រាស់ពេលនេះចុះ ដូចអស់សង្ឃឹមថ្នាក់ដល់ចំណុចមួយដែលងងឹតងងុលស្រោយស្រង់មិនរួចទៅហើយ។