បុរសចំណាស់អង្គុយគងអន្ទាក់ខ្លា ទឹកមុខមាំបង្ហាញពីអំនួត ទោះបីពេលនេះគាត់កំពុងតែស្ថិតក្នុងបន្ទប់សួរចម្លើយមានប៉ូលីសប៉ុន្មាននាក់ឈរចាំយាមក៏ដោយ។
ក្រាក!សំឡេងទ្វាររបើក បង្ហាញអោយឃើញវត្តមានថេយ៉ុងរួមជាមួយយ៉ុនហ្គីកំពុងតែដើរចូលមក។ លោកគីមប្រែទឹកមុខទៅជាខឹងសម្បារមួយរំពេចពេលដែលឃើញកូនប្រុសគាត់ដើរមកជាមួយនិងយ៉ុនហ្គី។ គាត់អាចដៅបានភ្លាម មូលហេតុដែលយ៉ុនហ្គីអាចដឹងពីរបៀបនៃការលាក់របស់ ព្រោះថេយ៉ុងជាមនុស្សតែម្នាក់គត់ដឹងពីរឿងនោះ។ ដើមឡើយថេយ៉ុងមិនទាន់ធ្វើជាប៉ូលីសស៊ើបអង្កេត គាត់បានបង្ហាត់បង្រៀនគេដើម្បីអោយស្នងតំណែង តែថេយ៉ុងបែរជាមិនដើរតាមគន្លងឪពុក។
« លោកប៉ា... » ថេយ៉ុងសុំអនុញ្ញាតចូលមកមើលឪពុក ព្រោះតែក្តីបារម្ភតែអ្វីដែលគេទទួលបាន។
ដឹប!
មុខរបស់គេងាកទៅម្ខាងតាមកម្លាំងដៃដែលដាលមក ប៉ូលីសប៉ុន្មាននាក់ក៏ចូលមកចាប់លោកគីម។
« អាកូនចោលម្សៀត » លោកគីមរើបម្រាស់ចេញពីការចាប់របស់ប៉ូលីសតែមិនអាច។ កែវភ្នែកគាត់ពោលពេញទៅដោយកំហឹង ពុះកញ្ជ្រោលចង់តែស្ទុះចូលមកច្របាច់កកូនប្រុសរបស់គាត់អោយដាច់ខ្យល់។ ការងារដែលគាត់ខំកសាងអស់ពេលរាប់ឆ្នាំបែរជាត្រូវបញ្ចប់ត្រង់ចំណុចនេះទៅវិញ។
« ធំឆ្អឹងឯងហ៊ានអោយគេចាប់យើងដាក់គុក យើងមិនគួរចិញ្ចឹមកូនដូចជាឯងឡើយ កូនចោលម្សៀតដូចជាឯងសមតែស្លាប់ »
ថេយ៉ុងឈរស្តាប់ឪពុកដៀលស្តី ជះកំហឹងដាក់ ដោយមិននិយាយស្តីអ្វី។ ដោយឃើញថាលោកគីម ចង់រើបម្រាស់ចង់ស្ទុះមកដាល់ថេយ៉ុងម្តងជាពីរដង ទើបយ៉ុនហ្គីនាំថេយ៉ុងចេញពីបន្ទប់នេះវិញ។
« ឯងមិនអីទេឬ? »
« ខ្ញុំមិនអីទេ ជួបគ្នាពេលក្រោយ » ថេយ៉ុងញញឹមស្ងួតដាក់យ៉ុនហ្គី រួចចូលទៅក្នុងឡាន បញ្ឆះបើកចេញទៅ។
*****
ចង្វាក់ភ្លេងញ័រកន្ត្រាក់បន្លឺឡើងនៅក្នុងClub មួយកន្លែងដែលបង្ហាញអោយយើងឃើញពីភាពសប្បាយនៃយុវវ័យ កំពុងតែរាំគ្រលែងរំសាយអារម្មណ៍ តែបើយើងមើលទៅជ្រុងម្ខាងបែរជាឃើញកម្លោះថ្ពាល់ខួចកំពុងតែលើកកែវស្រាអកផឹក។
ណាមជុនអុកកែវស្រានឹងតុ ហើយក៏ទាញដបស្រាមកចាក់បំពេញកែវបន្ត កាវិកាយរបស់គេទាំងប៉ុន្មានស្ថិតក្រោមក្រសែភ្នែកបងធម៍របស់គេ។
« ឯងកើតអីណាមជុន? » សំឡេងរាបស្មើចោទសួរឡើង ណាមជុនមិនឆ្លើយបែរជាផឹកបន្ត ទុកអោយអ្នកជាបងធម៍កាន់តែឆ្ងល់ព្រោះមិនធ្លាប់ឃើញប្អូនផឹកច្រើនបែបនេះពីមុនមកឡើយ។
« ជីនបានផ្តល់ដំណឹងមកប្រាប់យើងថា មួយរយះនេះឯងមិនបានទៅទទួលថ្នាំឡើយ » ទោះមិនអាចឃើញពីទឹកមុខបារម្ភរបស់បងប្រុស តែណាមជុនអាចដឹងពីជម្រៅចិត្តនៃការបារម្ភរបស់យ៉ុនហ្គីព្រោះតែគេរស់នៅជាមួយយ៉ុនហ្គីតាំងពីកុមារភាពមកម្ល៉េះ។ យ៉ុនហ្គីគឺជាខ្នងបង្អែករបស់គេតែម្នាក់គត់ព្រោះតែគេធំធាត់ឡើងដោយគ្មានឪពុកម្តាយ គ្មានសាច់ញាតិឡើយ។ នៅអាយុ១៣ឆ្នាំទើបយ៉ុនហ្គីសង្កេតឃើញថា ណាមជុនជាមនុស្សដែលគ្មានមនោសញ្ជេតនា មានចរិកចម្លែក គេសកម្មនៅពេលយប់ ហើយគេងនៅពេលថ្ងៃ នឹងចូលចិត្តនិយាយតែម្នាក់ឯង ជាពិសេសគឺគេចូលចិត្តក្លិនឈាម។ យ៉ុនហ្គីព្យាយាមរកគ្រប់មធ្យោបាយដើម្បីព្យាបាលគេតែវាមិនទទួលបានផលឡើយ ប៉ុន្តែថ្ងៃមួយគេបានជួបថេយ៉ុង ធ្វើអោយគេមានអារម្មណ៍ចង់រស់នៅដូចមនុស្សធម្មតា ព្រមទទួលការព្យាបាល។ វាមិនមែនជាការងាយស្រួលឡើយដែលព្យាបាលជំងឺនេះ តែថេយ៉ុងជាហេតុផលតែមួយគត់ ដែលធ្វើអោយគេចង់ក្រោកចេញពីរណ្តៅខ្មៅ ដើម្បីមើលពិភពលោកខាងក្រៅ។
បច្ចុប្បន្ននេះ គេព្យាយាមរស់នៅអោយបានល្អជាទីបំផុត រស់ដោយពឹងលើថ្នាំរំងាប់អារម្មណ៍។ តែមួយរយះនេះគេបានផ្តាច់ថ្នាំចោល ដើម្បីចង់សាកល្បងរស់ដោយមិនចាំបាច់ប្រើថ្នាំ។
« ឈប់ទៅ » យ៉ុនហ្គីទាញកែវស្រាពីដៃណាមជុន រួចប្រើកែវភ្នែកកៀបសង្កត់ណាមជុនអោយឈប់តាមបញ្ជា។ បន្ទាប់ពីទាញកែវស្រាពីដៃណាមជុនរួចហើយ យ៉ុនហ្គីក៏បានសួររកពីថេយ៉ុងដោយសារតែពួកគេទាំងពីរទៅណាមកណាជាមួយគ្នានិច្ច។
« ឯណាថេយ៉ុង? » ណាមជុនបែរជាបញ្ជេញស្នាមញញឹមហាក់ចម្អកអោយខ្លួនឯងពេលដែលលឺយ៉ុនហ្គីសួររកថេយ៉ុង។
« គេម៉េចនឹងហ៊ានដើរជាមួយនឹងឃាតករដូចជាខ្ញុំទៅ? » យ៉ុនហ្គីចងចិញ្ចើមចូលគ្នា ឆ្ងល់នឹងសម្តីរបស់គេ។
« បានន័យថាម៉េច? »
« ថេយ៉ុងសង្ស័យថាខ្ញុំជាឃាតករ » បញ្ចប់ប្រយោគណាមជុនទាញកែវស្រាមកផឹកបន្ត ក្រោមការងឿងឆ្ងល់ពីយ៉ុនហ្គី។
« តើឯង...? »
« បងកំពុងតែសួរថាតើខ្ញុំឃាតករមែនដែលទេ? »
« ទេដរាបណាយើងមិនទាន់ឃើញផ្ទាល់ភ្នែក យើងគ្រាន់តែឆ្ងល់ហេតុអ្វីឯងត្រូវមកអង្គុយផឹកត្រាំត្រែងបែបនេះ? »
« ខ្ញុំគ្រាន់តែខូចចិត្ត ដែលមនុស្សដែលខ្ញុំស្រលាញ់បែរជាគិតថាខ្ញុំជាឃាតករ »
« បើឯងមិនមែនជាឃាតករមែន មកអង្គុយសំកុកធ្វើអី គួរតែនិយាយអោយវាដាច់ស្រេចជាមួយគេ »
« ខ្ញុំគ្មានអ្វីត្រូវបកស្រាយនោះទេ បើគេគិតបែបណាអោយគេគិតបែបនោះទៅ » យ៉ុនហ្គីបានត្រឹមតែគ្រវីក្បាលនឹងចរិកប្អូនធម៍របស់គេ រួចទាញកែវស្រាមកក្រេបរសជាតិបន្តិច។
« យើងភ្លេចប្រាប់ ឪពុករបស់ថេយ៉ុងកំពុងតែនៅក្នុងគុក »
« ពីបទ? »
« ជួញដូរថ្នាំញៀន » ណាមជុនងក់ក្បាលតិចៗ ចិត្តកំពុងតែបារម្ភពីថេយ៉ុង ថេយ៉ុងប្រាកដជាកំពុងតែពិបាកចិត្តមិនខាន។
« ខ្ញុំមានរបស់អោយបង » ណាមជុនដកនាឡិកាពីហោប៉ៅហុចវាទៅអោយយ៉ុនហ្គី។
« ថ្ងៃមុនហ៊ូសុកមកកូរ៉េ គេមានរបស់ផ្ញើមកអោយបង » យ៉ុនហ្គីទទួលនាឡិកាពីដៃណាមជុនមកមើល។
« ហឺម » គេមិននិយាយអ្វីច្រើនគ្រាន់តែបញ្ជេញសំឡេងគ្រហឹម។
« ពេលណាទើបបងនឹងហ៊ូសុកព្រមជួបមុខគ្នាវិញ?» យ៉ុនហ្គីទាញកែវស្រាមកក្រេបអោយផ្សើមបំពង់ករបន្តិចទើបឆ្លើយ។
« យើងបានជួបគេហើយ »
« ជួបហើយតាំងពីពេលណា? »
« ម្សិលម្ងៃ ពេលនេះកំពុងតែនៅក្នុងគុក ប្រហែលជាកំពុងតែដាក់ទំនាយយើងហើយ»
« បងចាប់គេដាក់គុកទៀតហើយ? » យ៉ុនហ្គីមិនឆ្លើយ គេកំពុងតែនឹកទៅដល់ទឹកមុខពេលខឹងរបស់ហ៊ូសុកពេលដែលគេចាប់ញាត់ចូលគុក។
*****
ដំណើរស្វាហាប់កំពុងតែបោះជំហានទៅរកកន្លែងឃុំឃាំង ដែលឆ្ងាយដាច់ពីគេ។ មាឌខ្ពស់ស្រឡះឈរ មើលអ្នកដែលកំពុងតែអង្គុយអោបជើងក្នុងគុក ទឹកមុខយ៉ាងកំសត់។ លោកឧត្តមសេនី៍យ មីន យ៉ុនហ្គីមានចិត្តស្រន្តោស ប្រណី បើកទ្វារគុកអោយអ្នកទោសចេញទៅមុនថ្ងៃកំណត់។
« ចេញមក » សំឡេងមាំ បន្លឺឡើង ធ្វើអោយហ៊ូសុកងើយមុខឡើង មើលទៅអ្នកដែលឈរនៅចំពោះមុខគេដោយទឹកមុខខឹងសម្បារ។ ហ៊ូសុកមិនមាត់មិនកម្រើកខ្លួនបែរជាអង្គុយធ្វើមិនដឹងមិនលឺហាក់ដូចជាគ្មានវត្តមានយ៉ុនហ្គីនៅទីនេះ។
« ឬក៏ចង់នៅទីនេះពេញមួយជីវិត? »
« ...... » ស្ងាត់
« ល្អ » យ៉ុនហ្គីងក់ក្បាលតិចៗ ដើរចេញ។
« កុំអាលមើល៎ ចេញក៏ចេញ » ក្រោយពីធ្វើចិត្តខ្លាំងមិនដល់១០នាទី ហ៊ូសុកក៏បានក្រោកបោសគូទខោ ដើរតាមពីក្រោយយ៉ុនហ្គីដើម្បីចេញពីគុក។
ហ៊ូសុកដើរអឿកាត់មុខយ៉ុនហ្គី តែក៏ត្រូវយ៉ុនហ្គីទាញកអាវគេត្រឡប់មកក្រោយវិញ។
« លែង » គេខាំមាត់ ភ្នែកសម្លក់មកកាន់យ៉ុនហ្គី។
« ឃ្លានទេ? » យ៉ុនហ្គីស្រាប់តែប្តូរសំឡេងទៅជាស្រាលៗ ធ្វើអោយហ៊ូសុកងេមងាម តែមិនទាន់បានឆ្លើយផងក៏ត្រូវយ៉ុនហ្គីអូសទាញគេទៅណាក៏មិនដឹង។
*****
មីស៊ុបហុយៗមួយចានធំ កំពុងតែស្ថិតនៅពីមុខហ៊ូសុក។ ហ៊ូសុកមិនចាំយូរឡើយ កាន់ចង្កឹះចាប់សសៃរមីកាយញាត់ចូលទៅក្នុងមាត់ដោយភាពស្រេកឃ្លាន។ ដោយសារតែពេលដែលនៅក្នុងគុកគេមិនព្រមញុំាអាហារក្នុងគុកនោះទេ ព្រោះតែវាសាបគ្មានជាតិ។ យ៉ុនហ្គីអង្គុយមើលហ៊ូសុកញុំាមី ដោយលួចអស់សំណើចក្នុងចិត្ត។ ខានជួបគ្នា៥ឆ្នាំហើយ ចរិកហ៊ូសុកនៅតែមិនប្រែប្រួល។
« រឿងកាលពី៥ឆ្នាំមុន... »
« កុំរំលឹក » យ៉ុនហ្គីមិនទាន់បាននិយាយចប់ផង ហ៊ូសុកស្រាប់តែទម្លាក់ចង្កឹះចុះ ហាមមិនអោយរំលឹក ព្រោះតែនៅឈឺចិត្ត ខំសារភាពស្នេហ៍តែបែរជាចាប់គេដាក់គុក។
« កន្លងផុតទៅ៥ឆ្នាំហើយតើឯងនៅស្រលាញ់យើងទេ?
« កុំសួរ កុំរំលឹករឿងកាលពី៥ឆ្នាំមុនលឺទេ! » ហ៊ូសុក ប្រាប់គេដោយសំឡេងខ្លាំងៗ រួចទាញកែវទឹកត្រជាក់ៗមកផឹក អោយត្រជាក់ចិត្តបន្តិច។
« ពួកយើងសាកមើលចិត្តគ្នាលេងៗល្អទេ? »
« ខិក...ខិក... » ហ៊ូសុកឈ្លក់ទឹកនៅពេលដែលលឺពាក្យនេះចេញពីមាត់យ៉ុនហ្គី។ តើគេគិតអ្វីក្នុងចិត្ត ប៉ាវមីស៊ុបមួយចាន រួចមកបបួលគ្នាមើលចិត្តគ្នា?
« យ៉ាងម៉េចដែរ? » យ៉ុនហ្គីលើកចិញ្ចើមសួរបញ្ជាក់ វាមិនល្អទេហេ្ហសដែលគេកំពុងតែបើកចិត្ត ហេតុអ្វីហ៊ូសុកចាំបាច់ធ្វើមុខដូចជាយ៉ាប់យុឺនដល់ថ្នាក់នេះ?
« ឬក៏ឯងឈប់ស្រលាញ់យើងហើយ? »
« អ្នកណាទៅទ្រាំស្រលាញ់មនុស្សឃោឃៅដូចជាលោកបាននោះ? » ហ៊ូសុកពេបមាត់ ក្រោកចេញ តែក៏លួចញញឹម។ ទីបំផុត បុរសដែលគេតាមស្រលាញ់កំពុងតែបើកចិត្តទទួលយកគេហើយ បើដឹងចឹងគេនឹងមិនគេចមុខដល់ទៅ៥ឆ្នាំទេ។
« ឡើងឡាន » យ៉ុនហ្គីអូសដៃហ៊ូសុកឡើង ឡាន ព្រមទាំងដាក់ខ្សែរក្រវ៉ាតសុវត្ថិភាពអោយទៀតផង។
« លោកកំពុងតែគិតចង់ធ្វើអ្វីអោយប្រាកដ? »
« ពេលនេះពួកយើងជាសង្សារគ្នាហើយ »
« អេស៎ យ៉ុនហ្គីអ្នកណាថាព្រមធ្វើជាសង្សាលោក » ហ៊ូសុកលាន់មាត់ឡើង សង្សាតាំងពីពេលណា ម៉េចមិនលឺយ៉ុនហ្គីសុំគេផង?
« ឬចង់ក្លាយជាប្រពន្ធ? ម៉ាក់យើងកំពុងតែបង្ខំអោយយកប្រពន្ធ បើឯងមិនចង់ធ្វើជាសង្សា អ៊ីចឹងយើងរៀបការតែម្តងទៅ »
« នែ៎ »
« ចង់ទៅណាអនាគតប្រពន្ធ? »
« យ៉ុនហ្គី!! » ហ៊ូសុកហៅបង្អូសសំឡេងយ៉ាងវែង។ ថ្ពាល់ទាំងគូរបស់គេក្រហមងាំងដោយសារតែអៀន។
*****
ងឺត! ឡានជាន់ហ្វ្រាំងងឺតឈប់នៅចំពីមុខវិមានដ៏ស្តុកស្តម្ភមួយ។
« អរគុណហើយ » ហ៊ូសុកអរគុណទៅកាន់យ៉ុនហ្គីដែលគេបានជូនដល់វិមាន។ បម្រុងថានឹងបើកទ្វារចុះចេញពីឡានទៅហើយ ស្រាប់តែយ៉ុនហ្គីកន្រ្តាក់ដៃគេមួយទំហឹង រួចបោះត្រាស្នាមថើបទៅលើថ្ញាស។
« យ៉ុន.... » ហ៊ូសុកអោនមុខចុះ ទំនងជាកំពុងតែអៀន។
« ទំនេរ ទៅលេងយើងផង » ហ៊ូសុកងក់ក្បាល រួចរត់ចេញពីក្នុងឡាន ព្រោះបើនៅយូរពេកគេនឹងអៀនរឹងខ្លួនកម្រើកលែងរួចជាមិនខាន។
« ដាច់ចិត្តមកវិមានហើយ? » សំឡេងគ្រលរធំបន្លឺឡើង។ ហ៊ូសុកងាកទៅមើលឪពុក រួចបញ្ជេញស្នាមញញឹមយ៉ាងស្រស់ទើបឆ្លើយ៖
« បាទលោកប៉ា អ៊ីចឹងកូនសុំទៅសម្រាកហើយ » បម្រុងឡើងកាំជណ្តើរ គេក៏ផ្អាកសិនព្រោះតែលឺសំណួរឪពុក។
« អ្នកណាជូនឯងមក? »
« យ៉ុនហ្គី »
« យើងប្រាប់ឯងជាលើកចុងក្រោយ កុំទៅពាក់ព័ន្ធជាមួយគេអោយសោះ »
« តែលោកប៉ា.... »
« នេះជាបញ្ជា! » ហ៊ូសុកស្ងាត់មាត់ ឡើងកាំជណ្តើរសម្តៅទៅបន្ទប់ ដោយទឹកមុខមិនល្អ។ លោកប៉ារបស់គេតែងតែបែបនេះ គាត់តែងតែបញ្ជាមិនអោយគេ ទាក់ទងជាមួយយ៉ុនហ្គី។
ពេលរាត្រីឈានចូលមកដល់...
ថេយ៉ុងដោះនាឡិកាដាក់ទៅលើតុ ដៃរបស់គេស្រាប់តែវាសទៅចំរូបថត បណ្តាលអោយវាធ្លាក់បែកខ្ជាយទៅលើឥដ្ឋ។
« យ៉ាប់មែន » ថេយ៉ុងស្តីបន្ទោសអោយខ្លួនឯង។
តាំងពីល្ងាចរហូតមកដល់ស្មើនេះ គេចាប់កាន់អ្វីក៏របូតពីដៃ ចេះតែមានអារម្មណ៍រសាប់រសល់នៅក្នុងខ្លួន។ នៅពេលដែលគេទាញស៊ុមរូបថតមកមើល វាគឺជារូបថតជុំគ្រួសារកាលពីនៅវ័យជំទង់។ ថេយ៉ុងអង្អែលរូបថតថ្នមៗ នឹកទៅដល់គ្រាដែលនៅជុំក្រុមគ្រួសារ។ គេទុករូបថតនៅលើតុ រួចអោនទៅរើសអំម្បែងកញ្ចក់ ស្រាប់តែមុតនឹងកំទេចកញ្ចក់ ឈាមក៏ច្រាលចេញមក។ ថេយ៉ុងជូតឈាមចេញនឹងបន្តសម្អាតកំទេចកញ្ចក់ ព្រោះបើជុងហ្គុកចូលមកឃើញប្រាកដជាព្រួយបារម្ភ នឹងស្តីបន្ទោសថាគេធំហើយនៅមិនចេះប្រយ័ត្នជាមិនខាន។
ថេយ៉ុងទម្រេតខ្លួនទៅលើគ្រែក្រោយពេលដែលសម្អាតកំទេចកញ្ចក់រួច។ គេមានអារម្មណ៍ថាល្វើយខ្លាំងណាស់ ទើបបិទភ្នែកសម្ងំគេងបន្តិច។
រំលងអាធាត្រ...
សំឡេងទូរស័ព្ទរោទិ៍ឡើងជាច្រើនលើក ដាសដល់អ្នកកំពុងតែគេងលក់ស្កប់ស្កល់អោយក្រោកឡើង។ ថេយ៉ុងលើកដៃញីភ្នែក ក្រឡេកទៅមើលម៉ោង វាគឺម៉ោង២រំលងអាធាត្រទៅហើយ តើអ្នកណាខលមករកអ្វីទាំងយប់បែបនេះ? ថេយ៉ុងទាញទូរស័ព្ទមកមើល វាជាលេខរបស់ណាមជុន។ គេស្ទុះក្រោកពីគ្រែយ៉ាងលឿន ពីរថ្ងៃមកហើយដែលណាមជុនមិនបានទាក់ទងមកកាន់គេ ក្នុងចិត្តមៃថា ប្រាកដជាមានរឿងមិនល្អកើតឡើងមិនខាន។
ថេយ៉ុងចុចលើកទូរស័ព្ទ តែមិនទាន់បាននិយាយអ្វីផង សំឡេងម្ខាងទៀតបន្លឺឡើង៖
« ថេយ៍លោកអ៊ំស្លាប់ហើយ »
*****ថេយ៉ុងរត់ចូលមកកន្លែងកើតហេតុដោយអារម្មណ៍អួលណែនពេញទ្រូង គេទើបតែបានជួបឪពុកកាលពីល្ងាចមិញសោះ តែហេតុអ្វីក៏គាត់ចាកចោលគេបែបនេះ?
« លោកប៉ា » ថេយ៉ុងទ្រហ៊ោយំអោបសពឪពុក។
« ហុឹកៗ អ្នកណា អ្នកណាជាអ្នកធ្វើ? » ថេយ៉ុងស្រែកយំ រកឃាតករដែលសម្លាប់ឪពុកគេ។ ណាមជុនដាក់ដៃលើស្មាលួងលោមគេ។
សម្រាប់សំណួរមួយនេះ គេគ្មានចម្លើយផ្តល់អោយថេយ៉ុងឡើយ។ កាមេរ៉ាត្រូវបានបំផ្លាញអស់គ្មានសល់។ សួរអ្នកយាមគុកក៏គ្មានបានចម្លើយ ព្រោះពួកគេត្រូវថ្នាំសណ្តំ។ រីឯលោកគីមដេកស្លាប់ក្នុងគុក សាកសពរបស់គាត់ដូចជាសាកសពមុនៗ។ កែវភ្នែកត្រូវបានបំផ្លាញ អណ្តាតត្រូវបានគេចាក់ បំពងធ្លុះ ដូច្នោះប៉ូលីសបានសន្និដ្ឋានថាឃាតករគឺជាមនុស្សតែម្នាក់។
« ថេយ៍ » ណាមជុនអង្អែលស្មាថេយ៉ុង ហើយហុចខ្សែរដៃពណ៌ប្រាក់មួុយខ្សែរទៅអោយថេយ៉ុង។
ពេលដែលគេធ្វើកោសល្យវិច័យគឺឃើញសាកសពលោកគីមបានក្តាប់ខ្សែរដៃមួយខ្សែរនេះជាប់ណែននឹងដៃ។ ដូច្នេះទើបប៉ូលីសសន្និដ្ឋានថា មុនពេលដែលគាត់ស្លាប់ គាត់ក៏បានធ្វើការវាយប្រតប់គ្នាជាមួយឃាតករ។ ថេយ៉ុងលើកដៃប៉ាតទឹកភ្នែក រួចកាន់ខ្សែរដៃនោះមកមើល ក្នុងចិត្តស្រាប់តែជ្រួលច្របល់នឹកទៅដល់ជុងហ្គុក។ គេប្រាកដក្នុងចិត្តច្បាស់ណាស់ខ្សែរដៃមួយខ្សែរនេះគឺជារបស់ជុងហ្គុក គេជាអ្នកទិញអោយជុងហ្គុកដោយផ្ទាល់ដៃ។
មិនចាំយូរថេយ៉ុងក៏បានស្ទុះក្រោកចេញពីកន្លែងនេះ ដើម្បីទៅស្វែងរកឃាតករ។
តុក!តុក!
« ជុងហ្គុក...បើកទ្វារ ជុងហ្គុក! » ថេយ៉ុងគោះទ្វារបន្ទប់ជុងហ្គុកស្ទើតែរបើកទៅហើយ។
ក្រាក! ជុងហ្គុកបើកទ្វារឡើង ទាំងស្ទាបមិនទាន់អស់ងងុយ។
« បងកើតអី? » ថេយ៉ុងមិនឆ្លើយ ទាញដៃជុងហ្គុកមកមើល ឃើញថាខ្សែរដៃគឺនៅនឹងដៃជុងហ្គុកដដែល។
ចុះខ្សែរដៃដែលគេកំពុងតែកាន់ ជារបស់អ្នកណា?
« ហុឹកៗ » ថេយ៉ុងទន់ជង្គង់ លើកដៃខ្ទប់មុខយំ បន្ទោសខ្លួនឯងក្នុងចិត្ត។ លោលប៉ារបស់គេស្លាប់ទៅទាំងមូល គេមិនអាចសូម្បីតែវែកមុខរកឃាតករមកដាក់ទោសបាន គេពិតជាកូនចោលម្សៀតពិតមែន។
« អ្ហឹក » ជុងហ្គុកទាញគេមកអោប ព្រោះថេយ៉ុងកាន់តែយំខ្លាំងឡើង។ ទឹកភ្នែករបស់គេស្ទើក្លាយជាឈាម គ្មានអ្នកណាអាចមកជួសទឹកភ្នែកមួយនេះបានឡើយ។
« សុំទោស កូនសុំទោស »
គេគ្រាន់តែចង់អោយឪពុកដឹងពីកំហុស ឈប់ប្រព្រឹត្តអំពើខុសច្បាប់ មិនមែនចង់អោយគាត់ស្លាប់ឡើយ។ តើអ្នកណាសម្លាប់គាត់ អ្នកណាជាឃាតករ? មានសិទ្ធអីមកសម្លាប់ឪពុកគេ?
To be continued
YOU ARE READING
បេសកកម្មតាមប្រមាញ់ឃាតករ⛓
Short Storyថេយ៉ុងជាប៉ូលីសស៊ើបអង្កេតដ៏ឆ្នើមម្នាក់ដែលត្រូវបានថ្នាក់លើចាត់ឲ្យតាមប្រម៉ាញ់ឃាតកររោគចិត្តម្នាក់ដែលសម្លាប់មនុស្សយ៉ាងព្រៃផ្សៃ។ក្នុងបេសកកម្មនេះគេមានរយៈពេលត្រឹមតែ 15 ថ្ងៃប៉ុណ្ណោះដើម្បីវែកមុខរកឃាតករ។ "អ្វីដែលគេចងចាំបំផុតក្នុងការចេញប្រតិបត្តិការគឺមិនត្រូវទុ...