បន្ទាប់ពីបានបញ្ចប់កម្មវិធី Casting ហើយរួចគ្រប់គ្នាក៏បានត្រលប់ទៅសម្រាករៀងៗខ្លួនវិញ ដោយឡែកត្រូវរង់ចាំឈរតម្រង់ជួរជិះជណ្តើរយន្តស្របពេលដែលសន្តិសុខយាមមើលការខុសត្រូវនៅប្រចាំការទីនេះ រូតរះរៀបចំសណ្តាប់ធ្នាប់បានយ៉ាងល្អដ៏ហ្មត់ចត់ផងដែរ។ ប្រអប់ជើងមាំទាំបោះជំហ៊ានតាមដោយដំណើរស្វាហាប់ ប្រញាប់សំដៅទៅរកជណ្តើរយន្តទំនេរមួយ រួចចូលទៅបម្រុងនិងចុចចុះទៅជាន់ផ្ទាល់ដីដែរ។
“ចាំខ្ញុំផង!” សម្រែកស្រួយស្រែសលាន់បន្លឺឡើង ប្រអប់ដៃដែលហៀបនិងចុចប៊ូតុងឆាប់ដកចេញមកវិញដោយសម្លឹងមើលទៅកាន់ម្ចាស់រាងកាយតូចស្រឡូនដែលរត់ចូលមកទាំងទឹកមុខអរត្រហេបត្រហប។
“អរគុណណាស់!” ហេប៊េន ធ្វើជាសំដែងការអរគុណដោយងាកទៅចុចប៊ូតុងចុះទៅរកជាន់ផ្ទាល់ដីដែរ ស្របពេលដែលកំលោះសង្ហាខាងណេះ ក៏មិនបានចុចអ្វីដែរ ព្រោះត្រូវចុះទៅជាន់តែមួយជាមួយនិងគ្នាដែរ។
ទឺត!!ទឺត!!
“ហេឡូប៉ា!” សម្តីដ៏ក្រអួនបានឧទានឡើង ខ្សែភ្នែកមុតស្រួចដៀងឆ្វាច់សម្លឹងទៅមើលរាងខ្ពស់សង្ហាដែលឈរលើកទូរស័ព្ទនិយាយក្បែរត្រចៀកនាំឱ្យស្នាមញញឹមទាក់ទាញក៏បានបង្ហាញឡើងយ៉ាងស្រស់រីកប៉ប្រិម។
(កូននៅឯណា?)
“ក្នុងជណ្តើរយន្ត បន្តិចទៀតចុះទៅដល់ឥឡូវហើយ ប៉ាមានការអី?”
(ប៉ានៅខាងក្រោម ប៉ាត្រូវត្រលប់ទៅវិញជិះឡានជាមួយប៉ាតូច កូនយកឡានប៉ា បើកទៅផ្ទះផងឮទេ?)
“បាទប៉ា!“ ក្រោយពីទទួលយកភារកិច្ចរួចហើយភ្លាម នាយសង្ហាប្រញាប់ដាក់ទូរស័ព្ទចុះ ស្របពេលដែលច្រកទ្វារជណ្តើរយន្តក៏បានបើកឡើង បង្ហាញឱ្យឃើញពីឡានសេរីទំនើបពណ៌ខ្មៅរលោងដែលបញ្ឈររាងយ៉ាងសង្ហាចំកណ្តាលមុខរាងខ្ពស់ស្រឡៈដែលឈានជើងដើរចេញទៅតាមដោយដំណើរស្វាហាប់។
“តាមពិតទៅជាកូនប្រុស..ម្ចាស់ក្រុមហ៊ុន Modeling Kacea សោះ!” ហេប៊េន លាន់មាត់និយាយឡើង ព្រមទាំងបាញ់ខ្សែភ្នែកចាប់អារម្មណ៍ទៅសម្លឹងផែនខ្នងមាំទាំលូកដៃចូលទៅចាប់បើកទ្វារឡានទំនើប។