#ព្យុះស្នេហ៍មួយរាត្រី ភាគ១០
ស៊ុកជីនឡើងមកដល់ជាន់ខាងលើលើកប្រអប់ដៃចាប់មូលគន្លឹះទ្វារមុននឹងបើកឡើងតិចៗខ្លាចថាធ្វើឲ្យនាងតូចនៅខាងក្នុងដឹងខ្លួន តែពេលចូលមកដល់មានតែភាពទទេរស្អាត នៅលើគ្រែគ្មានវត្តមានរបស់នាង មានតែភួយដែលធ្លាក់រប៉ាត់រប៉ាយពាសពេញឥដ្ឋ
"ទៅណាបាត់ហើយ!?"ជាសំណួរដែលអ្នកកំលោះសួរខ្លួនឯង តែដឹងថានាងមិនបានទៅណាឆ្ងាយក្រៅពីសង្ងំខ្លួននៅកន្លែងណាមួយនៃបន្ទប់ច្បាស់ណាស់
ក្រោយពីដឹងថាកន្លែងដែលនាងលាក់ខ្លួនគ្មានអ្វីក្រៅពីបន្ទប់ទឹក ទើបអ្នកកំលោះដើរទៅបើកថតទុកយកសោរមកចាក់ប្រសើរជាងស្រែកហៅឲ្យនាងបើកធ្វើ ព្រោះដឹងថាស្រីដូចជាអាយរីសក្បាលរឹងហើយក៏ប៉ិនចចេសណាស់ដែរ
ក្រាក!
ទ្វារបានបើកដោយស្នាដៃស៊ុកជីន រូបរាងអាយរីសដែលកំពុងឈ្ងោកមុខអោបជង្គង ខ្លួនប្រាណញ័រទទ្រើក ថែមទាំងមានឈាមក្រហមឆ្អៅហូរចេញពីកដៃឲ្យរហាម តំណក់ឈាមតក់មកលើឥដ្ឋដូចទៅនឹងទឹកភ្នែកដែលម្ចាស់វាយល់ព្រមឲ្យស្រក់ដោយមិនតាំងចិត្តថានឹងទប់តទៅទៀត
"អាយរីស ឆ្គួតស្អីរបស់នាង?"អ្នកកំលោះចូលទៅកញ្ឆក់ផ្លែឡាមពីដៃតូចៗដោយមកជាមួយសម្តីធ្ងន់ៗ ក៏ព្រោះតែគេស្លុតចិត្តពេកមិនស្មានថានាងហ៊ានធ្វើរឿងបែបនេះ
"ឆ្គួតមែនទេ? ត្រូវហើយខ្ញុំកំពុងតែឆ្គួត តែអ្នកណាៗដែលធ្វើឲ្យខ្ញុំទៅជាបែបនេះ ឬក៏មិនមែនជាលោកទេ ហេតុអ្វីទៅ លោកមកបំផ្លាញខ្ញុំដើម្បីអី អ្ហឹកៗ បើបានគ្រប់យ៉ាងហើយម្តេចមិនដោះលែងខ្ញុំទៅ ចង់ឲ្យខ្ញុំឈឺបែបណាទៀតទើបលោកស្ងប់ចិត្ត ខ្ញុំហត់ហើយណា ខ្ញុំហត់ហើយ ហត់ដែលដើរតួជាជនអាក្រក់ទាំងខ្ញុំមិនបានខុស!!!"សម្តីដ៏សែនឈឺចាប់របូតចេញពីមាត់នាងជាមួយទឹកភ្នែកដូចជាចង់បញ្ជាក់់ឲ្យអ្នកចំពោះមុខដឹងថានាងឈឺនាងវេទនា នាងឆ្លងកាត់ការឈឺចាប់ច្រើនមកប៉ុណ្ណា បើនាងអាចពុះហែកផ្នែកខាងក្នុងឲ្យមើលដឹងពីអារម្មណ៍ដែលឈឺៗតែគ្មានអ្នកចាំលួងលោម ព្រោះម្នាក់កំពុងតែឈានជើងចេញពីនាងម្តងម្នាក់ៗ តើនាងបានធ្វើអីខុសទៅ?