អាយរីសបាននាំប៊ុកគីមកដល់ផ្សារទំនើបមួយកន្លែងក្នុងទីក្រុងសេអ៊ូល នាងតូចបណ្តើរកូនប្រុសដែលក្នុងដៃកាន់ការ៉េមសូកូឡា។ វត្តមាននាងនិងកូនធ្វើឲ្យប្រុសៗខ្លះមើលមិនដកភ្នែក មើលទៅទឹកមុខដូចជាចង់ដឹងណាស់ថាអាល្អិតម្នាក់នេះត្រូវជាប្អូន ឬក៏កូន តែក្នុងគំនិតពួកគេសុទ្ធតែគិតថាជាប្អូនប្រុស ព្រោះតាមសម្រស់អាយរីសមិនសមមានប្តីមានកូនទាល់តែសោះ។
« ម៉ាក់ចូលទិញរបស់របរប្រើប្រាស់បន្តិច កុំរត់ទៅណាឲ្យសោះណា៎ » អាយរីសបន្ទន់ជើងអោនប្រាប់កូនប្រុសរួចក៏ដឹកដៃប៊ុកគីចូលទៅក្នុងហាងគ្រឿងសម្អាងរបស់ស្រ្តី។ អាយរីសដើរមើលរបស់របរទាំងនោះដោយយកចិត្តទុកដាក់ព្រោះទម្រាំតែហ៊ានដាច់ជិតប្រើលុយទៅទិញក៏ដេកគិតអស់ជាច្រើនយប់ ធ្វើម៉េចបើកើតមកជាស្រីបើមិនប្រើខ្លះក៏មិនកើត។ រវល់តែរើសផលិតផល ទើបមិនចាប់អារម្មណ៍ពីប៊ុកគីដែលកំពុងរត់លេងរហូតចេញទៅដល់ខាងក្រៅហាង។
« អួយ ម៉ាក់ៗ » ប៊ុកគីរត់មិនប្រយ័ត្នក៏ដួលទៅឥដ្ឋមួយទំហឹង ស្របពេលដែលចង់យំស្រាប់តែមានដៃធំក្រាស់ស្ទុះមកជួយលើប៊ុកគីឲ្យក្រោយឡើង។ បុរសសង្ហារម្នាក់នោះកំពុងបន្ទន់ខ្លួនឲ្យស្មើរនឹងក្មេងតូច ជួយជូតទឹកភ្នែកឲ្យទៀតផង ដែលជាធម្មតាប៊ុកគីតែងតែស្តាប់បង្គាប់ម៉ាក់ៗខ្លួនថាបើមានមនុស្សចម្លែកមកជិតឲ្យរត់ តែពេលនេះប៊ុកគីបែរជាគ្មានអារម្មណ៍ខ្លាចលោកពូម្នាក់នេះបន្តិច។
« ឈឺត្រង់ណាអាល្អិត មើលឲ្យពូមើលបន្តិច »
« មិនឈឺទេបាទ!! តែការ៉េម ហ៊ឹកៗ ម៉ាក់ៗខំទិញឲ្យផង » ឃើញប៊ុកគីចង្អុលទៅការ៉េមដែលចាប់ផ្តើមរលាយលើឥដ្ឋ រាងក្រាស់ក៏សើចតិចៗមុននឹងលូកទៅយកកាបូបដកលុយឲ្យទៅប៊ុកគី។
« យកទៅទិញទៀតទៅ ហើយកុំយំកូនប្រុសអ្នកណាឲ្យយំ »
« មិនយកទេបាទ!! ម៉ាក់ៗប៊ុកគីប្រាប់ថាមិនឲ្យយកលុយអ្នកដទៃទេ »
« ឈ្មោះប៊ុកគី? មើលទៅម៉ាក់ឯងប្រាប់ឯងបានល្អណាស់ ហើយឯណាម៉ាក់ឯង? » គេញីសក់ក្បាលប៊ុកគីហាក់ស្រឡាញ់សម្តីកូនប្រុសម្នាក់នេះ ហើយក៏ចង់ឃើញមុខម្តាយដូចគ្នា ដែលប្រដៅកូនប្រុសឲ្យមានចរិកគួរឲ្យស្រឡាញ់ ស្របពេលដែលប៊ុកគីលើកដៃចង្អុល គេក៏មើលតាមចង្អុលដៃឃើញស្រីម្នាក់កំពុងឈរបែរខ្នង...
« ម៉ាក់ឯងមើលពីក្រោយគឺដូចមនុស្សស្រីម្នាក់ដែលពូធ្លាប់ស្គាល់ »
« ម៉ាក់ៗប៊ុកគីជាស្រីស្អាត អ្នកណាក៏ថាបែបនេះដែរ »
« ពូកែសម្តីណាស់អាល្អិត!! » គេសើចគឹល ដែលខណៈពេលនោះក៏លួចដៀងភ្នែកមើលផែនខ្នងអាយរីសម្តងទៀត គិតថានឹងចង់ដើរទៅមើលមុខឲ្យចំដែរ តែសុខៗក៏មានកូនចៅរត់មករកទាំងទឹកមុខមានរឿងមិនស្រួល។
« មានរឿងធំហើយលោកប្រុស!! » ស្តាប់តែប៉ុណ្ណឹងគេក៏ដឹងហើយថាមានរឿងអ្វីទើបប្រញាប់ក្រោកឈរ តែមុនចេញទៅមិនភ្លេចញញឹមដាក់ប៊ុកគី។
« ប៊ុកគី!! កូនកើតអី?? » ក្រោយពីស៊ុកជីនចាកចេញបានប៉ុន្មានជំហាន អាយរីសដែលក្រលេកឃើញកូនប្រុសបែបនេះ ក៏រត់មករកទាំងប្រហោងពោះធ្លុង ដែលសំឡេងហៅកូនប្រុសរបស់អាយរីសឮដល់ត្រចៀកស៊ុកជីនរហូតកើតចិត្តស្រដៀងកាន់តែខ្លាំង តែពេលងាកទៅក៏ឃើញត្រឹមតែផែនខ្នងដដែល។
« ឆាប់ឡើង!! »ស៊ុកជីនគ្រវីក្បាលក្រលាស់គំនិតចេញ មុននឹងតាំងស្មារតីទាញវែនតាខ្មៅមកពាក់រួចដើរនាំមុខកូនចៅចាកចេញពីផ្សារទំនើបមួយនេះ។