ឡានទំនើបបីគ្រឿងបើកចូលរោងចក្រទុកចោលមួយកន្លែង មានសភាពរញ៉េរញ៉ៃ ស្តុកទៅដោយសំបុកពីងពាង ធូលី កម្ទេចកម្ទីរ។ រំពេចនោះទ្វារឡានខាងមុខគេបើកឡើងសន្សឹមៗ នាំយកបុរសអាវគ្រ័ហ្សេលើមុខបំពាក់ដោយវែនតាខ្មៅ បបូរមាត់ពណ៍ក្រម៉ៅ កំពុងដើរចេញពីឡានសំដៅទៅរកមនុស្សមួយក្រុមកំពុងចាំនៅខាងក្នុងរោងចក្រ។
« ចៅហ្វាយប្រយ័ត្នប្រយែងផង » កូនចៅលួចខ្សឹបត្បិតតែគេតាមការពារមែន តែស៊ុកជីនក៏ត្រូវប្រយ័ត្ន ព្រោះមិនច្បាស់ថាពួកនោះមានល្បិចកលឬក៏អត់។
« ឯណាលុយ? » ស្របពេលដែលឃើញស៊ុកជីនដើរមក ពួកនោះក៏ស្រែកសួររកលុយ ព្រោះពួកវាមានឃ្លីប ភស្តុតាង ឯកសារបញ្ជាក់ថាឪពុករបស់ស៊ុកជីនជាអ្នកជូញដូរអាវុធខុសច្បាប់ ដោយសារបែបនេះទើបពួកគេយកភស្តុតាងអស់នេះមកគម្រាមយកលុយពីស៊ុកជីន ដោយដឹងថាគេស្រឡាញ់ឪពុកមិនព្រមឲ្យឪពុកខ្លួនជាប់គុកដាច់ខាត។
« លុយមិនខ្វះទេបើឯងប្រគល់ឯកសារទាំងអស់មកឲ្យយើងសិន » រាងក្រាស់លើកចិញ្ចើមដាក់គូរសន្ទនា គេម៉េចនឹងអាចជឿទៅថាពួកវាមិនលេងល្បិចជាមួយខ្លួន។
« បាន! » អាម្នាក់ដែលជាមេគេបក់ដៃឲ្យកូនចៅយកឯកសារអស់នោះទៅដាក់ដល់ដៃស៊ុកជីន ឯកូនចៅរាងក្រាស់ក៏ដើរយកប្រអប់លុយទៅឲ្យមេរបស់វា គ្រាន់តែបើកឃើញលុយដ៏ច្រើនភ្លាមក៏ញញឹមចុងមាត់បាញ់កែវភ្នែកចម្លែកបាញ់ទៅកូនចៅរបស់ខ្លួន!!
...
« អំបាញ់មិញកូននិយាយជាមួយអ្នកណា? » នាងតូចប្រញាប់សួរទៅកូនប្រុសក្រោយពីឃើញផែនខ្នងបុរសដែលខ្លួនឃើញនិយាយជាមួយកូនខ្លួន តែពេលមកដល់ក៏ដើរចេញទៅបាត់។
« លោកពូសង្ហារណា៎ម៉ាក់ៗ » ប៊ុកគីសើចចេញធ្មេញដាក់ម្តាយដែលខំបង្វិលខ្លួនកូនប្រុសមើលថាមានកន្លែងណាត្រូវរបួល ឬបាត់អីឬអត់ អាចថានាងមិនទុកចិត្តក៏ថាបាន ព្រោះមនុស្សស្អាតក៏មិនមែនថាចិត្តស្អាតទាំងអស់ដែរ។
« តោះៗទៅផ្ទះម៉ាក់ៗ ប៊ុកគីចង់គេងហើយ » អាល្អិតក្តោបពោះធ្វើមុខអួយៗដាក់អាយរីស ដែលចាប់ផ្តើមបំភ្លេចរឿងអំបាញ់មិញ ហើយងាកមកយកចិត្តទុកដាក់កូនប្រុស ដោយប្រញាប់ដឹកដៃកូនចេញពីផ្សារទំនើប នាំទៅរកឡាន ដោយដាក់ឲ្យប៊ុកគីអង្គុយនៅខាងមុខជាមួយខ្លួនដោយមិនភ្លេចដាក់ខ្សែក្រវ៉ាត់ឲ្យ។
« ម៉ាក់ៗដឹងទេ លោកពូនោះចិត្តល្អណាស់ គាត់បានឲ្យលុយកូនទៅទិញការ៉េមទៀតផង » អាយរីសកំពុងតែបើកឡានលើផ្លូវសុខៗប៊ុកគីក៏មករំលឹកដល់លោកពូម្នាក់នោះម្តងទៀត ទើបម្តាយប្រញាប់សួរបន្តរ។
« តែម៉ាក់បានប្រាប់ប៊ុកគីយ៉ាងម៉េចខ្លះ? ឬកូនភ្លេចសម្តីម៉ាក់បាត់ហើយ? »
« មិនភ្លេចទេបាទ!!! ម៉ាក់ៗប្រាប់ថាមិនឲ្យប៊ុកគីយកលុយអ្នកដទៃទេ ហើយពេលនោះកូនក៏មិនបានយកលោកពូដែរ » ស្តាប់សម្តីកូនហើយជ្រួលជ្រាបពេញបេះដូង ម្តាយលើលោកនេះតើម្តាយមួយណាដែលមិនប្រាថ្នាកូនដែលស្តាប់បង្គាប់ហើយនាងក៏មានកូនប្រុសដែលស្តាប់ពាក្យរបស់ខ្លួនបែបនេះយល់ថាស្កប់ស្កល់រកថាមិនត្រូវ។
« ហើយ... » អាយរីសរកនិយាយបន្តតែក៏ឃើញប៊ុកគីបិទភ្នែកគេងលក់បាត់ទៅហើយ ទើបមិននិយាយបន្តគ្រាន់តែលូកដៃទៅអង្អែលក្បាលកូន រួចតាំងស្មារតីបើកឡានរហូតមកដល់ផ្ទះរបស់ខ្លួន។
អាយរីសដោះខ្សែក្រវ៉ាត់បើកទ្វារឡានទំលាក់ខ្លួន មុននឹងវាងទៅទ្វារម្ខាងទៀត បើកទ្វារលើកបីប៊ុកគីដែលនៅតែគេងលក់ចូលទៅក្នុងផ្ទះតូចល្មមនៅរបស់ខ្លួន ដោយបានលើកកូនប្រុសសំណព្វចិត្តឲ្យគេងលើគ្រែដែលពោរពេញទៅដោយតុក្កតារបស់លេង សុទ្ធតែជារបស់ប៊ុកគីទាំងអស់។ បន្ទាប់ពីទំនេរខ្លួនហើយអាយរីសចុះទៅខាងក្រោមឆុងកាហ្វេមួយពែងតូច អំឡុតពេលចាំកាហ្វេនាងក៏ផ្នែកខ្លួននឹងជញ្ជាំង ទាញយកទូរស័ព្ទមកមើលពត៌មានតាមទំលាប់នាង តែពេលសម្លឹងមើលម៉ោងនៅលើទូរស័ព្ទក៏ឃើញថាជាពេលល្ងាច តាមរាល់ដងនៅមន្ទីរពេទ្យថ្មើរនេះមមាញឹកណាស់ នាងក៏មិនអាចសង្ងំនៅផ្ទះបានទេ។
« សឺប្រាយ៍!! » មីនឃ្យូដើរលបៗពេលអាយរីសក្រលេកឃើញក៏កន្ត្រាក់ស្រែកសឺប្រាយ៍ទាំងទឹកមុខស្រស់ស្រាយក្នុងដៃមានយួរអីវ៉ាន់សំបុីងបំប៉ោងជាច្រើន។
« មីនឃ្យូ? »
« នឹកណាស់ » មីនឃ្យូទំលាក់របស់របរលើឥដ្ឋត្រដាងដៃរត់ទៅអោបមិត្តល្អរបស់ខ្លួន ដែលស្គាល់គ្នាជិតបីឆ្នាំហើយ តែបើនិយាយរឿងក្និងចិត្តវិញដឹងឡើងរលាយ។
« មកតាំងពីពេលណាហា៎ មិនប្រាប់មួយម៉ាត់សោះ » អាយរីស
« ក៏ថាសឺប្រាយ៍ហ្នឹងឯង តែថាឯងប្រុងខ្លួនទៅណា នេះយើងខំទិញរបស់របស់គ្រឿងគ្រៅមកធ្វើម្ហូបឲ្យប៊ុកគីជាមួយឯង ឯងគិតទៅទៀតហើយ? » មីនឃ្យូច្រត់ចង្កេះរ៉េបច្រេតៗដាក់នាងតូចដែលផឹកកាហ្វេបានតែមួយក្អឹកក៏អស់ឃ្លាន។
« ឯងក៏ដឹងយើងជាពេទ្យ ថ្មើរនេះនៅមន្ទីរពេទ្យកំពុងរញ៉េរញ៉ៃផងក៏មិនដឹង យ៉ាងណាផ្ញើរប៊ុកគីឲ្យផង យើងរួចការងារនឹងប្រញាប់មកវិញ »
« អឺៗ បើកឡានស្រួល នាងច្រម៉ក់នេះ!! »អាយរីសបានមកដល់មន្ទីរពេទ្យសំណាងហើយដែលមិនមានវះកាត់បន្ទាន់ គង់អីត្រូវប្រធានមន្ទីរពេទ្យស្តីបន្ទោសដែលនាងយកម៉ោងសម្រាកចេញទៅក្រៅយកកូនដើរលេងឡើងយូរបែបនេះ។ ពេលមកដល់បន្ទប់សម្រាកផ្ទាល់ខ្លួនភ្លាមនាងក៏ទំលាក់ខ្លួនអង្គុយលើកៅអី បិទភ្នែកបន្តិចព្រោះមានអារម្មណ៍ថាហត់នឿយខ្លាំងណាស់។
« មានអ្នកជំងឺត្រូវវះកាត់មែនទេ? » ព្រោះតែសំឡេងសម្រឹបជើងធ្ងន់ៗដាស់ឲ្យនាងភ្ញាក់ពីការសម្រាក ហើយមិនចាំឲ្យអ្នកគ្រូពេទ្យនិយាយនាងក៏សួរមុន ទើបអ្នកគ្រូពេទ្យងក់ក្បាលបញ្ជាក់ថាមាន នាងក៏រហ័សក្រោកទៅទាយយកអាវពេទ្យពណ៌សមកពាក់ពីលើអាវមួយជាន់ទៀត
« តោះ! » អាយរីសញាប់ដៃញាប់ជើងរត់សម្តៅទៅបន្ទប់វះកាត់ រុញទ្វារចូលទៅដល់តែព្រោះគ្រូពេទ្យជំនាញជាច្រើននៅក្បែរនោះ ទើបនាងមើលមិនឃើញពីមុខមាត់របស់អ្នករងគ្រាប់ទាល់តែសោះ
« តោះចាប់ផ្តើមបានហើយ »ឮបែបនេះអាយរីសងក់ក្បាលតិចៗ ដើរទៅយកស្រោមដៃមកពាក់ តាមដោយការឈោងទៅយកឧបករណ៍វះកាត់មកដាក់ក្បែរខ្លួន។ កូនកាំបិតត្រូវបានដៃតូចស្រឡូនលើកយកមកកាន់ ហើយក៏បង្វិលខ្លួនទៅរកអ្នករងគ្រាប់ តែខណៈពេលដែលភ្នែកប្រទាក់ទៅនឹងផ្ទៃមុខមួយនោះ កូនកាំបិតស្រាប់តែជ្រុះចេញពីដៃ បេះដូងលោតកន្ត្រាក់ បបូរមាត់នាងញ័រចំប្រក់ ក្នុងមួយវិនាទីនាងព្រិចភ្នែកសឹងតែមិនក្រោមដប់ដងដើម្បីបញ្ជាក់ឲ្យច្បាស់ថាប្រុសដែលស្ថិតនៅចំពោះមុខនាងជាប្រុសតែម្នាក់ដែលបានជាន់ឈ្លីនាងយ៉ាងព្រៃផ្សៃហ្នឹងតើមែនទេ?